Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​វិភាគ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ងាយស្រួល​ក្នុង​​ការ​រំលាយ​នោះ​ទេ

Content image - Phnom Penh Post
លោកស្រី មូរ សុខហួរ (​កណ្តាល​) ថ្លែង​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ត្រពាំងផ្លុង​កាលពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ឆ្នាំ​ ២០១៧​។ ហុង មិនា

អ្នក​វិភាគ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ងាយស្រួល​ក្នុង​​ការ​រំលាយ​នោះ​ទេ

ភ្នំពេញៈ ក្រុម​អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​មាន​ជំនឿ​ថា​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​មាន​ភាព​ងាយស្រួល​ពេក​ទេ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​ទម្ងន់​ធ្ងន់​នោះ​បាន​ទេ​ដោយ​អះអាង​ថា បើ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​មែន​នោះ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល និង​រដ្ឋសភា​ត្រូវ​បញ្ចប់ ហើយ​សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួល​ស្គាល់​ឡើយ​។

អ្នក​វិភាគ​នយោបាយ​លោក​បណិ្ឌត​ មាស នី លោក​សាស្ត្រាចារ្យ សូ ចន្ថា ​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខហួរ បាន​អះអាង​ស្រដៀង​គ្នា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​គឺជា​គូ​ប្រកួត​មាន​ទម្ងន់​ធ្ងន់​ជាមួយ​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច​ជិត​ ៤ ​ទសវត្យរ៍​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​មិនមែន​ជា​គណបក្ស​ដែល​ងាយ​ស្រួល​រំលាយ​នោះ​ឡើយ ខណៈ​ដែល​គណបក្ស​មួយ​នេះ​កំពុង​កាន់កាប់​កៅអី​រដ្ឋសភា​ចំនួន ៥៥ អាសនៈ​ព្រម​ទាំង​អម​ទៅ​ដោយ​កៅអី​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ខេត្ត​ក្រុង ស្រុក ខណ្ឌ រាប់ពាន់​អាសនៈ​ទៀត​នោះ​។

លោក​បណ្ឌិត មាស នី និយាយ​ថា​៖ «​បើ​សិន​ជា​រដ្ឋាភិបាល​សម្រេច​ចិត្ត​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នោះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ទទួល​ហានិភ័យ​។ កាលណា​រំលាយ​សង្គ្រោះ​ជាតិ​បាន​ន័យ​ថា​ត្រូវ​រំលាយ​សភា​ត្រូវ​រំលាយ គ.ជ.ប​ [​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​] ​ហើយ​ត្រូវ​រំលាយ​ស្ថាប័ន​ឃុំ​ទាំងអស់​ទៀត​។ អា​នេះ​វា​ជា​រឿង​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​រដ្ឋាភិបាល​ទាំង​មូល​ហ្នឹង​គឺ​លែង​ស្រប​ច្បាប់​ជា​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​»​។

ទោះ​ជា​យ៉ាង​ណា​ លោក មាស នី បញ្ជាក់​ថា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ វា​មិន​ស្ថិត​នៅ​លើ​ច្បាប់ ឬ​មិន​ច្បាប់​អី​ទេ​គឺ​វាសនា​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​រដ្ឋាភិបាល​ដូច្នេះ ទោះបី​ត្រូវ ឬ​ខុស​ក៏ដោយ​បើ​រដ្ឋាភិបាល​ចង់​រំលាយ​គឺ​ច្បាស់​ជា​រំលាយ​បាន​ស្រួល​ហើយ​។

ប៉ុន្តែ​លោក មាស នី បាន​ថ្លែង​ថា​រដ្ឋាភិបាល​ក៏​នឹង​អាច​មាន​វិបតិ្ត​ផ្នែក​ថវិកា​ផង​ដែរ​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​បើ​សិន​ជា​ហ៊ាន​រំលាយ​បក្ស​ប្រឆាំង ទោះបី​រដ្ឋាភិបាល​សង្ឃឹម​លើ​មហាមិត្ត​ចិន​ចាំ​ជួយ​ក៏ដោយ​ព្រោះ​ចិន​មិន​អាច​សុខ​ចិត្ត​នៅ​ឱប​កម្ពុជា​បោះ​ចោល​មហាអំណាច​ពិភពលោក​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយសារ​ថា​ចិន​ធ្វើ​អ្វី​ក៏​គេ​ចង់​ចំណេញ​សម្រាប់​គេ​ដែរ​។

