ភ្នំពេញៈ គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) នៅ​ព្រឹក​មិញ​នេះ បានរៀបចំ​ពិធី​ចាប់ឆ្នោត​យក​លេខ​រៀង​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​លេខ​រៀង​ទី ១ ខណៈ​គណបក្ស​មួយ​ចំ​នួន​ទៀតដូច​ជា​ គណបក្ស​យុវជន​កម្ពុជា​ទទួលបាន​លេខ​ទី ២, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន​លេខ​រៀង​ទី ៣ និង ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​លេខ​រៀង​ទី ៤។

លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​ គ.ជ.ប បាន​ថ្លែងថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភាមាន​ ៦២ អាសនៈ សម្រាប់​អាណត្តិ​ទី ៤ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​នេះ​មាន​ចំនួន៤គណបក្ស​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

លោក​បន្តថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ខុសពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។

ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា មាន​អង្គ​បោះឆ្នោត​តែ​តំណាងរាស្ត្រ​ក្នុង​តំណែង ១២៣រូប និង​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុង​តំណែង ១១,៥៧២ គឺ​ការបោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា​មិនមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ​នោះឡើយ៕