ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ (GDP) ​ដែល​ជា​បក្ស​មាន​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ជា​​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ពី​ម្សិលមិញ​បាន​ចេញ​ផ្សាយ​គោលនយោបាយ​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច ខណៈ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។

គណបក្ស​ដែល​កើត​ចេញ​ពី​បញ្ញវន្ត​មួយ​ក្រុម​ដែល​មាន​ប្រភព​ពី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា​ខ្លួន​បាន​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន​ ៥ ​រួម​មាន សេដ្ឋកិច្ច និង​ការងារ សិក្សាធិការ និង​យុវជន សុខាភិបាល សង្គមកិច្ច ព្រម​ទាំង​សេវា​សាធារណៈ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​ជាដើម​។

យោង​តាម​គោលនយោបាយ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​លោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក និង​សហស្ថាបនិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បង្ហាញ​ពី​គោលនយោបាយ​អាទិភាព​ចំនួន​ ៥ ​ចំណុច​ដែល​ខ្លួន​នឹង​យក​ទៅ​ធ្វើ​ជា​គោលនយោបាយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នា​ពេល​ខាង​មុខ​។

វិស័យ​ទី​ ១ គណបក្ស​នេះ​អះអាង​ថា​ផ្តោត​ជា​សំខាន់​លើ​សេដ្ឋកិច្ច និង​ការងារ​ដោយ​សន្យា​បញ្ចេញ​អ្នក​ជំនាញ​ចំនួន​ ៥ ​ពាន់​នាក់​ដើម្បី​បម្រើ​ឲ្យ​កសិករ​ឲ្យ​ទទួល​បាន​ទឹក ទុន ទីផ្សារ​និង បច្ចេកទេស​កសិកម្ម​ជាដើម ជាពិសេស​ការ​ទទួល​បាន​ទុន​ដែល​មាន​ការ​ប្រាក់​ទាប​ចំនួន ៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ពី​រដ្ឋ​ដើម្បី​ជំរុញ​ផលិតផល​ក្នុង​ស្រុក​។

ចំណែក​វិស័យ​សិក្សាធិការ GDP អះអាង​ថា​ខ្លួន​នឹង​ឧបត្ថម្ភ​នូវ​ប្រាក់កម្ចី​ចំនួន​ ៥ ​លាន​រៀល​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ដល់​យុវជន​សម្រាប់​យក​ទៅ​បន្ត​ការ​សិក្សា​គ្រប់​ជំនាញ​ និង​គ្រប់​កម្រិត​ព្រម​ទាំង​រៀបចំ​ឲ្យ​មាន​សាលា​មត្តេយ្យ​យ៉ាង​តិច​ ១ ​ម៉ឺន​ភូមិ​នៅ​ទូទាំង​ប្រទេស​។ ឯ​វិស័យ​សុខាភិបាល​បក្ស​នេះ​អះអាង​ថា​នឹង​រៀបចំ​ប្រព័ន្ធ​ធានា​រ៉ាប់រង​ការ​ព្យាបាល​ និង​ថែទាំ​សុខភាព​ជា​សកល​សម្រាប់​ខ្មែរ​គ្រប់​រូប​ដោយ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៨ ​ឆ្នាំ​ទៅ​ ៦៥ ​ឆ្នាំ​បង់​តែ​ ៥០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ​។

ក្រៅពី​វិស័យ​ទាំង​នេះ​គណបក្ស​នេះ​បាន​ឲ្យ​តម្លៃ​លើ​វិស័យ​សង្គមកិច្ច​ដោយ ផ្តោត​ជា​សំខាន់​លើ​ស្ត្រី​ជន​ចាស់​ជរា និង​កម្មករ កម្មការិនី​ជាដើម​។

GDP បន្ថែម​ថា​ស្ត្រី​សម្រាល​កូន​ ១ ​ដង​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​នូវ​ទឹកប្រាក់​ ៥ ​សែន​រៀល​។ ជន​ចាស់​ជរា​ដែល​មាន​អាយុ​ចាប់ពី​ ៦៥ ​ឆ្នាំ​ឡើង​ទៅ​ក៏​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​ចំនួន​ ១៥ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ ខណៈ​កម្មករ កម្មាការិនី​នៅ​ពេល​គ្មាន​ការងារ​ធ្វើ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​ចំនួន​ ៥០ ​ភាគរយ​នៃ​ប្រាក់​ខែ​ក្នុង​រយៈពេល​ ៥ ​ខែ​។ ចំពោះ​វិស័យ​អាទិភាព​ទី​ ៥ ដែល​ជា​វិស័យ​ចុងក្រោយ​ GDP ផ្តោត​លើ​ «​សេវា​សាធារណៈ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​» ដោយ​ប្រើប្រាស់​នូវ​ពាក្យ​ស្លោក​ថា​ «​តំណាងរាស្ត្រ​ល្អ មន្ត្រី​ល្អ ពលរដ្ឋ​សកម្ម​»​ ជាដើម​។

