Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - UN បារម្ភ​ដល់​ការ​បោះឆ្នោត​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

Content image - Phnom Penh Post
លោកស្រី រ៉ូណា ស្មីត ផ្ដល់​បទសម្ភាស​នាពេល​កន្លង​មក​។ ភ្នំពេញ ប៉ុស្ដិ៍

UN បារម្ភ​ដល់​ការ​បោះឆ្នោត​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ភ្នំពេញ: អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរការ​ឈាន​ទៅ​រក​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដំណើរការ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នឹង​ធ្វើឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​យ៉ាប់​ឡើង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សិទិ្ធ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ពី​ទីក្រុង​ហ្សឺណែវ​បាន​ថ្លែង​ថា​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ជាមួយ​នឹង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ និង​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោកស្រី ស្មីត ថ្លែង​ថា​៖ «​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នឹង​ប៉ះពាល់​ដល់​សំឡេង​ និង​ការ​ជ្រើសរើស​របស់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​បង្ក​ឲ្យ​ទៅ​ជា​កង្វល់​យ៉ាង​ខ្លាំង​អំពី​ភាព​ជា​តំណាង​របស់​រដ្ឋាភិបាល​។ ខ្ញុំ​មាន​កង្វល់​ផង​ដែរ​ថា​រដ្ឋាភិបាល​កំពុង​ធ្វើ​រឿង​នេះ​ដោយ​លើក​ហេតុផល​សំអាង​ពី​នីតិរដ្ឋ​»​។

លោកស្រី ស្មីត ថ្លែង​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បន្ថែម​ទៀត​ដែល​ដាក់​ស្នើ​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា​សម្រាប់​កិច្ចពិភាក្សា​នៅ​សប្ដាហ៍​នេះ​មាន​បរិយាយ​អំពី​រូបមន្ត​សម្រាប់​បែងចែក​ឡើង​វិញ​នូវ​អាសនៈ​របស់​គណបក្ស​មួយ​ដែល​ត្រូវ​បាន​រំលាយ​ឲ្យ​គណបក្ស​ដទៃ​ទៀត​។

លោកស្រី​ថ្លែង​ថា​៖ «​បើ​សិន​ជា​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ​វា​នឹង​ចោទ​ជា​ចម្ងល់​យ៉ាង​ខ្លាំង​អំពី​ភាព​ជា​តំណាង​នយោបាយ​របស់​ប្រជាជន​កម្ពុជា​មួយ​ផ្នែក​ធំ​»​។

រីឯ​ការ​ប្រកាស​របស់​ស្ថានទូត​អូស្ត្រាលី​ចេញ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា ស្ថានទូត​មាន​ការ​​ប្ដេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បាន​បង្ហាញ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​វិវត្ត​នយោបាយ​នាពេល​ថ្មីៗ​នេះ ហើយ​សកម្មភាព​ថ្មី​បំផុត​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​​បារម្ភ​ជា​បន្ត​ទៀត​។

ការ​ប្រកាស​របស់​ស្ថានទូត​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ឈាន​ទៅ​រក​ការ​លុបចោល​គណបក្ស​ប្រឆាំង​ធំ​ចម្បង​នឹង​ក្លាយ​ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​ការ​ទទួល​បាន​ការ​បោះឆ្នោត​ជាតិ​ដែល​​យុត្តិធម៌ និង​មាន​តម្លាភាព​នា​ខែ​កក្កដា​ឆ្នាំ​ ២០១៨ ​ខាង​មុខ​»​។

ការ​ព្រួយបារម្ភ​របស់​ស្ថានទូត​អូស្ត្រាលី​ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ឡើង​ ខណៈ​ពេល​ដែល​​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ដែល​មាន​តែ​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ពិភាក្សា​បិទ​ទ្វារ​ទៅ​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ ​ដែល​ទាក់ទង​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​ដទៃ​។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា​បាន​អះអាង​កាលពី​ម្សិលមិញ​ថា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បាន​និង​កំពុង​​ពិនិត្យ និង​សិក្សា​ទៅ​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ទាំង​ ៤ ​រួច​ហើយ​។