លោក​ សូ ចន្ថា បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ថា​មិន​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង​ហ្នឹង​ទេ ពីព្រោះ​វា​មាន​ផលប៉ះពាល់​ច្រើន​ប៉ះពាល់​តាំង​ពី​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ផង​​ពីព្រោះ​ក្នុង​សភា​មាន​តែ​គណបក្ស​ ២ ដែល​មាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ក្រុម​ប្រឹក្សា​ខេត្ត​។ អ៊ីចឹង​ប្រសិន​បើ​រំលាយ​បក្ស​គឺ​បាត់បង់​តំណែង​ទាំងអស់​នេះ ហើយ​អាច​ឈាន​ទៅ​ដល់​អធម្មនុញ្ញភាព​​របស់ គ.ជ.ប ទៀត​ផង​ព្រោះ​សមាសភាព គ.ជ.ប គឺ​មកពី​គណបក្ស​ ២»​។

ចំណែក​លោកស្រី​ មូរ សុខហួរ ក៏​បាន​ផ្តាំផ្ញើ​ទៅ​គណបក្ស​កាន់​អំណាច​ដែរ​ថា គណបក្ស​ប្រឆាំង​មិន​ងាយ​ស្រួល​ឲ្យ​គណបក្ស​កាន់​អំណាច​រំលាយ​ស្រួលៗ​បាន​ទេ ដោយ​លោកស្រី​បាន​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បាស់លាស់​សិន មុន​នឹង​ឈាន​ទៅ​ដល់​ការ​រំលាយ​បក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​ចំនួន ៥៥ នៅ​ក្នុង​រដ្ឋសភា​ដែល​បាន​មកពី​អ្នក​គាំទ្រ​ជាង​ ៣ ​លាន​នាក់​។

លោកស្រី​ថ្លែង​ថា​៖ «​កុំ​អាល​ចូល​ដល់​រឿង​រំលាយ​ឆ្លើយ​នឹង​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋធម្មនុញ្ញ​សិន​មក សុខ​ចិត្ត​ឲ្យ​រដ្ឋសភា​ខុស​នឹង​រដ្ឋធម្មនុញ្ញ​ទេ​? ឲ្យ​គណបក្ស​ប្រជាជន​ឆ្លើយ​អាហ្នឹង​សិន​មក ហ៊ាន​អង្គុយ​ក្នុង​សភា​មួយ​ដែល​ខុស​រដ្ឋធម្មនុញ្ញ​ទេ​? ៥៥ ​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្លន់​យក​របស់​ [​យើង​] ​ម៉េច​!​បើ​ឆ្លើយ​បាន​រំលាយ​​ទៅ​»​។

លោកស្រី​បន្ថែម​ថា​៖ «​សភា​​ត្រូវ​តែ​មាន​អាសនៈ​ ១២៣ ​។ ៦៨ [​កៅអី​របស់​បក្ស​កាន់​អំណាច​] ​ម៉េច​ទៅ​រួច ហើយ​យក ៥៥ [​អាសនៈ​] របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ឲ្យ​អ្នក​ណា​អត់​មាន​គណបក្ស​ណា​នៅ​ [​ក្នុង​សភា​]»​។

លោកស្រី​បាន​ព្រមាន​ទៀត​ថា​ប្រសិន​បើ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះឆ្នោត​សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួល​ស្គាល់​ទេ ហើយ​ប្រជាពលរដ្ឋ​ក៏​មិន​ទៅ​បោះឆ្នោត​ដែរ​។

