ស្ទឹងត្រែងៈ «​ភូមិ​យើង​ទាំង​មូល​បាន​លិច​ទឹក​អស់​ហើយ តែ​យើង​មិន​ព្រម​ចាកចេញ​ទេ​។ យើង​បាន​កើត​នៅ​ទី​នេះ​។ អ៊ីចឹង​យើង​សុខចិត្ត​ស្លាប់​នៅ​ទី​នេះ​ដែរ​»​។ នេះ​ជា​សម្ដី​លោក សេត ញ៉ាល់ ​ជា​ចាស់ទុំ​ភូមិ​ក្បាល​រមាស​បាន​ថ្លែង​នៅក្នុង​ពិធីបុណ្យ​ស្រូវ​តាម​បែប​ប្រពៃណី​ជនជាតិ​ភាគតិច​កាលពី​ល្ងាច​ថ្ងៃទី​ ១២ ខែ​កុម្ភៈ​ ខណៈ​ភូមិ​ចាស់​របស់​គាត់​បាន​ប្រែ​ក្លាយ​ជា​ស្ងាត់ជ្រងំ​ក្រោយ​ពេល​ទឹក​លិច​។

ស្រា​ពាង​ធំៗ​ត្រូវ​បាន​គេ​ដាក់​តម្រៀប​នៅ​ក្នុង​រោង​មួយ​ដែល​ប្រក់​ចំបើង នឹង​លម្អ​ដោយ​ផ្កាចារ​ជាច្រើន​។ អ្នកភូមិ​បាន​នាំ​គ្នា​មក​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធី​បុណ្យ​ស្រូវ ដែល​ជា​បុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំ​របស់​ជនជាតិ​ព្នង​ធ្វើ​ឡើង​ដើម្បី​ដឹងគុណ​ដល់​ស្រូវ​។ អ្នក​ខ្លះ​បាន​ចាក់​ស្រា​ពាង​ដាក់​កំសៀវ អ្នក​ខ្លះ​ចាក់​ដាក់​កែវ​ជ័រ​ហើយ​អ្នក​ខ្លះ​ទៀត​បឺត​ស្រា​ពាង​នោះ​តាម​បំពង់​ឫស្សី​។

ពាង​ស្រា​ខ្លះ​មាន​ពណ៌​បៃតង ដែល​លម្អ​ដោយ​ក្បាច់​រចនា​យ៉ាង​ស្អាត​។ វា​គឺជា​ក្រឡ​បុរាណ ដែល​បាន​បន្សល់​ទុក​អស់​ជាច្រើន​ជំនាន់​មក​ហើយ​ពី​បុព្វបុរស​ដូនតា​ដែល​វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ជនជាតិ​ព្នង​។

នៅ​ចំ​កណ្តាល​រោង​រៀបចំ​ពិធី​នោះ គេ​ឃើញ​មាន​ក្រុម​បុរស​ចំនួន ៦ នាក់​កំពុង​វាយគង​។ ខណៈ​ដែល​ពួកគេ​កំពុង​បន្ត​វាយគង ក្រុម​ស្ត្រី​ក៏​បាន​ចូល​ទៅ​រាំ​នៅ​ជុំវិញ​ពួកគេ​។

ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគ ដែល​នៅ​ក្បែរ​នោះ​ចាប់ផ្តើម​ជន់​លិច​តាំងពី​ចុង​ឆ្នាំ​មុន​មក​ម្ល៉េះ នៅ​ពេល​ដែល​ទំនប់​វារីអគ្គិសនី​របស់​ចិន គឺ​ទំនប់​សេសាន​ក្រោម​​ ២ ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ដែល​ជា​ចំណុច​ក្តៅ​មួយ​នៃ​ជម្លោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​រវាង​អាជ្ញាធរ ក្រុមហ៊ុន និង​អ្នក​ភូមិ​ជនជាតិ​ភាគតិច​។

អស់​រយៈពេល ៣ ឆ្នាំ​មក​ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន​ដែល​បន្សល់​ពី​ដូនតា​របស់​ពួកគេ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​ធំ​បំផុត​មួយ​នៅ​ក្នុង​ទន្លេ​សេសាន​ដែល​ជា​ដៃទន្លេ​មេគង្គ​។

