Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​កាក់​ផ្លូវ​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ មិន​ឲ្យ​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ

Content image - Phnom Penh Post
តំណាង​ពលរដ្ឋ​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

អាជ្ញាធរ​កាក់​ផ្លូវ​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ មិន​ឲ្យ​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ

កំពង់ស្ពឺៈ ពលរដ្ឋ​ជិត ៣០០ នាក់​ត្រូវ​បាន​នគរបាល​រារាំង​មិន​ឲ្យ​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​រក​ដំណោះស្រាយ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​។

ពលរដ្ឋ ៦ ភូមិ​ក្នុង​ស្រុក​ថ្ពង​សរុប​ចំនួន​ ២៩០ ​នាក់​បាន​នាំ​គ្នា​ជិះ​រថយន្ត ១២ គ្រឿង​ឡើង​មក​ភ្នំពេញ​ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​រឿង​ទំនាស់​ដីធ្លី​ដែល​បាន​អូសបន្លាយ​ជិត​ ៧ ​ឆ្នាំ​មក​ហើយ​ជាមួយ​នឹង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ជាង ២០ នាក់​បាន​ស្ទាក់​ផ្លូវ​ពួកគាត់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

លោក ញ៉ាង រ៉ាន អាយុ ៣៨ ​ឆ្នាំ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា​កម្លាំង​នគរបាល​ដែល​ប្រដាប់​ដោយ​អាវុធ​ផង​នោះ​បាន​ដាក់​បារ៉ាស់​បាំង​ផ្លូវ​រថយន្ត​របស់​ពលរដ្ឋ​មិន​ឲ្យ​បន្ត​ទៅ​មុខ​ដោយ​គ្មាន​បាន​ប្រាប់​ពី​ហេតុផល​នោះ​ទេ​។

លោក​ រ៉ាន ​បញ្ជាក់​ថា​៖ «​យើង​សួរ​អធិការ​ស្រុក​។ គាត់​ថា​មិន​ឲ្យ​ទៅ​តែ​ម្តង​។ គាត់​ថា​ថ្នាក់​លើ​មិន​ឲ្យ​ទៅ​ហើយ​គាត់​ដើរ​ចេញ​»​។

ពលរដ្ឋ​បាន​នាំ​គ្នា​ចុះ​ពី​លើ​ឡាន​ហើយ​ខ្លះ​បាន​នាំ​គ្នា​អង្គុយ​ហូបបាយ​នៅ​កណ្តាល​ផ្លូវ​ជាតិ​។ ប្រមាណ​ជា​ជាង​ ២ ​ម៉ោង​ក្រោយ​មក​ពលរដ្ឋ​បាន​នាំ​គ្នា​ដើរ​ទៅ​សាលាស្រុក​ថ្ពង​ដើម្បី​សួរ​នាំ​រក​មូលហេតុ​ដែល​រារាំង​ផ្លូវ​ពួកគាត់​នោះ​។

លោក​ រ៉ាន ​ថ្លែង​ថា​៖ «​យើង​មាន​ការ​អាក់​អន់ចិត្ដ​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​ទប់ស្កាត់​ពួកខ្ញុំ​មិន​ឲ្យ​ទៅ​ដាក់​ញត្តិ​។ វា​ជា​ការ​គំរាម​កំហែង​មិន​ឲ្យ​ដាក់​ញត្តិ​។ យើង​ចង់​ទៅ​គ្នា​ច្រើន​ដើម្បី​ឲ្យ​ញត្តិ​យើង​មាន​ប្រសិទ្ធភាព​»​។

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម គង់ អាយុ ៣៣ ឆ្នាំ​បាន​អះអាង​ថា​ពលរដ្ឋ​ពួកគាត់​ចំនួន​ ៥៧១ គ្រួសារ​បាន​បាត់បង់​ដី​ស្រែ​ដី​ចម្ការ​ចំនួន​​ ១២៨០ ​ហិកតា​ និង​ដី​ចម្ការ​ចំនួន ៧៥៤ ហិកតា​ទៅ​លើ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​កាលពី​ឆ្នាំ​ ២០១០​។

ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ ឬ​សំណង​សមស្រប​ណា​មួយ​ត្រូវ​បាន​ផ្តល់​ឲ្យ​ពួកគាត់​នោះ​ទេ​។ ហេតុ​នេះ​ទើប​ពួកគាត់​ឡើង​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​។

លោក​ គង់ ចោទ​សួរ​ថា​៖ «​ពលរដ្ឋ​មិនមែន​មក​តវ៉ា​ប្រើ​ហិង្សា​ឯណា​គឺ​ធ្វើ​ដោយ​សន្តិវិធី​។ តែ​ហេតុ​អី​បាន​ជា​ប៉ូលិស​ទៅ​កាក់​ផ្លូវ​អ៊ីចឹង​?»​។

