កណ្ដាលៈ ឧកញ៉ា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ម្ដុំ​ព្រលាន​យន្តហោះ​ដ៏ធំ​ថ្មី​ក្នុង​ខេត្ត​កណ្តាល​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោកស្រី​ពិតជា​ត្រូវ​បាន​ស្ថានទូត​អាមេរិក​លុប​ចោល​ទិដ្ឋាការ​កាលពី​សប្ដាហ៍​មុន​​ បន្ទាប់ពី​មាន​កិច្ចសម្ភាសន៍ ប៉ុន្តែ​បាន​ការពារ​ការអះអាង​របស់​លោកស្រី​ជុំវិញ​ជម្លោះ​ដី​នេះ​ដែល​លោកស្រី​ថា នៅ​សល់​ដី​នៅ​តំបន់​នោះ​ប្រហែល​ ៤០០ ​ហិកតា​។

លោកស្រី សៀង ចាន់ហេង បាន​ថ្លែង​នៅ​គេហដ្ឋាន​លោកស្រី​នា​ក្រុង​តាខ្មៅ​ថា អ្នកភូមិ​បាន​រើ​ចូល​លើ​ដី​លោកស្រី​នៅ​ស្រុក​កណ្តាលស្ទឹង​ជាង​ ៥ ​ឆ្នាំ​ បន្ទាប់ពី​លោកស្រី​បាន​ទិញ​ដី​នេះ​ដំបូង ដោយ​បាន​បដិសេធ​ចំពោះ​ការ​អះអាង​របស់​អ្នកភូមិ​ដែល​ថា ពួកគេ​បាន​រស់នៅ​លើ​ដី​នេះ​តាំងពី​ទសវត្សរ៍​ ៨០ និង​ ៩០ ​។

លោកស្រី ចាន់ហេង បាន​បន្ត​ថា​៖ «​ពួកគេ​តែង​ចោទប្រកាន់​ខ្ញុំ​ថា​មាន​ដោយសារ​ប្លន់​ទ្រព្យសម្បត្តិ​គេ និង​បោក​ប្រជាជន​»​។ «...​ពួកគេ​ចោទប្រកាន់​ខ្ញុំ​ថា ទទួល​បាន​កម្មសិទ្ធិ​ដី​ពី​ការ​ឃុបឃិត​ជាមួយ​គេ​»​។

ដី​រាប់ពាន់​ហិកតា​ក្នុង​ស្រុក​កណ្តាលស្ទឹង​បាន​ផ្ទុះ​ឡើង​ជា​វិវាទ​ចាប់​តាំងពី​រដ្ឋាភិបាល​ប្រកាស​បង្កើត​ព្រលាន​យន្តហោះ​ធំ​មួយ និង​ការ​អភិវឌ្ឍ​ចម្រុះ​ទំនើប​លើ​ដី​ ២៦០០ ​ហិកតា​នៅ​ទី​នោះ​។

បើ​តាម​ព័ត៌មាន​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​មាន​កម្មសិទ្ធិ​ដី​ក្នុង​តំបន់​នោះ រួមមាន​រដ្ឋមន្ត្រី​ទេសចរណ៍​លោក ថោង ខុន ឧត្តមសេនីយ៍ឯក ដួង ហេង អភិបាលរង​រាជធានី​ភ្នំពេញ កើត ឆែ និង​ស្នងការ​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ ដែល​បាន​ជាប់​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​។

ទោះ​យ៉ាង​ណា​ក្តី​ជម្លោះ​ដែល​អូសបន្លាយ​យូរ​អង្វែង​បំផុត​គឺ​រវាង​ពលរដ្ឋ​ក្នុង​ភូមិ​ដែល​ហៅ​ថា​តំបន់​ ៩២,៩៣ និង​ ៩៤ និង​លោកស្រី ចាន់ហេង​។

អួង ស៊ីម ជា​កសិករ និង​ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ ២៩២ ​ដែល​ថា​បាន​ទៅ​នៅ​តំបន់​នោះ​ជាង​ ២០ ​ឆ្នាំ​មុន​គឺ​នៅ​មុន​ពេល​ក្រុមហ៊ុន Heng Development Co. ថា​ជា​កម្មសិទ្ធិ​លើ​​ដី​នេះ​ថ្លែង​ថា​៖ «​គាត់​និយាយ​អ្វី​ក៏ដោយ​ដែល​គាត់​ចង់​បាន​»​។

បន្ទាប់ពី​ឈ្នះ​ក្តី​នៅ​តុលាការ​ក្នុង​ឆ្នាំ​ ២០០៦-២០០៧ និង​ទទួល​បាន​កម្មសិទ្ធិ​ដី​បណ្តោះ​អាសន្ន​ពី​អាជ្ញាធរ អ្នកភូមិ​បាន​ថ្លែង​ថា​ភ្លាមៗ​នោះ​អាជ្ញាធរ​មិន​អើពើ​ចំពោះ​អ្នកភូមិ​ទេ​។