មណ្ឌល​សុខភាព​ត្រូវ​បាន​បិទ​ទ្វារ​សាលា​គ្មាន​គ្រូបង្រៀន វត្ត​គ្មាន​ព្រះសង្ឃ​ដោយសារ​ទឹក​លិច​។ ចំពោះ​អ្នក​ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​សំណង​ពួកគាត់​ត្រូវ​បាន​គេ​សន្យា​ថា​នឹង​ផ្តល់​ដី​ និង​សំណង​លុយ​កាក់​ដើម្បី​រស់នៅ​តាម​ស្រែចម្ការ​ដែល​គេ​ជ្រើសរើស​ខ្លួនឯង​។ ក្នុង​នោះ​ក៏​មាន​ជនជាតិ​ដើម​ភាគតិច​ព្នង ២៥៨ នាក់​ផង​ដែរ​។

ផ្កា​ពណ៌​លឿង​មាន​ស្លឹក​ធំៗ​ដែល​គេ​ចង​នៅ​លើ​រោង សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​នោះ​បាន​បក់​រវិចៗ​ប៉ះ​ក្បាល​ក្រុម​អ្នក​រាំ​ និង​អ្នក​វាយគង​។ អ្នកភូមិ​បាន​ពន្យល់​ថា ផ្កា​នេះ​មាន​ឈ្មោះ​ថា​ផ្កាចារ​ដែល​វា​រីក​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​គឺ​រីក​នៅ​ចុង​រដូវ​ចម្រូត​។ ប្រសិន​បើ​ផ្កា​នេះ​រីក​ល្អ នោះ​វា​ជា​ប្រផ្នូល​ល្អ​សម្រាប់​ឆ្នាំ​ខាង​មុខ​។ ផ្កា​ឆ្នាំ​នេះ​រីក​ល្អ​ណាស់​វា​ចេញ​ផ្កា​ច្រើន​ធំៗ​ និង​ស្លឹក​ខៀវ​ស្រងាត់​។ អ្នកភូមិ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​នេះ​ដោយ​ពួកគាត់​រំពឹង​ថា យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​ជោគជ័យ​ពាក់កណ្តាល​ដែរ​ក្នុង​ការ​តស៊ូ​ដើម្បី​ថែរក្សា​ទឹកដី​ដូនតា​របស់​ពួកគាត់​។

សាលារៀន​នៅ​ភូមិ​ក្បាលរមាស​ចាស់​ត្រូវ​ទឹក​លិច​ដល់​ជិត​ពាក់​កណ្តាល​ថ្នាក់រៀន​។ រូបថត Jade Sacker

អភិបាលរង​ខេត្ត​លោក ដួង ពៅ ​បាន​ទៅ​កាន់​ទី​នោះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ប្រារព្ធ​ពិធីបុណ្យ​ស្រូវ ហើយ​លោក​បាន​សន្យា​ថា អ្នកភូមិ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​តាំង​លំនៅ​តាម​ស្រែចម្ការ​របស់​ខ្លួន​ជា​រៀងរហូត​។

ខណៈ​ដែល​អាជ្ញាធរ​បាន​ព្រមាន​កាល​ពី​មុន​ថា ដី​ទាំងអស់​នៅ​តំបន់​នោះ​នឹង​លិច​ទឹក​អ្នក​ភូមិ​បែរ​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​តំបន់​នោះ​ភាគច្រើន​នៅ​ស្ងួត​ចែស​នៅ​ឡើយ​។ គ្រួសារ​ភាគច្រើន​មាន​ទីជម្រក​បណ្តោះអាសន្ន​នៅ​លើ​ដីស្រែ​ចម្ការ​របស់​ពួកគេ ហើយ​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាងសង់​ទីជម្រក​ទាំង​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​លំនៅឋាន​ថ្មី​វិញ​ជា​អចិន្រៃ្តយ៍​។

លោក ដួង ពៅ ក៏​បាន​ថ្លែង​ផង​ដែរ​ថា​អាជ្ញាធរ​នឹង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នៅ​ទី​នោះ​។ លោក​បញ្ជាក់​ថា​៖ «​ដី​នោះ​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​បងប្អូន​ទាំងអស់​ហើយ​ធានា​ថា​គ្រប់​គ្រួសារ​នឹង​ទទួល​បាន​ដី​ធ្វើ​ស្រែ ដី​សម្រាប់​រស់នៅ ដីព្រៃ​សហគមន៍​ និង​ដី​ផ្នូរ​ដូនតា​»​។

