ភ្នំពេញៈ របាយការណ៍មួយរបស់សហគមន៍ស៊ើបអង្កេត សហរដ្ឋអាមេរិក (The US Intelligent Community) ស្តីពីការគំរាមកំហែងនៅទូទាំងពិភពលោកបានសរសេរថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដាក់សម្ពាធដើម្បីឲ្យលោកអាចគ្រប់គ្រងអំណាចតទៅទៀតបាននៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ។
របាយការណ៍ដែលមានចំនួន ២៨ ទំព័រចេញដោយ The US Intelligent Community កាលពីថ្ងៃទី ១៣ ខែកុម្ភៈដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានសរសេរថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងងាយបាក់បែកនៅឆ្នាំ ២០១៨ នេះនៅស្របពេលដែលនិន្នាការទៅរកការគ្រប់គ្រងបែបផ្តាច់ការបានកើតឡើងនៅក្នុងរបបដឹកនាំមួយចំនួន ហើយអំពើពុករលួយយ៉ាងអនាធិបតេយ្យ និងបក្ខពួកនិយមនឹងធ្វើឲ្យខូចដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យ។
សម្រាប់តំបន់អាស៊ីអាគ្នេយ៍របាយការណ៍នេះបានលើកយកប្រទេសចំនួន ៤ រួមមានកម្ពុជា ភូមា ហ្វីលីពីន និងថៃ។ របាយការណ៍នេះលើកឡើងថាបញ្ហាជនអំបូររ៉ូហ៊ីងយ៉ានៅភូមានឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យធ្វើឲ្យមានហិង្សាជ្រុលនិយម និងបើកឲ្យមានការទទួលឥទ្ធិពលពីប្រទេសចិន។
របាយការណ៍នេះបានកត់សម្គាល់ថា លោក Duterte របស់ប្រទេសហ្វីលីពីននឹងបន្តយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយប្រកាសបង្កើតរដ្ឋាភិបាលបដិវត្តន៍ និងបង្កើតច្បាប់អាជ្ញាសឹក។ ចំណែកប្រទេសថៃវិញនឹងរៀបចំការបោះឆ្នោតមួយ ប៉ុន្តែរដ្ឋធម្មនុញ្ញថ្មីរបស់ថៃនឹងប្រើប្រាស់អំណាចយោធា។
សម្រាប់ប្រទេសកម្ពុជារបាយការណ៍បានសរសេរថា៖ «មេដឹកនាំប្រទេសកម្ពុជាលោក ហ៊ុន សែន នឹងដាក់សម្ពាធស្ថាប័នប្រជាធិបតេយ្យ និងសង្គមស៊ីវិលប្រើប្រាស់យ៉ាងប៉ិនប្រសប់ទៅលើស្ថាប័នរដ្ឋាភិបាល និងប្រព័ន្ធតុលាការ ប្រើប្រាស់ការគាំពារ និងហិង្សានយោបាយដើម្បីធានាបាននូវការដឹកនាំរបស់លោកនៅក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៨»។
របាយការណ៍បន្តថា៖ «ដោយការផ្តាច់ខ្លួនចេញពីដៃគូប្រទេសលោកខាងលិចលោក ហ៊ុន សែន នឹងពឹងលើការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុពីក្រុងប៉េកាំងដែលការធ្វើ ដូច្នេះជាលទ្ធផលនឹងធ្វើឲ្យកម្ពុជាងាកទៅរកចិនកាន់តែខ្លាំង»។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការលើកឡើងនេះ ដោយលោកថ្លែងថា៖ «ខ្ញុំយល់ថាការវាយតម្លៃនេះវាត្រូវខ្លះ និងមិនត្រូវខ្លះ។ នាយករដ្ឋមន្ត្រីលោកកាន់អំណាចគឺលោកក្តាប់អំណាចលោកពង្រឹងអំណាចលោកការពារអំណាច គឺជាការត្រឹមត្រូវតាមតួនាទីភារកិច្ចដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី»។
