ស្វាយរៀងៈ អាជ្ញាធរ​ស្រុក​រមាសហែក​កាលពី​ម្សិលមិញ​បាន​ចុះ​បិទ​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC ដោយ​បញ្ជាក់​ថា CCFC មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ក៏​ធ្លាប់​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​។ នេះ​បើ​តាម​លោក ម៉ឺន រតនា អគ្គលេខាធិការរង CCFC​។

លោក ម៉ឺន រតនា បាន​ឲ្យ​ដឹង​ថា​វេទិកា​នេះ​ធ្វើ​ឡើង​នៅ​ឃុំ​អំពិល ស្រុក​រមាសហែក​ដោយ​មាន​សមាជិក​ចូលរួម​ជាង ៤០ នាក់​ក្រោម​ប្រធានបទ​ស្ដីពី​ការទទួល​បាន​សេវា​កិច្ចការ​គាំពារ​សង្គម​ហៅ​កាត់ ប.ស.ស គឺ​មាន​ន័យ​ថា​ក្រុម​របស់​លោក​ពន្យល់​ឲ្យ​ពលរដ្ឋ​ដែល​ធ្វើការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ឲ្យ​ទៅ​ចុះ​ឈ្មោះ​ជាមួយ​អង្គការ សមាគម​ណា​មួយ​ដើម្បី​មាន​ឱកាស​បាន​ទៅ​ចុះ​ឈ្មោះ​យក​ប័ណ្ណ ប.ស.ស ដូច​និយោជក​ដទៃ​ទៀត​ដែរ​។

លោក​បន្ត​ថា​ដោយ​មន្ត្រី​នគរបាល​ឃុំ និង​ស្រុក​ប្រហែល ៥ នាក់​បាន​មក​សួររក​លិខិត​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ប៉ុន្ដែ​ភ្លាមៗ​នោះ​ក្រុម​ការងារ​លោក​មិន​មាន​លិខិត​នោះ​ទេ​។ ​តែ​លោក​ថា​លោក​បាន​ដាក់​លិខិត​ជូនដំណឹង​ដល់​អាជ្ញាធរ​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​រួចរាល់​ហើយ​កាលពី​សប្ដាហ៍​មុន​។ «​ប៉ុន្ដែ​មន្ត្រី​ខេត្ត​ហាក់​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ជូន​ដំណឹង​នេះ ហើយ​អាជ្ញាធរ​មូលដ្ឋាន បែរ​ជា​ឆ្លើយ​ថា​មិន​ដឹង​រឿង​ទៅ​វិញ ខណៈ​អាជ្ញាធរ​ស្រុក​បាន​មក​រារាំង​ពួកយើង​។ ខ្ញុំ​ថា វា​មិនមែន​ជា​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយ​គ្រាន់តែ​អាជ្ញាធរ​ខេត្ត​ជូនដំណឹង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យឺតយ៉ាវ ហើយ​ចំណុច​នេះ ដែល​ខ្ញុំ​ក៏​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​ដែរ ក៏​សម្រេច​រំសាយ​កម្មវិធី​នេះ​ចោល​តែម្ដង​»​។

លោក សួន សីហា តំណាង​សហគមន៍​ប្រចាំ​ខេត្ត​ស្វាយរៀង​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះមក​បិទ​វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង ៤០ ​នាក់​ដោយ​រក​លេស​ថា មិន​មាន​លិខិត​ និង​ច្បាប់​អនុញ្ញាត​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​អំឡុង​ពេល​អាជ្ញាធរ​ចុះ​មក​នេះ ពលរដ្ឋ និង​អាជ្ញាធរ​បាន​ជជែក​គ្នា​ទាំង​មាត់​តូច មាត់ធំ​ដាក់​គ្នា​ខ្លាំងៗ​ដែរ ព្រោះ​អាជ្ញាធរ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ថតរូប និង​រត់​ទៅ​ដណ្ដើម​ទូរស័ព្ទ​ពី​ពលរដ្ឋ​ និង​លុប​រូបថត​នោះ​ចោល​វិញ​ផង​ដែរ ប៉ុន្ដែ​មិន​មាន​ហិង្សា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​»​។

លោក សម សំអុល អធិការ​ស្រុក​រមាសហែក​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​លោក​ថា កំពុង​ជាប់រវល់​។

