Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញា​ធរ​កំ​ពុង​ស្រាវ​ជ្រាវ​រក​អ្នក​ជួញ​ដូរ​ភ្លុក​ដំ​រី​

Content image - Phnom Penh Post
ភ្លុក​ដំ​រី​ដែល​អាជ្ញាធរ​រឹប​អូស​បាន​នៅ​ផែ​ក្រុង​ព្រះ​សី​ហនុ។ រួប​ថត សហការី

អាជ្ញា​ធរ​កំ​ពុង​ស្រាវ​ជ្រាវ​រក​អ្នក​ជួញ​ដូរ​ភ្លុក​ដំ​រី​

ព្រះ​សី​ហនុ៖ សា​ខា​គយ​និង​រដ្ឋា​ករ​កំ​ពង់​ផែ​អន្តរ​ជាតិ​ក្រុង​ព្រះ​សី​ហនុ​ និង​ អា​ជ្ញា​ធរ​ពាក់​ព័ន្ធ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ទៀត​ កំ​ពុង​រួម​សហ​ការ​ជា​មួយ​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​អា​មេ​រិក​ ​ដើ​ម្បី​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​​ករ​ណី​ជួញ​ដូរ​ភ្លក់​​ដំ​រី​ដ៏​ធំ​មួយ​ ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រ​ទេស​ Mozambique ​ដោយ​ក្រុម​ហ៊ុន​ Cam Transit Import Co; Ltd ​បន្ទាប់​ពី​អា​ជ្ញា​ធរ​បាន​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ទូរ​កង់​ទី​នឺ​រ​ចំ​នួន​បី​របស់​ក្រុម​ហ៊ុន​នេះ​ កា​ល​ពី​ម្សិល​មិញ​ ហើយ​រ​ក​ឃើញ​ភ្លក់​ដំ​រី​ចំ​នួន ​២៧៩ ​ដែល​ត្រូវ​បាន​គេ​ដាក់​បង្កប់​នៅ​ក្នុង​​កំ​ណាត់​ឈើ​បួន​ជ្រុង​ចំ​នួន​ ២២​ កំ​ណាត់​ ក្នុង​ចំ​ណោម​ឈើ​ក្ដារ​បន្ទះ​រាប់​ពាន់​ស​ន្លឹក​ក្នុង​ទូរ​កុង​ទី​នឺ​រ​ទាំង​បី​នោះ។​

​លោក​ លឹម​ ប៊ុន​ហេង​ ព្រះ​រាជ​អា​ជ្ញា​រង​អម​សា​លា​ដំ​បូ​ង​ខេត្ត​ព្រះ​សី​ហនុ​ ដែល​បាន​ជួយ​សម្របស​ម្រួល​ផ្នែក​ច្បាប់​ ដល់​ក្រុម ​ប្រតិ​បត្តិ​ការ​ កាត់​សៀ​ល​កុង​ទី​នឺ​រទាំង​បី​របស់​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ កាល​ពី​ម្សិល​មិញ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​ នៅ​ពេល​នេះ ក្រុម​មន្ត្រី​ជំ​នាញ​កំ​ពុង​ធ្វើ​ស្រាវ​ជ្រាវ​រក​​ប្រ​ភព​នៃ​ម្ចាស់​ទំ​និញ​ ដើ​ម្បី​ចំ​ណាត់​ការ​បន្ត​ទៅ​តាម​នី​តិ​វិ​ធី​ច្បាប់​។

​លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ យោង​តាម​របាយ​ការ​ណ៍​គយ​និង​រដ្ឋា​ករ​កំ​ពង់​ផែ​អន្ត​រ​ជាតិ​ក្រុង​ព្រះ​សីហ​នុ​ ទូរ​កុង​ទី​នឺ​រទាំង​បី​របស់​ក្រុម​ហ៊ុន​ Cam Transit Import Co; Ltd ​ដែល​រួម​មាន​ទូរ​កុង​ទី​នឺ​រ​លេ​ខ MSCU3214532, CLHU2983749 ​និ​ង​ MEDU2333385​ ត្រូ​វ​បាន​ប្រ​កាស​នៅ​ក្នុង M​anifest​ កា​ល​ពី​ថ្ងៃ​ទិ ​១៦​ ខែ​ធ្នូ​ ​ឆ្នាំ​ ២​០​១​៧​ ​ថា​ផ្ទុក​ឈើ​ចំនួន ​២៩pkgs ទម្ងន់​ស្មើ​នឹ​ង ​៥៥,២១៣k​gs ប៉ុ​ន្តែ នៅ​ពេ​ល​ឆ្លង​កាត់​ការ​ត្រួត​ពិ​និត្យ​ដោយ​ម៉ា​ស៊ី​ស្កែ​ន ​សមត្ថ​កិច្ច​បាន​ពិ​និត្យឃើ​ញ​មាន​ស​ញ្ញាណ ​ដែល​គួរ​ឲ្យ​សង្ស័យ ​ហើយ​នៅ​ថ្ងៃ​ទី ​៣០​ ខែ​ ឧសភា​ ឆ្នាំ ២​០១៧​ សា​ខា​គយ ​និង​រដ្ឋា​ករ​កំ​ពង់​ផែ​អន្ដរ​ជាតិ​​ក្រុង​ព្រះ​សី​ហនុ​ បា​ន​ចេញ​សេច​ក្ដី​ជូន​ដំ​ណឹង​មួយ​ទៅ​កាន់​ម្ចាស់​ទំ​និញ​ ឲ្យ​ចូល​ខ្លួន​មក​បំ​ពេញ​បែ​ប​ប​ទ​​យក​ទំ​និញ ប​ន្តែ​រហូត​មក​ទល់​ពេល​នេះ​ មិ​ន​ទាន់​ឃើញ​ម្ចាស់​ទំ​និញ​ឬ​តំ​ណាង​ក្រុម​ហ៊ុន​ណា​មួយ​ចូល​ខ្លួន​មក​​បំ​ពែ​ញ​បែប​បទ​យក​ទំ​និញ​ទាំ​ង​នេះ​ទេ។​

​លោក​ ប៊ុ​ន​ហេង​ បា​ន​បញ្ជាក់​ទៀត​ថា​៖​«​នៅ​ក្នុង​ការ​កាត់​សៀ​ល​ទូរ​កុង​ទី​នឺ​រ​ទាំង​បី​នោះ ​យើង​ពិត​ជា​បាន​រកឃើញ​​ដុំ​ឈើ​មាន​រាង​បួន​ជ្រុង​ទ្រ​វែង​ ដែល​គួរ​ឲ្យ​សង្ស័​យ​ស​រុប​ចំនួន​២២​ដុំ ហើយ​ក្រោយ​ពី​​ការ​ពុះ​ដុំ​ឈើ​នោះ ​សម​ត្ថ​កិច្ច​យើង​បាន​រ​ក​ឃើញ​ភ្លុក​ដំ​រី​ ចំ​នួន ​២៧៩​ ដុំ​ ស្មើ​នឹង​៩៤១.៤១ ​គី​ឡូ​ក្រាម​។ ​បច្ចុ​ប្បន្ន​ភ្លុក​ដំ​រី​ទាំង​នោះ​ត្រូវ​បាន​វេច​ខ្ចប់​ដោយ​បង់​លេខ​សំគាល់​ និង បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ទូរ​កុង​ទី​នឺ​រ លេខ​ MS CU3214532 រួច​រក្សា​ទុក​នៅ​ក្នុង​ទី​តាំង​សុ​វត្ថិ​ភាព​ ដើ​ម្បី​ធ្វើ​ជា​វត្ថុ​តាង​»។

បើ​តាម​ការ​អះ​អាង​រ​ប​ស់លោ​ក ​ប៊ុន​ហេង​ នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​នោះ​ ទូរ​កុង​ទី​នឺ​រ MSCU3214532 ត្រូវបាន​សមត្ថ​កិច្ចរ​ក​ឃើញ​ដុំ​ឈើ​ចំនួន​៦៨២​ដើម​ ទម្ងន់​សរុប ១២,១៧៤​ គី​ឡូក្រា​ម​ ស្មើ​នឹង​ ១៧ ​ម៉ែត្រ​គូប​ និង​ដុំ​ឈើ​សង្ស័យ​ចំនួន​ ១​០​ ដើម ដែល​បង្កប់​ភ្លុក​​ដំ​រី​ចំនួន​១៣២​ដុំ​ស្មើនឹ​ង៤៥៤.៥១​គី​ឡូ​ក្រាម​។ ​