ថ្វីបើ​មាន​ការ​សន្យា​ច្បាស់​ក្រឡែត​បែប​នេះ​ក្តី ប៉ុន្តែ​នៅពេល​ដែល​អ្នកភូមិ​ទាមទារ​ឱ្យ​លោក​ធ្វើ​កិច្ចសន្យា និង​ចុះ​ហត្ថលេខា​ ឬ​ផ្តិត​មេដៃ តែ​ការ​ទាមទារ​នោះ​មិន​ទទួល​បាល​ផល​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ធានា​ថា ខ្ញុំ​ឲ្យ​គឺ​ខ្ញុំ​ឱ្យ​ហើយ រួម​ទាំង​ដី​នោះ​ផង គឺ​ឲ្យ​ដោយ​គ្មាន​លក្ខខណ្ឌ​»​។ លោក​បន្ថែម​ថា​នៅ​ចុង​ខែ​នេះ លោក​នឹង​ដឹកនាំ​ក្រុម​ការងារ​ទៅ​វាស់វែង​ដី និង​រៀបចំ​ផែនទី​សម្រាប់​រៀបចំ​ដី​នៅ​តំបន់​នោះ​។

ងាក​មក​បុណ្យ​ស្រូវ​វិញ នៅ​ពេល​ដែល​តន្ត្រី​បាន​ឈប់​ពេល​នោះ​បុរស​ស្ត្រី​ទាំង​ ២ ​ក្រុម បាន​នាំ​គ្នា​អង្គុយ​ចុះ ហើយ​លោក​ ញ៉ាល់ ​ចាប់ផ្ដើម​ច្រៀង​។

អ្នក​ភូមិ​បាន​បង្ហាញ​ការគោរព និង​យក​ចិត្ត​ទុក​ស្តាប់​ចំពោះ​គាត់​ណាស់ ប៉ុន្តែ​ពួកគេ​មិន​ស្ងាត់​ទេ​គឺ​ពួកគេ​បាន​ស្រែក​បន្ទរ​បន្ថែម នៅ​ពេល​និយាយ​ដល់​ការ​សន្យា និង​ការ​តំណាល​រឿង​អំពី​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​។

បាយដំណើប​មាន​បី​ពណ៌​ត្រូវ​បាន​គេ​លាយ​បញ្ជូល​គ្នា​គឺ​ពណ៌​ស ពណ៌​ស្វាយ និង​ពណ៌​លឿង​ហើយ​អ្នក​ភូមិ​បាន​បរិភោគ​បាយ​ដំណើប​នោះ​រួម​ជាមួយ​នឹង​ការ​ផឹកស្រា​ពាង​នៅ​ក្នុង​ពិធី​បុណ្យ​ស្រូវ​នោះ​។

លោក​ ញ៉ាល់ ​ពន្យល់​ថា​៖ «​ទីនេះ​គឺជា​កន្លែង​ដើម​កំណើត​របស់​ខ្ញុំ ដី​របស់​ខ្ញុំ និង​ព្រៃ​ធម្មជាតិ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ចាំបាច់​ត្រូវ​រស់នៅ​ទី​នេះ​។ ទោះ​យ៉ាង​ម៉េច​ក៏ដោយ​ខ្ញុំ​មិន​ព្រម​ចាកចេញ​ទេ​»​។

យុវជន​ ប្រ៉ប រិទ្ធី កំពុង​បើក​កាណូត​កាត់​តាម​ព្រៃ​ដែល​ត្រូវ​ទឹក​ជន់​លិច​ដែល​មាន​ស្លឹកឈើ​ខៀវស្រងាត់​ស្ថិត​នៅ​ទល់​មុខ​នឹង​ស្រែចម្ការ​ពលរដ្ឋ​ដែល​មិន​លិច​ទឹក​។ នៅ​ទី​នេះ​គឺ​មាន​សាលារៀន​ដែល​ជន់​លិច​ត្រូវ​គេ​បោះបង់​ចោល ហើយ​នៅ​ក្បែរ​នោះ​គឺ​ទីធ្លា​សម្រាប់​ក្មេង​លេង និង​មាន​ដងទង់​ជាតិ​ឈរ​ត្រង់​ទៅ​លើ​អាកាស​។ ទឹក​លិច​ពាក់​កណ្តាល​តុ ហើយ​ក្តារខៀន​សរសេរ​ដីស​មាន​មេរៀន​ចុងក្រោយ ដែល​មិន​ទាន់​ត្រូវ​បាន​គេ​លុប​ចេញ​ពី​ក្តារខៀន​នោះ​នៅ​ឡើយ​ទេ​។

