ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ ​បាន​អះ​អាង​ថា ​ការ​បោះ​ឆ្នោត​បាន​ដំណើរការ​ដោយ​បរិយាកាស​ល្អ​ប្រសើរ​គ្មាន​អំពើ​ហិង្សា​កើត​ឡើង និង​ភាព​មិន​ប្រក្រតី​នោះ​ទេ ខណៈ​ដែល​លទ្ធ​ផល​បណ្ដោះ​អាសន្ន​នៃ​ ចំនួន​អ្នក​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​មាន​រហូត​ដល់​ ១១ ៦៧០ ស្មើ​នឹង​ជាង ៩៩ ភាគរយ​នៃ​ចំ​នួន​អ្នក​បោះ​ឆ្នោត​សរុប​ចំនួន ១១ ៦៩៥​ នាក់។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ថ្លែង​ក្នុង​សន្និសីទ​កាសែត ក្រោយ​ពី​បិទ​ការិយាល័យ​បោះ​ឆ្នោត​កាល​ពី​ម្សិលមិញ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​បាន​ប្រព្រឹត្ត​ដោយ​បរិយា​កាស​រលូន ខណៈ​មណ្ឌល​បោះ​ឆ្នោត​ខ្លះ​បាន​បិទ​ការិយាល័យ​​មុន​ការ​កំណត់។

លោក នីថា​ ថ្លែង​ថា៖ «ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​គឺ​ស្មើ​នឹង ៩៩,៧៩ % ដោយ​ចាត់​ទុក​ថា វា​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អង្គ​បោះឆ្នោត​ក៏​ដូចជា​គណបក្ស​នយោបាយ»។

បើ​ទោះ​បី​ជា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣ ​ខែ​មីនា​ ឆ្នាំ​ ២០១៨ ក៏​ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ដល់​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា​ គណបក្ស​ប្រជាជន​ បាន​ទទួល​ជ័យ​ជម្នះ កាន់​កាប់​អាសនៈ​ទាំង​ស្រុង​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​ ៥៨ កៅអី។

គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សន្លឹក​ឆ្នោត​ចំនួន ១១ ២០២ នៃ​លទ្ធផល​សរុប​អ្នក​បាន​ទៅ​បោះ​ឆ្នោត​ចំនួន​ ១១ ៦៧០ សន្លឹក។

ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង​ ៧ ព្រឹក រហូត​ដល់​ម៉ោង ៣ រសៀល កាល​ពី​ថ្ងៃ​ម្សិលមិញ ដែល​មាន​អង្គ​បោះឆ្នោត​ ជា​សមាជិក​រដ្ឋសភា​ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មក​ពី​ គណបក្ស​ចំនួន ៤ ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត​ចំនួន​ ៣៣ ​កន្លែង​ ​នៅ​ទូទាំង​ប្រទេស។

គណ​បក្ស​នយោបាយ​ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា ​លេខ​រៀង​ទី ១ គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី ២ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ លេខ​រៀង​ទី​ ៣ ​និង​គណបក្ស​រាជានិយម​ ហ៊្វុនស៊ិនប៉ិច​ ​លេខ​រៀង​ទី ៤។

អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​អង្គបោះ​ឆ្នោត​ដែល​ជា​តំណាង​​រាស្ត្រ​និង​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់​ចំនួន​ ៥ ០៦២ នាក់​ ហើយ​ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​ដែល​ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ ​បាន​ចេញ​សេចក្ដីថ្លែង​ភ្លាមៗ​នៅ​ថ្ងៃ​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ ដោយ​បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​លទ្ធផល​បោះឆ្នោត​ ដោយ​អះ​អាង​ថា ​មិន​ស្រប​ច្បាប់​ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​ កុំ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា​នេះ។

មន្ត្រី​ការិយា​ល័យ​បោះ​ឆ្នោត​ គូស​សន្លឹក​ឆ្នោត​រាប់​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​។ ស្រេង ម៉េងស្រ៊ុន

លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ការិយាល័យ​បោះឆ្នោត​ស្ថិត​ក្នុង​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ​ កាល​ពី​ម្សិល​មិញ​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី ២៥ ខែ​ កុម្ភៈ ឆ្នាំ​ ២០១៨ ​នេះ​គឺ​ប្រព្រឹត្តទៅ​ដោយ​រលូន​ បើទោះ​បី​ជា​មិន​មាន​អ្នក​សង្កេត​ការណ៍​មក​ពី​ស្ថាន​ទូត​អាមេរិក​ ឬ ​សហភាព​អឺរ៉ុប​ក៏​ដោយ ​ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោ​សេរី និង​យុត្តិធម៌។

