ភ្នំពេញៈ សាលា​​ឧទ្ធរណ៍​នៅ​ថ្ងៃទី ​៨ ម​ករា​នេះ​ បាន​ជំនុំ​ជម្រះ​​ជន​ជាប់​ចោទ​ប្រុស​ស្រី​ ២ ​នាក់​ពាក់​ព័ន្ធនឹ​ង​ការជួ​ញដូរ​គ្រឿងញៀន​​ជាង​ ១៥ ​ក្រាម​ប្រពឹត្ត​កាល​ពី​ឆ្នាំ​មុន​នៅ​ភ្នំពេញ​ ជា​សំណុំរឿងដែ​លតុ​លាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​​ដាក់​ពន្ធនា​គារ​ម្នាក់​ៗពី​២​ឆ្នាំ​ដល់​៣​ឆ្នាំ​។​

តាម​កំណត់​ហេតុ​នគរន​បាល​បុរស​ឈ្មោះ​ឆាយ ​លីហ៊ួ​ អាយុ​៣៤​ឆ្នាំ ​និង​ស្រ្តី​ឈ្មោះ​វង្ស​លីណា​ហៅ​ស្រី​តូច​​អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួ​នកាល​ពី​ថ្ងៃ​ទី ​១១ ​ខែ ​មករា​ ឆ្នាំ ​២​០​១​៧ ​​នៅ​ផ្ទះ​សំណាក់​នាគ​ ២ ​ក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​ ៧​មករា​ បន្ទាប់​ពី​ពួកគេ​ណាត់​ជួប​គ្នា​ដោះដូរ​គ្រឿង​ញៀន​នៅទីនោះ។​

បន្ទា​ប់​​ពី​ឃាត់​ខ្លួន​​សមត្ថកិច្ច​​ បាន​ដក​ហូត​ថ្នាំ​ញៀន​ពី​ឈ្មោះ​ឆាយ​ លីហ៊ួ​ បាន​ម្សៅ​​ក្រាម ​៥​​,​៧​២ ​ក្រាម​ និង​ឈ្មោះវ​ង្ស​ លី​ណា​ចំនួន​ ១០​,​៣៣ ​ក្រាម​ដែល​មាន​បរិមាណ​ធាតុ​សុទ្ធ​ ២៦,​៥៦​ ភាគរយ​និង​បានរកឃើញទឹក​នោម​អ្នកទាំងពីរ​មាន​សារធាតុ​​ញៀន​ផង​ដែរ​។​

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ប្រកាសផ្ដន្ទាទោសថ្ងៃ​ទី​ ២៨​ ខែ​​កក្កដា ​ឆ្នាំ​​​ ២​០​១​៧ ​ឲ្យឆាយ​ លី​ហ៊ួ​ ជាប់​ពន្ធនា​គារ ២​ ឆ្នាំ ​៦ ​ខែ​ ចោទបទ «ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​» ពិន័យ​ប្រាក់​ ៥ ​លាន​រៀល​ខណៈ​ឈ្មោះ​វង្ស​លី​ណា​ ដាក់​ពន្ធនា​គារ​៣​ឆ្នាំ​និង​ពិន័យ​ប្រាក់​ ៧ ​លាន​រៀល​ចូលថវិការដ្ឋ​។

ប៉ុន្តែ​ជន​ជាប់​ចោទ​ឆាយ​ លីហ៊ួ​ ឆ្លើយក្នុង​សវនាការ​ពី​ម្សិលមិញ​ថា​ គាត់​មិន​បាន​ជួញដូរ​គ្រឿងញៀន​ទេ​តែថាគាត់​ត្រូវមិត្ត​ភក្ដិហៅទៅ​ជក់​ទេ​។​ ឯ​ឈ្មោះ​វង្ស ​លីណា​​ ថា​នាង​ប្រើប្រាស់​ថ្នាំ​ញៀន​៣​ឆ្នាំ​ហើយថា​​ថ្ងៃ​ឃាត់​​ខ្លួន​នោះ​គឺ​គាត់​​​ទៅ​ទិញ​ថ្នាំ​ញៀន​។​

ទោះ​យ៉ាង​ណា​ លីណា បានសារភាពពីការជក់​និងបាន​អង្វរចៅក្រម​ឲ្យ​​បន្ថយ​ទោស​ខណៈថានាង​​មាន​​កូន​​៤​នាក់​ដែល​​កំពុងផ្ញើ​ម្តាយ​ក្មេក​​។​

លោក​ ឆាយ ​វិបុល ​មេធាវី​ចាត់តាំង​​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ថា​ កូនក្តី​លោក​ បាន​បដិសេធ​តាំង​ពី​ដំណាក់​កាល​ដំបូង​​ព្រោះ​គាត់​ថា​ គាត់​គ្រាន់​តែ​ប្រើប្រាស់​ថ្នាំ​ញៀន​ទេ​។​ ឯ​កូនក្តី​លោក​​ម្នាក់​ទៀត​គាត់​មាន​កូន​ដល់​ទៅ​៤​នាក់ ដូច្នេះ​សូម​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​បន្ថយ​ទោស​ដល់​ពួកគេ​តាម​ការ​ស្នើ​សុំ​របស់​គាត់​ផង​។

ក្រោយ​​ជំនុំ​ជម្រះ​​លោក​ចៅក្រម​ប្លង់ ​សំណាង​ ប្រធាន​​ក្រុម​ប្រឹក្សាជំនុំ​​ជម្រះ​ ថ្លែង​ថា​ សាលដីកា​រឿង​នេះ​​ប្រកាស​​នៅថ្ងៃ​​ទី​ ២២​ មករា​ខាង​មុខ​៕