ប៉ុន្ដែ​លោក​ ញ៉ាញ ផែន នាយប៉ុស្ដិ៍​អំពិល​ថ្លែង​ថា​អាជ្ញាធរ​នឹង​មិន​បិទ​កម្មវិធី​ការជួបជុំ​នេះ​ទេ បើ​សិន​ពួកគាត់​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​ ឬ​ក៏​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ប៉ុន្តែ​នេះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​មិន​បាន​ដឹង​ទេ​។ លោក​ថា​៖ «​ខ្ញុំ​ដឹង​ហើយ​ថា អង្គការ​គាត់​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ត្រឹមត្រូវ ប៉ុន្ដែ​ពេល​ដែល​គាត់​ធ្វើ​បេសកកម្ម​ហ្នឹង​មិន​បាន​សុំច្បាប់​ត្រឹមត្រូវ​ហើយ​ក៏​ខុស​ពី​ច្បាប់​ទើប​តែ​បង្កើត​ថ្មី​នេះ​ទៀត​។ ពេល​យើង​ទៅ​ពន្យល់​ចឹង​ទៅ​ពួកគាត់​ក៏​រំសាយ​ហើយ​ក៏​អត់​មាន​ជជែក​គ្នា​អី​ដែរ​»​។

លោក ថេង សារឿន ប្រធាន (CCFC) បាន​លើក​ឡើង​ថា​សកម្មភាព​របស់​អាជ្ញាធរ​នេះ​គឺជា​ការរំខាន​ការងារ និង​មាន​ចេតនា​មិន​ចង់​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​បាន​ជួបជុំ​ជាមួយ​ក្រុម​ការងារ​លោក ព្រោះ​លោក​បាន​ដាក់​លិខិត​មួយ​ទៅ​អាជ្ញាធរ​ខេត្ត និង​មាន​លិខិត​ពី​ក្រសួង​មហាផ្ទៃ​រួចរាល់​ហើយ​។

លោក​បន្ត​ថា លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​គ្រប់​រូបភាព​និង​ចូលរួម​ដោះស្រាយ​បញ្ហា​ និង​ករណី​ទំនាស់​ដីធ្លី​ដោយ​សន្តិវិធី​ជាមួយ​ពលរដ្ឋ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ពី​បញ្ហា​សង្គម និង​ឆាប់​បាន​ដីធ្លី សម្រាប់​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវិត ខណៈ​ពេល​នេះ​ជីវភាព​របស់​ពួកគាត់​កំពុង​តែ​លំបាក​ខ្លាំង​។ «​វា​គឺជា​លេស​របស់​អាជ្ញាធរ​ដែល​មិន​ចង់​ឲ្យ​មាន​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ក៏​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាធរ​ដែរ ព្រោះ​វា​ជា​ការបិទ​សិទ្ធិ​ខ្លាំង​បំផុត​។ មួយ​វិញ​ទៀត​អាជ្ញាធរ​មូលដ្ឋាន ហាក់​ដូចជា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ជួបជុំ​របស់​ប្រជាពលរដ្ឋ ហើយ​ក៏​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​រហូត​ដល់​ពលរដ្ឋ​ខ្លួនឯង​ខំ​ស្វះស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​»​។

លោក ម៉ែន វិបុល អភិបាល​ខេត្ត​ស្វាយរៀង​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​។

កាលពី​ថ្ងៃ​ទី​ ១៣ ​ខែ​មីនា​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ចំនួន​ ៤ ​នាក់​ដែល​បាន​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហាដីធ្លី​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​ទៅ​សួររក​អ្នក​នៅ​ពី​ក្រោយខ្នង និង​បាន​ចោទប្រកាន់​ការប្រមូលផ្ដុំ​របស់​ពួកគេ​ថា អាច​ក្លាយ​ជា​បដិវត្តន៍​ពណ៌ ឬ​ចលនា​សង្គ្រោះជាតិ​។

ក្នុង​នោះ​ដែរ​ពលរដ្ឋ ២៦ សហគមន៍​មកពី​ខេត្ត​ចំនួន ៤ ប្រមាណ ៣០០ នាក់​កាលពី​ថ្ងៃ​ទី ១២ មីនា បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​ភ្នំពេញ ដោយ​យក​ញត្តិ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ទៅ​ដាក់​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខណៈ​ពលរដ្ឋ​ជាង ៣០០ នាក់​ផ្សេង​ទៀត​មកពី​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​៕