ភ្នំពេញៈ លោក មាជ សុវណ្ណារ៉ា មន្ត្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ជាប់​ពន្ធនាគារ​ ១៤ ​នាក់​ទៀត​បាន​សរសេរ​សំបុត្រ​ចេញ​ពី​ពន្ធនាគារ​ជូនពរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​ថ្ងៃ​ទី ៥ មករា​ដែល​បាន​បង្ហាញ​នូវ​ចេតនា​ចង់​បាន​ការ​អនុគ្រោះ​ឲ្យ​មាន​សេរីភាព​ក្នុង​សង្គម​វិញ​។

ក្នុង​លិខិត​របស់​លោក​ដែល​ចុះ​កាលបរិច្ឆេទ​ទី​ ៥ មករា បាន​សរសេរ​ថា​លោក​ស្ទើរ​តែ​ភ្លេច​ថ្ងៃ​ខួប​កំណើត​ភរិយា​កូនស្រី​ពៅ​ជា​ទី​ស្រឡាញ់​របស់​លោក ប៉ុន្តែ​លោក​មិន​ភ្លេច​ថ្ងៃ​ «​ពិសេស​របស់​សម្តេច​ទាំង​ ២ ​គឺ​នៅ​ថ្ងៃ​ទី​ ៥ ខែ​មករា​នេះ​ដែល​ប្រែ​ពី​ថ្ងៃ​ធ្លាប់​តស៊ូ​លំបាក​លំបិន​ជាមួយ​គ្នា​មក​ជា​ថ្ងៃ​ជ័យ​សិរី​មង្គល​រហូត​មក​ដល់​ពេល​នេះ​»​។

ដោយ​ប្រៀបធៀប​រូប​លោក​ និង​អ្នក​ជាប់​ឃុំ​ជាមួយ​គ្នា​ ១៤ ​នាក់​ទៀត​ថា​ជា​អ្នក​ទោស​មនសិការ​លិខិត​របស់​លោក មាជ សុវណ្ណារ៉ា បាន​បន្ត​ថា​៖ «​ជា​អ្នក​ទោស​មនសិការ​ប្រៀប​បី​ដូចជា​បក្សី​កម្សត់​កំពុង​ជាប់​ទ្រុង​រង់ចាំ​អ្នក​មាន​បុណ្យ យើង​ទាំង​​ ១៥ ​នាក់​គ្មាន​អ្វី​ជាប់​នឹង​ខ្លួន​ឡើយ​មាន​តែ​នាំ​គ្នា​បន្តក់​លោហិត​ម្នាក់​មួយ​តំណក់ៗ​នៅ​ក្នុង​គុក​ដ៏ងងឹត​នេះ​ដើម្បី​ជា​បច្ច័យ​សម្រាប់​ការ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ឲ្យ​តាម​ជួយ​ថែរក្សា និង​ជ្រោមជ្រែង​សម្តេច​ទាំង​ ២...»​។

លោក ឈឹម គឹមទ្រី ជំនួយការ​ផ្ទាល់​របស់​លោក មាជ សុវណ្ណរ៉ា ថ្លែង​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​លិខិត​នេះ​ពិត​ជា​លិខិត​របស់​លោក សុវណ្ណារ៉ា មែន ដែល​លោក​សរសេរ​ចេញ​ពី​ពន្ធនាគារ​ក្នុង​គោលបំណង​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​។

លោក គឹមទ្រី និយាយ​ថា​៖ «​គាត់​ចង់​និយាយ​ថា​សម្តេច​លោក​មាន​សេរីភាព និង​មាន​ពេល​ប្រារព្វ​ខួប​ហើយ​ពួកគាត់​ក៏​ចង់​មាន​ឱកាស​ដូច​គ្នា​ដែរ​។ តាមពិត​ទៅ​គោលបំណង​របស់​គាត់​ចង់​ឲ្យ​មាន​ការ​លើកលែង​ទោស ប៉ុន្តែ​គាត់​មិន​អាច​និយាយ​ត្រង់ៗ​ពេក​ទេ ប៉ុន្តែ​យើង​អាច​យល់​បាន​ពី​ខ្លឹម​សារលិខិត​របស់​គាត់​។ គាត់​ចង់​បាន​ដំណោះស្រាយ​ព្រោះ​គាត់​នៅ​ក្នុង​ពន្ធនាគារ​ ៣ ​ឆ្នាំ​ហើយ​»​។

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៤ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤ ដែល​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​។

នៅ​ខែ​កក្កដា​ឆ្នាំ​ ២០១៥ លោក​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ២០ ​ឆ្នាំ​ពី​បទ​ដឹកនាំ​កុបកម្ម ចំណែក​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ១០ ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ចន្លោះ​ពី​ ៧ ​ទៅ​ ២០ ​ឆ្នាំ​ក្នុង​រឿង​ដូច​គ្នា​។ នៅ​ខែ​ឧសភា​ឆ្នាំ​ ២០១៦ សកម្មជន​បក្ស​ប្រឆាំង​ ៣ ​នាក់​ទៀត​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ម្នាក់ៗ​ ៧ ​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​ដូច​គ្នា​។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចាត់ទុក​អ្នក​ទាំង​នេះ​ជា​អ្នកទោស​នយោបាយ​។

