Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ចូលរួម​ដោយ​ការ​យល់ដឹង និង​ការ​ទទួល​ខុស​ត្រូវ​

Content image - Phnom Penh Post
ពលរដ្ឋ​នៅ​ភ្នំពេញ​ក្នុង​ពេល​នាំ​គ្នា​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ៣ ខែ​មករា កន្លង​មក។ ផា លីណា

ការ​ចូលរួម​ដោយ​ការ​យល់ដឹង និង​ការ​ទទួល​ខុស​ត្រូវ​

ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ជីវភាព​នយោបាយ ពិសេស​និយាយ​ចំពោះ​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​វា​រឹត​តែ​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ពលរដ្ឋ​គ្រប់​រូប​ដើម្បី​តាមដាន​រឿង​នយោបាយ។

បើ​ក្នុង​ដំណាក់កាល​នៃ​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​គ្មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ពលរដ្ឋ​ទេ​នោះ​យើង​នៅ​តែ​មិន​អាច​កសាង​សង្គម​មួយ​ដោយ​កណ្ដាប់​ដៃ​ពលរដ្ឋ​ភាគច្រើន​ដដែល​។

តួអង្គ​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​ពលរដ្ឋ។ លោក អាប្រាហាម លីនខុន បាន​លើក​ឡើង​ជា​គោល​យ៉ាង​ខ្លី​ច្បាស់​ស្រួល​យល់​ថា «រដ្ឋាភិបាល​ប្រជាធិបតេយ្យ​កើត​ពី​ពលរដ្ឋ​របស់​ពលរដ្ឋ និង​ដើម្បី​ពលរដ្ឋ»។

ក្នុង​ន័យ​នេះ​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​ឲ្យ​ដូច​ពលរដ្ឋ​ត្រូវ​ការ​ហូបបាយ​រៀងរាល់​ថ្ងៃ​ដូច្នោះ​ដែរ​មិនមែន​គ្រាន់​តែ​ចូលរួម​តាមរយៈ​ការ​បោះឆ្នោត​បួន​ប្រាំ​ឆ្នាំ​ម្ដង​ហើយ​ពេល​ក្រៅ​ពី​រដូវកាល​បោះឆ្នោត​មិន​ចូលរួម​តាមដាន​រឿង​នយោបាយ​នោះ​ទេ។ ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ការ​យល់​ដឹង​ (informed) ​និង​ទទួល​ខុសត្រូវ (responsibility) ជាប់​ជា​ប្រចាំ។

១) ការ​ចូលរួម​ដោយ​ការ​យល់​ដឹង​គឺ​លុះត្រាតែ​យល់​ច្បាស់​ជា​មុន​នូវ​គោលនយោបាយ​ដែល​ខ្លួន​ចូលរួម​។ ​ចូលរួម​ក្នុង​គណបក្ស​មួយ​អ្នក​ចូលរួម​ត្រូវ​តែ​ដឹង​ថា​តើ​អ្វី​ទៅ​ជា​គោលដៅ​នៃ​ការ​ចូលរួម​របស់​ខ្លួន? ​តើ​គេ​សម្រច​គោលដៅ​ដោយ​របៀប​ណា? ចំណុច​ចាប់​ផ្ដើម​ចេញ​ពី​ត្រង់​ណា? ដោយ​ឥរិយាបថ​នយោបាយ​បែប​ណា?តើ​ចលនា​នោះ​ទាមទារ​នូវ​ធនធាន​មនុស្ស​បែប​ណា? ហើយ​តើ​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ? ជា​ដើម។

ប្រសិន​បើ​គេ​មិន​ដឹង​ថា​តើ​គោលដៅ​រួម​នៃ​ចលនា​ដែល​គេ​ទៅ​ជាមួយ​ចង់​បាន​អ្វី តើ​គេ​អាច​និយាយ​ថា​គេ​ចូលរួម​ដោយ​ការ​យល់​ដឹង​ដោយ​របៀប​ណា? ​នោះ​គឺ​ការ​ជ្រើម​តាម​គ្នា។

អ្នក​គាំទ្រ​សង្គ្រោះ​ជាតិ​មិន​តិច​ទេ​ដែល​ខក​ចិត្ដ​ក្រោយ​ពី​ពួកគេ​បាន​ចូលរួម​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ដោយ​ក្នុង​ចិត្ដ​គេ​គិត​ថា​សង្គ្រោះ​ជាតិ​កំពុង​តែ​នាំ​ពួកគេ​ទៅ​បណ្ដេញ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​ចេញ​ពី​អំណាច​។

