Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ផ្ដើម​រើ​សំណង់​ខុស​ច្បាប់​ក្នុង​ ឧទ្យាន​អង្គរ

Content image - Phnom Penh Post
ម្ចាស់​សំណង់​នៅ​ក្នុង​តំបន់​ហាមឃាត់​ឧទ្យាន​អង្គរវត្ត​កំពុង​រុះរើ​ដោយ​ខ្លួនឯង​។ រូបថត ហ្វេសប៊ុក

អាជ្ញាធរ​ផ្ដើម​រើ​សំណង់​ខុស​ច្បាប់​ក្នុង​ ឧទ្យាន​អង្គរ

ភ្នំពេញ: កម្លាំង​របស់​អាជ្ញាធរ​អប្សរា និង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​សៀមរាប​ កាលពី​ម្សិលមិញ​ បាន​ចាប់ផ្ដើម​រើ​សំណង់​ខុស​ច្បាប់​ចំនួន​ ៥២០ ​កន្លែង​នៅ​ក្នុង​ស្រុក​ចំនួន​បី​ក្នុង​ខេត្ត​សៀមរាប​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​រមណីយដ្ឋាន​អង្គរវត្ដ​ដែល​ប្រតិបតិ្តការ​ថ្ងៃ​ដំបូង​នេះ​មិន​ទាន់​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​សំណង់​នោះ​ទេ​។

កាលពី​ថ្ងៃ​ទី​ ១ ខែ​សីហា អាជ្ញាធរ​អប្សរា​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ហើយ​មាន​​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង និង​មួយ​ចំនួន​ទៀត​មិន​ទាន់​រុះរើ​តាម​ការ​ជូន​ដំណឹង ទើប​រដ្ឋបាល​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា​ចុះ​មក​រុះរើ​ដោយ​ផ្ទាល់​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ និង​រថយន្ត​បាញ់​ទឹក និង​រថយន្ត​សារ៉ែន​ជាច្រើន​គ្រឿង​ផង​ដែរ​។

លោក ឡុង កុសល់ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​អាជ្ញាធរ​បាន​ធ្វើការ​រុះរើ​សំណង់​ខុស​ច្បាប់​ទាំង​នេះ មាន ៣ ​គោលដៅ​ធំៗ​រួមមាន​ស្រុក​ប្រាសាទ​បាគង ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប (​មុខ​ប្រាសាទ​បន្ទាយក្តី​) ហើយ ២ ​គោលដៅ​ទៀត​នឹង​បន្ដ​នៅ​ពេល​ក្រោយ​គឺ​នៅ​ស្រុក​ពួក និង​ស្រុក​ប្រាសាទ​បន្ទាយស្រី​។ ក្នុង​នោះ​មាន​ផ្ទះ​ចំនួន ៥២០ ខ្នង​ដែល​បាន​សាងសង់​ខុស​ច្បាប់ ដោយ​រំលោភ​លើ​ដី​រមណីយដ្ឋាន​អង្គរ ខណៈ​ផ្ទះ​ ៨ ​ខ្នង​ត្រូវ​បាន​រុះរើ​រួចរាល់​នោះ​។

លោក​បន្ត​ថា​ការ​រុះរើ​សំណង់​ខុសច្បាប់​នៅ​រមណីយដ្ឋាន​អង្គរ​ក្នុង​តំបន់​ ១ និង​តំបន់​ ២ អាច​ប្រើ​ពេលវេលា​ពី​ ១០ ​ថ្ងៃ​ទៅ​កន្លះ​ខែ​ពីព្រោះ​សំណង់​ទាំង​នោះ​មិន​ពិបាក​ក្នុង​ការ​រុះរើ​នោះ​ទេ​។

ប្រតិបត្តិការ​នៅ​ថ្ងៃ​ម្សិលមិញ​ម្ចាស់​សំណង់​ពុំ​មាន​ការ​តវ៉ា​ធ្ងន់ធ្ងរ​នោះ​ឡើយ លើកលែង​តែ​ម្នាក់​នៅ​ស្រុក​ប្រាសាទ​បាគង​ដែល​មក​យំ​ស្រែក​មិន​ចង់​ឲ្យ​អាជ្ញាធរ​រុះរើ ប៉ុន្ដែ​​វិធានការ​រដ្ឋបាល​នេះ​នឹង​ធ្វើ​ឡើង​រហូត​ទទួល​បាន​ជោគជ័យ និង​បញ្ចប់​ជា​ស្ថាពរ​។

តែ​លោក សរ សារ៉ន ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រុះរើ​ផ្ទះ​រស់នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​ពេល​មក​នៅ​ដំបូង​គឺ​ពួក​ខ្ញុំ​នៅ​តូចៗ​ម្ដេច​ក៏​មិន​ប្រាប់​ឪពុក ម្ដាយ​ខ្ញុំ​ថា​រស់នៅ​លើ​ដី​ខុស​ច្បាប់ ហើយ​ពេល​នេះ​ឲ្យ​រើ​តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​នៅ​ឯណា​?»​។

ខណៈ​លោក សូរ សុខុន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​​រុះរើ​ផ្ទះ​រស់នៅ​សង្កាត់​នគរ​ធំ​នោះ​ដែរ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ខំ​សាងសង់​រួច​ហើយ​អស់​លុយ​រាប់​ម៉ឺន​ដុល្លារ បែរ​ជា​ឲ្យ​រុះរើ​ចេញ តើ​ឲ្យ​ខ្ញុំ​ទៅ​សង្ឃឹម​អ្វី​ទៀត​ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​គឺ​នៅលើ​ផ្ទះ​នឹង​ហើយ បើ​នៅ​ក្បែរ​ប្រាសាទ​អង្គរ​ទៅ​ខ្ញុំ​មិន​ថា​ទេ តែ​នេះ​គឺ​ឆ្ងាយ​ដល់​ទៅ​ជិត ១០ ​គីឡូ​ម៉ែត​ (​តំបន់​ ២)»​។

លោក សៀក ចំណាប់ ចៅសង្កាត់​នគរធំ​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​សម្រេច​នេះ​ធ្វើឲ្យ​ពួកគាត់​កាន់​តែ​ក្រីក្រ ខ្វះ​ជម្រក​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​អាជ្ញាធរ​មាន​សមត្ថភាព​ដោះស្រាយ​រឿង​នេះ ប្រកប​ដោយ​តម្លាភាព សមធម៌ ពុំ​មាន​អំពើ​ហិង្សា និង​ចូលរួម​បង្កើន​ជីវភាព​របស់​ប្រជាជន​ឲ្យ​គេច​ផុត​ពី​ភាព​ក្រីក្រ​កាត់​បន្ថយ​បញ្ហា​ដីធ្លី និង​វិវាទ​ផ្សេងៗ​ទៀត​»​។

លោក សូ ណារិន មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​អាដហុក​ខេត្ត​សៀមរាប​បាន​ថ្លែង​ថា​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​យល់ព្រម​តាម​ការ​រុះរើ​នេះ ​ដោយសារ​គាត់​គិត​ថា​ខ្លួនឯង​ក៏​មាន​កំហុស​ដែរ ហើយ​ពួកគាត់​ក៏​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ព្រោះ​គាត់​កំពុង​ជាប់​បំណុល​ធនាគារ គ្មាន​កន្លែង​រស់នៅ និង​មិន​អាច​រក​មុខរបរ​បាន​ទៀត​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