កោះកុងៈ ដី​តំបន់ឆ្នេរ និង​សហគមន៍​ទំហំ​ជាង​​ ១៣ ​ហិកតា​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ត្រូវ​បាន​គេ​លក់​ឲ្យ​ឧកញ៉ា​ម្នាក់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ស៊ី​ញ៉េ​ទទួល​ស្គាល់​ផង​ដែរ​។

ក្រោយពី​លក់​ឲ្យ​លោក​ឧកញ៉ា​រួច​ហើយ ដី​ទំហំ​ប្រមាណ​ជា​ ២ ហិកតា ក្នុង​ចំណោម​ជាង​ ១៣​ ហិកតា​ដែល​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​វែង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ត្រូវ​បាន​គេ​លួច​បូម​ខ្សាច់​ចាក់​បំពេញ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន​។ ការ​បូម​ខ្សាច់​នោះ​ត្រូវ​បាន​ផ្អាក ហើយ​ឧបករណ៍​បូម​ត្រូវ​បាន​គេ​រើ​ចេញ​ស្ទើរ​អស់​នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ក្រុង និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ពិនិត្យ​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧​។ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើបអង្កេត​ពី​បទល្មើស​នេះ​។

លិខិត​លក់​ទិញ​ដីធ្លី​មួយ​មាន​ចុះហត្ថលេខា​អតីត​មេភូមិ និង​អតីត​ចៅសង្កាត់​ស្ទឹងវែង ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​ ៩ ខែ​មីនា​ឆ្នាំ​ ២០១៧ ​លោក​ សុខ គឹមហុង និង​ភរិយា​ឈ្មោះ​ ស៊ីវ ជូ រស់នៅ​ក្នុង​ភូមិ​ ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​បាន​លក់​ដី​ចំនួន​សរុប​ ១៣៣ ៩៦០ ​ម៉ែត្រក្រឡា​ស្មើ​នឹង​ ១៣,៣៩៦ ​ហិកតា​ឲ្យ​ទៅ​ឈ្មោះ​ ជា លាងហុង ដែល​ជា​ឧកញ៉ា​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដី​ជាង ​១៣ ហិកតា​នោះ​មាន​ ៣ ​ក្បាល​ដី​ផ្សេងៗ​គ្នា​ដែល​មាន​ព្រំ​ប្រទល់​ខាង​ត្បូង និង​ខាងលិច​ទល់​នឹង​សមុទ្រ ជា​តំបន់​ឆ្នេរ និង​ព្រៃកោងកាង​។

ប័ណ្ណកម្មសិទ្ធិ​នៅ​តំបន់​ឆ្នេរ​ទាំង ៤ ខេត្ត​ត្រូវ​បាន​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជា​សាជាថ្មី​ម្តង​ទៀត​កាលពី​ខែ​សីហា​កន្លង​មក​ឲ្យ «​និរាករណ៍​ចោល​» និង​ដកហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​។

ការ​បញ្ជា​ផ្ទាល់មាត់​របស់​លោក​ ហ៊ុន សែន នេះ​គឺ​បន្ថែម​ទៅ​លើ ស ជ ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​មិថុនា​ឆ្នាំ​ ២០១៦ ​ស្តីពី​ «​និរាករណ៍​ ឬ​ដកហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់កាប់​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​នៃ​ខេត្ត​ទាំង ៤»​។

កិច្ចសន្យា​លក់-ទិញ​នេះ​គឺ​វា​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​អាជ្ញាធរ​សង្កាត់​ដែល​ថា​លោកស្រី​ ស៊ីវ ជូ បាន​លក់​ដី​នោះ​ទៅ​ឲ្យ​លោក​ឧកញ៉ា​ម្នាក់ ហើយ​ដី​នោះ​ក៏​ធ្លាប់​ត្រូវ​បាន​លក់ដូរ​តគ្នា​ជា​ច្រើន​ដង​ផង​ដែរ​។