លោក ស៊ិក ប៊ុនហុក ថ្លែង​ថា៖ «ខ្ញុំ​បាន​ប្រាប់​ហើយ​ថា ​ការ​បោះឆ្នោត​នេះ​សំខាន់​រឿង​ ២ គឺ​ត្រូវ​ធ្វើ​ឲ្យ​ឯករាជ្យ​ អព្យាក្រឹត​ដើម្បី​ធានា​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌។ ត្រង់​រឿង​មិនមែន​ពាក់​ព័ន្ធ​ជាមួយ​នឹង​មជ្ឈដ្ឋាន​ណា​សង្កេតការណ៍​ ឬ​មិន​សង្កេត​ការណ៍​ទេ ​ពី​ព្រោះ​ការ​បោះឆ្នោត​នេះ​ ច្បាប់​កំណត់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ច្បាប់ ​ហើយ​យើង​កើត​មក​ពី​ស្ថាប័ន​សភា មិន​មែន​កើត​មក​ពី​សហរដ្ឋ​អាមេរិក ឬ​កើត​មក​ពី EU ហ្នឹង​ទេ។ ​EU ចូល​រួម​ឬ​មិន​ចូល​រួម​ជា​សិទ្ធិ​របស់​គេ ​គេ​ទទួល​ស្គាល់ ​ឬ​មិន​ទទួល​ស្គាល់​ជា​​សិទ្ធិ​របស់​គេ»។

លោក​ ​ប៊ុន​ហុក​ ថ្លែង​បន្ត​ថា​៖ «​កំណើត​ NEC ​កើត​ចេញ​ពី​សភា ​មិន​មែន​កើត​ចេញ​ពី​ខាង​ក្រៅ​ណា​ទេ​ គឺ​ជា​តំណាង​ឆន្ទៈ​ប្រជាពលរដ្ឋ​ សភា​គឺជា​ឆន្ទៈ​ប្រជាពលរដ្ឋ​ គេ​បោះ​ឆ្នោត​ឲ្យ​មក​ ហើយ​ឆន្ទៈ​ប្រជាពលរដ្ឋ​គេ​បោះឆ្នោត​ឲ្យ​តាម​រយៈ​សភា។​ សភា​គេ​ឲ្យ NEC ​ធ្វើ​អ្វី? ​ឲ្យ NEC លម្អៀង?​ ​ឲ្យ NEC​ អយុត្តិធម៌?​ ឲ្យ​ ​NEC ​ធ្វើ​តាម​អ្វី? ​ខ្ញុំ​មាន​ត្រី​វិស័យ​របស់​ខ្ញុំ​សម្រាប់​ដើរ​ ព្រោះ​ខ្ញុំ​កើត​ពី​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ​គេ​ឲ្យ​ខ្ញុំ​មក ឆន្ទៈ​ប្រជាពលរដ្ឋ ​យើង​ត្រូវ​យល់ ​ធ្វើ​អ្វី​ក៏​ដោយ​ យើង​ត្រូវ​គោរព​ច្បាប់​ទម្លាប់»។

លោក ប៊ុនហុក ថ្លែង​ថា​ បន្ទាប់​ពី​ប្រកាស​លទ្ធផល​បឋម គ.ជ.ប នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ២០១៨ ​ហើយ​ទោះ​បី​អាមេរិក និង​អឺរ៉ុប​ព្យួរ​ជំនួយ​សម្រាប់​ គ.ជ.ប ​ក្ដី​ ក៏​វា​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ដែរ។

លោក​ថ្លែង​ថា៖ «ការ​ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ គឺជា​រឿង​របស់​ពួក​គាត់»។

លោក​ថា៖ «មិន​មែន​កម្ពុជា​អត់​ជំនួយ​របស់​បរទេស​ធ្វើ​មិន​កើត​នោះ​ទេ.​.​.​គឺ​នៅ​តែ​មាន​ដំណើរ​ការ​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​ហ្នឹង​បាន​ ពី​ព្រោះ​យើង​បាន​គ្រោង​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ការ​បោះឆ្នោត។ ប្រទេស​ជប៉ុន​ និង​ចិន​បាន​ជួយ ​នឹង​បន្ត​ជួយ​ដល់​ គ.ជ.ប»។

លោក​ស្រី ឡោក ខេង​ តំណាង​រាស្ត្រ ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មណ្ឌល​រាជធានី​ភ្នំពេញ ​ថ្លែង​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​អះ​អាង​ថា ពេញ​ចិត្ត​ចំពោះ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត។

លោក​ស្រី ខេង ថ្លែង​ថា៖​ «ក្នុង​នាម​ខ្ញុំ​ជា​តំណាងរាស្រ្ត​ម្នាក់ ​ខ្ញុំ​មើល​ឃើញ​ថា​ការ​បោះ​ឆ្នោត​នេះ​គឺ​ត្រឹម​ត្រូវ​ សេរី​ និង​យុត្តិធម៌ ហើយ​ក្រុម​ប្រឹក្សា​ទាំង​អស់​ដែល​សុទ្ធ​តែ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​គឺ​គាត់​សប្បាយ​ រីក​រាយ ​និង​ចូលរួម ដូច្នេះ​ចំណែក​មតិ​អ្នក​ផ្សេង​ថា ​មិន​គាំទ្រ មិន​ត្រឹម​ត្រូវ​ អា​ហ្នឹង​គឺ​ម្នាក់ៗ​មាន​មតិ​ ហើយ​មាន​គំនិត​ផ្សេងៗ​គ្នា​ តែ​បច្ចុប្បន្ន ខ្ញុំ​មើល​ឃើញ​ថា​ សភាពការណ៍​ក្នុង​ប្រទេស​យើង​ គឺ​ប្រជាពលរដ្ឋ​រស់​នៅ​​ដោយ​សុខ​ស្រួល​ មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ទាំង​អស់ ​គាត់​ខ្វល់​ខ្វាយ​តែ​នឹង​រឿង​​សុវត្ថិភាព សុខភាព​ និង​មុខ​របរ​សេដ្ឋកិច្ច​របស់​គាត់​ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់​គាត់»។