ប៉ុន្តែ​លោក សូ ចន្ថា លោក​ មាស នី និង​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត (NICFEC) ​លោក​​ សម គន្ធាមី ក៏​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ដែរ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់​អំណាច​ចង់​រំលាយ​បក្ស​ប្រឆាំង ដោយ​លោក​ទាំង​ ៣ ​មើល​ឃើញ​ថា​យុទ្ធសាស្ត្រ​បំបែក​បែប​នេះ​របស់​បក្ស​កាន់​អំណាច​អាច​នឹង​ទទួល​បាន​ជោគជ័យ បើ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ ហើយ​សមាជិក​ទាំងអស់​វិល​ទៅ​រក​បក្ស​ដើម​វិញ​នោះ​ព្រោះ​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បែក​ជា​ ២ ​។

ប៉ុន្តែ​លោក​ទាំង​ ៣ ​បាន​ផ្តល់​ជា​អនុសាសន៍​ថា​ដើម្បី​ទប់ទល់​នឹង​ក្រឡា​អុក​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន បាន​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បង្កើត​ចលនា​ថ្មី​មួយ​ទៀត​ដោយ​ដាក់​ឈ្មោះ​គណបក្ស​ថ្មី​ដើម្បី​ប្រមូល​កម្លាំង​ឲ្យ​នៅ​ដដែល​ក្នុង​ករណី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​។

លោក​ សូ ចន្ថា បញ្ជាក់​ថា​៖ «​ចំណុច​ខ្លាំង​របស់​បក្ស​ប្រឆាំង​គឺ​ការ​រួបរួម​គ្នា​ហើយ​ចំណុច​ខ្សោយ​របស់​បក្ស​កាន់​អំណាច​នៅ​ពេល​ដែល​បក្ស​ប្រឆាំង​រួបរួម​គ្នា​។ ដូច្នេះ​នៅ​ពេល​ដែល​បក្ស​ប្រឆាំង​ត្រឡប់​ទៅ​បក្ស​ដើម​របស់​ខ្លួន​វិញ​​អាហ្នឹង​ជា​ជោគជ័យ​របស់​បក្ស​កាន់​អំណាច​។ [​សមាជិក​បក្ស​ប្រឆាំង​] ​គួរ​ទៅ​គណបក្ស​ណា​មួយ​ដែល​ថ្មី​អាច​ស្រូប​យក​កម្លាំង​ថ្មី​មាន​កម្លាំង​ពី​គណបក្ស​តូចៗ​ជាច្រើន​ដើម្បី​បង្រួប​បង្រួម​គ្នា​បង្កើត​ជា​ចលនា​ថ្មី​»​។

លោក​ សម គន្ធាមី ​បាន​ថ្លែង​ថា​៖ «​បើ​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ [​សមាជិក​ទាំង​អស់​] ​បើក​គណបក្ស​ថ្មី​តែ​ម្តង​ទៅ​ដូរ​ឈ្មោះ​ទៅ យើង​នៅ​ដំណើរការ​ចូលរួម​ការ​បោះឆ្នោត​ធម្មតា​។ អ្នក​ទាំងអស់​គ្នា​នៅ​មួយ​ចង្កោម​វិញ​ដដែល​ទៅ កុំ​បំបែក​ទៅ​ក្រុម​តូចៗ​វិញ អាហ្នឹង​ប្រជាប្រិយ​មិន​សូវ​ធ្លាក់​ចុះ​ទេ​។ បើ​​បំបែក​ជា​ក្រុម​តូចៗ​វិញ​គឺ​បាត់បង់​ច្រើន​ហើយ​សំឡេង​គាំទ្រ​»​។

លោកស្រី​ មូរ សុខហួរ មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ​ទេ ហើយ​ថា​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​លេង​ល្បែង​ដើរ​ថយ​ក្រោយ​តាម​បក្ស​កាន់​​អំណាច​គូសវាស​ឲ្យ​នោះ​ដែរ​។

