Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ រឹត​បន្តឹង​ទិដ្ឋាការ​មន្ត្រី​កម្ពុជា ក្រោយ​បក្ស​​ប្រឆាំង​រំលាយ​ ឯ​រាជ​រដ្ឋាភិបាល​កំពុង​ធ្វើការ​ឆ្លើយតប

Content image - Phnom Penh Post
នគរបាល​ ឈរយាមកាម រឹតបន្តឹង​សន្តិសុខ នៅមុខតុលាការ​កំពូលថ្ងៃកាត់ក្តីរំលាយ​បក្ស​ប្រឆាំង ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ហុង មិនា

អាមេរិក​ រឹត​បន្តឹង​ទិដ្ឋាការ​មន្ត្រី​កម្ពុជា ក្រោយ​បក្ស​​ប្រឆាំង​រំលាយ​ ឯ​រាជ​រដ្ឋាភិបាល​កំពុង​ធ្វើការ​ឆ្លើយតប

ភ្នំពេញៈ ក្រោយ​មាន​ព័ត៌មាន​ពី​​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​រឹតបន្តឹង​ទិដ្ឋាការចំពោះ​មន្ត្រី​កម្ពុជា​ ដែល​ពាក់ព័ន្ធ​ដល់​ការ​​បង្អាក់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋាភិបាល​កម្ពុជា ​កំពុង​រៀបចំ​នូវ​សេចក្តីថ្លែង​ការណ៍​តប​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ។

លោក ហ៊ុយ វណ្ណៈ អនុ​រដ្ឋ​លេខាធិការ​ ក្រសួង​មហាផ្ទៃ បាន​សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​នៅថ្ងៃនេះ​ថា កម្ពុជា​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ «ដើម្បី​ការ​ពារ​តម្លៃ​កម្ពុជា ក៏​ដូច​ជា​តបនឹង​ការ​សម្រេច​ចិត្ត​អយុត្តិធម៌​ពី​សំណាក់​មន្ត្រី​បរទេស​មួយ​ចំនួន​នោះដែរ»។

នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ពី​សហរដ្ឋអាមេរិក អ្ន​កនាំពាក្យ​ក្រសួង​ការ​បរទេស​​ លោក​ស្រី​ Heather Nauert បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយក្នុង​ការ​រឹតបន្តឹង​ទិដ្ឋាការ (វីសា)​ ចំពោះ​មន្ត្រីនៅកម្ពុជា ទៅកាន់​ទឹកដីមហាអំណាចមួយ​នេះ​ ដោយ​បញ្ជាក់​ថា ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ និង​ការ​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​នយោបាយ​ជាដើម ដែលនេះ​ជា​ជំហាន​ថ្មីមួយ​ ក្នុងការ «ឆ្លើយតប​ដោយ​ផ្ទាល់​ទៅនឹង​សកម្មភាព​ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​»។

ទោះយ៉ាង​ណា​ នៅ​មិន​ទាន់​មាន​បញ្ជី​ឈ្មោះ​ពិត​ប្រាកដ ថា​មន្ត្រី​កម្ពុជា​រូប​ណា នឹង​ត្រូ​វ​សហរដ្ឋ​អាមេរិក​ធ្វើការ​រឹត​បន្តឹង​នូវ​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក​នោះ​ឡើយ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រី Nauert បាន​ឲ្យ​ដឹង​ថា ការ​រឹត​បន្តឹង​មួយ​នេះ ក៏​នឹង​អនុវត្ត​ចំពោះ​ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំងនោះ​ផងដែរ។

គួរ​បញ្ជាក់​ថា ភ្លាម​ៗក្រោយ​ពី​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា សេតវិមាន​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump បាន​ធ្វើ​សេចក្តី​ប្រកាស​ថា​នឹង​កាត់​ជំនួយ​លើ​កា​បោះឆ្នោតរបស់ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ថា​ជំហានជា​បន្ត​បន្ទាប់​នឹង​បង្ហាញ​ជា​បន្តទៀត។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដំណឹងនេះ ជា​«រឿង​ចម្លែក» ដែល​បាន​បង្ហាញ​ថា​សហរដ្ឋអាមេរិក​ កំពុង​កាន់​ជើង​គណបក្ស​ប្រឆាំង​ ដោយ​មិន​គិត​ពី​នីតិរដ្ឋ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា ៖ «នេះ​ជា​លេស​របស់​ពួកគេ ដើម្បី​​កាន់ជើង​អាយ៉ងរប​ស់ខ្លួន​...ពួកគេ​រកស៊ី​ជាមួយ​គ្នា​ដើម្បី​ផ្តួលរំលំ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​រដ្ឋាភិបាល​ស្រប​ច្បាប់»។

ចំណែក​លោកស្រី មួរ សុខហួ អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ហៅ​ការ​សម្រេ​ចចិត្ត​របស់​សហរដ្ឋ​អាមេរិក ជា​ «ជំហានដ៏សំខាន់​» ដែល​ធ្វើ​ឲ្យ​មន្ត្រី​កម្ពុជា «មាន​អារម្មណ៍​ថាមានសម្ពាធ​ ជាពិសេស​ចំពោះអ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ និង​កូន​ចៅ​ទៅ​សិក្សា​សាកល​វិទ្យា​ល័យ​​នៅ​ក្នុង​ទឹកដី​អាមេរិក»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