លោក​ស្រី​បន្ថែម​ថា៖ «ខ្ញុំ​ថា​ការ​ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ ឬ​ក៏​គណបក្ស​ប្រឆាំង គឺ​មិន​មាន​បញ្ហា​ព្រោះ​មាន​គណបក្ស​ដល់​ទៅ ៤ ដែល​បាន​ចូលរួម​ នោះ​គឺ​យើង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ត្រឹម​ត្រូវ​ហើយ ​ដោយ​យើង​​អនុវត្ត​តាម​របប​ប្រជាធិបតេយ្យ ​សេរីពហុបក្ស។ គាត់​មិន​ទទួល​ស្គាល់​អាហ្នឹង គឺ​ជា​រឿង​របស់​គាត់​ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន ​ហើយ​ក្រុម​ក្រុម​ប្រឹក្សា​ដែល​ចូល​រួម​ការ​បោះឆ្នោត គឺជា​ការ​បង្ហាញ​ការ​គាំទ្រ​មួយ​ធំ​ណាស់»។

លោក​ស្រី សុខ ណារី​ ចៅ​សង្កាត់​រង​ទី ១ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្ដែង​ការ​សោកស្ដាយ​ដោយ​សារ​គ្មាន​គូ​ប្រជែង​ដែល​ខ្លាំង​ដូច​មុន ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ចោល។

លោកស្រីថ្លែង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ដូច​គ្នា​ ដើម្បី​ឲ្យ​វា​មាន​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ ឲ្យ​វា​មាន​អ្នក​ប្រឆាំង​ មាន​អ្នក​មិន​ប្រឆាំង។ តែ​បើ​អត់​មាន [បក្ស​ប្រឆាំង] ក៏​នៅ​តែ​មាន​ប្រជាធិបតេយ្យ​ដែរ ​ព្រោះ​មាន​គណ​បក្ស​ប្រ​ជែង​ផ្សេង​ដែរ​បាន​ចូល​រួម គ្រាន់​តែ​ពួក​គាត់​មាន​​សំឡេង​អី​តិច​តួច​»។

លោក​ហែម សារ៉ាឌី អាយ​ ៧០​ ឆ្នាំ​ ជា​អតីត​សមា​ជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាកាប​ទី ១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ របស់​គណបក្ស​សង្គ្រោះជាតិ ​ដែល​បច្ចុប្បន្ន​បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ថា មុន​ឈាន​មក​ដល់​ការ​បោះ​ឆ្នោត ​ថ្នាក់​លើ​បាន​ណែ​នាំ​ឲ្យ​សម្ដែង​ការ​ស្មោះត្រង់​ចំពោះ​គណបក្ស​តាម​រយៈ​ការ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ។

លោក ​សារ៉ាឌី ថ្លែង​ថា៖ «ការ​បោះ​ឆ្នោត​លើក​នេះ​គ្មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ដូច​មុន​ទេ ​ពី​មុន​យើង​មាន​គណបក្ស​ធំៗ​ប្រកួត​ប្រជែង​បើ​សង្គ្រោះជាតិ​នៅ​នឹង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ដើម្បី​យក​ឈ្នះ ​យក​ចាញ់​ យក​ប្រៀប​លើ​គូ​ប្រជែង​មួយ»។​

ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា​ លោក​បាន​សម្រេច​ចិត្ត​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​ដោយ​សារ​តែ​ដឹង​ពី​ការ​ប៉ុន​ប៉ង​ធ្វើ​ «បដិវត្តន៍ពណ៌» របស់​គណបក្ស​នេះ។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ឲ្យ​ដឹង​ថា មាន​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន​ ២៧៦ ​នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ឲ្យ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ​ខណៈ​មាន​ស្ថានទូត​បរទេស​តែ​ ២ ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​​អ្នក​សង្កេតការណ៍​របស់​ពួកគេ។

គណបក្ស​យុវជន​កម្ពុជា ​ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ក្រោយ​ចេញ​ពី​លទ្ធផល​បឋម​របស់​ គជប ​ដោយ​គាំទ្រ​ទាំង​ស្រុង​នូវ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា​ ហើយ​បាន​ចាត់​ទុក​ថា ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌៕