Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នករាយការណ៍ UN បារម្ភ​ពី​ការ​កើនឡើង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ធ្វើឲ្យ​គុក​ចង្អៀត​ណែន

Content image - Phnom Penh Post
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ (​ស្ដាំ​) និង​លោកស្រី រ៉ូណា ស្មីត (​ឆ្វេង​) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ជំនួប​ពី​ម្សិលមិញ​។ ផា លីណា

អ្នករាយការណ៍ UN បារម្ភ​ពី​ការ​កើនឡើង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ធ្វើឲ្យ​គុក​ចង្អៀត​ណែន

ភ្នំពេញៈ លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ ហើយ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ក្តីបារម្ភ​នេះ ក្រសួង​យុត្តិធម៌​គ្រោង​នឹង​ដាក់​គម្រោង​សាកល្បង​មួយ​ស្តីពី​ការ​ (​ដាក់ទោស​សហគមន៍​) ដែល​ជា​ការ​ផ្តន្ទាទោស​ដល់​អ្នក​ទោស​ណា​ដែល​មាន​ទោស​ស្រាលៗ​ឲ្យ​ទៅ​ជួយ​ធ្វើការ​នៅ​តាម​សហគមន៍​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ​ក្រោយ​ជំនួប​រវាង​ លោកស្រី​ រ៉ូណា ស្មីត ជាមួយ​លោក​ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាលពី​ម្សិលមិញ​ថា​ក្នុង​ជំនួប​នោះ លោកស្រី​ រ៉ូណា ស្មីត ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​តាម​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ម៉ាលីន បាន​លើក​ឡើង​ដូច្នេះ​ថា​៖ «​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​គាត់​គឺ​គាត់​ឃើញ​មាន​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ហ្នឹង មាន​ការ​កើនឡើង​ច្រើន​។ រឿង​ស្អី​ក៏​ឃុំ​ខ្លួន​បណ្តោះអាសន្ន គាត់​ចង់​ឲ្យ​មាន​ការ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ឬ​មួយ​ក៏​ការ​អនុវត្ត​ទោស​បើ​អាច​ចៀស​បាន​កុំ​ដាក់​ពន្ធនាគារ​។ អាច​ជា​ទោស​អី​ផ្សេង​ក្រៅ​ពី​ពន្ធនាគារ​ដូចជា​ទោស​សហគមន៍ ឬ​ក៏​ទោស​ជំនួស​ ឬ​ឲ្យ​នៅ​ក្រៅ​ឃុំ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ គាត់​អត់​ចង់​ឲ្យ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ឲ្យ​មាន​ច្រើន​ទេ​ដោយ​វា​ធ្វើ​ឲ្យ​កកស្ទះ​»​។

លោក​បន្ថែម​ថា​ ក្រសួង​មិន​ទាន់​អាច​អនុវត្ត​នូវ​ការ​ដាក់ទោស​សហគមន៍​ដោយសារ​ប្រជាជន​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ដឹង​ពី​ច្បាប់ ហើយ​ពួកគេ​អាច​នឹង​ព្រួត​វាយ​ទៅ​លើ​ជនសង្ស័យ​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​រួច​ហើយ​។

លោក​បញ្ជាក់​ថា​ គម្រោង​នេះ​អាច​នឹង​ដាក់​ឲ្យ​សាកល្បង​នៅ​ខេត្ត​បាត់ដំបង និង​ត្រូវការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​សាធារណជន​ហើយ​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​។

លោក​បញ្ជាក់​ថា​៖ «​ដោយសារ​តែ​សង្គម​របស់​យើង​គឺ​មិន​ទាន់​ទទួល​យក តែ​តុលាការ​កាត់ទោស​បន្ទាប់​ពី​ប៉ូលិស​ចាប់​ហើយ​...​ហើយ​ពី​បី​ខែ​ក្រោយ​ឃើញ​អ្នក​ហ្នឹង​ទៅ​នៅ​សហគមន៍​គឺ​គិត​ថា​តុលាការ​មាន​ភាព​មិន​ប្រក្រតី​។ ដោយសារ​ទស្សនៈ​នេះ វា​ទំនើប ក៏​ប៉ុន្តែ​ការ​អនុវត្ត​នៅ​ក្នុង​សង្គម​យើង​មិន​ទាន់​បាន​ដោយសារ​តែ​ប្រជាជន​មិន​ទាន់​យល់ មិន​ដឹង​ពី​ច្បាប់ និង​ប្រជាជន​មិន​អាច​ទទួល​យក ហើយ​ឥឡូវ​ហ្នឹង​គួបផ្សំ​បញ្ហា​ថ្មីៗ​ដែល​គាត់​លើក​ឡើង​ទាក់ទង​នឹង​ការ​សម្លាប់​នៅ​ក្រៅ​ទៀត គ្រាន់តែ​សង្ស័យ​ចាប់​ក្មេង​លក់​ក្រលៀន​មិន​ដឹង​រឿង​អី​ផង​នៅ​កំពង់ធំ​វាយ​ជនសង្ស័យ​ចង់​ងាប់​ចង់​រស់ ដូច្នេះ​បើ​សិន​ឃើញ​ប៉ូលិស​ចាប់​ហើយ​តុលាការ​កាត់​ទោស​ហើយ ហើយ​ឃើញ​ជន​ជាប់ចោទ​នៅ​ក្រៅ​ទៀត​ច្បាស់​ជា​ព្រួត​គ្នា​វាយ​អ្នក​នោះ​ស្លាប់​ទៀត​»​។

លោក​បន្ត​ថា​ ក្រសួង​នឹង​រៀបចំ​យន្តការ​ហើយ​កំណត់​ពី​ប្រភេទ​ចរិត​នៃ​បទល្មើស បុគ្គលិក​លក្ខណៈ​របស់​អ្នកទោស ហើយ​បើ​អ្នក​ទោស​សាហាវ​ព្រៃផ្សៃ​យង់ឃ្នង​ និង​មិន​មាន​ការ​ដោះលែង​ទេ ហើយ​នឹង​ពិនិត្យ​មើល ថា​តើ​ពួកគាត់​អាច​សម្រប​សម្រួល​ចូល​ទៅ​ក្នុង​សហគមន៍​បាន​ដែរ​ឬ​អត់​? ហើយ​ថា​ការ​ដាក់ទោស​សហគមន៍​អាច​ជួយ​បង្កើន​ប្រយោជន៍​តាមរយៈ​ការ​ប្រើ​ជំនាញ និង​អ្វី​ដែល​ពួកគេ​មាន​ដើម្បី​ជួយ​ដល់​សហគមន៍​។

លោក​បន្ត​ថា​៖ «​ពេល​យើង​ដាក់​គាត់​ក្នុង​ពន្ធនាគារ​វា​ខាត​ប្រយោជន៍​ដល់​សង្គម ពេល​ខ្លះ​បើ​គាត់​នៅ​ក្រៅ​ឃុំ គាត់​អាច​ធ្វើ​ការងារ​ជួយ​សង្គម​បាន​ច្រើន​តាមរយៈ​ជំនាញ​បទពិសោធ​របស់​ពួកគាត់ ដូច្នេះ​បើ​យក​គាត់​ដាក់​ពន្ធនាគារ​បួន​ដប់​ឆ្នាំ​ទៅ វា​អាច​ខាត​...​យើង​បង្កើត​ទោស​សហគមន៍​ដើម្បើ​បណ្តោះ​ការ​កកស្ទះ​នៅ​ពន្ធនាគារ​ហើយ​ដើម្បី​ឲ្យ​គាត់​ប្រើ​ជំនាញ​ និង​អ្វី​ដែល​គាត់​មាន​ដើម្បី​ជួយ​ដល់​សហគមន៍​។ នេះ​ជា​យន្តការ​វែង​ឆ្ងាយ​ដែល​យើង​កំពុង​ធ្វើ​នៅ​ក្នុង​គម្រោង​កំពុង​ស្ថិត​នៅ​ដំណាក់កាល​សិក្សា​»​។

លោក​ ជិន ម៉ាលីន បញ្ចាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ថា​ដោយសារ​តែ​យុទ្ធនាការ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន ក្នុង​នោះ​មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​អ្នក​ជួញដូរ និង​អ្នក​ចរាចរណ៍​គ្រឿងញៀន ទើប​ធ្វើឲ្យ​មាន​វិបត្តិ​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ហើយ​ការ​ឃុំ​ខ្លួន​នេះ​មាន​ទាំង​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បក្ស​នយោបាយ​ហើយ​លោកស្រី​ រ៉ូណា ស្មីត ចង់​បាន​ធ្វើ​ដូចម្តេច​ឲ្យ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​មាន​ការ​ថយ​ចុះ​។

បើ​តាម​លោក​ ម៉ាលីន ជំនួប​កាលពី​ម្សិលមិញ​រវាង​លោក អង្គ វង្សវឌ្ឍានា និង​លោកស្រី រ៉ូណា ស្មីត មាន​លក្ខណ​វិជ្ជមាន​មាន​ការ​យល់​គ្នា​មាន​មេត្រីភាព​នឹង​គ្នា និង​ជា​ជំនួប​ក្នុង​លក្ខណៈ​បចេ្ចកទេស​សុទ្ធ​មិន​មាន​ជា​រឿង​នយោបាយ​ហើយ​ក៏​មិន​មាន​របៀបវារៈ​នយោបាយ​នៅ​ពី​ក្រោយ​ហើយ​គាត់​មក​នេះ ក្នុង​នាម​លក្ខណៈ​បចេ្ចកទេស​គឺ​គាត់​មក​ជួយ​យើង​បាន​ច្រើន​ក្នុង​នាម​យើង​ជា​អ្នក​បច្ចេកទេស​ដែល​ធ្វើ​ការងារ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ​។ «​គាត់​មិន​មក​ក្នុង​នាម​ជា​ចៅហ្វាយ​របស់​យើង និង​មក​ដាក់​សម្ពាធ​យើង​ហើយ​បង្ខំ​ឲ្យ​យើង​ធ្វើ​នេះ​ ឬ​ធ្វើ​នោះ​ទេ ដូច្នេះ​ជំនួប​នេះ​គឺជា​ជំនួប​វិជ្ជមាន​»​។

លោកស្រី រ៉ូណា ស្មីត ក៏​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា​៖​ «​ខ្ញុំ​បាន​លើក​ឡើង​នូវ​កង្វល់​ជាច្រើន​អំពី​ដំណើរ​នៃ​កំណែទម្រង់​ និង​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​បច្ចុប្បន្ន ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ព័ត៌មាន​សង្ខេប​។ ប៉ុន្តែ​ក៏​មាន​ការ​រីកចម្រើន​ច្រើន​ដែល​ក្រសួង​កំពុង​ធ្វើ ជាពិសេស​ជាមួយ​នឹង​ករណី​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ និង​ការ​ដោះស្រាយ​វិវាទ​ក៏​ដូចជា​ដំណើរការ​កាត់ទោស​»​។

លោក ឌុច ពិសិដ្ឋ នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​តាម​ពិត​ទៅ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នេះ​គេ​ហៅថា​ទោស​ជំនួស ឬ​ទោស​សហគមន៍​ដែល​គេ​ចង់​សំដៅ​ថា ប្រសិន​បើ​ជន​ជាប់ចោទ​ណា​មួយ​ដែល​ត្រូវ​បាន​កាត់ទោស​មិន​លើស​ពី​បី​ឆ្នាំ​ចុះ​ក្រោម តុលាការ​គេ​អាច​សម្រេច​អនុវត្ត​ទោស​សហគមន៍​បាន​ដោយ​មិន​បាច់​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ទេ​ហើយ​នេះ​គឺជា​គោលនយោបាយ​មួយ​ដែល​ល្អ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ ដែល​មាន​យ៉ាង​ច្រើន​។

ប៉ុន្តែ​លោក​ ពិសិដ្ឋ មាន​ការ​ព្រួយបារម្ភ​ដោយ​លោក​ថា សាធារណជន​ទូទៅ​មិន​ទាន់​មាន​ជំនឿ​ទៅ​លើ​តុលាការ​ទេ «​ដូច្នេះ​នៅ​ពេល​តុលាការ​សម្រេច​ទោស​អ្នក​ណា​ម្នាក់​ដែល​មាន​ទោស​ឲ្យ​ទៅ​បម្រើ​ការងារ​សហគមន៍ ដូច្នេះ​ប្រជាពលរដ្ឋ​ និង​សាធារណជន​អាច​មាន​មន្ទិល​សង្ស័យ​ថា​មាន​អំពើ​ពុករលួយ​ ឬ​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ ដូច្នេះ​ដើម្បី​ឲ្យ​ការងារ​នេះ​ជោគជ័យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ប្រព័ន្ធ​យុត្តិធម៌​»​។

ចំនួន​អ្នក​ជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង​ ២០ ​ភាគរយ​ កាល​ពី​ឆ្នាំ​មុន​ ហើយ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ថា​ការ​កើនឡើង​នៃ​ចំនួន​អ្នក​ទោស​បាន​បណ្ដាល​ឲ្យ​ពន្ធនាគារ​ចង្អៀត​ណែន​យ៉ាង​ខ្លាំង ហើយ​បាន​បង្ហាញ​ថា​អ្នក​ទោស​មួយ​ភាគបី កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចេញ​ផ្សាយ ​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ជា​រួម​អ្នកទោស​ទាំងអស់​មាន​ចំនួន ២១៩៨៩ នាក់​ក្នុង​នោះ​មាន​អ្នកទោស​ជា​ស្ត្រី​ចំនួន​ ១៧៨១ នាក់​ អនីតិជន​ចំនួន ៩០៣ នាក់​ និង​ជនបរទេស​ចំនួន ៩២៧ ​នាក់​ដែល​ក្នុង​នោះ ៤០ ​ភាគរយ​នៃ​អ្នក​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​ ២០១៦ គឺ​ដោយសារ​បទល្មើស​គ្រឿងញៀន​ហើយ​ ១០ ​ភាគរយ​ជាប់​ទោស​ពី​បទ​ឃាតកម្ម និង​ ៧,៤ ភាគរយ​ជាប់ទោស​ពី​បទ​ប្លន់​។

ចំពោះ​អ្នក​ដែល​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ទាំងអស់​មាន​ ៧៤៩៥ នាក់​៕ NS

រាយការណ៍​បន្ថែម​ដោយ​ Ananth Baliga

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