ប៉ុន្ដែ​ក្រោយ​ពេល​គេ​នាំ​គ្នា​ចូល​សភា​ទើប​ឮ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា​គេ​មិន​បាន​ធ្វើ​បាតុកម្ម​បណ្ដេញ​លោក​នាយក​រដ្ឋមន្ដ្រី​ចេញ​ពី​អំណាច​ឡើយ​។ គេ​ថែម​ទាំង​បដិសេធ​ថា​គេ​មិន​បាន​ស្រែក​ថា «ហ៊ុន សែន ​អើយ​ចុះ​ចេញ​ទៅ»។ កាល​នោះ​ដោយសារ​គេ​មិន​បាន​កំណត់​គោលដៅ​រួម​ជាមួយ​គ្នា​ទើប​ចលនា​បាតុកម្ម​ដ៏ធំ​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​មិន​ស្រួល​ចិត្ដ​នោះ​ប្រែ​ទៅ​ជា​ពលីកម្ម​គ្មាន​ន័យ។

កាល​នោះ​បើ​សង្គ្រោះ​ជាតិ​ស្មោះត្រង់​ជាមួយ​អ្នក​គាំទ្រ​ខ្លួន​នោះ​លទ្ធផល​មិនមែន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ លើស​ពី​នោះ​គោលដៅ​នោះ​ត្រូវ​តែ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​មិនមែន​គ្រាន់​តែ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ក្រុម​ណា​មួយ​ឡើយ។

គោលដៅ​កសាង​សង្គម​ប្រជាធិបតេយ្យ​ដែល​ស្ដែង​ដោយ​ពលរដ្ឋ​គ្រប់​រូប​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ក្នុង​ភាព​ជា​ម្ចាស់​ប្រទេស​គឺជា​គោលដៅ​ដើម្បី​ប្រយោជន៍​រួម​របស់​ខ្មែរ។ ដើម្បី​សម្រេច​គោលដៅ​នេះ​ពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​ចូលរួម​ធ្វើ​ដោយ​ការ​ទទួល​ខុស​ត្រូវ។

២) ការ​ចូលរួម​ដោយ​ការ​ទទួល​ខុស​ត្រូវ​កើតឡើង​បន្ទាប់ពី​ការ​យល់​ច្បាស់លាស់​ពី​គោលនយោបាយ​ដែល​ខ្លួន​គាំទ្រ។ ការ​យល់​កើត​ចេញ​ពី​ការ​មាន​មូលដ្ឋាន​ត្រិះរិះ​ពិចារណា​វែកញែក​រវាង​ហេតុ និង​ផល​ច្បាស់លាស់​អំពី​គោលនយោបាយ​នោះ​ពិសេស​ស្វែងយល់​ដោយ​ស្មោះត្រង់​។

គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​បង្ហាញ​ឲ្យ​ពលរដ្ឋ​ដឹង​ពី​ឆន្ទៈ​ស្នេហា​ជាតិ​របស់​គណបក្ស​នោះ​ផង​លើស​ពី​នេះ​វា​បង្ហាញ​ពី​ទស្សន​វិស័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​របស់​គណបក្ស​នោះ​ថែម​ទៀត។

អ្នក​ចូលរួម​ត្រូវ​តែ​ច្បាស់លាស់​អំពី​រឿង​នេះ​តាមរយៈ​ការ​ជជែក​ពិភាក្សា​ដេញដោល​គ្នា​ជា​សាធារណៈ​ជា​ប្រចាំ​ទើប​ការ​ចូលរួម​នោះ​ប្រកប​ដោយ​តម្លាភាព និង​ដោយ​ទំនុក​ចិត្ដ។

អ្នក​ចូលរួម​ដែល​មាន​គុណសម្បត្ដិ​បែប​នោះ​តែងតែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ដ​ចូលរួម​របស់​ខ្លួន​ដោយ​មិន​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ​ថា​នាំ​ខ្លួន​ខុស​ឡើយ។ មួយ​វិញ​ទៀត​គឺ​ចូលរួម​ដោយ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​មនសិការ។