ទោះ​យ៉ាង​ណា​ពលរដ្ឋ​ហាក់​ដឹង​មុន​ថា​ពួកគាត់​អាច​នឹង​ត្រូវ​អាជ្ញាធរ​រារាំង​។ ហេតុ​នេះ​ពួកគាត់​ប្រមាណ​ជា​ ៣០ ​នាក់​បាន​ជិះ​ម៉ូតូ​ និង​ឡាន​ឈ្នួល​ចេញ​ពី​ខេត្ត​កំពង់ស្ពឺ​មក​ភ្នំពេញ​តាំងពី​ម៉ោង​ ៣ ​ព្រឹក​ហើយ​បាន​ដាក់​ញត្តិ​នៅ​ខុទ្ទការល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​សហភាព​អឺរ៉ុប​ផង​ដែរ​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​។

លោក​ អ៊ឹម គង់ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​អាជ្ញាធរ​ស្រុក​បាន​ដឹង​ពី​គម្រោង​ដាក់​ញត្តិ​នោះ​ហើយ​បាន​ហៅ​លោក​ឲ្យ​ទៅ​ជួប​នៅ​សាលាស្រុក​នៅ​វេលា​ម៉ោង​ ៣ ​រសៀល​ថ្ងៃ​ពុធ​តែ​លោក​មិន​បាន​ទៅ​នោះ​ទេ ដោយសារ​តែ​គេ​ប្រាប់​លោក​តែ​ជាង​កន្លះ​ម៉ោង​មុន​ប៉ុណ្ណោះ​។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ដែល​កំពុង​តែ​តាមដាន​ទំនាស់​ដីធ្លី​នេះ​បាន​រិះគន់​អាជ្ញាធរ​ចំពោះ​ការ​រារាំង​ផ្លូវ​នោះ​ដោយ​គ្រាន់តែ​ពលរដ្ឋ​ស្វះស្វែង​រក​កិច្ចអន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ការ​ពន្លឿន​ការ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដែល​បាន​អូសបន្លាយ​ ៧ ​ឆ្នាំ​មក​ហើយ​ប៉ុណ្ណោះ​។ «​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ជនរងគ្រោះ​។ ការ​ដាក់​ញត្តិ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ​។ មិនមែន​ធ្វើ​បាតុកម្ម​ប៉ះពាល់​ដល់​សង្គម​ទេ​»​។

លោក​ គាវ លាងគា អភិបាលស្រុក​ថ្ពង​បាន​អះអាង​ថា​លោក​មាន​បញ្ហា​សុខភាព​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។

លោក​ ហ៊ុន សុខហុន អធិការ​ស្រុក​ថ្ពង​បាន​ថ្លែង​ថា​នគរបាល​មិន​បាន​រារាំង​ពលរដ្ឋ​នោះ​ទេ​។ ប៉ុន្តែ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ពេល​មាន​ក្បួន​ប្រតិភូ​ឆ្លង​កាត់​។ លោក​ថា​ រថយន្ត​ខ្លះ​ខ្វះ​លក្ខណៈ​បច្ចេកទេស​។

លោក​អធិការ​និយាយ​មុន​ផ្តាច់​ទូរស័ព្ទ​ថា​៖ «​ទី​​ ១ ​ខ្ញុំ​ធ្វើការ​សណ្តាប់​ធ្នាប់​សាធារណៈ​ពេល​ប្រតិភូ​ឆ្លងកាត់ និង​ទី​ ២ ​ខ្ញុំ​អនុវត្ត​ច្បាប់​ចរាចរណ៍​។ ប័ណ្ណ​បើកបរ​ខ្លះ​មិន​សមស្រប​...​អ្នក​បើកបរ​ខ្លះ​គ្រាន់​តែ​ដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណ​»​។

លោក​ សេង ញាក់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ មិន​បាន​ជឿ​លើ​ចំនួន​ផ្ទៃដី​ជាង ២០០០ ​ហិកតា​ដែល​ពលរដ្ឋ​អះអាង​ថា​បាត់​ដោយសារ​ក្រុមហ៊ុន​យក​នោះ​ទេ​ព្រោះ​ថា​តំបន់​នោះ​គឺ​មិន​អំណោយផល​ដល់​ដំណាំ​ស្រូវ​នោះ​ទេ​ដោយសារ​តែ​បញ្ហា​ខ្វះ​ទឹក​។ ម្យ៉ាងវិញ​ទៀត​លោក​ក៏​មាន​មន្ទិលសង្ស័យ​ពី​ពលរដ្ឋ​ដែល​បាន​ទៅ​ដាក់​ញតិ្ត​នោះ​ដែរ​ថា តើ​ពួកគេ​ពិត​ជា​តំណាង​ពលរដ្ឋ​មែន​ឬ​យ៉ាង​ណា​?

លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា​៖ «​តើ​ពួកគេ​ពិត​ជា​មាន​លិខិត​ត្រឹមត្រូវ​ពី​អ្នកភូមិ​ថ្ពង​មែន​ទេ​? បើ​មែន​ក្រុមហ៊ុន​យើង​រីករាយ​នឹង​ជួប​ពួកគាត់​ហើយ​ពិភាក្សា​លើ​បញ្ហា​រួម​គ្នា និង​រក​ដំណោះស្រាយ​រួម​គ្នា​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