Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ឃុំ​កោះកាពិ​កៀរគរ​​ពលរដ្ឋ​បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ

ពលរដ្ឋ​នាំគ្នា​ចុះ​ទៅ​ទប់ស្កាត់​សាឡង់​ដែល​ប្រកប​អាជីវកម្ម​នៅ​ឃុំ​កោះកាពិ​​ ខេត្ត​កោះកុង​។
ពលរដ្ឋ​នាំគ្នា​ចុះ​ទៅ​ទប់ស្កាត់​សាឡង់​ដែល​ប្រកប​អាជីវកម្ម​នៅ​ឃុំ​កោះកាពិ​​ ខេត្ត​កោះកុង​។ រូបថត CLEC

អាជ្ញាធរ​ឃុំ​កោះកាពិ​កៀរគរ​​ពលរដ្ឋ​បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ

កោះកុងៈ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅក្នុង​ឃុំ​កោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង បាន​កៀរគរ​​ពលរដ្ឋ​ឲ្យ​ធ្វើការ​តវ៉ា​ដើម្បី​​ស្នើសុំ​ទៅ​ថ្នាក់លើ​​អន្តរាគមន៍​បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​ភូមិ ដោយ​​ចោទ​ថា តែងតែ​ញុះញង់​ឲ្យ​​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឲ្យ​តវ៉ា រាំងស្ទះ​ការអភិវឌ្ឍ​នៅក្នុង​ភូមិ ស្រប​ពេល​ដែល​ពលរដ្ឋ​​បាន​​និង​កំពុង​នាំគ្នា​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ធ្វើការ​បូបខ្សាច់​ពេល​ផុត​អាជ្ញាប័ណ្ណ។

យោងទៅ​តាម​លិខិត​របស់​អាជ្ញាធរ​ភូមិ​កោះស្រឡៅ​​​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​​ជា​ មេភូមិ-សមាជិក​ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កោះស្រឡៅ ស្នើឲ្យ​សមត្ថកិច្ច​ឃុំ​កោះកាពិ សមត្ថកិច្ច​​ស្រុក​កោះកុង សមត្ថកិច្ច​​ខេត្ត​កោះកុង​បណ្តេញ​​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ឲ្យ​ចេញ​ពី​ភូមិ​កោះស្រឡៅ។

នៅក្នុង​លិខិត​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​នៅ​ថ្ងៃ​ទី​ ១០ ខែ​មេសា ឆ្នាំ ២០១៥ ពួក​បុគ្គលិក​​អង្គការ​មាតា​ធម្មជាតិ​ចូល​មក​អុជអាល ញុះញង់​ប្រជាពលរដ្ឋ​ បំបែកបំបាក់​ជា​បក្ខពួក អនាធិបតេយ្យ ខូច​សណ្តាប់ធ្នាប់​មិន​គោរព​ច្បាប់ ធ្វើឲ្យ​រារាំងស្ទះ​ការអភិវឌ្ឍ​ក្នុង​ភូមិ​។ យើង​ខ្ញុំ​ដែល​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​កសាង​អំពី​ក្រុមហ៊ុន​អាជីវកម្ម​បូមខ្សាច់​ដែល​សង់​សំណង់​​ក្នុង​ការ​ធ្វើ​សំណង់​ក្នុង​អាជីវកម្ម​បូមខ្សាច់​បច្ចុប្បន្ន​ នៅ​ក្បែរ​មូលដ្ឋាន​ជាប់​ព្រំប្រទល់​​ដោយ​គ្មាន​ការប៉ះពាល់​ដី​រដ្ឋបាល​របស់​យើង​ខ្ញុំ​ឡើយ​»។

លោក ហេង សំអឿន មេប៉ុស្តិ៍​ឃុំ​កោះកាពិ មាន​ប្រសាសន៍​ថា លោក​មិន​ដែល​​មាន​គំនិត​ចង់​បណ្តេញ​ពលរដ្ឋ​ ឬ​សមាជិក​អង្គការ​មាតា​ធម្មជាតិ​ ចេញពី​ភូមិ​ទេ ប៉ុន្តែ​នៅពេល​ដែល​សមត្ថកិច្ច​ចុះ​​ទៅ​សួរ​នាំ​បុគ្គលិក​អង្គការ​នោះ​ពុំ​មាន​ឯកសារ​​​អ្វី​សម្គាល់​​ទាំងអស់​សូម្បីតែ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ ហើយ​គាត់​តែងតែ​ញុះញង់​ពលរដ្ឋ​ឲ្យ​ទៅ​ធ្វើការ​ហាមឃាត់​ក្រុមហ៊ុន​ Internatioal Rain bow Co.,Ltd ដល់​ទៅ​​បី​លើក​គឺ​ចាប់ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី​ ១២​ ខែ​​មេសា ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុមហ៊ុន​អន់ចិត្ត​ឈប់​ធ្វើ​ផ្លូវ​ឲ្យ ពលរដ្ឋ​។

