Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា និង​សហភាព​អឺរ៉ុបៈ​ កិច្ចសហប្រតិបត្តិការ​ ២០ ​ឆ្នាំ​ប្រកប​ដោយ​ផ្លែផ្កា

Content image - Phnom Penh Post
តំណាង​សហភាព​អឺរុប​ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​ ២០ ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ រូបថត ហ្វេសប៊ុក

កម្ពុជា និង​សហភាព​អឺរ៉ុបៈ​ កិច្ចសហប្រតិបត្តិការ​ ២០ ​ឆ្នាំ​ប្រកប​ដោយ​ផ្លែផ្កា

ថ្ងៃ​នេះ​យើង​ប្រារព្ធ​ខួប​លើក​​ទី​ ៦៧ ​នៃ​សេចក្ដី​ថ្លែងការណ៍​​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​បារាំង​លោក Robert Schuman កាលពី​ថ្ងៃ​ទី​ ៩ ខែ​ឧសភា ឆ្នាំ​ ១៩៥០ ក្នុង​នោះ​លោក​បាន​​អំពាវនាវ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ និង​បណ្ដា​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត​តស៊ូ​ជម្នះ​នឹង​មរតក​នៃ​សង្គ្រាម​​លោក​លើក​ទី​ពីរ​ព្រម​ទាំង​កសាង​​តំបន់​អឺរ៉ុប​ថ្មី​មួយ​ដោយ​ផ្អែក​លើ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​​សន្តិភាព​ផង​ដែរ​។

សេចក្ដី​ថ្លែងការណ៍​នោះ​គឺជា​ដំណើរការ​ដែល​ឈាន​ដល់​ការ​បង្កើត​សហភាព​អឺរ៉ុប​ដូច​សព្វថ្ងៃ​នេះ​ពោល​គឺជា​សហភាព​ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​ផ្អែក​លើ​អធិបតេយ្យ​​រួម​ផលប្រយោជន៍​រួម និង​គុណតម្លៃ​រួម​។

នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​យើង​ក៏​បាន​ប្រារព្ធ​នូវ​ព្រឹតិ្តការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ទៀត​ដែល​ ២០ ​ឆ្នាំ​មុន​សហគមន៍​អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចព្រមព្រៀង​នេះ​បាន​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ផ្លែផ្កា និង​យូរអង្វែង​ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផង​ដែរ​។ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គុណ​តម្លៃ​រួម​ពោល​​គឺ​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ដែល​ជា​ធាតុ​ដ៏សំខាន់​​នៃ​កិច្ចព្រមព្រៀង​នេះ​។

កិច្ចព្រមព្រៀង​នេះ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​ ២៩ ខែ មេសា ឆ្នាំ​ ១៩៩៧ និង​បាន​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​ ១ ខែ​វិច្ឆិកា ឆ្នាំ​ ១៩៩៩ ហើយ​ក៏​ជា​ការ​បើក​ទំព័រ​​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​ផង​ដែរ​។ ​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ប្រវត្តិ​នៃ​ភាព​ជា​ដៃគូ​បាន​កើតឡើង​ចាប់​តាំងពី​ឆ្នាំ​ ១៩៨៦ ​មក​ម្ល៉េះ​។ ​កាលពី​ចន្លោះ​ឆ្នាំ​ ១៩៨៦ និង​ឆ្នាំ​ ១៩៩៣ សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដល់​ជំរំ​ជនភៀសខ្លួន​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន​ថៃ​ហើយ​ចាប់​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ​មក​សហភាព​អឺរ៉ុប​បាន​ក្លាយ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ចាប់​តាំងពី​ដំណាក់កាល​ដំបូង​​នៃ​ទំនាក់ទំនង​របស់​យើង​សហភាព​អឺរ៉ុប​មាន​មោទនភាព​ក្នុង​ការ​ពាំនាំ​មក​នូវ​ជំនួយ​បច្ចេកទេស និង​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​បោះ​ជំហាន​ជា​លើក​ដំបូង​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស ការ​កសាង​ស្ថាប័ន​ជាតិ និង​សមត្ថភាព​ជាតិ​ក៏​ដូចជា​ការ​អភិវឌ្ឍ​សង្គម​ស៊ីវិល​ប្រកប​ដោយ​ភាព​រស់រវើក និង​ភាព​ចម្រុះ​ផង​ដែរ​។

