ភ្នំពេញៈ ប្រទេស ៤៥ នៅលើពិភពលោក បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាមួយថ្កោលទោសប្រទេសកម្ពុជា នៅថ្ងៃទី ២១ ខែមីនានេះ ស្តីពីបញ្ហាសិទ្ធិមនុស្ស ក្នុងសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ខណៈតំណាងកម្ពុជា យល់ថាពួកគេកំពុង «ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» របស់ខ្លួនហើយថា «មិនមានភាពស្មោះត្រង់»។
ក្នុងសេចក្តីថ្លែងការណ៍ដែលអានដោយតំណាងប្រទេសញូវហ្សេឡែន តំណាងឲ្យប្រទេស ៤៥ នោះ បានលើកឡើងពីការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ក៏ដូចជាការកាត់បន្ថយនូវសិទ្ធិសេរីភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិលទូទាំងប្រទេសកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍ សរសេរថា ៖ «ដោយសារយើងជិតដល់ពេលបោះឆ្នោតសកលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំនេះ អ្វីដែលយើងមានសុទិដ្ឋិនិយមកាលពីមុនមក គឺត្រូវបានជំនួសដោយការព្រួយបារម្ភដ៏ខ្លាំងអំពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះនូវសិទ្ធិស៊ីវិលនិងនយោបាយក្នុងប្រទេសកម្ពុជា»។
ក្រុមប្រទេសទាំងនេះ មើលឃើញថា ដំណើរការបោះឆ្នោតដែល បានកាត់ផ្តាច់បក្សប្រឆាំងទៅហើយនោះ «មិនអាចចាត់ទុកថាមានភាពស្របច្បាប់នោះទេ»។
ប្រទេសទាំង ៤៤ ទៀត រួមបញ្ចូលទាំងប្រទេសកាណាដា ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសហូឡង់ ប្រទេសស៊ុយអែត សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម។ មិនមានប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ បានចូលរួមក្នុងការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្ពុជានោះទេ។
ទោះបីយ៉ាងណា លោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានរិះគន់នូវសេចក្តីថ្លែងការណ៍នោះ និងថាជារឿង «អយុត្តិធម៌» នៅកម្ពុជាព្រោះក្រុមប្រទេសទាំងនោះ បានប៉ុនប៉ងខុសបែបបទរៀបចំឲ្យមានការពិភាក្សាអន្តរកិច្ចប្រជុំទាក់ទិននឹងកម្ពុជា មុនកិច្ចប្រជុំទៀងទាត់មួយក្នុងខែមិថុនា ។
នេះក៏ដោយសារថា កម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតជាតិ នៅខែកក្កដា ខាងមុខនេះ ហើយក្រុមប្រទេសទាំងនេះ ត្រូវបានលោកឯកអគ្គរាជទូត ឆ្លើយតបថា «ចង់ឲ្យមានការផ្លាស់ប្តូរររបប» ដោយសារពួកគេមានមនុស្សដែលគេសន្មតទុកថាជាអ្នកឈ្នះមុនទៅហើយ។
លោកបន្តថា ៖ «ពួកគេគ្មានការអៀនខ្មាសក្នុងការជ្រៀតជ្រែកកិច្ចចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ» ៕