ភ្នំពេញៈ បន្ទាប់ពីមានការរារាំង ពីអនុប្រធានភូមិ មិនឲ្យសាងសង់ស្ពានថ្មឆ្លងកាត់អូរមួយខ្សែ ដែលជាដីរបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក ប្រជាពលរដ្ឋមួយក្រុមដែលត្រូវបានគេអះអាងថា នៅភូមិ-សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ ចំនួន១៣០ គ្រួសារ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ បាននាំគ្នាធ្វើញត្តិដាក់ស្នើសុំកិច្ចអន្តរាគមន៍ ពីអាជ្ញាធរខេត្ត ដើម្បីជួយដោះស្រាយនៅក្នុងបញ្ហានេះ។
ញត្តិសុំកិច្ចអន្តរាគមន៍របស់អ្នកភូមិ បានចោទប្រកាន់ លោក លឹម សំអឿន ដែលជាអនុប្រធានភូមិ ១ ថា បានតម្រូវឲ្យអ្នកភូមិរកប្រាក់ចំនួនដប់ម៉ឺនដុល្លារ ជាថ្នូរក្នុងការសាងសង់ស្ពានថ្មមួយខ្សែទំហំ ៤ ម៉ែត្រ គុណ ១៩ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើទៅមក ពិសេសសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរទៅសាលារៀន បើពុំដូច្នោះទេ គាត់នឹងមិនអនុញ្ញាតឲ្យធ្វើការសាងសង់ឡើយ។
តំណាងពលរដ្ឋ ១៣០ គ្រួសារ អ្នកស្រី ស៊ុន មុំ អាយុ ៥៧ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ ខែមករាថា កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ខណៈក្រុមអ្នកភូមិកំពុងរៀបជីកដីធ្វើគ្រឹះសាងសង់ស្ពាន នៅចំណុចមាត់អូរមួយកន្លែង ស្ថិតនៅក្នុងក្រុមទី ១៥ ភូមិ-សង្កាត់លេខ១ ក៏ស្រាប់តែលេចមុខ លោក លឹម សំអឿន មកហាមឃាត់និងគំរាមចាប់ពួកគាត់បញ្ជូនទៅតុលាការ។
អ្នកស្រីបញ្ជាក់ថា៖ «គាត់[លឹម សំអឿន] អះអាងថា ទីតាំងដីដែលអ្នកភូមិកំពុងជីកនិងរៀបចំសាងសង់ស្ពានឆ្លងកាត់នោះ ជាដីរបស់គាត់។ គាត់ថា បើចង់សាងសង់ស្ពាននៅទីនេះ ត្រូវរកប្រាក់ដប់ម៉ឺនដុល្លារមកបង់ឲ្យគាត់ បើមិនដូច្នោះទេ គាត់មិនព្រមឲ្យសាងសង់ឡើយ»។
អ្នកស្រីបន្ថែមថា៖«ស្ពានថ្មដែលអ្នកភូមិយើងរួមគ្នាធ្វើនេះ គឺពួកយើងបានចូលលុយគ្នាធ្វើដោយខ្លួនឯង ដើម្បីចូលរួមចំណែកក្នុងការរអភិវឌ្ឍកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេច អគ្គសេនាបតីតេជោ ហ៊ុន សែន»។
តំណាងអ្នកភូមិម្នាក់ទៀត លោក ប៉ែន ធា និយាយថា បន្ទាប់ពីធ្វើការរារាំងអ្នកភូមិមិនឲ្យសាងសង់ស្ពានហើយនោះ លោក សំអឿន បានជួលកម្មករមួយក្រុមមកសង់ផ្ទះ និងបោះបង្គោលរបងហ៊ុមព័ទ្ធដីនិងផ្លូវមិនឲ្យអ្នកភូមិដើរឆ្លងកាត់ថែមទៀត។
លោកថ្លែងថា៖«គាត់មិនត្រឹមតែហាមឃាត់មិនឲ្យពួកយើងសាងសង់ស្ពានទេ ថែមទាំងបិទផ្លូវដែលមានស្រាប់មិនឲ្យអ្នកភូមិយើងធ្វើដំណើរឆ្លងកាត់ថែមទៀត។ ដូច្នេះសូមអាជ្ញាធរក្រុង និងខេត្ត មេត្តាចុះអន្តរាគមន៍ជួយដល់យើងខ្ញុំផង»។
លោក លឹម សំអឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយទទួលស្គាល់ថា លោកពិតជាបានហាមឃាត់មិនឲ្យមានការសាងសង់ស្ពាន និង ទាមទារឲ្យមានការបង់ប្រាក់ឲ្យលោកចំនួន ១០ ម៉ឺនដុល្លារពិតប្រាកដមែន ដោយអះអាងថា ទីតាំងដីនិងផ្លូវដែលអ្នកភូមិធ្លាប់បានដើរឆ្លងកាត់មួយរយៈខ្លីកន្លងមកនេះ ជាដីកម្មសិទ្ធិស្របច្បាប់របស់លោក។