លោក​បន្ត​ថា៖ ​«គេ​បូម​ខ្សាច់​មែន​ ប៉ុន្តែ​គេ​អភិវឌ្ឍ​ភូមិ​ដូចជា​ធ្វើ​ផ្លូវ​ ៧០០ ម៉ែត្រ​ឲ្យ​ប្រជាជន​ប្រើប្រាស់ បើក​មន្ទីរពេទ្យ​ឥត​គិត​ថ្លៃ ព្រមទាំង​សាលារៀន​ឲ្យ​កូន​អ្នកភូមិ​រៀន​ទៀត ហើយ​ក្រុមហ៊ុន​ក៏​គេ​ថា​គេ​បូមខ្សាច់​មាន​អាជ្ញាប័ណ្ណ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទៅ​ពិនិត្យ​មើល​ទេ»។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន គេ​តែងតែ​ផ្អាក​ការបូមខ្សាច់​មិន​ធ្វើការ​តវ៉ា​ជាមួយ​នឹង​ពលរដ្ឋ​ និង​បុគ្គលិក​អង្គការ​ដែល​ដេញ​គេ​មិន​ឲ្យ​ខ្សាច់​នោះ​ទេ ហើយ​រហូត​មក​ទល់​ពេល​នេះ​ក៏​ពុំ​មាន​ការបូមខ្សាច់​ដែរ​។ ដូច្នេះ​នៅក្នុង​ភូមិ​នេះ​មាន​ពលរដ្ឋ​ខ្លះ​ក៏​ពេញចិត្ត​ ដូច្នេះ​ហើយ​បាន​ជា​មាន​ភាពប្រទូសរ៉ាយ​គ្នា។

លោក​ថា ៖ «​យើង​មិន​បាន​បណ្តេញ​គេ​ចេញ​ទេ គឺ​គ្រាន់តែ​ធ្វើការ​សួរនាំ​គេ​តែ​ប៉ុណ្ណោះ»។

ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​កោះកុង ​លោក​ ធុច​ នាង​ បាន​ឲ្យ​ដឹងថា ចំពោះ​ ក្រុមហ៊ុន បូមខ្សាច់​ឈ្មោះ International Rainbow Co.,Ltd ដែល​ធ្វើការ​បូមខ្សាច់​នោះ​លោក​ពុំ​ដឹង​ថា តើ​មាន​អាជ្ញាប័ណ្ណ​ដែរ​ឬ​អត់​នោះ​ទេ? លោក​ថ្លែង​ថា ៖«​រឿង​នេះ​ទាក់ទង​ទៅ​នឹង​ក្រសួង»។

សមាជិក​អង្គការ​មាតា​ធម្មជាតិ លោក សាន់ ម៉ាឡា មាន​ប្រសាសន៍​ថា ក្រុម​មាតា​ធម្មជាតិ​មិន​ដែល​មាន​គំនិត​ញុះញង់​ពលរដ្ឋ​ឲ្យ​ប្រឆាំង​អាជ្ញាធរ​ទេ តែ​ពួកគេ​មាន​ឆន្ទៈ​ខ្លួនឯង​ក្នុង​ការ​ការពារ​ធនធាន​​ធម្មជាតិ ពីព្រោះ​ក្រុមហ៊ុន​ចុះ​បូមខ្សាច់​មិន​ព្រម​បង្ហាញ​អាជ្ញាប័ណ្ណ​ក្នុង​ការបូមខ្សាច់។

លោក​បាន​បញ្ជាក់​ថា៖ «នៅពេល​ដែល​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឬ​មាន​នរណា​ម្នាក់​ទៅ​ជួយ​ការពារ​​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឬ​រងគ្រោះ អាជ្ញាធរ​មូលដ្ឋាន​តែងតែ​បង្ក​ភាពមិន​ពេញចិត្ត​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​ ១០​ ខែ​មេសា ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ ដឹកនាំ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​កោះ​ស្រឡៅ​តវ៉ា​បណ្តេញ​ក្រុមហ៊ុន​បូមខ្សាច់​ឈ្មោះ internationalRainbow Co.,Ltd ដែល​ចោទ​ថា ធ្វើ​អាជីវកម្ម​ខុសច្បាប់​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​៕

0

Comments

Please, login or register to post a comment