ភ្នំពេញៈ សភា​ព្រហ្មទណ្ឌ​សាលា​ឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​លើក​បណ្តឹង​ទាស់​បុរស​នីហ្សេរីយ៉ា​ម្នាក់​មក​ជម្រះ​រឿង​ជួញដូរ​មេ​តំហ្វេតាមីន​ ១០០,១ ​ក្រាម​បន្ទាប់ពី​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់គុក​ ៨ ​ឆ្នាំ​។

តាម​អង្គហេតុ​បាន​បង្ហាញ​ថា​បុរស​ជាប់​ចោទ​ឈ្មោះ​ IHENWE ODERAH FRANCIS ​អាយុ​ ៣២ ​ឆ្នាំ​ជា​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា​ដោយ​ពី​ថ្ងៃ​ទី​ ២២ ខែ​មករា​ឆ្នាំ ២០១៦ ​ត្រូវ​បាន​នារី​ខ្មែរ​ម្នាក់​ទូរស័ព្ទ​ឲ្យ​គាត់​យក​កញ្ចប់​គ្រឿងញៀន​ឲ្យ​ម៉ូយ​ដោយ​ឲ្យ​ ៥០ ​ដុល្លារ​។ ​ប៉ុន្តែ​នៅ​ពេល​បុរស​ជាប់​ចោទ​ទៅ​ដល់​ទីតាំង​ណាត់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង​។ ​បន្ទាប់មក​សមត្ថកិច្ច​ក៏​បន្ត​ឃាត់​ខ្លួន​បុរស​ជាតិ​នីហ្សេរីយ៉ា​ ២ ​នាក់​ និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​ផង​ដែរ​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ក្នុង​ឆ្នាំ​ ២០១៦ ដាក់​ពន្ធនាគារ​ ៨ ​ឆ្នាំ​ និង​ពិន័យ​ ៤០ ​លាន​រៀល​។

ជន​ជាប់ចោទ​បាន​ឆ្លើយ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ថា​បាន​ជា​គាត់​ធ្វើ​បែប​នេះ​ព្រោះ​គាត់​ជួប​ការ​ខ្វះ​លុយ​បង់​ថ្លៃ​បន្ទប់​ជួល​ និង​ទិញ​អាហារ​ហូបចុក​។ លោក​​សូម​ឲ្យ​តុលាការ​បន្ថយ​ទោស​។

លោក​ព្រះរាជអាជ្ញា ឃុត សុភាង តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជន​ជាប់ចោទ​បាន​សារភាព តែ​សមត្ថកិច្ច​ចាប់​បាន​ជាក់ស្ដែង​។ ដូច្នេះ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ ខ្ញុំ​សូម​តម្កល់​សាលក្រម​ទុក​ជា​បាន​ការ​ដដែល​»​។

លោក តេង បូរ៉ា មេធាវី​ចាត់​តាំង​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​សន្និដ្ឋាន​ថា កូនក្តី​លោក​មាន​ការ​សោកស្តាយ​ និង​បាន​សារភាព​នៅ​គ្រប់​ដំណាក់កាល​។

លោក​ថ្លែង​ថា​៖ «​គាត់​សោកស្តាយ​ហើយ​គាត់​ប្រព្រឹត្ត​បែប​នេះ​ដោយសារ​តែ​គាត់​ជួប​បញ្ហា​ជីវភាព​។ សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​បន្ថយ​ទោស​ដល់​គាត់​នៅ​ត្រឹម​ ៤ ​ឆ្នាំ​បាន​ហើយ​»​។

ក្រោយ​ជំនុំជម្រះ​លោកស្រី​ចៅក្រម ទិត្យសុទ្ធី បូរ៉ាលក្ខណ៍ ថ្លែង​ថា​សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃ​ ២ មីនា ខាង​មុខ​៕