ភ្នំពេញៈ ​អ្នក​ភូមិ​បុរី​កីឡា​ ១០ គ្រួសារ​ដែល​នៅ​សេសសល់​មិន​ទាន់​ទទួល​យក​សំណង​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដើម្បី​ទាមទារ​សំណង​ជា​ទឹកប្រាក់​ពី ២ ​ម៉ឺន ទៅ​ ២ ​ម៉ឺន​ ៥ ​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ខណៈ​អតីត​អ្នក​បុរី​កីឡា​ជាច្រើន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​ភូមិ​អណ្តូង​កំពុង​រស់នៅ​ក្នុង​ជីវភាព​ដ៏លំបាក​។

អ្នកស្រី ង៉ូវ ណារី តំណាង​សហគមន៍​បុរី​កីឡា​បាន​ថ្លែង​នៅ​ពេល​កំពុង​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ក្នុង​សង្កាត់​បឹងសាឡាង​ថា​ក្រុម​អ្នកស្រី​ចំនួន​ ១០ គ្រួសារ​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោកស្រី​ ស៊ុយ សុផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដើម្បី​ទាមទារ​សំណង​ពី ២ ​ម៉ឺន​ទៅ​ ២ ​ម៉ឺន​ ៥ ​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ឈូសឆាយ​បំផ្លាញ​ផ្ទះ​សំបែង​របស់​ពួកគេ​កាលពី​ឆ្នាំ ២០១២​។

អ្នកស្រី​បន្ត​ថា​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​មករា​អ្នកស្រី​បាន​ជួប​ចរចា​គ្នា​ជាមួយ​លោក​ លឹម សុភា អភិបាល​ខណ្ឌ​ ៧ ​មករា​ម្ដង​ហើយ​​ ប៉ុន្ដែ​លោក​អភិបាលខណ្ឌ​បាន​សុំ​ផ្ដល់​សំណង​ចំនួន​តែ ១៥ ០០០ ​ដុល្លារ​ទេ ដោយ​ក្រុម​អ្នកស្រី​ទាមទារ ២ ម៉ឺន​ដល់ ២៥០០០ ដុល្លារ ប៉ុន្ដែ​បើ​មិន​បាន​លុយ​គឺ​យក​ផ្ទះ​ក្នុង​អគារ​ដែល​សាងសង់​ក្នុង​បុរីកីឡា​ស្រាប់​ដោយ​ជ្រើសរើស​យក​ជាន់​ទី​ ១ ឬ​ទី​ ២ ​។

អ្នកស្រី​បន្ត​ថា​៖ «​ពួក​ខ្ញុំ​ទាមទារ​ប៉ុណ្ណឹង​លោក​អភិបាលខណ្ឌ​ហាក់​មិន​មាន​យោបល់​អ្វី​បន្ថែម​ទេ ដោយ​គ្រាន់​តែ​សុំ​ឲ្យ​ក្រុម​ខ្ញុំ​ទទួល​យក​សំណង​ដែល​គាត់​ផ្ដល់​ឲ្យ និង​សុំ​ឲ្យ​ឈប់​ធ្វើការ​តវ៉ា ហើយ​ខ្ញុំ​ថា ខ្ញុំ​នឹង​មិន​ឈប់​ទេ បើ​នៅ​មិន​ទាន់​ឲ្យ​សំណង​ខ្ញុំ​គ្រប់គ្រាន់​ទេ ខ្ញុំ​នៅ​តែ​តវ៉ា​អ៊ីចឹង​»​។

អ្នកស្រី យ៉ិន ស្រ៊ីន អ្នកភូមិ​បុរីកីឡា​និយាយ​ថា​ក្រុម​អ្នកស្រី​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​លុយ ១៥០០០ ដុល្លារ​ហើយ​អ្នកស្រី​នឹង​បន្ត​តវ៉ា​ទាមទារ​ទៀត​។ «​ក្រុម​ខ្ញុំ​នៅ​ប្រកាន់​ជំហរ​ដដែល​ដោយ​មិន​ទទួល​យក​ប្រាក់​សំណង ១៥០០០ ដុល្លារ​ទេ បើ​ ២ ​ម៉ឺន​ឬ ២៥០០០ ដុល្លារ​ទើប​ទទួល​យក​ហើយ​យើង​នឹង​បន្ត​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ពន្លឿន​ការ​ដោះស្រាយ​»​។

