Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​សម្រេច​កាត់​ដីព្រៃ​ជំនឿ​ ឲ្យ​ពលរដ្ឋ

Content image - Phnom Penh Post
គ្រឿងចក្រ​កំពុង​ឈូសឆាយ​ដីព្រៃ​ជំនឿ​កាលពី​សប្តាហ៍​មុន​។ រូបថត សហការី

អាជ្ញាធរ​សម្រេច​កាត់​ដីព្រៃ​ជំនឿ​ ឲ្យ​ពលរដ្ឋ

កំពង់ធំៈ ដីព្រៃ​ជំនឿ​ជាង ២ ពាន់​ម៉ែត្រក្រឡា​ដែល​គេ​បម្រុង​ឈូសឆាយ​ធ្វើ​ស្រែ​ប្រាំង​កាលពី​សប្តាហ៍​មុន​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​កាត់​ឲ្យ​ពលរដ្ឋ ដើម្បី​ទុក​ជា​ទីសក្ការៈ​តាម​ប្រពៃណី​ពី​បុរាណ​បន្ត​ទៀត​។

ក្រោយ​ពី​ទប់ស្កាត់​ការ​ឈូសឆាយ និង​ចុះ​ស្រាវជ្រាវ​ទៅ​តាម​បណ្តឹង​ពី​ពលរដ្ឋ​រួច​មក​មន្ត្រី​តុលាការ និង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​បាន​សម្រេច​កាត់​ដីព្រៃ​ទំហំ ២៥០០ ម៉ែត្រក្រឡា​ស្ថិត​ក្នុង​ភូមិ​សង្គម ឃុំ​ដំរីស្លាប់ ស្រុក​កំពង់ស្វាយ​ចេញ​ពី​ប្លង់ដី​កម្មសិទ្ធិ​របស់​ឈ្មោះ ឆេង គូ​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ភូមិ និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​លោក​ ធីវ វណ្ណធី​។

លោក ធីវ វណ្ណធី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​៖ «​សភាពការណ៍​ហ្នឹង​គេ​មិន​ឈូស​ទៀត​ទេ​។ គេ​ផ្អាក​ហើយ​មិន​ឲ្យ​ធ្វើ​បន្ត​ទេ ព្រោះ​ជា​កន្លែង​បងប្អូន​យើង​មាន​ជំនឿ​ទៅ​លើ​ព្រៃ​ហ្នឹង​។ ដី​ហ្នឹង​មិន​ឲ្យ​បុគ្គល​ណា​ទេ​គឺ​ទុក​ជា​សមូហភាព​គោរព​បូជា​»​។

លោក ឆេង គូ បាន​ប្រើប្រាស់​គ្រឿងចក្រ​មួយ​គ្រឿង​យក​ទៅ​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​ស្រែ​ប្រាំង​។ សកម្មភាព​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រតិកម្ម​ហើយ​រាយការណ៍​ទៅ​អាជ្ញាធរ​ដើម្បី​សុំ​អន្តរាគមន៍​ព្រោះ​ថា​ដី​ព្រៃ​នោះ​គឺជា​កន្លែង​ដែល​ពួកគាត់​តែងតែ​គោរព​បូជា​តាំងពី​ដើម​រហូត​មក​។

ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយការណ៍​រួច​មក​តុលាការ​ខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ទៅ​ទប់ស្កាត់​ហើយ​បាន​ហៅ​លោក​ ឆេង គូ ទៅ​ធ្វើ​ការ​សាកសួរ​។ ប៉ុន្តែ​លោក​​ គូ ​អះអាង​ថា​ដីព្រៃ​នោះ​គឺ​ស្ថិត​ក្នុង​ប្លង់ដី​គាត់​។

លោក​ សេន សុភាព នាយ​ប៉ុស្តិ៍​ដំរីស្លាប់​ឲ្យ​ដឹង​ថា​លោក ឆេង គូ បាន​ទិញ​ដី​ដែល​មាន​ប្លង់​ស្រាប់​ពី​ថៅកែ​ម្នាក់​ឈ្មោះ​ ពៅ រស់នៅ​ខេត្ត​សៀមរាប​ប្រមាណ​ជា​ ៣ ​ឆ្នាំ​មក​ហើយ​។

ទោះ​យ៉ាងណា​ ក៏​លោក ​គូ​បាន​យល់​ព្រម​ទុក​ដី​នោះ​សម្រាប់​ប្រារព្ធ​ជំនឿ​ផ្សេងៗ​ដល់​អ្នកតា​មួយ​ឈ្មោះ​ «​អ្នក​តា​ផ្អប់​»​។ លោក​បញ្ជាក់​ថា​៖ «​គេ​ទុក​ព្រៃ​មួយ​ដុំ ៥០ ​ម៉ែត្រ​គុណ​នឹង​ ៥០ ម៉ែត្រ ព្រោះ​ជា​ព្រៃ​អ្នកតា​សម្រាប់​គោរពបូជា​ត​គ្នា​ពី​បុរម​បុរាណ​មក​»​។

លោក សេង សារ៉ន មេភូមិ​សង្គម​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ទំហំ​ដី​ក្នុង​ប្លង់​របស់​លោក​ គូ មាន​ជាង ៣០ ហិកតា​ដែល​នៅ​ជិត​ព្រៃ​សហគមន៍​មួយ​ឈ្មោះ​ព្រៃហុំ​។

លោក​បន្ត​ថា​ នៅ​នឹង​ព្រៃ​នោះ​មាន​តែ​បង្គោល​ឈើ​ ១ ​ដែល​មាន​ចង​សាធម៌​ព្រៃ ហើយ​ពលរដ្ឋ​ចេះ​តែ​នាំ​គ្នា​គោរព​ទុក​ជា​ទីសក្ការៈ​អបិយ​ជំនឿ​ពិសេស​ធ្វើ​ពិធី​សែនព្រេន​ក្រោយ​ការ​ច្រូត​កាត់​រួច​។

លោក​បន្ថែម​ថា​ កាលពី​សម័យ​មុន​ពួកព្រាន​ព្រៃ​តែងតែ​ទៅ​បន់​សុំ​ឲ្យ​អ្នកតា​ផ្អប់​ជួយ​ឲ្យ​បាញ់​បាន​សត្វ​ច្រើន និង​សុំ​សេចក្តីសុខ​ពេល​ចូល​ព្រៃ ហើយ​ពេល​បាញ់​បាន ក៏​សែន​ឲ្យ​អ្នកតា​ជា​ការ​ដឹងគុណ​។

លោក​មេភូមិ​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ដោយសារ​តែ​អ្នកតា​ផ្អប់​គ្មាន​ខ្ទម​ហើយ​មើល​ទៅ​ដូចជា​ព្រៃ​ធម្មតា​ទើប​ខាង​សុរិយោដី​ចេញ​ប្លង់​ដោយ​មិន​ចាប់​អារម្មណ៍​កាត់​ដីព្រៃ​នោះ​ចេញ​។

លោក​ អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ​ដោយ​សុំ​ឲ្យ​សួរ​ទៅ​លោក​ព្រះរាជអាជ្ញារង​ សាយ ណូរ៉ា ​ដែល​កាន់​សំណុំ​រឿង​នេះ​។ លោក​ ណូរ៉ា មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​៕

0

Comments

Please, login or register to post a comment