លោក​ យ៉ង សាំងកុមារ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា៖ «​យើង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​គោលនយោបាយ​ល្អ​នូវ​វិស័យ​សំខាន់ៗ​ចំនួន​ ៥ សម្រាប់​ផលប្រយោជន៍​ប្រជាជន​គ្រប់​រូប​។ ការ​ធ្វើ​នយោបាយ​ត្រូវ​មាន​គុណ​តម្លៃ គោលការណ៍ និង​គោលនយោបាយ​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ​។ ​ការ​ធ្វើ​នយោបាយ​គ្រាន់​តែ​ដើម្បី​តែ​ផ្តួល​បុគ្គល​មួយ​ក្រុម​ជំនួស​ដោយ​បុគ្គល​មួយ​ក្រុម​ទៀត​ទុក​ជា​រឿង​អតីតកាល​»​។

លោក សាម អ៊ីន អគ្គលេខាធិការ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថ្លែង​ថា​គណបក្ស​របស់​លោក​បាន​ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​មុន​គេ បើ​ទោះបី​ជា​មិន​ទាន់​ដល់​រដូវកាល​ឃោសនា​បោះឆ្នោត​ជាតិ​យ៉ាង​ណា​ក្ដី​។

លោក​ថ្លែង​៖ «​យើង​គិត​ថា​វា​ជា​ពេលវេលា​ដែល​ល្អ​សម្រាប់​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​លោក​បាន​ដឹង​លោក​បាន​ស្គាល់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​គណបក្ស​មួយ​ដែល​ថ្មី​បើ​ប្រៀបធៀប​នឹង​គណបក្ស​ដទៃ អ៊ីចឹង​ហើយ​ប្រជាពលរដ្ឋ​លោក​មិន​ទាន់​បាន​ដឹង​មិន​ទាន់​បាន​ស្គាល់​ច្រើន អ៊ិចឹង​ហើយ​យើង​គិត​ថា​យើង​គួរ​តែ​ចាប់ផ្តើម​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​បាន​ស្គាល់​អំពី​គោលនយោបាយ​របស់​យើង​»​។

លោក​ថា​ពី​វិស័យ​ទី​ ១ ​ដល់​ទី​ ៥ ត្រូវការ​ថវិកា​ជាតិ​តែ​ ២៥ ​ភាគរយ​ប៉ុណ្ណោះ​ខណៈ​ថវិកា​ជាតិ​របស់​រដ្ឋ​បច្ចុប្បន្ន​មាន​ជាង​ ៦ ​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ លោក​ថ្លែង​ថា​៖ «​តាមពិត​គោលនយោបាយ​របស់​យើង យើង​បាន​សិក្សា​ស្វែង​យល់​ពី​តម្រូវការ​ជាក់ស្ដែង និង​ថវិកា​ជាតិ​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​មាន​ប្រមាណ​ ៦ ​ពាន់​លាន​ជាង​សម្រាប់​ឆ្នាំ​ ២០១៨ ​នេះ អ៊ីចឹង​យើង​គិត​ថា ការ​វាយ​តម្លៃ​របស់​យើង​ថវិកា​ដែល​យើង​យក​ទៅ​ប្រើប្រាស់​នឹង​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ជាក់ស្តែង​»​។

លោក​ថា​ដើម្បី​ធ្វើឲ្យ​គោលនយោបាយ​មាន​ប្រសិទ្ធភាព​គឺ​កាត់​ការ​ចំណាយ​ដែល​លោក​ថា​ «​មិន​ចាំបាច់​» ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ​ដោយ​លើក​ឧទាហរណ៍​មួយ​រឿង​វិស័យ​ការពារ​ជាតិ ការ​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​តាម​ព្រំដែន​ដែល​ត្រូវការ​ចំណាយ​ទៅ​លើ​ការ​ទិញ​សម្ភារ​ភ័ស្តុភារ​ជាដើម ដែល​ជា​ចំណែក​នៃ​ការ​ចាយវាយ ​«​ខ្ជះខ្ជាយ​» ​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​។

លោក​ថ្លែង​ថា​៖ «​តាម​ការ​សិក្សា​របស់​យើង យើង​អាច​មាន​លទ្ធភាព​កាត់​បន្ថយ​ច្រើន​ពី​ការងារ​ការ​ចាយ​លុយ​ខ្ជះខ្ជាយ​លើ​វិស័យ​ការពារ​ជាតិ ការ​ចាយ​លុយ​ខ្ជះខ្ជាយ​លើ​វិស័យ​​សនិ្តសុខ​ជាតិ​របស់​ក្រសួង​មហាផ្ទៃ​ជាដើម​យើង​អាច​រក​វិធីសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​រឿង​មិន​ចាំបាច់​មួយ​ចំនួន​ដើម្បី​យក​ថវិកា​មក​ដាក់​លើ​វិស័យ​អាទិភាព​ទាំង​ ៥ ចំណុច​»​។