លោកស្រី ស៊ុយ សុផាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា​ថា លោកស្រី​បាន​សាងសង់​អគារ​សម្រាប់​ប្រជាពលរដ្ឋ​ហើយ​ប្រគល់​ឲ្យ​សាលា​ក្រុង​ជា​អ្នក​ចាត់ចែង ហើយ​លោកស្រី​មិន​បាន​ដឹង​ពី​របៀប​បែង​ចែង​របស់​សាលាក្រុង​នោះ​ទេ​។ «​ខ្ញុំ​អត់​បាន​ដឹង​ថា​ពលរដ្ឋ​ដែល​នៅ​សេសសល់​ទាំង​នោះ ទាមទារ​អ្វី​ខ្លះ​ទេ​ព្រោះ​ខ្ញុំ​បាន​សាងសង់​អគារ​មួយ​ចំនួន​ប្រគល់​ឲ្យ​សាលាក្រុង​ជា​អ្នក​ចាត់ចែង​ដោះស្រាយ​ជូន​ពួកគាត់​។ ​អ៊ីចឹង​គាត់​ទាមទារ​អ្វី​ផ្សេង​ទៀត​សួរ​ទៅ​សាលាក្រុង ខ្ញុំ​អស់​ភារកិច្ច​ហើយ​»​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​សាលា​រាជធានី​មិន​មាន​ការ​កែប្រែ​គោលនយោបាយ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​បុរីកីឡា​ទាំង​នេះ​ទេ​។ «​យើង​ក៏​នៅ​រង់ចាំ​ទទួល​ការ​យល់ព្រម​ពី​ពួកគាត់​ដែរ​។ ចំណែក​ការ​នាំ​គ្នា​ទៅ​តវ៉ា​...​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​»​។

អស់​រយៈពេល​ ៧ ​ឆ្នាំ​ហើយ​ពោល​គឺ​ចាប់​តាំងពី​ថ្ងៃ​ទី​ ៣ មករា ឆ្នាំ​ ២០១២ អ្នក​ភូមិ​បុរីកីឡា​ចំនួន ៣៨៤ គ្រួសារ​ត្រូវ​បាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​អាជ្ញាធរ​រាជធានី​បាន​ប្រើ​កងកម្លាំង និង​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​កម្ទេច​លំនៅឋាន​របស់​ពួកគាត់​ដោយ​ហិង្សា​ហើយ​ដឹក​ពួកគាត់​យក​ទៅ​ទម្លាក់​ចោល​កណ្តាលវាល​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​ក្នុង​ភូមិ​អណ្តូង និង​ទួលសំបូរ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ១៦ គីឡូម៉ែត​ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ សព្វថ្ងៃ​មាន​អ្នក​បុរីកីឡា​ចំនួន ១១ គ្រួសារ​នៅ​មិន​ទាន់​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​កំណត់​ឲ្យ​ហើយ​នៅ​តែ​បន្ត​ក្រាញ​រស់នៅ​បុរីកីឡា​លើ​គំនរ​សំរាម​ក្រោម​កៅស៊ូតង់ និង​ក្រោម​ជណ្ដើរ​អគារ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច​សង់​អគារ​ ២ បន្ថែម​ទៀត​ទៅ​តាម​កិច្ចសន្យា​។

ដោយសារ​ស្ទើរតែ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ មិន​មាន​ការ​ដឹក​ជញ្ជូន​សាធារណៈ និង​មិន​មាន​ឱកាស​ការងារ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាន​ទៅ​រស់នៅ​ភូមិ​អណ្តូង​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ជីវភាព​យ៉ាង​លំបាក​។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​គឺ​អ្នកស្រី​ អាត សំណាង ខណៈ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ដែល​ដូច​ទៅ​នឹង​កុងតឺន័រ និង​កំពុង​ទទួលទាន​សម្ល​ត្រី​បាន​ប្រាប់​អំពី​របៀប​ដែល​ជីវិត​របស់​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ចាប់​តាំងពី​អ្នកស្រី​បាន​រើ​មក​រស់នៅ​ក្នុង​ភូមិ​អណ្តូង​រយៈពេល​ ៣ ​ឆ្នាំ​កន្លង​មក​។

