ភ្នំពេញៈ ប្រាំ​មួយ​ឆ្នាំ​បន្ទាប់ពី​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​បុរី​កីឡា​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ទាំង​បង្ខំ និង​ឃើញ​ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ថ្ងៃ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​នៅ​តែ​កំពុង​បន្ត​ធ្វើការ​តវ៉ា​ដើម្បី​ស្វែងរក​សំណង​សមរម្យ​នៅ​ឡើយ​។

ថ្លែង​មក​កាន់​កាសែត​ភ្នំពេញ-ប៉ុស្តិ៍ បន្ទាប់ពី​ពិធី​ពុទ្ធសាសនា​មួយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ពី​ក្រោយ​អគារ​ដែល​នៅ​សល់​ចុង​ក្រោយ​កាលពី​ម្សិលមិញ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្តល់​សំណង​សមស្រប​ដល់​ពួកគេ​ទៅ​តាម​ការ​សន្យា​ដោយ​អះអាង​ថា​កន្លែង​តាំង​លំនៅ​ថ្មី នៅ​ជាយ​រាជធានី​គឺ​ឆ្ងាយ​ពេក​ហើយ​សំណង​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​។

សាលា​រាជធានី​បាន​ដាក់​ឱសានវាទ​ទៅ​លើ​ប្រជាពលរដ្ឋ​ចំនួន​ ១១ ​គ្រួសារ​នៅ​ចុង​ខែ​ធ្នូ ប៉ុន្តែ​ពួកគេ​នឹង​មិន​ទទួល​យក​សំណង​នោះ​ទេ​។ ភ្លាមៗ​បន្ទាប់ពី​ឱសានវាទ ពលរដ្ឋ​ ២០ ​គ្រួសារ​បន្ថែម​ទៀត​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សំណង ខណៈ ១០ គ្រួសារ​ទៀត​ត្រូវ​បាន​អះអាង​ថា​មិន​មាន​សិទ្ធិ​។

អគារ​ចុង​ក្រោយ​ដែល​មាន​សំរាម​ជុំវិញ​ហើយ​ឆ្កែ ឆ្មា មាន់ រត់​ជុំវិញ​នោះ​អាច​នឹង​ត្រូវ​វាយកម្ទេច​ចោល​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ផានអ៊ីមិច អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ​ចាកចេញ​ពី​ទី​នោះ​។ កាលពី​ថ្ងៃ​ទី​ ៣ ខែ​មករា​ឆ្នាំ​ ២០១២ ជម្លោះ​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើង​នៅ​ពេល​អាជ្ញាធរ​បាន​ប្រើ​ហិង្សា​បណ្តេញ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ចេញ​ពី​តំបន់​បុរីកីឡា​។

អ្នកស្រី សុខ ស្រីអូន ដែល​ជា​តំណាង​ពលរដ្ឋ​ចំនួន​ ២០ ​គ្រួសារ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សំណង​ថ្លែង​ថា​អ្នកស្រី​នៅ​មាន​ការ​ចងចាំ​យ៉ាង​ច្បាស់​។ «​ខ្ញុំ​តែងតែ​ចាំ​ថ្ងៃ​នោះ​។ ក្នុង​អំឡុង​ពេល​នោះ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់​ចំពោះ​កម្លាំង​សមត្ថកិច្ច​ដែល​មក​កម្ទេច​ផ្ទះ​របស់​យើង​»​។ «​ពួកគេ​មិន​បាន​ផ្តល់​ព័ត៌មាន​ណា​មួយ​ដល់​យើង​ថា​ពួកគេ​នឹង​មក​កម្ទេច​ផ្ទះ​របស់​យើង​ទេ ដោយ​ពួកគេ​បាន​មក​ធម្មតា នៅ​ពេល​ព្រឹក​ហើយ​បាន​ចាប់ផ្តើម​កម្ទេច​។ យើង​បាន​បាត់បង់​របស់របរ​ទាំងអស់​របស់​យើង​»​។

អ្នកស្រី ស្រីអូន បាន​ថ្លែង​ថា​សាលា​រាជធានី​បាន​ប្រាប់​ពួកគេ​អំពី​ចំនួន​ផ្តល់​សំណង​ហិរញ្ញវត្ថុ​ទៅ​ពលរដ្ឋ​ទាំង​ ១០ ​គ្រួសារ​នោះ​គឺ ៣០០០ ដុល្លារ​។ អ្នកស្រី​បន្ត​ថា​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ទិញ​ដី ផ្ទះ នៅ​ក្នុង​តំបន់ ឬ​សម្រាប់​ប្រកបរបរ​រស់​នៅ​បាន​នោះ​ទេ​។

អ្នកស្រី ស្រីអូន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​មន្ត្រី​សាលា​រាជធានី​បាន​បំភិត​បំភ័យ​ក្រុម​ប្រជាពលរដ្ឋ​ ១១ ​គ្រួសារ​។ «​ពួកគេ​បាន​គំរាម​កំហែង​ថា ប្រសិន​បើ​ពួកយើង​មិន​ទទួល​យក​ដំណោះស្រាយ នោះ​... អាជ្ញាធរ​នឹង​យក​កម្លាំង​ប្រដាប់​អាវុធ​មក​បណ្តេញ​យើង​ចេញ​»​។

លោក ឡុង ចាន់ឌី ដែល​ជា​តំណាង​សហគមន៍​មួយ​ទៀត​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ពេល​ផ្លូវ​រថភ្លើង​ថ្មី​ត្រូវ​បាន​សាងសង់​ក៏​បាន​ចូលរួម​ខួប​នេះ​ដែរ​ដើម្បី​បង្ហាញ​អំពី​ការ​គាំទ្រ​របស់​លោក​។ «​យើង​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​នៅ​បុរីកីឡា​ទទួល​បាន​សំណង​សមស្រប​»​។

លោក​ មាន ចាន់យ៉ាដា ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​​ករណី​នេះ​បាន​បដិសេធ​ធ្វើ​អធិប្បាយ និង​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មេត មាសភក្តី ដែល​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​៕ PS