ត្បូងឃ្មុំៈ មន្ត្រី​សហ​គមន៍​និង​ពល​រដ្ឋ​ប្រមាណ​ជាង​ ៣០០ នាក់​ កាល​ពី​ម្សិល​មិញ ​បាន​ចោទ​ថា​ អាជ្ញា​ធរ​ស្រុក​មេ​មត់​ថា បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា​ ដោយមិន​ប្រាប់​ហេតុ​ផល​ច្បាស់​លាស់ បើ​ទោះ​ជា​ពួក​គេ​បាន​សុំ​ច្បាប់​និងមានការយល់ព្រមហើយ​ក៏​ដោយ​ ​។

លោក ផុន សុផល ប្រធាន​សហ​គមន៍​កសិករ​កម្ពុ​ជា (​CCFC​) ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ​បាន​ប្រាប់​ថា ម្សិ​លមិញ​សមា​គម​ CCFC និង​ពល​រដ្ឋ​នៅ​ភូមិ​ ជ្រៃ​ឡើង ​ឃុំ​ជាំ​ក្រវៀន ​បាន​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរ​ជាតិ​ ៨​ មីនា ​ប៉ុន្តែ​ត្រូវ​អាជ្ញា​ធរ​រារាំង​មិន​ឲ្យ​ធ្វើ​ បើ​ទោះ​ណាជា​សហគម​ន៍​បាន​ជូ​ន​ដំណឹង​ និង ​មាន​ការ​យល់​ពី​អាជ្ញាធ​រ​ឃុំ​ក៏​ដោយ​។

លោក​បញ្ជាក់​ថា៖ «ពលរដ្ឋ​យើង​ជួប​គ្នានិង​សុំ​ច្បាប់​ត្រឹម​ត្រូវ​អស់​ហើយ ហើយ​គាត់​បាន​វាយ​ត្រា​ក៏​គាត់​បាន​ចា​រលើ​ក្រដាស​ហ្នឹង​ឲ្យ​ពលរដ្ឋ​ចូល​រួម​រួច​ហើយ ​ប៉ុន្តែ​ដោយ​សារ​មាន​លក្ខ​ខណ្ឌ​មួយ​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ហ្នឹងគឺ​ឃុំ​ក៏​រៀបចំ​ធ្វើ​នៅ​សា​លា​ឃុំ​ដែរ តែ​នៅ​សា​លា​ឃុំ​ពុំមាន​អ្នកចូលរួម…​ អ៊ីចឹង​ធ្វើ​ឲ្យ​គាត់​ហ្នឹង​មក​រំខាន​យើង​ទៅ»។

លោក ថេ​ង សាវឿន អគ្គ​លេ​ខា​ធិការ​(CCFC)បាន​ថ្លែង​ថា ​ពលរដ្ឋ​មិន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​៨​មីនា​រួម​គ្នា​ជា​មួយ​អា​ជ្ញាធរ​ឃុំ​ដោយ​សារ​អា​ជ្ញាធរ​មិន​ទទួល​យក​បញ្ហា​ ដែល​ពួកគាត់​ស្នើ​សុំ​ធ្វើជា​ប្រធាន​បទ​ឬ​ដាក់​របៀប​វារៈ​ក្នុង​កម្មវិ​ធី។

លោក​បន្ត​ថា ​ការ​ច្រាន​ចោល​សំណើ​និង​រារាំង​នេះ គឺជា​កា​ររើស​អើង​និង​មិន​ចង់​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ទទួល​យក​បទ​ពិសោធ​ផ្សេងៗ​ពី​អ្នក​ជំនាញ​។ លោក​ថា​ អាជ្ញា​ធរ​ហាក់​ដូច​ជា​កំពុង​ខ្លាច​ស្រ​មោល​ខ្លួន​ឯង ខណៈ​ដែល​ពលរដ្ឋ​ប្រ​មូល​ផ្ដុំគ្នា ហើយ​បែរ​ជា​ភ្ជាប់​ពួក​គាត់​នឹ​ង​ទៅ​បដិវត្ត​ន៍​ពណ៌​ឬ​ចលនា​សង្គ្រោះ​ជាតិ​ទៅវិញ។

លោក​បន្ថែម​ថា៖«ពលរដ្ឋ​ក្នុង​សហគ​មន៍​ខំ​បោះ​ឆ្នោត​ឲ្យ​ដែល​ពួក​គាត់​ជា​ម្ចាស់​សិទ្ធិ​ ម្ចាស់​អំណាច ​ពួក​គាត់​ចង់​ដឹង​ចង់​ឮ ផ្ទុ​យ​ទៅវិញ​យើង​ឃើ​ញថា ​នៅពេលអា​ជ្ញាធរ​ បាន​ឡើង​កាន់​ការងារ​​បែរ​ជា​មិន​បំពេញ​កា​រងារក៏​ដូចជា​មិន​បម្រើសេ​វាកម្ម​ប្រជា​ពលរដ្ឋ​បែរជា​រើសអើ​ងនិង​រឹតត្បិត​​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​យក​មក​អនុវត្ត​និង​ផ្តល់​សច្ចា​ប័ន»។