មុន​ពេល​ទឹក​លិច​ចូល​ទៅ​ដល់​ផ្ទះ​របស់​ពលរដ្ឋ​ទាំង​នោះ​ពួកគាត់​បាន​បាញ់​ថ្នាំ​សរសេរ​ជា​អក្សរ​លើ​ជញ្ជាំង​ផ្ទះ​ដែល​មាន​ន័យ​ថា​៖ «​ខ្ញុំ​មិន​ព្រម​ចាកចេញ​ពី​កន្លែង​កំណើត​របស់​ខ្ញុំ​ដាច់​ខាត​» និង «​ស៊ូស្លាប់​មិន​ព្រម​ចាកចេញ​» ​ជាដើម​។ នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ រិទ្ធី មាន​សរសេរ​ពាក្យ​ថា​៖ «​មិន​ត្រូវ​ការ​ទំនប់​វារីអគ្គិសនី​សេសាន​ ២ ​ទេ​»​។

ផ្ទះ​នោះ​នៅ​មិន​ទាន់​មាន​ការ​រុះរើ​ទេ​ដោយ​គេ​អាច​នៅ​ឃើញ​មាន​កន្ទេល មុង​ភួយ និង​របស់​​របរ​ប្រើប្រាស់​ផ្សេងៗ​នៅ​រក្សា​ទុក​ដដែល​សម្រាប់​គ្រួសារ​គាត់ នៅ​ពេល​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​វិញ ឬ​ដេក​មួយ​យប់​ឬ​ពីរ​យប់​។ ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ដូចជា​ចានឆ្នាំង រូបថត​គ្រួសារ និង​កោដ្ឋ​ដូនតា ឃើញ​មាន​សំណាញ់​ពីងពាង​ និង​ធូលី​ដី​រុំ​ព័ទ្ធ​ជុំជិត​។

នៅ​ខាង​ក្នុង​វត្ត​ក្បែរ​នោះ វត្ថុ​បុរាណ​បែប​សាសនា​ទាំងអស់​នៅ​តែ​មិន​ទាន់​បាន​រើ​ចេញ​នៅ​ឡើយ​។ ពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​បាន​គោរព​តាម​ប្រពៃណី​ទំនៀមទម្លាប់​ចម្រុះ​គឺ​មាន​ទាំង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ព្នង និង​ប្រពៃណី​បែប​ព្រះពុទ្ធសាសនា​។ បដិមា​ជា​ព្រះពុទ្ធ​ធំៗ​ចំនួន ​ ៤​អង្គ បាន​បែរ​មុខ​ទៅ​រក​ទិស​ដែល​មាន​ទឹក​លិច​ល្ហល្ហេវ​នោះ​។

ហេតុផល​សាមញ្ញ​មួយ​ទៀត​ដែល​ត្រូវ​បាន​អ្នកភូមិ​បដិសេធ​មិន​ព្រម​ផ្លាស់​ទៅ​តាំង​លំនៅ​ថ្មី គឺ​ពួកគាត់​ភ័យ​ខ្លាច​បោះបង់​កន្លែង​បញ្ចុះ​សព​ដូនតា​គាត់​។

នៅ​ពេល​ទឹកជំនន់​មក​ដល់​អ្នកភូមិ​មិន​ព្រម​រើ​កោដ្ឋ​ដែល​មាន​ធាតុ​ជីដូន​ជីតា​របស់​ពួកគេ ខណៈ​លោក រិទ្ធី ​បាន​ពន្យល់​ថា ធាតុ​ទាំង​នោះ «​ជា​របស់​ឩទិ្ទស​» ដល់​ដូនតា ហើយ​មិន​អាច​យក​មក​វិញ​ទេ​។

