ភ្នំពេញៈ អ្នក​ជំនាញ​ការបោះឆ្នោត និង​អ្នក​ឃ្លាំមើល​សង្គម​ព្យាករ​ថា អវត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ប្រជែង​ដ៏ស្រួចស្រាល់​ជាមួយ​គណបក្ស​ប្រជាជន​អាច​នឹង​ធ្វើឲ្យ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​ធ្លាក់​ចុះ បើ​ទោះបី​ជា​បច្ចុប្បន្ន​មេដឹកនាំ​គណបក្ស​កាន់​អំណាច បាន​ប្រឹងប្រែង​ចុះ​មូលដ្ឋាន និង​ធ្វើការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ឬ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​យ៉ាង​ណា​ក៏ដោយ​។

បើ​ទោះបី​ជា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មិន​ទាន់​ចាប់ផ្តើម​ក៏ដោយ ក៏​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​គណបក្ស​ប្រជាជន​ជា​ញឹកញាប់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​។

ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋាន​សាលា​រួម​នឹង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​មង្គល​និវេសន៍​ស្ថិត​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កាល​ថ្ងៃ​ទី​ ១៨ ខែ​មីនា លោក​ ហេង សំរិន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ហើយ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​ខាង​មុខ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ព័ត៌មាន Fresh News កាលពី​ម្សិលមិញ​។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​ ១៩ ខែ​មីនា ឆ្នាំ ២០១៨ ក៏​បាន​សរសេរ​ផង​ដែរ​ថា​លោក ហេង សំរិន​ដែល​ក៏​ជា​ប្រធានកិត្តិយស​គណប្រជាជន​ផង​នោះ​ «​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ជន​រួមជាតិ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​ពួក​អគតិ និង​ជន​ជ្រុលនិយម​ទាំង​ឡាយ​ដែល​ចូលចិត្ត​ញុះញង់ បំភ័ន្ត​បំភ្លៃ​ការពិត និង​តែងតែ​រារាំង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល និង​ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងអស់​នេះ​ឱ្យ​បាន​ល្អប្រសើរ​ និង​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ឱកាស​ជួប​ជាមួយ​ពលរដ្ឋ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ចុង​សប្ដាហ៍​មុន ខណៈ​លោក​អញ្ចើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​បាន​ព្រមាន​ចំពោះ​អ្នក​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «​អ្នក​ដែល​ឃោសនា​កុំ​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត ខ្ញុំ​គួរ​តែ​ប្រាប់​បន្ថែម​ថា អ្នក​កំពុង​ដើរ​លើ​ផ្លូវ​ខុស​ហើយ​! បើ​និយាយ​ពី​នយោបាយ​ក៏​ខុស យុទ្ធសាស្ត្រ​ក៏​ខុស​ហើយ​ផ្លូវ​ច្បាប់​ក៏​កាន់តែ​ខុស​ទៀត​ព្រោះ​អ្នក​ឯង​រារាំង​សិទ្ធិ​បោះឆ្នោត​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុងការ​បញ្ចេញមតិ ៥ ​ឆ្នាំ​ម្តង​...​នេះ​ជា​ដំណើរការ​ធម្មតា​នៃ​លទ្ធិប្រជាធិបតេយ្យ​។ បើ​អ្នក​ហ្នឹង​ទៅ​បោះឆ្នោត ក៏​គង់​តែ​មិន​បោះ​ឲ្យ​ខ្ញុំ​ដែរ គួរ​តែ​កុំ​ទៅ​បោះ​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​អ៊ីចឹង​ទេ​ក្នុង​ឋានៈ​យើង​ជា​មេដឹកនាំ​ប្រទេស យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើប្រាស់​សិទ្ធិ បើ​គាត់​មិន​បោះ​ឲ្យ​យើង គាត់​បោះ​ឲ្យ​បក្ស​ដទៃ​ណា​ដែល​គាត់​ពេញចិត្ត​។ គាត់​បោះ​ទៅ យើង​ចង់​ទៅ​អ៊ីចឹង​។ ប៉ុន្តែ​បែរ​ជា​ (​ប្រាប់​) ​គាត់​ពហិការ​កុំ​បោះ​! សួរ​ទៅ​អូស្ត្រាលី​មាន​ពេល​ខ្លះ​ប្រជាជន​ប៉ុន្មាន​ភាគរយ​ទៅ​បោះ​? បោះ​ទាំងអស់​? បើ​មិន​ទៅ គេ​ផាក​? ...»​។

យោង​តាម​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ ២០១៧ របស់ គ.ជ.ប បង្ហាញ​ថា​មាន​ពលរដ្ឋ ៨៩,៥ % ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧,៨៦ លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទៅ​បោះឆ្នោត​។

