ភ្នំពេញៈ ​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស ២ ​នាក់​ប្តី​ប្រពន្ធ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ ៨ ​ឆ្នាំ​ និង​ ៦ ​ឆ្នាំ​ដដែល ពាក់ព័ន្ធ​បទ​ចោទ​ជួញដូរ​គ្រឿងញៀន​យ៉ាម៉ា​ចំនួន ៥២៤ គ្រាប់ និង​ម៉ា​ទឹកកក​ចំនួន​ ៣៣ ​កញ្ចប់​នៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​កាលពី​ឆ្នាំ​ ២០១៦​។

លោក យន់ ណារ៉ុង ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​កំបាំង​មុខ​ជន​ជាប់ចោទ​ទាំង​ ២ ​នាក់​ថា​ឈ្មោះ សៅ សុខណា និង​ប្តី​ឈ្មោះ សុយ ប៉ូឡូញ ត្រូវ​បាន​ជំនុំជម្រះ​ពាក់ព័ន្ធ​បទ​ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​ ២២ មករា​ហើយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ថា​តម្កល់​សាលក្រម​នៅ​ដដែល និង​បន្ត​ឃុំ​ខ្លួន​ជន​ជាប់ចោទ​បន្ត​ទៀត​។

តាម​កំណត់​ហេតុ​នគរបាល​បង្ហាញ​ថា​ក្នុង​អំឡុង​ខែ​មិថុនា និង​ខែ​កក្កដា​ឆ្នាំ ២០១៦ ស្ត្រី​ជាប់​ចោទ​ សៅ សុខណា អាយុ ៤៨ ឆ្នាំ​បាន​ទិញ​ថ្នាំញៀន​ពី​ស្ត្រី​ឈ្មោះ គុជ វលក្ខណ៍ ដើម្បី​យក​ទៅ​ចែកចាយ​បន្ត​ និង​លើក​ចុងក្រោយ​ក្នុង​អំឡុង​ខែ​សីហា​ឆ្នាំ​ដដែល​ស្ត្រី​ជាប់ចោទ​ត្រូវ​នគរបាល​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង​ឃាត់​ខ្លួន​។

កំណត់​ហេតុ​បង្ហាញ​បន្ត​ថា​បន្ទាប់ពី​ឃាត់​ខ្លួន​សមត្ថកិច្ច​បាន​ទៅ​ឆែកឆេរ​នៅ​ផ្ទះ​ស្ត្រី​ជាប់ចោទ​ក្នុង​ភូមិ-ឃុំ​ខាង​លើ​ក៏​រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៥២៤ ​គ្រាប់​លាក់​ទុក​ក្នុង​ទូ និង​កញ្ឆា​ក្រៀម​មួយ​ចំនួន​ទៀត​ហើយ​នគរបាល​ក៏​ឃាត់​ខ្លួន​ប្តី​ឈ្មោះ សុយ ប៉ូឡូញ អាយុ ៤៩ ឆ្នាំ​ដែល​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​កោះកុង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០១៧ សម្រេច​ផ្តន្ទាទោស​ស្ត្រី​ជាប់ចោទ​ដាក់​ពន្ធនាគារ​ ៨ ​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០ ​លាន​រៀល រីឯ​ប្តី​ដាក់​ពន្ធនាគារ​ ៦ ​ឆ្នាំ​ និង​ពិន័យ​ប្រាក់​ ១០ ​លាន​រៀល​ចោទ​ពី​បទ​ «​ជួញដូរ​ និង​រក្សា​ទុក​គ្រឿងញៀន​ខុស​ច្បាប់​» ​តាម​បញ្ញត្តិ​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿង ញៀន​៕