ចំ​ណែក​ទូរ​លេខ​ MEDU2333385​ បាន​រ​ក​ឃើញ​ដុំ​ឈើ​​ចំនួ​ន ​​៦៧៧​ ដើ​ម ​ទម្ងន់​ សរុប ១៧,៣៨០​ គី​ឡូ​ក្រា​ម​ ស្មើ​នឹង​១៨​ម៉ែត្រ​គូប​ និង​ដុំ​ឈើ​សង្ស័យ​ចំនួន​ ១​២​ ដើម​ ដែល​បង្កប់​ភ្លុក​ដំរី​ចំ​នួន​ ១៤៧​ ដុំ​ ស្មើនឹ​ង​ ៤៨៦.៩០​ គី​ឡូ​ក្រាម​។ ​

ដោយ​ឡែក​ ទូរ​កុង​ទី​នឺ​រលេ​ខ CLHU2983749​ បាន​រ​ក​ឃើញ ​ដុំ​ឈើ​ចំនួ​ន​៦០៥​ដើម​ មាន​ទម្ងន់​សរុប​ ២០,០១០​គី​ឡូ​ក្រាម​ ស្មើ​នឹង​ ១៩ ​ម៉ែត្រ​គូ​ប​ ប៉ុន្តែ​មិន​មាន​ដុំ​ឈើ​ដែ​ល​មាន​បង្កប់​ភ្លុក​ដំរី​នោះ​ទេ។

ទាក់​ទង​ករ​ណី​នេះ​ លោក​ គុ​ន​ ញឹ​ម​ អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​គយ​និង​រដ្ឋា​ក​រ​ មិ​ន​អាច​ទំ​នាក់​ទំ​នង​សុំ​ការអ​ធិ​ប្បា​យ​​បាន​ទេ​ កាល​ពី​ម្សិល​មិញ​។​

ប៉ុន្តែ ​បើ​តាម​មន្ត្រី​​គយ​ម្នាក់​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ប្រតិ​ប​ត្តិ​ការ​នោះ ​បាន​ប្រាប់​ ភ្នំ​ពេញ ​ប៉ុស្តិ៍ ​ក្នុង​លក្ខ​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ក្រុម​ហ៊ុន​ Cam Transit Import Co; Ltd ​មាន​ទំ​នាក់​ទំ​ន​ង​ជា​មួយ​ក្រុម​ហ៊ុន​មួយ​ឈ្មោះ ​Sar Ho Logistic ។​ ហើយ​ករណី​រក​ឃើ​ញ​ភ្លុក​ដំរី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​ មិន​មែន​ជា​លើក​ទី​មួយ​ទេ ស​ម្រាប់​សមត្ថ​កិច្ច​គយ​និង​រដ្ឋា​ករ​កំ​ពុង​ផែ​អន្តរ​ជាតិ​ក្រុង​ព្រះ​សី​ហនុ​។

​មន្ត្រី​រូប​នោះបាន​បញ្ជាក់​ថា​៖​«​គិត​រហូត​មក​ទល់​ពេល​នេះ​ កម្លាំង​ស​មត្ថ​កិច្ច​យើង​បាន​រក​ឃើញ​ចំនួន​បី​លើក​មក​ហើយ។ រហូត​មក​ទល់​ពេល​នេះ ​យើង​កំ​ពុង​បន្ត​ស្រាវ​ជ្រាវ​ស្វែង​រក​ម្ចាស់​ទំ​និញ ​ដើ​ម្បី​ចំ​ណាត់​ការ​តាម​នីតិ​វិ​ធី​ច្បាប់​»​៕​

0

Comments

Please, login or register to post a comment