ភ្នំពេញៈសាលាឧទ្ធរណ៍នៅថ្ងៃទី ៦ ខែកុម្ភៈនេះ បានបើកសវនាការជំនុំជម្រះស្រ្តីជាប់ចោទម្នាក់ទាក់ទងនឹងការលក់កូនស្រ្តីអាយុក្រោម ១៥ ឆ្នាំឲ្យរួមភេទជាមួយជនបរទេស ប្រព្រឹត្តកាលពីឆ្នាំ ២០១០ ហើយត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ។
តាមរបាយការណ៍នគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបង្ហាញថា ស្រ្តីជាប់ចោទឈ្មោះចាន់ផល្លីអាយុ ៤៤ ឆ្នាំរស់នៅសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញបានទាក់ទងជាមួយជនជាតិអាមេរិកាំងម្នាក់និងបានលក់កូនស្រីខ្លួនឈ្មោះច.ម.លឲ្យទៅរួមភេទជាមួយបុរសនោះ។
ប៉ុន្តែបន្ទាប់ពីធ្វើសកម្មភាពបានប៉ុន្មានដងមកគឺនៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០១០ ក៏ត្រូវនគរបាលឃាត់ខ្លួនបានទាំងបុរសបរទេស និងក្មេងរងគ្រោះ។
ទោះយ៉ាងណា នៅក្នុងបន្ទប់សវនាការនៅថ្ងៃនេះស្រ្តីជាប់ចោទបានទទួលកំហុស និងសុំតុលាការបន្ថយទោស ខណៈមេធាវីការពារគាត់ក៏សន្និដ្ឋានដូចគ្នា៕