អ្នក​ជំនាញ​ការបោះឆ្នោត​ លោក យឿង សុធារ៉ា ដែល​ធ្លាប់ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​​ នៅ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ ខុមហ្វ្រែល ​ថ្លែង​ថា ការអំពាវនាវ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច​គឺ​ដើម្បី​ផ្ដល់​ភាពស្រប​ច្បាប់​ដល់​បក្ស​របស់​ខ្លួន បើ​មាន​អត្រា​អ្នក​ទៅ​បោះឆ្នោត​កាន់តែ​ច្រើន​។ «​ខ្ញុំ​គិត​ថា គណបក្ស​កាន់​អំណាច​គាត់​នៅ​តែ​ចង់​បាន​ទម្ងន់​នៃ​ភាពស្រប​ច្បាប់​នៃ​ការបោះឆ្នោត​ទោះបី​ជា​ភាពស្រប​ច្បាប់​វា​មិន​មាន​ចែង​នៅក្នុង​ច្បាប់​ថា អត្រា​អ្នក​ទៅ​បោះឆ្នោត​ប៉ុន្មាន​ភាគរយ ក្រោម​ប៉ុន្មាន​ភាគរយ អាច​កំណត់​ពី​ភាព​ស្រប​ច្បាប់​នៅក្នុង​ច្បាប់​បោះឆ្នោត​យើង​ក៏ដោយ ប៉ុន្តែ​បើ​មាន​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​ច្រើន វា​បង្ហាញ​ថា​អ្វី​ដែល​គណបក្ស​កាន់​អំណាច​ធ្វើ​កន្លង​មក​នេះ​មិន​ជា​កំហុស​ទេ ហើយ​ក៏​ជា​សក្ខីកម្ម​មួយ​បង្ហាញ​ទៅ​អន្តរជាតិ ជាពិសេស​លោក​ខាង​លិច និង​សហរដ្ឋអាមេរិក​ឲ្យ​ឃើញ​ថា​អ្វី​ដែល​អ្នក​នយោបាយ​កាន់​អំណាច​គាត់​ធ្វើ​គឺ​ស្រប​ទៅ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។

លោក សុធារ៉ា ព្យាករ​ថា ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នឹង​ថយ​ចុះ​ដោយសារ​តែ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ពីព្រោះ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ «​គាត់​អាច​មិន​ចេញ​ទៅ​បោះឆ្នោត​ដោយសារ​តែ​គណបក្ស​ដែល​គាត់​គាំទ្រ​មិន​បាន​ចូលរួម​ការបោះឆ្នោត​»​។

ចំណែក​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ថ្លែង​ថា​គណបក្ស​ប្រជាជន​គួរ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ជា​ជាង​ដើរ​ប្រាប់​ឲ្យ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​ខណៈ​ការឃោសនា​បោះឆ្នោត​មិន​ទាន់​ខិតចូល​មក​ដល់​នៅ​ឡើយ​។​ ​

លោក ​ជ័យ ​ថ្លែង​ថា បើ​សិន​ជា​នៅក្នុង​ការបោះឆ្នោត​នាពេល​ខាង​មុខ​មាន​ភាគរយ​ខ្ពស់​នៃ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត វា​អាច​ធ្វើឲ្យ​តម្លៃ​នៃ​ការបោះឆ្នោត​ «​មាន​បញ្ហា​ដែរ ជាពិសេស​ការយល់​ឃើញ​របស់​ប្រទេស​ជា​មិត្ត​ដែល​ប្រកាន់​យក​នូវ​លទ្ធិប្រជាធិបតេយ្យ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា​ការ​ទៅ​បោះឆ្នោត គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ដោយ​លោក​​ទទូច​ឲ្យ​ពលរដ្ឋ​ត្រូវ​បង្ហាញ​ពី​ការសម្រេច​ចិត្ត​លើ​ជោគវាសនា​ប្រទេស​ជាតិ​។ «​វា​មាន​ការ​យល់​ឃើញ​ខុស​គ្នា បងប្អូន​ខ្លះ​គាត់​ទៅ​បោះ​ទៅ​បងប្អូន​ខ្លះ​គាត់​មិន​យល់​ក៏​មិន​ទៅ អ៊ីចឹង​បាន​ជា​យើង​ខិតខំ​ពន្យល់​ប្រជាជន​ឲ្យ​យល់​អំពី​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ​...​ពីព្រោះ​ការ​ដែល​គណបក្ស​ប្រជាជន​ពន្យល់​បងប្អូន មិនមែន​សំដៅ​តែ​លើ​ការបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​តែ​មួយ​មុខ​ទេ​បញ្ហា​សំខាន់​លោក​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​របស់​លោក​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ ...»​។

នៅ​ពេល​សួរ​ពី​ការខិតខំ​របស់​បក្ស​កាន់​អំណាច ខណៈ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស្រួចស្រាល់​របស់​ខ្លួន​ត្រូវ​បាន​រំលាយ​ទៅ​ហើយ​នោះ​លោក​ ឥសាន ​ឆ្លើយ​ថា​៖ «​ធ្វើ​ការងារ​មិន​បាច់​មាន​បក្ស​ប្រឆាំង​ក៏​យើង​ធ្វើ​ការងារ​ដែរ អ៊ីចឹង​ទេ មិនមែន​អត់​គណបក្ស​ប្រឆាំង​យើង​ឈប់​ហូបបាយ​ឯណា​យើង​ហូបបាយ​គ្រប់​ពេល​...»​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​នៅពេល​ដែល​មិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​។ «​កាលពី​ឆ្នាំ ២០១៧ មាន​អ្នក​បោះឆ្នោត​ប្រមាណ​ ៨៤ ភាគរយ​បាន​ទៅ​បោះឆ្នោត ប៉ុន្តែ​ឆ្នាំ​នេះ​គ្មាន​ផ្លូវ​ទេ ពួកគេ​អាច​មក​ជិត ​៤០ ​ភាគរយ​ដោយសារ​អ្នកបោះឆ្នោត​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះឆ្នោត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​»​។ «​សារ​របស់​យើង​ទៅ​អ្នក​បោះឆ្នោត និង​សហគមន៍​អន្តរជាតិ​គឺថា​វា​នឹង​មិន​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទេ​ប្រសិន​បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​»​។

រាយការណ៍​បន្ថែម​ដោយ Ananth Baliga