អ្នកស្រី​ថ្លែង​ថា​៖ «​នៅ​ពេល​ខ្ញុំ​មក​ទី​នេះ​ដំបូង វា​ពិតជា​ពិបាក​ណាស់​ដោយសារ​ផ្ទះ​មិន​ទាន់​សាងសង់​ហើយ ហើយ​ខ្ញុំ​មិន​អាច​រក​ការងារ​បាន​»​។ «​ប៉ុន្តែ​យូរៗ​ទៅ​ខ្ញុំ​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​»​។

ប្រហែល ៥ ខែ​បន្ទាប់ពី​ការ​មក​ដល់​ទីតាំង​ថ្មី​នេះ​អ្នកស្រី​ដែល​មាន​អាយុ​​ ៣៥ ​ឆ្នាំ​អាច​ស្វែងរក​ចំណូល​បាន​ប្រហែល ១០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដែល​ចំណូល​នេះ​អាច​គ្រប់គ្រាន់​សម្រាប់​កូន​អ្នកស្រី​។ អ្នកស្រី​បន្ត​ថា ប៉ុន្តែ​ចំណូល​នេះ​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​មក​ដល់​ពេលបច្ចុប្បន្ន​ដោយសារ​តែ​មាន​អ្នក​ចំណូល​ថ្មី​ជាច្រើន​។

ដោយសារ​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្នក​ចំណូល​ថ្មី​ដែល​ទើប​មក​ដល់​ក៏​ព្យាយាម​លក់ដូរ​ដូច​គ្នា​ធ្វើឲ្យ​មាន​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​រហូត​ដល់​អ្នកស្រី សំណាង ​ស្ទើរ​តែ​មិន​អាច​ចិញ្ចឹម​កូន​បាន​។

អ្នកស្រី​ថ្លែង​ថា​បច្ចុប្បន្ន​អ្នកស្រី​អាច​រក​ចំណូល​បាន​តែ​ប្រហែល ១,២៥ ទៅ​ ២,៥០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដែល​ស្ទើរតែ​មិន​អាច​ចិញ្ចឹម​គ្រួសារ​បាន​។ ទោះ​យ៉ាង​ណា​ក្តី​អ្នកស្រី​រីករាយ ដែល​បាន​ចាកចេញ​ពី​បុរីកីឡា​ដែល​អ្នកស្រី​ហៅ​ថា​ជា​កន្លែង​កខ្វក់ និង​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ «​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​»​។

អ្នកស្រី សំណាង បាន​ថ្លែង​៖ «​ខ្ញុំ​រីករាយ​នឹង​រស់នៅ​ទី​នេះ​ដោយសារ​វា​ស្អាត​ហើយ​ក្មេងៗ​អាច​ទៅ​រៀន​ ប៉ុន្តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដោយសារ​បញ្ហា​ការងារ ព្រោះ​ខ្ញុំ​មិន​អាច​រក​លុយ​បាន​»​។

ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅ​បុរីកីឡា​បាន​ផ្ទុះ​ឡើង​នៅពេល​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី ស៊ុយ សុផាន ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការ​សាងសង់​អគារ​ចំនួន​ ១០ ​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​បាន​បំពេញ​ទៅ​តាម​ការ​សន្យា​ឡើយ​ដោយ​សង់​តែ​ ៨ ​អគារ​ប៉ុណ្ណោះ​ទើប​ធ្វើឲ្យ​មាន​ការ​តវ៉ា​រហូត​មក​ដល់​បច្ចុប្បន្ន​។

បើ​ទោះបី​ជា​អ្នកស្រី​ សំណាង ​បាន​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​រស់នៅ​ភូមិ​អណ្តូង​ក៏​អ្នកស្រី​បាន​ថ្លែង​ថា​អ្នក​ដែល​កំពុង​បន្ត​ធ្វើការ​តវ៉ា​គួរ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សំណង​ច្រើន​ជាង​នេះ​។ «​វា​មិន​យុត្តិធម៌​ទេ​សម្រាប់​យើង​... យើង​មិន​មាន​ជម្រើស​នោះ​ហើយ​ជា​ហេតុ​ដែល​យើង​មក​​ទី​នេះ​»​។

ប្រហែល ១០ ម៉ែត្រ​ពី​ផ្ទះ​អ្នកស្រី​ សំណាង ទៅ​តាម​ផ្លូវ​មួយ​ដែល​ស្ទើរតែ​មិន​មាន​អ្នក​ដំណើរ អតីត​អ្នក​បុរីកីឡា​ម្នាក់​គឺ​លោក ពេជ្រ លឹមខួន កំពុង​អង្គុយ​ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​លក់​កាហ្វេ និង​ភេសជ្ជៈ​។