ពលរដ្ឋ​ទូទៅ​តែងតែ​ទាមទារ​ចង់​បាន​សិទ្ធិ​ធ្វើ​នេះ​ធ្វើ​នោះ​គឺ​ពលរដ្ឋ​ច្រើន​យល់​ថា​ខ្លួន​ខ្វះ​សិទ្ធិ ប៉ុន្ដែ​បញ្ហា​មិនមែន​នៅ​ត្រង់​យើង​ខ្វះ​ច្បាប់​ដែល​កំណត់​ព្រំដែន​សិទ្ធិ​របស់​ពលរដ្ឋ​នោះ​ទេ។ សិទ្ធិ​មាន​ចែង​ពោរពាស​ដែល​កំណត់​ដោយ​ច្បាប់ ប៉ុន្ដែ​គឺ​យើង​ខ្វះ​អំណាច​ទៅ​អនុវត្ដ​សិទ្ធិ​ទាំង​នោះ។ អំណាច​នោះ​ជា​អំណាច​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​ការពារ​ដោយ​ច្បាប់​មិនមែន​អំណាច​អនាធិបតេយ្យ​ពាលា​អាវ៉ាសែ​ឡើយ។

ក្នុង​ន័យ​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​អំណាច​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​លុះត្រាតែ​ពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជា​ម្ចាស់​ជា​មុន​សិន។ បើ​មិន​បំពេញ​កាតព្វកិច្ច​ជា​ម្ចាស់​ដែល​រួម​មាន​ចូលរួម​ដឹង​ឮ​តាមដាន​សកម្មភាព​របស់​អ្នក​នយោបាយ​ទេ​នោះ​មាន​ន័យ​ថា​អ្នក​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​ម្ចាស់។ បើ​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​គឺ​បើ​មិន​បាន​ចូលរួម​កសាង​សង្គម​នេះ​ផង​សួរ​ថា​តើ​អ្នក​ចង់​មក​ទាមទារ​ចំណែក​ផល​គឺ​មាន​អំណាច​អនុវត្ដ​សិទ្ធិ​ស្រប​ច្បាប់​ដោយ​របៀប​ណា?

នៅ​ពេល​ដែល​ពលរដ្ឋ​មិន​មាន​ការ​យល់​ដឹង​ពី​បញ្ហា​សង្គម​ពី​រឿង​នយោបាយ​ហើយ​និយាយ​ថា​លោក​ធំ​ធ្វើ​អ្វី​ធ្វើ​ទៅ​ពលរដ្ឋ​សុំ​តែ​សុខ​ទេ​នោះ​បង្ហាញ​ថា​ពលរដ្ឋ​បោះបង់​កាតព្វកិច្ច​ជា​ម្ចាស់​ប្រទេស​ចោល​ហើយ​រង់ចាំ​ឆន្ទៈ​អ្នក​នយោបាយ​រក​សុខ​ឲ្យ​ខ្លួន។ នោះ​ហើយ​ជា​ការ​មិន​អើពើ​នឹង​រឿង​នយោបាយ។ ការ​ភ្ញាក់​រឭក​មក​ចូលរួម​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ​គឺជា​ការ​ចូលរួម​ទទួល​ខុស​ត្រូវ​ផ្នែក​មនសិការ​។ គ្មាន​ពលរដ្ឋ​រូប​ណា​អាច​និយាយ​ថា​ខ្លួន​ថ្លៃថ្នូរ​ដោយ​ទម្លាក់​ចោល​មិន​អើពើ​ចំពោះ​ការ​ចូលរួម​ទទួល​ខុស​ត្រូវ​ផ្នែក​មនសិការ​​បាន​ឡើយ​។

លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់​បាន​ពោល​ថា «ពលរដ្ឋ​អាច​ភ្លេច​នយោបាយ ប៉ុន្តែ​នយោបាយ​មិន​ដែល​ភ្លេច​អ្នក​នោះ​ទេ»។ មាន​ន័យ​ថា​អ្នក​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​នយោបាយ​ប៉ុន្ដែ​ទោះបី​អ្នក​ដឹង​​ ឬ​មិន​ដឹង​ក៏​ដោយ​ផល​នៃ​នយោបាយ​មុខ​ជា​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​យើង​ក្នុង​កម្រិត​ណា​មួយ​មិន​ខាន។