លោក​ថ្លែង​ថា​៖ «​ធម្មតា​យើង​ធ្វើអ្វី​មួយ​យើង​ត្រូវមាន​គោលដៅ​របស់​យើង អ៊ីចឹង​ក្នុង​ការ​សម្រេច​គោលដៅ​នឹង​យើង​មិន​អាច​សម្រេច​បាន​ក្នុង​ពេល​ ១ ​ឆ្នាំ ២ ​ឆ្នាំ ឬ ​៣​ ​ឆ្នាំ​ទេ​សំខាន់​គឺ​យើង​មាន​គោលដៅ​មួយ​ច្បាស់លាស់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​គោលដៅ​ហ្នឹង​។ បើ​យើង​និយាយ​ពី​ការ​កសាង​ស្ដង់ដារ​មន្ទីរពេទ្យ​មួយ​ដែល​ល្អ​យើង​សង្កេត​ឃើញ​មន្ទីរពេទ្យ​គន្ធបុប្ផា​អ៊ីចឹង​ហើយ​កាលណា​យើង​អាច​មាន​គំរូ​មួយ​ច្បាស់លាស់ យើង​ដាក់​ទិសដៅ​ក្នុង​ការ​អនុវត្ត​កែប្រែ​គុណភាព​វិស័យ​សុខាភិបាល​ជាពិសេស​រឿង​មន្ទីរពេទ្យ យើង​ជឿ​ថា​យើង​អាច​ធ្វើ​បាន​។ ​ជាទូទៅ​ទស្សនវិស័យ​មួយៗ​ត្រូវការ​ពេលវេលា​ ១០ ​ឬ​ ២០ ​ឆ្នាំ​»​។

លោក​បន្ថែម​ថា​គណបក្ស​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ហើយ​នឹង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​មណ្ឌល​ទាំងអស់​ទូទាំង​ប្រទេស​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ឆ្នាំ​នេះ​។ លោក​ថា​៖ «​ធម្មតា​យើង​បង្កើត​គណបក្ស​គឺ​យើង​មាន​ក្ដីប្រាថ្នា​ធំ​យើង​ចង់​ចូលរួម​ប្រកួត​ប្រជែង​ហើយ​យើង​ចង់​ក្លាយ​ជា​គណបក្ស​មួយ​ដែល​អាច​ដឹកនាំ​រដ្ឋាភិបាល​បាន​នេះ​ជា​ក្ដីស្រមៃ​របស់​យើង​។ យើង​ជឿជាក់​ថា​យើង​ឈ្នះ​»​។

លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​គណបក្ស​របស់​លោក​ស្វាគមន៍​គ្រប់​គណបក្ស​នយោបាយ​សម្រាប់​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​ហើយ​បក្ស​របស់​លោក​នឹង​ធ្វើ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​ចំនួន​បី​ថ្ងៃ​គឺ​ពី​ថ្ងៃ​ ១៩ ដល់​ ២១ ​មករា​ដើម្បី​កែ​សម្រួល​គោល​នយោបាយ​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ហើយ​ថា​ការ​ប្រកាស​គោលនយោបាយ​ GDP ​ជា​ «​សិទ្ធិ​» ​របស់​គេ​ក្នុង​របប​ប្រជាធិបតយ្យ​។

លោក​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​យើង​ត្រៀម​ឆ្ពោះ​ទៅ​រក​មហាសន្និបាត វា​មិន​ទាន់​ហួសពេល​ទេ​។ អត់​បញ្ហា​ព្រោះ​យើង​មាន​កម្មវិធី​គោលនយោបាយ​ស្រាប់​ហើយ​ជា​គោល​រួច​ហើយ​គ្រាន់​តែ​កែសម្រួល​ឲ្យ​វា​ស្រប​តាម​សភាពការណ៍​ថ្មី​ប៉ុណ្ណោះ​»​។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ និយាយ​ថា​គណបក្ស​ទាំងអស់​នោះ​លើក​លែង​តែ​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច​ហ្នឹង​គឺ​អត់​បាន​ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទេ ដូច្នេះ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​មិន​ប្រាកដ​ថា​អាច​ទទួល​បាន​កៅអី​រដ្ឋសភា​ដែរ​។

លោក​ថា​ការ​បោះឆ្នោត​ខាង​មុខ​នឹង​មិន​អាច​មាន​ភាព​សេរី និង​យុត្តិធម៌​បាន​ទេ ហើយ​ថា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​អាច​នឹង​មិន​ទៅ​បោះឆ្នោត​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​បើ​សិន​ជា​ខ្ញុំ​ជា​បេក្ខជន​នៃ​គណបក្ស​ណា​មួយ​ហើយ​ដោយសារ​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ ខ្ញុំ​ថា​ក្នុង​កាលៈទេសៈ​បែប​នេះ​ហើយ​បន្ត​ទៅ​មុខ​ទៀត​ការ​បោះឆ្នោត​នឹង​មិន​សេរី និង​យុត្តិធម៌​ទេ​។ ដូច្នេះ​ខ្ញុំ​ពិបាក​ចូលរួម​នឹង​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នោះ​ហើយ​»៕