លោក រិទ្ធី បាន​ថ្លែង​ថា​៖ «​យើង​សុខ​ចិត្ត​ស្លាប់​នៅ​ទី​នេះ​ជាមួយ​ជីដូន​ជីតា​របស់​យើង និង​ព្រៃឈើ​»​។

អ្នកភូមិ​ម្នាក់​ទៀត​អ្នកស្រី ញ៉ាល់ ​យ៉ា ដែល​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​ត្រូវ​ទឹក​ជន់​លិច​ទៅ​រស់នៅ​ទីទួល​ក្បែរ​នោះ​បាន​ថ្លែង​ថា​៖ «​ការ​រស់នៅ​ទីនេះ​គឺ​ខុស​ពី​ផ្ទះ​ចាស់​។ ផ្ទះ​ចាស់​របស់​យើង​ងាយស្រួល​ជាង ដោយសារ​មាន​ដើមឈើ និង​ម្លប់​ច្រើន​»​។

អ្នកស្រី សីយ៉ា និង​គ្រួសារ​របស់​អ្នកស្រី​មិន​ព្រម​ចាកចេញ​ទៅ​កន្លែង​ក្រុមហ៊ុន​រៀបចំ​ឲ្យ​ដោយសារ​ពួកគាត់​ជឿ​ថា​នឹង​មិន​មាន​ទំហំ​ដី​គ្រប់គ្រាន់​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​នោះ​សម្រាប់​ចិញ្ចឹម​សត្វ​ពាហនៈ​របស់​ពួកគាត់​។ អ្នកស្រី​ថ្លែង​ថា​៖ «​នៅពេល​ជ្រូក​ ឬ​មាន់​ចូល​ទៅ​ក្នុង​ដី​អ្នក​ដទៃ​គេ​កាប់​ ឬ​ចាប់​ស៊ី​»​។

នៅ​ទី​នេះ​អ្នកស្រី​ សីយ៉ា មាន​ដី ៧ ហិកតា ហើយ​ដី​នៅ​ជាប់​នោះ​ជា​កម្មសិទ្ធិ​របស់​មិត្តភក្តិ​ និង​គ្រួសារ​។ បងប្អូន​បង្កើត​បួន​នាក់​របស់​អ្នកស្រី សីយ៉ា សុខចិត្ត​រើ​ទៅ​កន្លែង​ថ្មី និង​ទទួល​យក​សំណង ហើយ​ខណៈ​ភាគច្រើន​បំផុត​នៃ​អ្នក​ដែល​បន្ត​រស់នៅ​កន្លែង​ចាស់​និយាយ​ថា ជម្លោះ​នៅ​តែ​បន្ត​មាន​ចាប់​តាំងពី​ពួកគេ​បាន​បែក​ជា​ ២ ​ក្រុម​។

លោក​ ធុន សារិន អ្នក​ដែល​យល់​ព្រម​ចាកចេញ​ទៅ​កន្លែង​ថ្មី​បាន​ថ្លែង​ថា​៖ «​យើង​ជួប​បញ្ហា​លំបាក​ជាច្រើន​រស់នៅ​កន្លែង​ថ្មី​...​ប្រជាជន​ពី​ដើម​រស់នៅ​ដោយ​ចិញ្ចឹមសត្វ​ចូល​ព្រៃ តែ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី វា​ពិបាក​ដោយសារ​ដី​នៅ​ទី​នោះ​មិន​សូវ​មាន​ជីវជាតិ ហើយ​ទំហំ​ដី​គឺ​តូច​ជាង​ទៀត​»​។ លោក​ទទួល​ស្គាល់​ថា សត្វ​ចិញ្ចឹម​ដែល​ដើរ​ចេញ​ពី​ភូមិ​ចូល​ទៅ​ដី​របស់​មនុស្ស​ចម្លែក​គឺ​ត្រូវ​គេ​សម្លាប់ ហើយ​ដីចម្ការ​នៅ​កន្លែង​ថ្មី​គ្មាន​ជីវជាតិ​។