ក្នុង​ភាសា​អង់គ្លេស​គេ​បាន​បែង​ចែក​រវាង​ people ដែល​ជា​មនុស្ស​ទូទៅ​ដែល​រស់នៅ​ក្នុង​ប្រទេស​ណា​មួយ​ដោយ​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​ម្ចាស់​របស់​ខ្លួន និង​​ citizen ជា​ពលរដ្ឋ​ដែល​យល់​ដឹង និង​ទទួល​ខុស​ត្រូវ​ចំពោះ​សិទ្ធិ និង​កាតព្វកិច្ច​ជា​ពលរដ្ឋ​របស់​ខ្លួន។ នោះ​គឺ​ពលរដ្ឋ​ដែល​មាន​ការ​យល់​ដឹង​ (informed citizen) ដែល​តែង​តែ​ចូលរួម​យ៉ាង​សកម្ម​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ជីវភាព​នយោបាយ។

ប៉ុន្ដែ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​យល់​ច្រឡំ​ថា​ចាំ​ដល់​ថ្ងៃ​បោះឆ្នោត​គាត់​ទៅ​បោះឆ្នោត​នោះ​គឺ​គាត់​បំពេញ​កាតព្វកិច្ច​គាត់​រួច​ហើយ។ កាតព្វកិច្ច​ជា​ម្ចាស់​មិនមែន​មាន​តែ​ការ​ទៅ​បោះឆ្នោត​ឡើយ។ ពលរដ្ឋ​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​កសាង​ប្រជាធិបតេយ្យ​ជា​ប្រចាំ។

ការ​បោះឆ្នោត​គឺជា​ការ​សម្ដែង​មតិ​គាំទ្រ​គណបក្ស​ណា​មួយ បន្ទាប់ពី​ពលរដ្ឋ​បាន​ស្វែង​យល់​ពី​គោល​នយោបាយ​របស់​គណបក្ស​នានា​រួច។

ពេល​បោះឆ្នោត​ជ្រើសរើស​មិន​បាន​អ្នក​កាន់​ការងារ​ស្រុក​ទេស​ត្រឹមត្រូវ​ពលរដ្ឋ​យល់​ដឹង​នឹង​មិន​បន្ទោស​បុគ្គល​ដទៃ​ណា​ក្រៅ​ពី​ទទួល​ស្គាល់​ថា​វា​មកពី​ភាព​កម្សោយ​របស់​ខ្លួន​ផ្ទាល់​ឡើយ​ព្រោះ​គុណភាព​របស់​អ្នក​ដែល​យើង​រើស​បាន​វា​អាស្រ័យ​លើ​គុណភាព​របស់​យើង​ដែល​ជា​អ្នក​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​។​ អាស្រ័យ​បែប​នេះ​ហើយ​ទើប​ពេល​ដែល​យើង​រើស​មិន​បាន​អ្នក​ដឹកនាំ​ល្អ​ត្រឹមត្រូវ​ទេ​គឺ​ខ្លួន​យើង​ផ្ទាល់​ហ្នឹង​តែ​ម្ដង​ដែល​ជា​អ្នក​ដឹង​ថា​គ្មាន​អ្នក​ដឹកនាំ​ល្អ​ត្រូវ​ចេញ​ទៅ​ធ្វើ​ការងារ​នោះ។ ព្រោះ​បើ​អ្នក​បាន​ដឹង​រឿង​នោះ​ហើយ​តែ​អ្នក​គ្រាន់​តែ​ដឹង​ចោល​ហើយ​មិន​ទៅ​ធ្វើ​ដដែល​តើ​អ្នក​អាច​ដេក​ចាំ​អ្នក​ដែល​មិន​ដឹង​ទៅ​ធ្វើ​កើត​ដែរ​ទេ? នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​មន​សិការ​សុទ្ធសាធ។