លោកស្រី សុខហួរ បាន​គូស​បញ្ជាក់​ថា​៖ «​បើ​សិន​ចង់​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ចលនា​ថ្មី​មួយ​ទៀត តែ​យើង​នៅ​តែ​គ្មាន​សារព័ត៌មាន​ [​ឯករាជ្យ​] ​ប្រជាពលរដ្ឋ​យើង​នៅ​តែ​រស់​ក្នុង​ភាព​ភ័យខ្លាច​អត់​មាន​សង្គម​ស៊ីវិល​មួយ​ដែល​អង់អាច​ក្លាហាន អ្នក​សង្កេតការណ៍​ទាំងអស់​នេះ​ដែល​ជា​លក្ខខណ្ឌ​សំខាន់​ទៀត​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ​។ បើ​សិន​ជា​យើង​បាន​ចលនា​ថ្មី ហើយ​លោក​ប្រធាន សម រង្ស៊ី [​និង​] ​កឹម សុខា ​អត់​នៅ​អ្នក​ដែល​ ហ៊ុន សែន ​ខ្លាច​បំផុត​គឺ​មេដឹកនាំ​ទាំង​​ ២ ​ហ្នឹង​ដែល​ជា​ជម្រើស​តែ​មួយ​គត់​នៃ​ប្រជាពលរដ្ឋ​យើង​ដាច់ខាត យើង​មិន​បង្កើត​ចលនា​អី​ណា​ទៀត​ទេ ពីព្រោះ​វា​អត់​មាន​នៅក្នុង​ច្បាប់​នៃ​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​»​។

ជា​ការ​ឆ្លើយតប​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន ​អះអាង​ថា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ឬ​មិន​បាន​វា​មិន​អាស្រ័យ​លើ​អ្នក​វិភាគ​និយាយ​ឆ្វេង​និយាយ​ស្តាំ​នោះ​ទេ​គឺ​អាស្រ័យ​លើ​សកម្មភាព​ល្មើស​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​មាត្រា​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដូច្នេះ​បើ​តុលាការ​រកឃើញ​ថា​បក្ស​ប្រឆាំង​មួយ​នេះ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ខាង​លើ​គឺ​គណបក្ស​នេះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។

លោក ឥសាន ​បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​បើ​ច្បាប់​តម្រូវ​ឲ្យ​រំលាយ​អាហ្នឹង​វា​ត្រូវ​តែ​រំលាយ​ហើយ​។ បើ​ច្បាប់​ហ្នឹង​មិន​តម្រូវ​ឲ្យ​រំលាយ​ទេ​វា​អត់​ត្រូវ​បាន​រំលាយ​ទេ​»​។

នៅ​ពេល​សួរ​អំពី​ការ​មិន​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ បើ​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​នោះ​លោក​ សុខ ឥសាន បាន​បញ្ជាក់​ថា​៖ «​យើង​មិន​និយាយ​ដល់​សហគមន៍​អន្តរជាតិ​ទេ​យើង​និយាយ​ច្បាប់​នៅ​កម្ពុជា​។ អត់​មាន​យក​ច្បាប់​អន្តរជាតិ​មក​ប្រើ​ទេ​ [​យើង​] ​ប្រើ​ច្បាប់​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។ ទទួល​ស្គាល់​មិន​ទទួល​ស្គាល់​អាហ្នឹង​ជា​រឿង​គេ​»​។

អ្នក​នាំពាក្យ គ.ជ.ប. លោក​ ហង្សពុទ្ធា មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​លើ​​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា គ.ជ.ប. នឹង​ធ្វើការ​តែ​ជាមួយ​គណបក្ស​ណា​ដែល​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ប៉ុន្តែ​លោក​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា​បក្ស​ប្រឆាំង​ ២ គឺ​បក្ស សម រង្ស៊ី និង​សិទិ្ធមនុស្ស​អាច​នឹង​ចូលរួម​បោះឆ្នោត​ឆ្នាំ​ក្រោយ​បាន ហើយ​សមាជិក​របស់​បក្ស​ទាំង​ ២ ដែល​បាន​រួម​គ្នា​បង្កើត​បក្ស​សង្គ្រោះ​ជាតិ​ដែល​អាច​នឹង​រំលាយ​ចោល​ដោយសារ​មេបក្ស​នេះ​គឺ​លោក​ កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​នោះ​ពួកគេ​អាច​ចែកចាន​ចែក​ឆ្នាំង​វិល​ទៅ​រក​ទ្រនំ​ចាស់​រៀងៗ​ខ្លួន​វិញ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