លោក ខុង វិឈាន អតីត​ចៅសង្កាត់​ស្ទឹង​វែង​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​។ រីឯ​លោក ឆុង ថាវ៉ន អតីត​មេភូមិ​ស្ទឹងវែង​បាន​ទទួល​ស្គាល់​ថា លោក​បាន​ស៊ីញ៉េ​លក់​ដី​របស់​លោកស្រី​ ស៊ីវ ជូមែន ព្រោះ​កាល​នោះ​លោក​យល់​ថា វា​ជា​ដី​ទំនាប​ចិញ្ចឹម​ក្តាម​ដែល​ធ្លាប់​ត្រូវ​បាន​គេ​លក់​ទិញ​ពី​មុន​រួច​ហើយ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​តែ​ខ្ញុំ​ធ្លាប់​ដឹង​ថា​ជា​ដី​ចិញ្ចឹម​ក្តាម​។ មិន​ដឹង​ថា វា​មាន​ពាក់ព័ន្ធ​ជាមួយ​សហគមន៍​ទេ​ពី​មុន​អត់​ដឹង បើ​ដឹង​ក៏​មិន​ហ៊ាន​ដែរ​។ វា​អត់​មាន​ដើម​កោង​កាង​ទេ​»​។

លោក​បន្ត​ថា​ក្រោយ​ពេល​ស៊ីញ៉េ​តាម​សំណើ​អ្នក​លក់​ និង​អ្នកទិញ​រួច​ហើយ ទើប​លោក​បាន​ដឹង​ថា ដី​នោះ​ជា​ដី​តំបន់​សហគមន៍​ដែល​កាត់​ចេញ​ពី​ដែន​ជម្រក​ពាម​ក្រសោប​។ ម្យ៉ាង​វិញ​ទៀត​ក៏​មិន​ឃើញ​មាន​ការ​បោះបង្គោល​ព្រំ ឬ​ដាក់​ស្លាក​សញ្ញា​ប្រាប់​ថា ជា​តំបន់​សហគមន៍​ដែរ​។

លោក​ ថាវ៉ន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ក៏​មាន​គេ​ចង់​លក់​ដី​នៅ​តំបន់​នេះ​ទៀត​ដែរ តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ស៊ីញ៉េ​លក់ ព្រោះ​ខ្លាច​វា​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ឆ្នេរ ឬ​តំបន់​សហគមន៍​។

លោក​ សុប៉ា សារី ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ក្រុង​ខេមរភូមិន្ទ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​កន្លែង​បូម​ខ្សាច់​ចាក់​នោះ​បាន​ឲ្យ​ដឹង​ថា ពួកលោក​បាន​ឃើញ​ស្លាកស្នាម​បូម និង​ទុយោ​បូម​ខ្សាច់​នៅ​រប៉ាត់រប៉ាយ​ប្រមាណ​ជា​ ១៣ ​ទុយោ​លើ​ផ្ទៃដី​នោះ​ប៉ុណ្ណោះ​។

ក្រោយពី​អាជ្ញាធរ​ខេត្ត​ទទួល​បាន​របាយការណ៍​ពី​ការ​ចុះ​ពិនិត្យ​នោះ​មក លោក​សុខ សុទ្ធី ​អភិបាលរង និង​ជា​អ្នក​នាំ​ពាក្យ​សាលាខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា កន្លែង​ដែល​គេ​បូម​ខ្សាច់​លុប​នោះ​ជា​តំបន់​សហគមន៍ ហើយ​ទាំង​សកម្មភាព​បូម​ខ្សាច់ និង​ការ​ចាក់​ខ្សាច់​បំពេញ​គឺ ​«​សុទ្ធតែ​ខុស​ច្បាប់​ទាំងអស់​» ព្រោះ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល​។

លោក សុទ្ធី បាន​ថ្លែង​ថា​៖ «​អាជ្ញាធរ​ខេត្ត​កំពុង​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​នេះ​ហើយ ហើយ​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង និង​ផ្ញើ​សារ​ទៅ​លោក​ឧកញ៉ា ជា លាងហុង តាមរយៈ​លេខ​ទូរស័ព្ទ​ដើម្បី​សុំ​អត្ថាធិប្បាយ តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​នោះ​ទេ​។

ភ្នំពេញ ប៉ុស្តិ៍ ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​របស់​លោក​ឧកញ៉ា នៅ​តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ដដែល​។