លោក បញ្ជាក់ថា៖ «គ្មានអ្នកភូមិណាម្នាក់បានចេញលុយក្នុងការធ្វើស្ពាននេះទេ។ ការពិតអ្នកស្រី ស៊ុន មុំ ដែលជាអ្នករកស៊ីពុះដីឡូតិ៍លក់ និងមានដីជាច្រើនកន្លែង នៅផ្នែកម្ខាងនៃដងអូរនេះ គាត់ចង់សង់ស្ពាននោះឲ្យមកភ្ជាប់និងដីរបស់ខ្ញុំ ដើម្បីងាយស្រួលក្នុងការលក់ដីរបស់គាត់ប៉ុណ្ណោះ ព្រោះខ្ញុំបានរក្សាដីក្នុងទំហំ ៨ ម៉ែត្រគុណ ១៦០ ម៉ែត្រ ដើម្បីធ្វើផ្លូវ សម្រាប់ពលរដ្ឋ ដែលបានមកទិញដីខ្ញុំ ព្រោះខ្ញុំក៏រកស៊ីពុះដីឡូតិ៍លក់ដែរ»។
លោកសំអឿន បន្តថា៖«គាត់មិនដែលមកចរចាជាមួយខ្ញុំម្ដងណាទេ ក្នុងការសុំប្រើប្រាស់ផ្លូវរបស់ខ្ញុំនេះ ប៉ុន្តែស្ងាត់ៗគាត់លួចប្រើកម្មករឲ្យមកជីកដីសង់ស្ពាននៅលើដីខ្ញុំ ដោយយកលេសថា អ្នកភូមិត្រូវការស្ពាន និង ផ្លូវរបស់ខ្ញុំប្រើប្រាស់ជាសាធារណៈ និង មិនបង់កម្រៃអ្វីបន្តិចបន្តួចទាល់តែសោះមកដល់ខ្ញុំជាម្ចាស់ដី»។
យ៉ាងណាក៏ដោយ លោក ចាប សុខុម មេភូមិ ១ បាននិយាយថា លោក លឹម សំអឿន គួរតែបរិច្ចាគដីផ្លូវនោះ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ខណៈភាគីអ្នកស្រី ស៊ុន មុំ បានសម្រេចបរិច្ចាគប្រាក់សង់ស្ពាន ដើម្បីតភ្ជាប់ផ្លូវពីក្នុងភូមិទៅកាន់ផ្លូវជាតិលេខ ៤ ដែលមានចម្ងាយប្រមាណ ៥០០ ម៉ែត្រ គ្រាដែលផ្លូវចាស់ មានចម្ងាយរហូតដល់ជាង៣គីឡូម៉ែត្រទើបដល់ផ្លូវជាតិលេខ ៤ ដែលពិបាកក្នុងការធ្វើដំណើរទៅមក ពិសេសសិស្សានុសិស្សតែម្ដង។
ជាមួយគ្នានេះដែរ លោក ឈិត សូផាត ចៅសង្កាត់លេខ ១ បានថ្លែងដោយទទួលស្គាល់ថា ករណីវិវាទខាងលើនេះ ដើមឡើយជាវិវាទផលប្រយោជន៍របស់បុគ្គលឈ្មោះ លឹម សំអឿន អនុប្រធានភូមិ ១ និង បុគ្គលឈ្មោះ ស៊ុន មុំ ដែលជាអ្នករកស៊ីពុះដីឡូតិ៍លក់ ហើយករណីនេះ លោកបានធ្វើការសម្របសម្រួលពីរលើកមកហើយ តែមិនសះជា ដោយភាគីម្ខាងៗគិតតែពីផលប្រយោជន៍រៀងៗខ្លួន។
លោក បញ្ជាក់ថា៖«ក្នុងនាមអាជ្ញាធរសង្កាត់ ខ្ញុំពិតជារីករាយណាស់ ប្រសិនបើភាគីទាំងពីរចុះសម្រុងគ្នា ក្នុងការបង្កើតស្ពាននិងផ្លូវមួយខ្សែថ្មីនេះ។ ប៉ុន្តែ ខ្ញុំបានសម្របសម្រួលភាគីទាំងពីរចំនួនពីរលើកមកហើយ តែពួកគេមិនឯកភាពគ្នាឡើយ ដូច្នេះ ខ្ញុំមានតែបញ្ជូនករណីនេះ ទៅកាន់រដ្ឋបាលក្រុងព្រះសីហនុ ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់ប៉ុណ្ណោះ»។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ថ្លែងថា នៅពេលនេះលោកកំពុងពិនិត្យទៅលើរបាយការណ៍ដែលខាងរដ្ឋបាលសង្កាត់លេខ ១ បានបញ្ជូនមកនោះ ហើយក្រោយពីពិនិត្យបានល្អិតល្អន់ លើសំណុំរឿងនេះរួច លោកនឹងចាត់ការឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ទំនាស់រវាងភាគីទាំងពីរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងភូមិខាងលើនេះទាំងមូល៕