សេចក្តី​ស្នើសុំ​វិសោធនកម្ម​ច្បាប់​ទាំង ៤ គឺ : ១- ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ២- ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា ៣- ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ៤- ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​។

លោក សុខ ឥសាន សមាជិក​រដ្ឋសភា​មកពី​បក្ស​ប្រជាជន​បាន​អះអាង​កាលពី​ម្សិលមិញ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ព្រាង​ច្បាប់​ណា​មួយ​ទេ​ដរាប​ណា​រដ្ឋសភា​មិន​ទាន់​អនុម័ត​។ លោក​បាន​ថ្លែង​ថា​ច្បាប់​ទាំង​ ៤​ ​នេះ​នឹង​​ត្រូវ​ពិភាក្សា និង​អនុម័ត​នៅ​សប្តាហ៍​ក្រោយ​។

លោក ឥសាន ថ្លែង​ថា​៖ «​គណបក្ស​ប្រជាជន​ខ្ពើម​យក​និយាយ​រួម​អាសនៈ​ណា​ក៏ដោយ​គណបក្ស​ប្រជាជន​មិន​យក​ទេ​ក្រៅ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​​គាំទ្រ​គណបក្ស​ប្រជាជន​គឺ​គណបក្ស​ប្រជាជន​មិន​យក​ទេ​»​។

យោង​តាម​ខ្លឹមសារ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​បាន​បង្ហាញ​ពី​​រូបមន្ត​នៃ​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​បាន​​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​រូបមន្ត​ទាំង​នោះ​ត្រូវ​បាន​បែក​ចែក​តាម​តំណាក់កាល​នីមួយៗ​នៅពេល​ដែល​គណបក្ស​ណា​មួយ​បដិសេធ​មិន​ទទួល​យក​អាសនៈ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ក្រុម​សន្តិសុខ​ប្រចាំ​រដ្ឋសភា​បាន​បដិសេធ​មិន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ចូល​ទៅ​ក្នុង​រដ្ឋសភា​នោះ​ទេ តែ​បាន​អះអាង​ថា​កាលពី​ម្សិលមិញ​ពិត​ជា​មាន​កិច្ចប្រជុំ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​រដ្ឋសភា​។

លោក គីម សួរភិរិទ្ធ សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​រដ្ឋសភា​បាន​កោះ​ហៅ​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូលរួម​ប្រជុំ​នៅ​វេលា​ម៉ោង​ ២ ស្ដីពី​ការ​ស្នើ​វិសោធកមុ្ម​ច្បាប់​ដែល​បាន​ស្នើ​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​ចូលរួម​ការ​កោះ​ប្រជុំ​នេះ​យើង​ទៅ​លុះ​ណា​តែ​យើង​អាច​រារាំង​ ឬ​ទប់ស្កាត់​កុំ​ឲ្យ​គេ​ធ្វើ​អី​បាន​។ ​ខ្ញុំ​គិត​ទៅ​ក៏​មិន​មាន​ប្រយោជន៍​អី​ដែរ​ពីព្រោះ​ខ្ញុំ​មិន​អាច​ទប់ស្កាត់​គេ​​បាន​ទេ​។ បើ​គេ​សម្រេច​អ៊ីចឹង​ហើយ​ឲ្យ​គេ​ធ្វើ​ទៅ យើង​មិន​ទៅ​ជួយ​សំលៀងកាំបិត​ទេ​»​។

លោក យ៉ង់ សុធារ៉ា អ្នក​ច្បាប់​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ Comfrel កន្លែង​នេះ​មាន​ន័យ​ថា បើ​សិន​នៅ​ក្នុង​ឃុំ​ ឬ​សង្កាត់​មួយ​មាន​បក្ស​តែ​ពីរ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​កាល​បោះឆ្នោត​ឃុំ​សង្កាត់​ ២០១៧ ​កន្លង​ទៅ​ហើយ​បក្ស​ទាំង​ពីរ​ទទួល​បាន​អាសនៈ​ដូច​គ្នា​ដូច្នេះ​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​នោះ​គឺ​​យក​ទៅ​ឲ្យ​បក្ស​មួយ​ទៀត​។

ការ​ប្តឹង​ឲ្យ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