លោក បេង រិទ្ធី នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ក្រ​រៀន​ បាន​ថ្លែង​ថា លោក​ធ្វើ​តាម​បញ្ជា​ថ្នាក់លើ​ឲ្យ​បិទ​វេទិកា​នោះ បើ​ទោះជា​ស​មាគមន៍CCFC បាន​សុំ​ច្បាប់​ត្រឹមត្រូវ​ក៏ដោយ ព្រោះ​អាជ្ញាធរ​ស្រុក​ឲ្យ​ប្រារព្ធ​ពិធី​​រួមគ្នា​ ប៉ុន្ដែ​សហ​គមន៍​បែរជា​ទៅ​ធ្វើ​នៅ​​ផ្ទះ​អ្នក​ភូមិ​ផ្សេងវិ​ញ។

លោក​បន្តថា​ អាជ្ញាធរ​ក៏បាន​ប្រាប់​ឲ្យ​ពួកគេ​មក​ធ្វើ​នៅ​សាលាឃុំ​ដែរ ប៉ុន្ដែ​ពួកគេ​ បាន​រំសាយ​ចេញ​ដោយ​ខ្លួន​ឯង​ ខណៈ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​នៅ​ច្រើន​កន្លែង​នោះ។ លោក​បញ្ជាក់​ថា៖«រឿង​សកម្ម​ជន​ចលនា​សង្គ្រោះ​ជាតិ​នោះ ​យើង​មិន​បាន​ចោទ​ប្រ​កាន់​អ្វី​ពួក​គាត់​ទេ ​យើង​គ្រា​ន់តែ​បិទ​វេទិកា…កុំទៅ​ធ្វើ​កន្លែង​ច្រើន»។

លោក ហុង ​គឹម​ហឿ​ន អធិការ​ស្រុក​មេ​មត់ បាន​ថ្លែងថា លោក​មិន​បានដឹង​ពី​មូលហេតុ​នៃ​ការបិទ​វេទិកា​នេះ​ទេ ព្រោះ​ជាបញ្ជា​របស់​លោក​ស្នងកា​រ​ខេត្ត​ប្រាប់​ឲ្យ​ចុះ​បិទ។ «ខ្ញុំ​ធ្វើតាម​បទប​ញ្ជា​របស់​ថ្នាក់លើ ហើយ​មូល​ហេតុអ្វី​នោះ ខ្ញុំ​មិន​បាន​ដឹង​ទេ សុំ​លោក​ទៅ​សួរ​ខាង​ស្នង​ការ​ខេត្ត​វិញ»។

លោក ​ត សុធី ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់ថា លោក​មិនបាន​បញ្ជា​ឲ្យ​​បិទ​វេទិកា​នេះ​ទេ ​ដោយ​លោក​ថា បើ​សហគមន៍​បាន​សុំច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ នឹង​គ្មាន​អ្នកណា​ហ៊ាន​ទៅ​បិទ​ទេ ប៉ុន្ដែ​ប្រហែ​លជា​មិន​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​ទើប​បិទ​បែប​នេះ។

លោក​បញ្ជាក់ថា៖ «អត់​មាន​ទេ ប៉ូលិស​ខ្ញុំ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើបែប​នេះ​ទេ ប៉ុន្ដែ​អ្វីដែល​សំខាន់​គឺ​មូលដ្ឋាន ព្រោះ​មូលដ្ឋាន​គេ​មាន​សិទ្ធិ​ឲ្យ​ធ្វើឬ​មិន​ឲ្យ​ធ្វើ ចំណែក​ខាង​ខ្ញុំ​នេះ ខ្ញុំ​គ្រាន់តែ​បញ្ជូន​កម្លាំង​ទៅ​ស៊ើប​អង្កេត​ និង​ថតរូប​ផ្ញើមក​ខេត្ត​មើល​ទេ ខ្ញុំ​អត់​បាន​បញ្ជា​ឲ្យ​បិទ​វេទិកា​គេ​ទេ។ អ៊ីចឹង​លោក​ទៅ​សួរ​អាជ្ញាធរ​មូលដ្ឋាន ប្រហែលជា​ពួកគាត់​ជា​អ្នក​បិទ​ទេ ខ្ញុំ​អត់​ទាន់​បាន​មើល​របាយ​ការ​ណ៍​ច្បាស់​លា​ស់​ទេ»។

បើតាម​តំណាង​សហ​គមន៍​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ គឺ​ពលរដ្ឋ​នៅ​ឃុំ​ជាំ​ក្រវៀន និង​សម្ព័ន្ធ​នៃ​សហ​គមន៍​កសិករ​កម្ពុ​ជា (CCFC) បាន​នាំគ្នា​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរ​ជាតិ​៨មី​នា​ ក្រោម​ប្រធា​នបទ​ភាព​ស្មើគ្នា​រវាង​បុរសនិង​ស្ត្រី​ក្នុង​សេចក្ដី​សម្រេច​ចិត្តដែល​មាន​ប្រជា​ពលរដ្ឋ​ក្នុង​សហគ​មន៍​ចូលរួម​ប្រមាណ​ជាង ៣​០០​ នាក់​ប៉ុន្តែ​ត្រូវ​អាក់​ខាន​វិញ​បន្ទាប់ពី​​អាជ្ញាធរ​រារាំង​៕