ភ្នំពេញៈ ​សំណុំ​រឿង​អតីត​គ្រូប​ង្រៀន​ម្នាក់​ក្នុង​ចំ​ណោម​ពលរដ្ឋ​ ១០២ ​គ្រួសារ​ដែល​ផ្ដិត​មេដៃ​សុំ​ដី​តែត្រូ​វ​បាន​ប្ដឹង​ថា​ក្លែង​ឯក​សារ​នោះ​ត្រូវ​បាន​សាលា​​ឧទ្ធ​រណ៍ ​បើក​សវ​នា​ការ​នៅ​ថ្ងៃ​ ២២ ​កុម្ភៈនេះ​​​​​ បន្ទាប់ពី​​​ត្រូវ​តុលា​ការ​ថ្នាក់​ក្រោម​កាត់​ក្ដី​ឲ្យ​ជា​ពន្ធនាគា​រ ១​ ​ឆ្នាំ​កន្លះ​និង​ឲ្យ​សង​សំណង​ ១០​ លាន​រៀល​ទៅ​ដើម​បណ្ដឹង​ ។ ​

បុរស​ជន​ជាប់​ចោទ​ឈ្មោះ ​អ៊ឹង​ លី​ ​អាយុ​ ៥៤ ​ឆ្នាំ​ បាន​ឆ្លើយក្នុង​បន្ទប់​សវនាការ​ថា​ រឿង​ការដែល​​គាត់​ជាប់​ឃុំ​​ដល់​សព្វ​ថ្ងៃ​នេះ ​ដោយ​សារ​កាល​ពី​ឆ្នាំ​ ២​០​១​៦ ​មាន​អ្នក​ភូមិ​ ១០២​ គ្រួសារ​បាន​នាំ​គ្នាផ្តិ​ត​មេដៃ​សុំ​ដី​ពី​អាជ្ញាធរ​ខេត្ត​កំពត​ ដើម្បីកសាង​លំ​នៅ​ឋាន​ និង​ ដាំ​ដំ​ណាំ​ហើយ​គាត់​ក៏​ផ្តិត​មេ​ដៃ​នឹង​គេ​ដែរ​។​

ជន​ជាប់​ចោទ​​បន្ត​ថា ​ការ​ធ្វើ​លិខិត​ស្នើ​សុំ​ដី​នោះ​ក៏​ត្រូវ​មេភូមិ​ឈ្មោះ​​ ប្រាក់​​ នាគ​ ប្តឹង​លោក​ទៅ​សា​លា​ដំបូង​ខេត្ត​ ហើយ​តុលា​ការ​បាន​ចេញ​ដី​កា​នៅ​ថ្ងៃ​អាទិត្យ​ចាប់​ខ្លួន​លោក​តែ​ម្តង​។​

លោកបំភ្លឺ​ដល់​ចៅ​ក្រម​ពី​ម្សិលមិ​ញ​ថា​៖ ​«​អ្វី​ដែល​តុលាការ​ចេញ​ដី​កា​ឲ្យ​ចាប់​ខ្លួន​ខ្ញុំ​នេះ ​វា​ហាក់​ខុស​នីតិ​វិធី​ ព្រោះ​ចំថ្ងៃ​អាទិត្យ​ហើយ​ឲ្យ​ខ្ញុំ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​។​វា​រហ័ស​ពេក​យ៉ាង​ហោច​ក៏​ត្រូវ​ទុក​​ពេល​ឲ្យ​ខ្ញុំ​រៀប​ចំ​ឯក​សារ​ដើម្បី​ឡើង​តុលា​ការ​១​អាទិត្យ​មុន​ដែរ​»​។

​លោក​ មួង​ សុគន្ធ​ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​​បាន​សន្និ​ដ្ឋាន​ថា​ ករណី​នេះ​បើ​ពិនិត្យ​លើ​ឯក​សារ​និង​ចម្លើយ​របស់​កូនក្តី​លោក​ថា​ អក្សរ​​ដែល​សរ​សេរ​​លើ​ពាក្យ​ស្នើ​សុំ​ដី​នោះ​មិន​មែន​ជា​អក្សរ​របស់​គាត់​ទេ​​ តែ​គាត់​បាន​ផ្តិត​មេ​ដៃ​មែន​។​

ក្នុង​រឿង​ក្តី​នេះ​ត្រូវ​សា​លា​​ដំបូង​ខេត្ត​កំពត​​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ជន​ជាប់​ចោទ​១​ឆ្នាំ​កន្លះ​កាលថ្ងៃ​ទី ​៣១​ ខែ​តុលា ​​ឆ្នាំ​ ២​០​១​៧​​ និង​បង្គាប់​ឲ្យ​ស​ង​ការ​ខូចខាត​ដល់​មេភូមិ​ ១០ ​លាន​រៀល​។​

លោក​មេធាវី​ថ្លែង​ថា​៖​ «​ការ​បង្គាប់​ឲ្យកូ​នក្តី​លោក​សង​ការ​ខូច​ខាត​នេះ​ហាក់​មិន​សម​ហេតុ​ផល​។​ ព្រោះ​ដើម​បណ្តឹង​​គ្មាន​អ្វី​ខូច​ខាត​​ទេ​ គាត់​ប្តឹង​តែ​រឿង​ក្លែង​ឯកសារ​ប៉ុណ្ណោះ​»​។

ក្រោយ​ពី​ជំនុំ​ជម្រះ​ លោក​ ប៉ុល ​សំអឿន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​ថា​សា​លដី​កា​រឿងនេះ​នឹង​ប្រ​កាស​នៅ​ថ្ងៃ​ ២៨​ កុម្ភៈ​ ខាង​មុខ​ ៕