នាពេល​បច្ចុប្បន្ន​នេះ​ប្រតិភូ​សហភាព​អឺរ៉ុប​កំពុង​ចាត់ចែង​លើ​​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ក្នុង​ទម្រង់​ដ៏ធំ​មួយ​ដែល​ត្រូវ​បាន​អនុវត្ត​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​នឹង​ដៃគូ​អឺរ៉ុប​នានា​។ ដោយ​ធ្វើការ​រួមគ្នា​ជា​ក្រុម​បណ្ដា​ប្រទេស​ដៃគូ​អឺរ៉ុប​គឺជា​ម្ចាស់​ជំនួយ​ឥតសំណង​ដ៏ធំ​ជាង​គេ​របស់​កម្ពុជា​ហើយ​កម្មវិធី​អភិវឌ្ឍន៍​រួម​របស់​យើង​មាន​ភាព​ស៊ីចង្វាក់​គ្នា​ទាំង​ស្រុង​ជាមួយ​កម្មវិធី​អាទិភាព​ថ្នាក់​ជាតិ​របស់​កម្ពុជា​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

ការ​កើនឡើង​នៃ​ទឹកប្រាក់​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ផ្ដល់​ជូន​តាមរយៈ​ការ​ផ្ទេរ​ផ្ទាល់​ទៅ​ក្នុង​កញ្ចប់​ថវិកា​ថ្នាក់ជាតិ​ជាពិសេស​គឺ​ជំនួយ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​អប់រំ និង​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ យើង​មាន​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ថ្នាក់ជាតិ​ក៏​ដូចជា​គាំទ្រ​ដល់​ភាព​ជា​ម្ចាស់​របស់​ជាតិ​​ផង​ដែរ​។ ​យើង​មាន​បំណង​បន្ត​កម្មវិធី​ថវិកា​គាំទ្រ​របស់​យើង និង​បង្កើន​ចំនួន​វិស័យ​នានា​ដែល​យើង​កំពុង​អនុវត្ត​រួម​ទាំង​ការ​គាំទ្រ​របស់​យើង​ចំពោះ​កំណែទម្រង់​វិមជ្ឈការ​ទៀត​ផង​ដែរ​។

សហភាព​អឺរ៉ុប​ក៏​ធ្វើការ​ជាមួយ​ដៃគូ​ជាច្រើន​ផង​ដែរ​គឺ​ចាប់ពី​បណ្ដា​រដ្ឋ​ជា​សមាជិក​រហូត​ដល់​ទី​ភ្នាក់ងារ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក៏​ដូចជា​ក្នុង​វិស័យ​ផ្សេងៗ​រួម​មាន​សមភាព​យេនឌ័រ​រហូត​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម​។

កាលពី​ថ្មីៗ​នេះ​យើង​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​គម្រោង​គាំទ្រ​ដល់​ទំនាក់ទំនង​ដែល​កាន់តែ​ទូលំទូលាយ និង​សមាហរណកម្ម​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​សហគមន៍​អាស៊ាន​ផង​ដែរ​។

ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយ​​នេះ​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រឹង​សន្តិភាព និង​សន្តិសុខ ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សកល​នានា​ដូចជា​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ជាដើម​។ ​

ការ​ទទួល​បាន​ការ​អប់រំ​មាន​ការ​កើនឡើង សុខភាព​មាតា និង​ទារក​ត្រូវ​បាន​កែលម្អ​ហើយ​អត្រា​ប្រជាជន​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​បាន​ធ្លាក់​ចុះ​ចំនួន​ពីរ​ភាគបី​។ ​ការ​ឯកភាព​គាំទ្រ​របស់​កម្ពុជា​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កាលពី​ឆ្នាំ​ ២០១៥ បាន​បង្ហាញ​អំពី​ការ​បន្ត​នូវ​វឌ្ឍនភាព​នេះ​ដែល​សហភាព​អឺរ៉ុប​នឹង​ផ្តល់​គាំទ្រ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​បន្តបន្ទាប់​នេះ​។

ទំនាក់ទំនង​របស់​យើង​គឺ​មាន​លើស​ពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទៅ​ទៀត​។

ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ពី​របប​អនុគ្រោះ​ពាណិជ្ជកម្ម​ទំនិញ​គ្រប់​យ៉ាង​លើក​​លែង​សព្វាវុធ​ (EBA) ​ចាប់​តាំងពី​ឆ្នាំ​ ២០០១ ​ដែល​អនុញ្ញាត​ឲ្យ​ប្រទស​កម្ពុជា​អាច​នាំ​ចូល​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​ពុំ​ចាំបាច់​បង់ពន្ធ និង​កំណត់​កូតា​។ ការ​បើកចំហ​ទីផ្សារ​បាន​ជួយ​ដល់​​វិស័យ​កាត់ដេរ​ឲ្យ​មាន​ការ​រីកចម្រើន​ស្រប​គ្នា​ជាមួយ​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​ផលិត​ស្បែកជើង និង​កង់​ជាដើម​។ ​

បច្ចុប្បន្ន​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំ​ចេញ​ដ៏ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៤,៥ ​ប៊ីលាន​អឺរ៉ូ​ក្នុង​ឆ្នាំ​ ២០១៦ ​ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​បាន​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់ ពិសេស​ស្ត្រី និង​អ្នក​នៅ​តាម​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​មាន​កំណើន​ជា​មធ្យម​លើស​ពី​ ៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។ ​

ជាទូទៅ ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ប្រឈម​ធំៗ​មួយ​ចំនួន​ហើយ​ប្រទេស​កម្ពុជា​ក៏​នឹង​មាន​បញ្ហា​ប្រឈម​ដូចគ្នា​នេះ​ដែរ​។ ស្ថិរភាព​រយៈពេល​វែង​ទាមទារ​ឲ្យ​មាន​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ទាំង​នោះ​បាន​ទៅ​​ដល់​ដៃ​ពលរដ្ឋ​ទាំងអស់​ហើយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ត្រូវ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​កែលម្អ​សេវា​សាធារណៈ​ជា​ប្រចាំ​។ ​

កំណើន​រយៈពេល​វែង​គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ដែល​ជួយ​ឲ្យ​មាន​តុល្យភាព​ក្នុង​វិស័យ​ផលិតកម្ម​ផ្សេងៗ​គ្នា ហើយ​ទន្ទឹម​នឹង​នោះ​ត្រូវ​មាន​ការ​គោរព និង​ការ​បំពេញ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ​ដែល​មាន​នៅក្នុង​ប្រទេស​។ ​នៅ​ក្នុង​ប្រទេស​គ្រប់គ្រង​ដោយ​រដ្ឋធម្មនុញ្ញ​បែប​ប្រជាធិបតេយ្យ វា​មាន​សារៈសំខាន់​ណាស់​ដែល​ទស្សនៈ​ទាំងអស់​អាច​បញ្ចេញ​បាន​ជាពិសេស​ក្នុង​សង្គម​ដែល​ពោរពេញ​ដោយ​យុវជន​វ័យក្មេង និង​ដែល​មាន​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​។

សហភាព​អឺរ៉ុប​ក៏​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​ផង​ដែរ​។ ​ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​អាច​ងើប​ចេញ​ពី​បញ្ហា​ប្រឈម​ទាំង​នេះ​បាន​ហើយ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ជាមួយ​នឹង​ការ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ដើរ​តាម​ឧត្តមគតិ​ដ៏ថ្លៃថ្លា​របស់​លោក Schuman ​ព្រម​ទាំង​បិតា​ស្ថាបនិក​នៃ​ឯកភាព​ជាតិ​អឺរ៉ុប​ផ្សេងៗ​ទៀត​។ ក្នុង​កាលៈទេសៈ​នេះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​​នៅ​តែ​រឹងមាំ​មិន​ប្រែប្រួល​ឡើយ​។

យើង​សម្លឹង​ទៅ​មុខ​ដោយ​រីករាយ​ឆ្ពោះ​ទៅ​រក​កិច្ចសហប្រតិបត្តិការ​បន្ត​នៅ​ក្នុង​រយៈពេល​​ ២០ ​ឆ្នាំ​តទៅ​មុខ​ទៀត​។

ដោយ​ឯកឧត្តម ចច អេដហ្គា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​​

0

Comments

Please, login or register to post a comment