លោក សារិន ថ្លែង​ថា​នៅ​ពេល​មាន​គ្រួសារ​ថ្មី​ច្រើន​ឡើង​នោះ​នឹង​មិន​មាន​កន្លែង​ពង្រីក​នោះ​ទេ​។ ខណៈ​អ្នកភូមិ​ដែល​ចាកចេញ​ត្រូវ​បាន​សន្យា​ផ្តល់​ឲ្យ​នូវ​ដី​ ៥ ​ហិកតា អ្នក​ដែល​ទើប​រៀបការ​ថ្មី​ទទួល​បាន​តែ​ ២ ​ហិកតា​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា​៖ «​ដី​នេះ​ជា​កម្មសិទ្ធិ​ឯកជន​រួច​ហើយ​» ផ្ទុយ​នឹង​ស្ថានភាព​រស់នៅ​ក្នុង​សហគមន៍​ក្បាល​រមាស​។

អ្នកនាង រើន សុភាព អាយុ​ ២០ ឆ្នាំ ជា​គ្រូ​សាលា​រដ្ឋ​នៅ​ក្នុង​ភូមិ​ក្បាល​រមាស​ចាស់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយសារ​អ្នកនាង​មិន​ព្រម​រើ​ទៅ​នៅ​កន្លែង​ថ្មី​។

ឥឡូវ​នេះ​សុភាព​បន្ត​បង្រៀន​កូន​អ្នកភូមិ​ដោយ​គ្មាន​ប្រាក់​ខែ និង​រស់នៅ​ដោយសារ​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ពី​អ្នកភូមិ​ប៉ុណ្ណោះ​។

សុភាព​ថ្លែង​ថា​៖ «​ក្មេងៗ​អត់​ដឹង​អី​ទេ ដូច្នេះ​ខ្ញុំ​បង្រៀន​ដោយ​ស្ម័គ្រចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​គេ​ទទួល​បាន​ការអប់រំ​»​។ សុភាព​មិន​ជឿ​ថា​អាជ្ញាធរ​នឹង​សាងសង់​សាលា​រដ្ឋ​ថ្មី ដូច​នៅ​ក្នុង​ភូមិ​ចាស់​ដូច​ការ​សន្យា​នោះ​ទេ​។ សុភាព​ថា​៖ «​ប្រសិន​បើ​មិន​មាន​សាលា ខ្ញុំ​បារម្ភ​ថា​កូនក្មេង​ជនជាតិ​ភាគតិច​យើង​នឹង​មិន​ទទួល​បាន​ការ​អប់រំ​ល្អ​ទេ​»​។

នៅ​ភូមិ​ស្រែគ​នៅ​ជិត​នោះ​ដែល​ជា​សហគមន៍​ជនជាតិ​ភាគតិច​ឡាវ​លោក​ហ្វុត ឃឿន បាន​ជូត​ទឹកភ្នែក​ ខណៈ​មើល​ទៅ​ដំបូល​ផ្ទះ​ស័ង្កសី​របស់​លោក​ដោយសារ​ទឹក​បាន​ជន់​លិច​កម្ពស់​ជាង​ ១០ ​ម៉ែត្រ​។ លោក ឃឿន ថ្លែង​បន្ត​ថា​៖ «​អ្វី​ដែល​បាន​កើតឡើង​នៅ​ទីនោះ​គឺ​ធំធេង​ណាស់ មិន​តូច​ទេ​។ ការ​ឈឺចាប់​របស់​យើង គឺ​ដូច​មហាសមុទ្រ​»​។ លោក ឃឿន បាន​សាង​សង់ផ្ទះ​របស់​លោក​កាលពី​ឆ្នាំ​ ២០០៧​។

លោក​បាន​ប៉ាន់​ប្រមាណ​ថា លោក​បាន​បាត់បង់​ប្រាក់​ ៦០០០ ដុល្លារ​នៅក្នុង​ទឹកជំនន់​។ លោក​នៅ​តែ​ទៅ​មើល​ផ្ទះ​របស់​លោក​ ២-៣ ​ដង​ក្នុង​មួយ​សប្តាហ៍​។