នៅ​ពេល​លោក​បាន​រើ​ទៅ​នៅ​ភូមិ​អណ្តូង​កាលពី​ដើម​ឆ្នាំ ២០១៥ ជាមួយ​នឹង​ប្រពន្ធ និង​កូន​ចិញ្ចឹម​ចំនួន​ ៤ ​នាក់​ជា​ផ្នែក​នៃ​ក្រុម​ទី​មួយ​ដែល​ចេញ​ពី​បុរីកីឡា​លោក​ថ្លែង​ថា​លោក​អាច​រក​ចំណូល​រស់នៅ​បាន​សមរម្យ​ដោយ​រក​ចំណូល​បាន​ប្រហែល ១៧,៥ ​ទៅ​ ២០ ​ដុល្លារ​។ ដូច​អ្នកស្រី សំណាង ដែរ​លោក​ លឹមខួន ​បាន​ឃើញ​ប្រាក់​ចំណូល​របស់​លោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ប្រហែល​ ២ ​ឆ្នាំ​កន្លង​ទៅ​នៅ​ពេល​មាន​អ្នក​ចំណូល​ថ្មី​បាន​មក​ដល់​ដែល​បាន​បើក​លក់​កាហ្វេ និង​ភេសជ្ជៈ ហើយ​មិន​មាន​ឱកាស​ការងារ​ដទៃ​ទៀត​។ «​ឥឡូវ​នេះ​ស្ងាត់​មនុស្ស​»​។

កត្តា​មួយ​ទៀត​ដែល​ធ្វើឲ្យ​បាត់បង់​ចំណូល​គឺ​ថា​មនុស្ស​ជាច្រើន​បាន​ជំពាក់​បំណុល​ច្រើន​ក្នុង​រយៈកាល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​ចាយ​តិច​ជាង​មុន​។

ជា​ការពិត​លោក​ លឹមខួន ក៏​ត្រូវ​ខ្ចី​លុយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផង​ដែរ​នៅ​ពេល​ត្រូវ​ការ​ជួសជុល​ដំបូល​ផ្ទះ​កាល​ ២-៣ ​ខែ​មុន​ហើយ​ជា​បំណុល​ដែល​លោក​នឹង​មិន​អាច​សង​អស់​ក្នុង​រយៈពេល​ជាច្រើន​ខែ​។ លោក​ថ្លែង​ថា​ឥឡូវ​នេះ​ខ្ញុំ​អាច​រកចំណូល​បាន​តែ​ប្រហែល ១៥០០០ ​ទៅ​ ២០០០០ ​រៀល​ក្នុង​មួយ​ថ្ងៃ​ដែល​ជា​ការ​ធ្លាក់​ចុះ​ចំនួន​ ៤ ​ដង​នៃ​ចំណូល​ដំបូង​។ លោក​បន្ត​ថា​ខណៈ​កំពុង​មាន​បំណុល​នៅ​ជាប់​នឹង​ខ្លួន​ហើយ​លោក​ត្រូវ​ចំណាយ ៩០០០ រៀល​ក្នុង​មួយ​ថ្ងៃ សម្រាប់​កូនៗ​ទៅ​រៀន​លោក​មិន​មាន​ប្រាក់​សល់​ច្រើន​ទេ​សម្រាប់​ថ្លៃ​អគ្គិសនី​ និង​អាហារ​។