ស៊ីម បន្ត​ថា​៖ «​ពលរដ្ឋ​មិន​ទទួល​យក​អ្វី​ដែល​គាត់​និយាយ​ដោយសារ​កាលពី​មុន​គាត់​អះអាង​កម្មសិទ្ធិ​តែ​ ៤២ ​ហិកតា​។ គាត់​មិន​មាន​ប្លង់ដី​ដែល​ត្រួត​ស៊ី​គ្នា​ជាមួយ​ដី​របស់​យើង​...​ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​ណា​មក​វាស់វែង​ដី​របស់​យើង យើង​នឹង​មិន​អនុញ្ញាត​ទេ​»​។

ទោះ​យ៉ាង​ណា​លោកស្រី ចាន់ហេង បាន​អះអាង​ថា​សាលក្រម​ត្រូវ​បាន​ផ្លាស់ប្តូរ បន្ទាប់ពី​ការ​វាស់វែង​បង្ហាញ​ថា អ្នកភូមិ​រស់នៅ​លើ​ដី​លោកស្រី​ដូច​មាន​ក្នុង​ប្លង់ដី​ដែល​លោកស្រី​មាន​។

លោកស្រី ចាន់ហេង ក៏​បាន​ថ្លែង​ដែរ​ថា​លោកស្រី​ជា​ជនរងគ្រោះ​នៃ​ការ​រំលោភ​យក​ដីធ្លី​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​កាលពី​ឆ្នាំ​ ២០០៤ ​ថា​ដី​ ១០០០ ​ហិកតា​នៅ​ស្រុក​កណ្តាលស្ទឹង​ និង​តាខ្មៅ​ជា​របស់​ឧកញ៉ា​ម្នាក់​ទៀត​ដែល​ថា គាត់​បាន​ទិញ​ដី​នេះ​កាលពី​ពេល​មុន ។

លោកស្រី ចាន់ហេង បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ត្រូវ​តែ​ទាមទារ​វា​ពីព្រោះ​វា​ជា​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​»​។ «​ខ្ញុំ​មាន​ការ​ឈឺចាប់ ហើយ​ខ្ញុំ​បាន​ខ្ចី​លុយ​​ [​គេ​ទិញ​ដី​នោះ​]»​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​បើ​កាត់​ទូទាត់​ទៅ​ដី​ខ្ញុំ​នៅ​សល់​ប្រហែល​ ៤០០ ​ហិកតា​»​។

អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​។

ភ្លាមៗ​បន្ទាប់ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សរសេរ​រឿង​អំពី​ជម្លោះ​ដីធ្លី​អូសបន្លាយ ស្ថានទូត​អាមេរិក​ក៏​បាន​លុបចោល​ទិដ្ឋាការ​លោកស្រី​សម្រាប់​ដំណើរ​ទៅ​អាមេរិក​នាពេល​ខាង​មុខ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោកស្រី ចាន់ហេង​។

លោកស្រី ចាន់ហេង បាន​ថ្លែង​ថា​៖ «​ពួកគេ​បាន​សម្ភាស​ខ្ញុំ​រយៈពេល​មួយ​ម៉ោង ដូច​អ្នក​កំពុង​សម្ភាស​ខ្ញុំ​ឥឡូវ​នេះ អំពី​ថា តើ​ខ្ញុំ​យក​ដី​ប្រជាពលរដ្ឋ​ឬ​អត់​អំពី​ថា​តើ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​ដូចម្តេច និង​រឿង​ដទៃៗ​ទៀត​?»​។

លោកស្រី​ថា​៖ «​បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ការ​និយាយ ពួកគេ​ឆ្លើយ​ថា សុំទោស ហើយ​ថា ពួកគេ​លុបចោល​ទិដ្ឋាការ​ខ្ញុំ​»​។

នៅ​ពេល​ទាក់ទង​ពី​ម្សិលមិញ​អ្នក​នាំ​ពាក្យ​ស្ថានទូត លោក Arend Zwartjes បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

រដ្ឋាភិបាល​អាមេរិក​លុប​ចោល​ទិដ្ឋាការ​ផ្អែក​លើ​មូលហេតុ​មួយ​ចំនួន​រួមមាន អំពើ​ក្លែងបន្លំ ឬ​ការ​មិន​បង្ហាញ​ពិរុទ្ធភាព​ណា​មួយ​កាលពី​អតីតកាល​។

លោកស្រី ចាន់ហេង បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​កម្មសិទ្ធិ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កាលពី​ឆ្នាំ​មុន​ដែល​លទ្ធផល​រកឃើញ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​អត្ថបទ​របស់​កាសែត​​ភ្នំពេញ ប៉ុស្តិ៍​៕ PS