ទោះ​យ៉ាង​ណា​ក្តី​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា​លិខិត​របស់​លោក មាជ សុវណ្ណារ៉ា គ្រាន់​តែ​ជា​ការ​បង្ហាញ​មនោសញ្ចេតនា​តែ​ប៉ុណ្ណោះ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​លោក​មិន​បានឃើញ​លិខិត​របស់​លោក មាជ សុវណ្ណារ៉ា ​ទេ​។ ប៉ុន្តែ​លោក​ថា​បើ​សិន​ជា​លិខិត​ជូនពរ​នោះ​គេ​មិន​គួរ​បកស្រាយ​ឲ្យ​លើស​ពី​ខ្លឹមសារ​ដើម​ទេ​។ «​ខ្ញុំ​គិត​ថា​យើង​គិត​តែ​ត្រឹម​កម្រិត​ខ្លឹមសារ​ដែល​មាន​ក្នុង​លិខិត​ហ្នឹង​បាន​ហើយ​។ គាត់​សរសេរ​គាត់​ជូនពរ​អី​ជា​មនោសញ្ចេតនា​របស់​គាត់​ជាមួយ​សម្តេច​តេជោ យើង​មិន​អាច​ទៅ​ថា​ជំនួស​គាត់​បាន​ទេ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ថា​លោក​មិន​ដឹង​ថា តើ​ការ​សរសេរ​លិខិត​នេះ​អាច​នាំ​ទៅ​ដល់​ការ​លើកលែង​ទោស​ឬ​យ៉ាង​ណា​ទេ​គឺ​អាស្រ័យ​លើ​លោក​នាយក​រដ្ឋមន្ត្រី​។

លោក​ថា​ លោក​មិន​យល់​ថា​អ្វី​ទៅ​ជា​អ្នកទោស​មនសិការ​ហើយ​ថា​លោក មាជ សុវណ្ណារ៉ា «​មិនមែន​ជា​អ្នក​ទោស​នយោបាយ​ទេ ហើយ​កម្ពុជា​មិន​មាន​អ្នក​ទោស​នយោបាយ​ទេ​។ ពួកគេ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ទង្វើ​របស់​ពួកគេ​ដែល​ប្រឆាំង​នឹង​ច្បាប់​»​។

លោក សុក សំអឿន អ្នក​ជំនាញ​ផ្នែក​ច្បាប់​យល់​ថា​ការ​សរសេរ​លិខិត​តែ​ម្យ៉ាង​នេះ​ប្រហែល​មិន​អាច​ជួយ​ឲ្យ​លោក សុវណ្ណារ៉ា រួច​ខ្លួន​ឡើយ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​លិខិត​នេះ​អាច​ជួយ​អ្វី​បាន​ទេ បើ​សិន​ជា​គ្មាន​អ្នក​ណា​ទៅ​ជួយ​បញ្ចុះ​បញ្ចូល​គាត់​ដូចជា​មិត្តភក្តិ​ ឬ​អ្នក​ដែល​ស្និទ្ធ​នឹង​សមាជិក​គ្រួសារ​សម្តេច ហ៊ុន សែន ឬ​ពី​ស្ថានទូត​»​។

លោក សុក សំអឿន បន្ថែម​ថា​រឿង​នេះ​ប្រហែល​អាច​ដោះស្រាយ​បាន​តាម​ស្ថានការណ៍​នយោបាយ​ ឬ​តាមរយៈ​សម្ពាធ​ពី​ទំនាក់​ទំនង​ការបរទេស​ដោយ​លោក​អះអាង​ថា​ «​បើ​ការ​កាត់​ទោស​ដោយសារ​វា​ជា​រឿង​នយោបាយ​ត្រូវ​ដោះស្រាយ​តាម​នយោបាយ​រឿង​នយោបាយ​មិន​អាច​ដោះស្រាយ​បាន​ដោយ​ប្រព័ន្ធ​តុលាការ​ទេ​»​។

ដោយឡែក​លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​អនាគត​បាន​ថ្លែង​ថា​លោក​មិន​ឃើញ​មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ចំពោះ​ការ​សរសេរ​សំបុត្រ​ជូនពរ​នេះ ប៉ុន្តែ​លោក​មិន​យល់​ថា​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​សរសេរ​លិខិត​នេះ​។

ទោះ​យ៉ាង​ណា​លោក​ថា​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​បាយ​គួរ​តែ​កើត​មាន​។ «​វា​ជា​ពេល​ដែល​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា មិន​មាន​ប្រតិកម្ម​ធ្ងន់ៗ​ ឬ​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ការ​ដោះលែង​អ្នក​ទោស​នយោបាយ​គឺជា​រឿង​ដែល​គួរ​ធ្វើ​។ គួរ​តែ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ពេល​នេះ​។ ការ​ដោះលែង​អ្នក​ទោស​មុន​ពេល​បោះឆ្នោត​មិនមែន​ជា​រឿង​ថ្មី​ទេ​គឺ​ធ្លាប់​កើត​មាន​រួច​មក​ហើយ​កាលពី​បោះឆ្នោត​លើក​មុនៗ​។ យើង​គួរ​តែ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​»៕