មណ្ឌលគិរីៈ អាជ្ញាធរ​ស្រុក​កែវ​សីមា​បាន​ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​រុះរើ​ផ្ទះ​ និង​តង់​ ៨៨ ​ខ្នង​ដែល​សង់​ខុស​ច្បាប់​ចេញ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម​ប៊ិនភឿក​ ១ ​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​។

ពលរដ្ឋ​ចំណាកស្រុក​ប្រមាណ​ជា​ ៦០ ​នាក់​មកពី​ខេត្ត​កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និង​ព្រៃវែង​ជាដើម​បាន​នាំ​គ្នា​លួច​សង់​ផ្ទះ​ និង​តង់​ឈើ​ជាង​ ៨០ ​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៊ិនភឿក​ ១ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ឃុំ​ស្រែព្រះ ស្រុក​កែវសីមា​។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​សាងសង់​ផ្ទះ​ និង​តង់​ដោយ​ខុស​ច្បាប់​នោះ​មក​លោក នួន សារ៉ន អភិបាល​ស្រុក​កែវសីមា​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ​កាលពី​ម្សិលមិញ និង​ពន្យល់​ប្រាប់​ពលរដ្ឋ​ចំណាកស្រុក​ទាំង​នោះ​ពី​បញ្ហា​ផ្លូវ​ច្បាប់ ការ​ទន្ទ្រាន​យក​ដី​ខុស​ច្បាប់​ និង​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ជាដើម​។

ប៉ុន្តែ​លោក ​នួន សារ៉ន មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​ដោយ​លោក​ថា​ជាប់​រវល់​។ ​ទោះ​យ៉ាង​ណា​លោក​បាន​និយាយ​ប្រាប់​ពលរដ្ឋ​តាមរយៈ​ខ្សែ​វីដេអូ​ឃ្លីប​ថា​៖ «​បើ​អត់​មាន​ដី​,​បងប្អូន​ត្រូវ​ធ្វើ​លិខិត​ស្នើសុំ​ពី​អាជ្ញាធរ​មូលដ្ឋាន​របស់​បងប្អូន​រស់នៅ​...​មក​ដល់​ដំណាក់កាល​នេះ​ហើយ​អ្នក​ណា​ក៏​យល់​ពី​ច្បាប់​ដែរ​។ បញ្ហា​ពិសេស​ដី​ដែល​បងប្អូន​មក​នៅ​នេះ​បងប្អូន​មាន​ដឹង​ថា​ដី​នេះ​ជា​ដី​ក្រុមហ៊ុន​ទេ​?»​។ ​

លោក​បន្ត​ថា​ ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​គឺ​មាន​ច្បាប់​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល​ដើម្បី​ដាំ​កៅស៊ូ ហើយ​ក្រុមហ៊ុន​បង់ពន្ធ​ជូន​រដ្ឋាភិបាល​វិញ​។

លោក​អភិបាល​បាន​បញ្ជាក់​ថា​៖ «​គាត់​ [​ក្រុមហ៊ុន​] ​មិន​មែន​មាន​សិទ្ធិ​មក​ចូល​រំលោភ​កាន់កាប់​តាម​អំពើ​ចិត្ត​ទេ​។ គាត់​មាន​ច្បាប់​ទម្លាប់​។ ​ករណី​នេះ​បងប្អូន​មក​សង់​លើ​ដី​ក្រុមហ៊ុន​។ ​១ ​ទៀត​បើ​ក្រៅ​ដី​ក្រុមហ៊ុន​ដូចជា​ដី​សាធារណៈ​របស់​រដ្ឋ បងប្អូន​ទាំងអស់ កងកម្លាំង​រួម​ទាំង​ខ្ញុំ ក៏​គ្មាន​សិទ្ធិ​ចូល​កាប់​ធ្វើ​ផ្ទះ​ធ្វើ​ចម្ការ​ដែរ​»​។

លោក​ សុក រដ្ឋា អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​អាដហុក​នឹង​ចុះ​អង្កេត​ករណី​នេះ​​ដើម្បី​ឲ្យ​ដឹង​ថា តើ​ពលរដ្ឋ​គាត់​ក្រីក្រ​ខ្វះ​ដី​ពិតប្រាកដ​ ឬ​មាន​បុគ្គល​ និង​អ្នក​មាន​អំណាច​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​។

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា បើ​គ្មាន​ដី​ធ្វើ​កសិកម្ម​ និង​សង់​លំនៅឋាន​មែន​​ពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ពី​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ហើយ​អាជ្ញាធរ​ក៏​គួរ​​តែ​ធ្វើការ​ណែនាំ​ពី​របៀប​ក៏​ដូចជា​នីតិវិធី​រដ្ឋបាល​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច​ផង​ដែរ ព្រោះ​ថា​ចំណេះដឹង​ពលរដ្ឋ​មួយ​ចំនួន​នៅ​មាន​កម្រិត​។

លោក​ រដ្ឋា ថ្លែង​ថា​៖ «​បើ​អាច​អាជ្ញាធរ​គួរតែ​ចៀសវាង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ និង​បណ្តេញ​ចេញ​ទោះ​គាត់​មាន​ការ​ខុស​ឆ្គង​យ៉ាង​ណា​ដោយ​។ ​អាជ្ញាធរ​គួរ​មាន​វិធាន​ការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ដែល​​មិន​គួរ​ប្រើ​វិធានការ​ក្តៅ ដូចជា​ចាប់​ចង​​ប៉ះពាល់​ដល់​រាងកាយ​ពលរដ្ឋ​ទេ​»៕