ផ្ទៃដី​ទំហំ ១ ០៥៣ ហិកតា​នៃ​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បង្កើត​ជា​តំបន់​សហគមន៍​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០០៩ សម្រាប់​បម្រើ​ឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​សហគមន៍​ដែល​រួមមាន​លំនៅឋាន និង​ដីស្រែ​ចម្ការ​ជាដើម​។

អនុក្រឹត្យ​បាន​សរសេរ​ថា ​រាល់​ការ​ចេញ​ប័ណ្ណ​សម្គាល់​ការ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ជា​កម្មសិទ្ធិ ឬ​ការ​អនុញ្ញាត​ឲ្យ​​ប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​សហគមន៍​នេះ​ «​ត្រូវ​មាន​ការ​បញ្ជាក់​យល់​ព្រម​ជា​មុន​ពី​ក្រសួង​បរិស្ថាន​» ដោយ​អនុលោម​តាម​ច្បាប់​ភូមិបាល​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ដែល​ឃ្លាំមើល​ព្រៃកោងកាង​តំបន់​ឆ្នេរ​ទាំង​ ៤ ​ខេត្ត​បាន​សង្កេត​ឃើញ​ថា​បើ​ទោះបី​ជាមាន សជណ និង​ការ​បញ្ជា​ផ្ទាល់មាត់​ពី​ប្រមុខ​រដ្ឋាភិបាល​យ៉ាងណា​ក៏ដោយ ក៏​ការ​អនុវត្ត​របស់​អាជ្ញាធរ​មូលដ្ឋាន​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ដែល​បណ្តាល​ឲ្យ​ការ​រំលោភ​យក​ដី​តំបន់​ឆ្នេរ​ក៏​ដូចជា​ព្រៃកោងកាង​នៅ​តែ​បន្ត​កើត​មាន​។

លោក​ សុខុម ថ្លែង​ថា​៖ «​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ដែរ តែ​គ្មាន​ប្រសិទ្ធភាព ដោយសារ​តែ​បុគ្គល​ដែល​ទន្ទ្រាន​កាន់កាប់​ហ្នឹង​មាន​ខ្នង​ក្រាស់ និង​អ្នកធំ​ដែរ​។ យើង​ចង់​ឲ្យ​កុំ​គិត​ពី​អំណាច លុយ ខ្នង និង​បក្ខពួក តែ​សុំ​គិត​ពី​ច្បាប់​ជា​គោល ទើប​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​»​។

លោក ញៀប សំអឿន អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​បាន​អះអាង​ឲ្យ​ដឹង​ផង​ដែរ​លើ​ភាព​មិន​ប្រក្រតី​នេះ​ថា ព្រោះ​ប្រសិន​បើ​អ្នក​ទិញ​ដី​គ្មាន​ខ្នងបង្អែក​ធំ និង​មាន​ឥទ្ធិពល​ក៏​មិន​អាច​ទិញ​ដី​ក្នុង​តំបន់​សហគមន៍​ការពារ​នោះ​បាន​ដែរ​។

លោក សំអឿន បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​ការទិញ ការលក់​ហ្នឹង វា​ខុស​ទៅ​នឹង​ច្បាប់​ទាំងស្រុង​ហើយ​ព្រោះ​ដី​រដ្ឋ​។ សុំ​បញ្ឈប់​ការទិញ និង​លក់​ដី​របស់​រដ្ឋ​ជា​បន្ទាន់​»​។

លោក សំអឿន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ចម្ងាយ​ប្រមាណ​ជិត​ ១ ​គីឡូម៉ែត្រ​ពី​តំបន់​នោះ​ក៏​មាន​ដី​ដែល​គេ​កំពុង​ពុះ​ឡូត៍​ដាក់​លក់​ផងដែរ ដែល​ដី​ទាំងនោះ​ជា​ដី​អតីត​ព្រៃកោងកាង​ដែល​សឹក​រេចរឹល​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ស្ត្រី​ដែល​ជា​ភរិយា​របស់ លោក ឧកញ៉ា​ ជា លាងហុង បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ហើយ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក ឧកញ៉ា ពិត​ជា​បាន​ទិញ​ដី​នៅ​​តំបន់​នោះ​មែន​៕