លោក លឹមខួន បាន​ថ្លែង​បន្ត​ថា​ការ​ខ្វះ​ឱកាស​ការងារ​គឺជា​មូលហេតុ​សម្រាប់​គ្រួសារ​ជាច្រើន​មិន​អាច​ទៅ​រស់នៅ​ភូមិ​អណ្តូង​ ឬ​ថែម​ទាំង​ចាកចេញ​ពី​តំបន់​នោះ បន្ទាប់ពី​បាន​រស់នៅ​មួយ​រយៈ​។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ៨៥ គ្រួសារ​ដំបូង​ដែល​ត្រូវ​បាន​បែងចែក​ដី​ឲ្យ​មក​រស់នៅ​ទីតាំង​នេះ​មាន​តែ​ ៣៤ ​គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​រើ​ទៅ​នៅ​ទីតាំង​នេះ ហើយ​ក្នុង​ចំណោម​គ្រួសារ​ទាំង​នេះ​មាន​តែ​ ១៦ គ្រួសារ​ប៉ុណ្ណោះ​ដែល​នៅ​កំពុង​រស់នៅ​ទី​នេះ​នៅ​ឡើយ​។ ទោះ​យ៉ាង​ណា​លោក​ លឹមខួន ​នៅ​តែ​មាន​សុទិដ្ឋិនិយម និង​មាន​សេចក្តី​រីករាយ​ដោយសារ​នៅ​ទីបំផុត​លោក​ទទួល​បាន​ឯកសារ​កម្មសិទ្ធិ​ដី​របស់​ខ្លួន​ដែល​លោក​មិន​មាន​កាល​រស់នៅ​បុរីកីឡា​។ «​ទោះ​យ៉ាងណា​ក្តី ខ្ញុំ​ចូលចិត្ត​រស់នៅ​ទី​នេះ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​ចូលចិត្ត​រស់នៅ​ទី​នេះ​គឺ​ផ្ទះ​តូច​»​។

បើ​ប្រៀបធៀប​នឹង​អ្នក​ចំណូល​ថ្មី​មួយ​ចំនួន​លោក លឹមខួន នៅ​តែ​សំណាង​។ អ្នកស្រី ផេត ស្រីលក្ខណ៍ អាយុ​ ៣០ ​ឆ្នាំ​ទើប​តែ​រើ​មក​នៅ​ភូមិ​អណ្តូង​កាលពី​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០១៨ បាន​រំឭក​ខណៈ​ដៃ​កំពុង​បី​កូន​អំពី​កាល​ពេល​ដែល​សាលា​រាជធានី​បាន​ហៅ​ពលរដ្ឋ​ចំនួន​ ១៣ ​គ្រួសារ​ដែល​រស់នៅ​ក្រោម​ជណ្តើរ​អគារ​បុរីកីឡា​ទៅ​ជួបប្រជុំ​ចាប់​ឆ្នោត​ដើម្បី​កំណត់​ថា​តើ​ពួកគេ​នឹង​ទទួល​បាន​ផ្ទះ​ណា​មួយ​។ «​ខ្ញុំ​បាន​រស់នៅ​បុរីកីឡា​តាំងពី​ខ្ញុំ​នៅ​តូច​»​។ «​ប៉ុន្តែ​ខ្ញុំ​មិន​មាន​ឯកសារ​បង្ហាញ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​រើ​មក​ទី​នេះ​»​។

អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​មាន​ម្ហូបអាហារ​គ្រប់គ្រាន់​សម្រាប់​ទទួលទាន​»​។ ផ្ទះ​អ្នកស្រី លក្ខណ៍ មិន​មាន​ការ​ភ្ជាប់​បណ្តាញ​ទឹក និង​អគ្គិសនី​នោះ​ទេ​ហើយ​បាន​សូម​ឲ្យ​សាលា​រាជធានី​តភ្ជាប់​សម្រាប់​ផ្ទះ​អ្នកស្រី​។

ការ​ស្នើសុំ​នេះ​ក៏​ត្រូវ​បាន​ស្នើសុំ​ផង​ដែរ​ដោយ​អ្នកស្រី កែវ ថា អាយុ​ ៦៣ ​ឆ្នាំ ដែល​បង្ខំ​ចិត្ត​ចាកចេញ​ពី​បុរីកីឡា​មក​រស់នៅ​ភូមិ​អណ្តូង​ជាមួយ​កូន​ ២ ​នាក់​កាល​ ២-៣ ​ថ្ងៃ​មុន​។ «​ខ្ញុំ​អត់​មាន​លុយ​»​។ អ្នកស្រី​បាន​ស្នើសុំ​ការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​។ «​ខ្ញុំ​មិន​មាន​អាហារ​សម្រាប់​កូន និង​ចៅ​ទទួលទាន​»​។

អភិបាលខណ្ឌ​ ៧ ​មករា​លោក លឹម សុភា បាន​ដាក់​ទូរស័ព្ទ​ចុះ​នៅ​ពេល​ភ្នំពេញ​ប៉ុស្តិ៍​ទូរស័ព្ទ​សុំ​អត្ថាធិប្បាយ​៕ PS