ចំពោះការដែលលើកឡើងថា កម្ពុជានឹងងាកទៅរកចិននោះ លោកថ្លែងថា៖ «ការងាកទៅរកចិននេះ ធ្វើម៉េចកុំឲ្យអាមេរិកលូកដៃចូលផ្ទៃក្នុងកម្ពុជាទី ២ សុំឲ្យអាមេរិកផ្តល់ជំនួយឲ្យច្រើនប្រហែលចិនមកបានហើយ»។
ប៉ុន្តែលោកថា រដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺរាប់អានគ្រប់ប្រទេសទាំងអស់ផ្អែកលើគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីទៅវិញទៅមកហើយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងផងគ្នា។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំប្រតិកម្មពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេកាលពីម្សិលមិញ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានក្នុងស្រុកមួយ ដោយច្រានចោលការលើកឡើងក្នុងរបាយការណ៍នេះ។
លោកនិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលបានប្រើចុងកាណុង ដើម្បីបានអំណាចទេគឺលោកបានអំណាចដោយសារតែពលរដ្ឋពលរដ្ឋផ្តល់សេចក្តីទុកចិត្ត។
ក៏ប៉ុន្តែក្រុមអ្នកវិភាគ ២ រូបយល់ស្របទៅនឹងអ្វីដែល The US Intelligent Community បានសរសេរ។
លោក មាស នី អ្នកវិភាគបញ្ហាសង្គមកម្ពុជាបានថ្លែងថា៖ «អ្វីដែលគេបានលើកឡើងនេះ មិនខុសពីអ្វីដែលវាបានកើតឡើងទេ»។
លោកថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន មានការព្រួយបារម្ភក្រោយពេលដែលសំឡេងគាំទ្រគណបក្សប្រឆាំងបានកើនឡើងខ្លាំង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧។ ចំពោះការងាកទៅរកចិននោះលោក មាស នី ថា កម្ពុជាគួរតែបង្ហាញពីឯករាជភាពរបស់ខ្លួនដោយរាប់អានប្រទេសទាំងអស់ដោយស្មើភាពគ្នាទើបជាការប្រសើរ។
ស្រដៀងគ្នានេះដែរលោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថាលោកយល់ស្របនឹងការលើកឡើងក្នុងរបាយការណ៍នេះ។
លោកយល់ឃើញថា គណបក្សប្រជាជនមានការភ័យខ្លាច ចំពោះគណបក្សប្រឆាំងនៅមុនការបោះឆ្នោតឆ្នាំ ២០១៨ មកដល់ហើយដើម្បីរក្សាអំណាច គណបក្សនេះបានរកវិធីកម្ទេចគណបក្សប្រឆាំងចោលតាមវិធី «និត្យានុកូលភាពបែបសង្គមនិយម»។
លោកបាននិយាយថា៖ «នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៧ ដែលមានចំនួនអ្នកបោះឆ្នោត ៩០ ភាគរយ បានទៅបោះឆ្នោតហើយបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានប្រើគ្រប់មធ្យោបាយ ដើម្បីកាត់ផ្តាច់ការគាំទ្រសម្រាប់គូប្រកួតរបស់ខ្លួន គូប្រកួតនេះ គឺគណបក្សសង្គ្រោះជាតិនៅតែទទួលបានការគាំទ្រច្រើន និងបានប្រមូលមូលដ្ឋានអំណាចរបស់ខ្លួន»។
លោកបន្ថែមថា៖ «ដូច្នេះដើម្បីធានាថាខ្លួនបានជ័យជម្នះ គណបក្សប្រជាជនកម្ពុជា មានជម្រើសតិចតួចណាស់មានតែសម្រេចជ្រើសយកនិត្យានុកូលភាពសង្គមនិយមដែលខ្លួនធ្លាប់ធ្វើហើយបានធ្វើជាបន្ទាន់នៅឆ្នាំ ២០១៧ ដើម្បីកាត់ក្បាលសត្រូវរបស់ខ្លួនហើយក្រោយមកក៏បានរំលាយចោលតែម្តង»៕