លោក ឃឿន បាន​ពន្យល់​ថា​៖ «​យើង​នឹង​មិន​បាត់បង់​អ្វី​ដែល​យើង​មាន​ទេ​។ វា​ជា​កេរដំណែល​ពី​ជីដូន​ជីតា​របស់​យើង ដែល​មិន​ចង់​ឲ្យ​យើង​រើ​ទៅ​កន្លែង​ថ្មី​ផងដែរ​»​។ លោក​ថ្លែង​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រដ្ឋាភិបាល​បាន​ព្យាយាម​ «​លួងលោម​» ​លោក​ឲ្យ​ចាកចេញ ប៉ុន្តែ​ចាប់​តាំងពី​ទឹកជំនន់​បាន​ជន់​លិច​ផ្ទះ​របស់​អ្នកភូមិ​មក អាជ្ញាធរ​ឈប់​ចុះ​មក​ជួប​ប្រជាពលរដ្ឋ​ ៧៥ ​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ​។

លោក Alejandro Gon-zalez-Davidson ដែល​ជា​សកម្មជន​បរិស្ថាន ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០១៥ បាន​ថ្លែង​ថា ដី​នៅ​សល់​នៅ​កំពុង​ត្រូវ​បាន​ស្វែងរក​ដោយ​ក្រុមហ៊ុន ឬ​ជា​អ្វី​ដែល​លោក​ហៅថា​ «​ឧក្រិដ្ឋជន​ជា​ប្រព័ន្ធ​»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ប្រាកដ​មួយ​រយភាគរយ​ថា ដី​មួយ​ចំនួន​នៃ​ដី​នោះ​ត្រូវ​បាន​សន្យា​ផ្ទាល់មាត់ ឬ​ថែម​ទាំង​ផ្លូវ​ទៅ​ឲ្យ​ក្រុមហ៊ុន​»​។

នៅ​ក្នុង​បទសម្ភាស​មួយ​កាលពី​សប្តាហ៍​មុន លោក​ ដួង ពៅ ​អភិបាលរង​ខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​ថា ដី​ដែល​ប្រគល់​ទៅ​អ្នកភូមិ​ក្បាលរមាស​ដែល​មិន​ព្រម​ចាកចេញ​នឹង​ត្រូវ​កាត់​ចេញ​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន Siv Guek Investment​។

លោក​ថ្លែង​ថា គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​ដី​ចំនួន​ ១០០០ ​ម៉ែត្រការ៉េ​សម្រាប់​រស់នៅ និង​ដី ៥ ​ហិកតា​សម្រាប់​ធ្វើ​ស្រែចម្ការ ខណៈ​ដី​ដែល​នៅ​សល់​នឹង​ទុក​ជា​ព្រៃ​សហគមន៍​ផ្នូរ​កប់​ខ្មោច​ជាដើម​។ លោក​អភិបាលរង​មាន​ប្រសាសន៍​ថា​៖ «​ដី​នេះ​ជា​របស់​រដ្ឋ ហើយ​នឹង​ប្រគល់​ទៅ​អ្នកភូមិ​មិនមែន​ក្រុមហ៊ុន​ទេ​»​។

លោក Gonzalez-Davidson បាន​ថ្លែង​ថា​ក្រុមហ៊ុន​ជា​ញឹកញាប់​មាន​កម្មសិទ្ធិ​ដោយ​មន្ត្រី​រដ្ឋាភិបាល​ជួល​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញចេញ​ឲ្យ​ធ្វើការ ហើយ​ផ្តល់​ប្រាក់​ឈ្នួល​បែប​កេងប្រវ័ញ្ច​។

លោក Gonzalez បាន​ថ្លែង​ថា​៖ «​អ្នក​បាន​ប្រល័យ​ពូជសាសន៍​ទៅ​លើ​វប្បធម៌​និង​អេកូឡូស៊ី​»​។ លោក​ពន្យល់​ថា​មាន ​«​គោលនយោបាយ​នៃ​ការ​មិន​លួច​ធនធាន​របស់​មនុស្ស​... »​។ លោក Gonzalez-Davidson បាន​ថ្លែង​ថា​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​នៅ​តែ​ចុះ​ទៅ​ភូមិ​ស្រែគ និង​ភូមិ​ក្បាល​រមាស ដោយ​សម្ងាត់​ជា​ទៀងទាត់​ដោយ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ឲ្យ​ផ្តល់​សេវាសាធារណៈ​ និង​ប្លង់​ដី​ផ្លូវការ​។

