Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ផ្អាក​ចេញ​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ ចាប់ពី​ថ្នាក់​អគ្គនាយក​ឡើង និង​ក្រុម​គ្រួសារ

Content image - Phnom Penh Post
លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​។ ផា លីណា

អាមេរិក​ផ្អាក​ចេញ​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ ចាប់ពី​ថ្នាក់​អគ្គនាយក​ឡើង និង​ក្រុម​គ្រួសារ

ភ្នំពេញៈ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 និង B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។

ការ​សម្រេច​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា​ម្សិលមិញ​តទៅ​នេះ​គឺជា​វិធានការ​ឆ្លើយតប​ពាក់ព័ន្ធ​នឹង​ការ​ដែល​កម្ពុជា មិន​ព្រម​ទទួល​យក​ពលរដ្ឋ​រប​ស់​ខ្លួន​ពី​អាមេរិក​ត្រឡប់​មក​វិញ ហើយ​ក៏​ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​អាមេរិក​ហាក់​កើត​មាន​ភាព​ល្អក់កករ​កាន់តែ​ខ្លាំង​ចាប់​តាំងពី​កម្ពុជា​បាន​បណ្តេញ​អង្គការ NDI របស់​អាមេរិក​។

ស្ថានទូត​សហរដ្ឋអាមេរិក​កាលពី​ម្សិលមិញ​បាន​សរសេរ​នៅលើ​វេបសាយ​របស់​ខ្លួន​ថា​មាន​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​ពន្យារ​ការ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​មក​វិញ​ដោយ​លើក​ហេតុផល​មិន​សមស្រប ហើយ​ថា​ការ​ផ្អាក​ផ្តល់​ទិដ្ឋាការ​នេះ​នឹង​ត្រូវ​ដក​ចេញ​ពេល​ណា​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ទទួល​បាន​ព័ត៌មាន​ថា​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​បាន​យល់ព្រម​ទទួល​យក​ពលរដ្ឋ​របស់​គេ​វិញ​។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​អាមេរិក​បាន​ព្រមាន​កាលពី​ខែ​សីហា​ថា ខ្លួន​នឹង​រឹតបន្តឹង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​កម្ពុជា​ និង​ប្រទេស ៣ ទៀត​រួម​មាន​ប្រទេស​អេរីត្រេ ប្រទេស​ហ្គីណេ និង​ប្រទេស​សេរ៉ាឡេអូន​។

ទិដ្ឋាការ​ប្រភេទ B1 គឺជា​ទិដ្ឋាការ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​បំពេញ​កិច្ចការ​ជំនួញ ខណៈ​ដែល​ទិដ្ឋាការ​ប្រភេទ B2 គឺ​ក្នុង​គោលបំណង​ធ្វើ​ទេសចរណ៍​ព្យាបាល​ជំងឺ ឬ​ ទៅ​សួរ​សុខទុក្ខ​សាច់ញាតិ​។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា​ក្រសួង​បាន​ឃើញ​ព័ត៌មាន​នេះ​ហើយ ហើយ​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ​។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​យល់​ថា​ចំណាត់ការ​នេះ​គឺជា​ប្រតិកម្ម​បែប​អមនុស្សធម៌​របស់​អាមេរិក​ហើយ​ថា «​វា​ហាក់​ដូចជា​មនុស្ស​ឃោរឃៅ​ដែល​បំបែក​ក្រុម​គ្រួសារ​របស់​ពួកគេ​ចេញ​ពី​គ្នា​គឺ​ដូច​សម័យ​ប៉ុលពត​»​។

ស្រដៀង​គ្នា​នេះ​ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​បាន​ថ្លែង​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើឲ្យ​គេ​មើលឃើញ​ថា​ជំហរ​របស់​អាមេរិក​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មិន​យល់​ស្រប​ចំពោះ​គោលនយោបាយ​បញ្ជូន​មនុស្ស​មកវិញ​​នេះ​ទេ ហើយ​ទណ្ឌកម្ម​នេះ​គឺ​អមនុស្សធម៌ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​»​។

ទោះ​ជា​យ៉ាង​ណា​ទាំង​លោក ស៊ីផាន និង​លោក វីរៈ យល់​ឃើញ​ថា​ទង្វើ​នេះ មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ដែល​កំពុង​តែ​តានតឹង​នាពេល​បច្ចុប្បន្ន​នេះ​ទេ​។

លោក Bill Herod ស្ថាបនិក​មជ្ឈមណ្ឌល​គាំទ្រ​ការ​សម្រប​ខ្លួន​របស់​ជន​វិល​ត្រឡប់​មក​មាតុភូមិ​វិញ (RISC) បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង​មក​នេះ​កម្ពុជា​បាន​ទទួល​យក​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ចំនួន ៥៦៦ នាក់​ហើយ​ថា​ពលរដ្ឋ​ប្រហែល ១០០ នាក់​ទៀត​អាច​នឹង​បញ្ជូន​មក​នា​ឆ្នាំ​ខាង​មុខ​។

ក្រៅពី​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​នេះ​ស្ថានទូត​អាមេរិក​ក៏​បាន​បញ្ជាក់​ថា​៖ «​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ដែល​បាន​បង់​រួច​មិន​អាច​បង្វិល​សង​វិញ​បាន​ទេ​»​។

ចំណុច​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រិះគន់​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ដោយ​លោក​បាន​ថ្លែង​ថា​ពលរដ្ឋ​ដែល​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក​ត្រូវ​បង់ ១៦០ ដុល្លារ ប៉ុន្តែ​ប្រាក់​នេះ​មិន​ត្រូវ​ប្រគល់​ឲ្យ​អ្នក​ដាក់​ពាក្យ​ស្នើសុំ​ទេ​បើ​ទោះបី​ជា​ស្ថានទូត​បដិសេធ​ចេញ​ទិដ្ឋាការ​៕

0

Comments

Please, login or register to post a comment