លោក Gonzalez បាន​ស្វាគមន៍​សុទិដ្ឋិនិយម​របស់​អ្នកភូមិ​មួយ​ចំនួន ប៉ុន្តែ​បាន​ថ្លែង​ថា វា​ត្រូវ​មាន​យុទ្ធសាស្ត្រ​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ប៉ុនប៉ង​ដែល​ប៉ះពាល់​សហគមន៍​។ លោក​ថ្លែង​ថា​៖ «​គម្រោង​រយៈពេល​វែង​របស់​យើង​គឺ​ ១០‑២០ ​ឆ្នាំ នៅ​ពេល​ដែល​ភាព​ផ្តាច់ការ​បាន​បញ្ចប់​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​បើក​ទ្វារ​ទឹក​ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​»​។

ទីតាំង​ថ្មី​ដែល​ក្រុមហ៊ុន​រៀបចំ​ឲ្យ​អ្នកភូមិ​ក្បាល​រមាស​គឺ​ផ្លូវជាតិ​លេខ ​៧៨ ​ថ្មី​។ ទីនោះ​ផ្ទះ​គំរូ​ដូចៗ​គ្នា​ត្រូវ​បាន​សាងសង់​។

អ្នក​ព្រម​ចាកចេញ​ជាច្រើន​ដែល​ត្រូវ​បាន​សម្ភាស​បាន​និយាយ​ជា​ដដែលៗ​ថា ពួកគេ​បាន​ទទួល​យក​របៀបរបប​រស់​នៅ​បែប​ថ្មី ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​មិន​ដូចជា​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ក្នុង​ព្រៃ​ដូច​ពី​មុន​នោះ​ទេ​។

អ្នកស្រី ញ៉ាន់ ស្រីនិត ​ជា​អ្នក​ព្រម​ចាកចេញ​ម្នាក់​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​សម្រេច​មក​រស់នៅ​កន្លែង​ថ្មី​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​... ​នៅ​ទី​នេះ​វា​ងាយស្រួល​ដោយសារ​យើង​មាន​អ្វីៗ​គ្រប់​យ៉ាង​។ នៅ​កន្លែង​ចាស់​បើកភ្នែក​ឡើង​ឃើញ​តែ​ព្រៃ​»​។

អ្នកស្រី ស្រីនិត បាន​សរសើរ​ពី​ទីតាំង​ថ្មី ដោយសារ​តែ​មាន​សេវាសាធារណៈ​របស់​រដ្ឋ និង​រស់នៅ​ប្រកប​ដោយ​ស៊ីវិល័យ​ទំនើប​។ ទោះ​យ៉ាង​ណា​នៅ​ពេល​អ្នកស្រី​ត្រឡប់​ទៅ​ភូមិ​ក្បាល​រមាស​កាលពី​ខែ​មុន អ្នកស្រី​ថ្លែង​ថា​អ្នកស្រី​មើល​លែង​ចង់​ស្គាល់​ភូមិ​ក្បាល​រមាស​ចាស់ ដោយសារ​តែ​ទឹក​លិច​។ «​ខ្ញុំ​មិន​ចំណាំ​ផ្ទះ​ខ្ញុំ​នៅ​កន្លែង​ណា​។ ខ្ញុំ​ឃើញ​តែ​ទឹក​»​។

ក្រោយ​ពី​បិទ​ទំនប់​ស្តុក​ទឹក​ទុក ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​កម្លាំង​ ៤០០ ​មេហ្គាវ៉ាត់ ដែល​ធំ​បំផុត​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ផលិត​ភ្លើង​អគ្គិសនី​កាលពី​ខែ​ធ្នូ​កន្លង​មក​។ ក្រុមហ៊ុន​ស្ថិត​ក្នុង​គម្រោង​ទំនប់​នេះ​រួម​មាន​ក្រុមហ៊ុន Royal Group ៣៩ ​ភាគរយ​ក្រុមហ៊ុន Hydrolancang International Energy របស់​ប្រទេស​ចិន ៥១ ភាគរយ (​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន China Huaneng Group) និង​ក្រុមហ៊ុន​នៃ​ប្រទេស​វៀតណាម EVN International មាន ១០ ភាគរយ​៕ NS/PS