ជា​រឿយៗ​បណ្ដាញ​សារព័ត៌មាន ឬ​ក្រុម​អ្នក​វិភាគ​នយោបាយ​តែងតែ​ផ្ដល់​យោបល់​ទៅ​អ្នក​នយោបាយ​ថា​គួរ​តែ​មាន​ចរិត​ជា​កីឡាករ​ដែល​ហ៊ាន​ស៊ី​ ហ៊ាន​សង។ យើង​មិន​គួរ​និយាយ​ថា​ការ​បោះឆ្នោត​រើស​អ្នក​ដឹកនាំ​ប្រទេស​ជា​ការ​ប្រកួត​ដូច​ការ​ប្រកួត​លើស​ង្វៀន​ឡើយ។ នៅ​លើ​សង្វៀន​ប្រកួត​តែង​មាន​ឈ្នះ​ មាន​ចាញ់ ហើយ​អ្នក​ចាញ់​ ឬ​ឈ្នះ​គឺ​កីឡាករ​ផ្ទាល់ មិនមែន​អ្នក​ទស្សនា​ឡើយ​លើក​លែង​តែ​គេ​បាន​ភ្នាល់​គ្នា។ ប៉ុន្ដែ​បើ​អ្នក​នយោបាយ​យក​នយោបាយ​ជា​ល្បែង​ប្រកួត​យក​ឈ្នះ​ចាញ់​ផ្ទាល់​របស់​គេ​នោះ​មិនមែន​ពួក​អ្នក​នយោបាយ​ចាញ់​ឡើយ​តែ​អ្នក​ចាញ់​គឺ​ពលរដ្ឋ។ ទីលាន​នយោបាយ​គឺជា​ទីកន្លែង​ដែល​អ្នក​នយោបាយ​មក​ប្រកួត​ទស្សនៈ​ក្នុង​ការ​ដឹកនាំ​ប្រទេស។

បើ​ភាគី​ម្ខាង​មាន​របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ល្អ​ជាង​វា​គួរ​ណាស់​តែ​សាទរ​ដែល​ពលរដ្ឋ​អាច​ជ្រើសរើស​បាន​អ្នក​ដឹកនាំ​ល្អ​ជាង​ខ្លួន។ ពិសេស​បើ​ពលរដ្ឋ​បោះឆ្នោត​ដោយ​ការ​យល់​ដឹង​ និង​ការ​ទទួល​ខុសត្រូវ​នោះ​មាន​ន័យ​ថា​អ្នក​ដែល​ឈ្នះ​ឆ្នោត​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ដឹកនាំ និង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ល្អ​ជាង​គេ​មិន​ខាន។

ចុះ​បើ​ពលរដ្ឋ​ខ្សោយ​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​ដោយ​មិន​អាច​បែងចែក​ថា​អ្នក​នយោបាយ​បែប​ណា​ជា​អ្នក​នយោបាយ​សុចរិត បែប​ណា​ទុច្ចរិត​ដែល​មក​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ​រើស​មិន​បាន​អ្នក​នយោបាយ​ស្មោះត្រង់​នោះ​ការ​ចាញ់​ឈ្នះ​របស់​អ្នក​នយោបាយ​គឺ​ព័ទ្ធ​ជុំវិញ​ដោយ​ទឹកភ្នែក​ពលរដ្ឋ​មិន​ខាន​ទោះ​ម្នាក់​ណា​ឈ្នះ​ក៏ដោយ​។

អ្នក​នយោបាយ​ត្រឹមត្រូវ​ដែល​ពិត​ជា​ឈឺ​ឆ្អាល​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​នឹង​ហក់​មក​ធ្វើ​នយោបាយ​តែ​នៅ​ពេល​ណា​ដែល​គេ​មិន​ឃើញ​អ្នក​នយោបាយ​ណា​មាន​គុណសម្បត្ដិ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ។ ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​អំពី​គោលនយោបាយ​របស់​ខ្លួន​មិនមែន​រង់ចាំ​ទាល់តែ​ដល់​រដូវ​ឃោសនា​បោះឆ្នោត​ដែល​ គ.ជ.ប. អនុញ្ញាត​ឲ្យ​ធ្វើ​រួម​មាន​ការ​ហែ​គណបក្ស​ជាដើម​តែ​ប៉ុន្មាន​ថ្ងៃ​មុន​បោះឆ្នោត​នោះ​ឡើយ។

ប្រសិន​បើ​​រង់ចាំ​ធ្វើការ​ឃោសនា​គណបក្ស​ដោយ​ការ​ហែ​បក្ស​គគ្រឹក​គគ្រេង​ក្នុង​រដូវកាល​បោះឆ្នោត តើ​ធ្វើ​ម្ដេច​អាច​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន​ឲ្យ​យល់​ដឹង​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស​តែ​ក្នុង​រយៈពេល​ ២០-៣០ ​ថ្ងៃ​នោះ​ទៅ? ការ​ផ្សព្វផ្សាយ​​ពី​គោលនយោបាយ​បក្ស​គួរ​តែ​ប្រព្រឹត្ដ​ទៅ​ជា​ប្រចាំ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ទៅ​ពលរដ្ឋ​គ្រាន់តែ​ត្រូវ​ហាមប្រាម​ក្នុង​រូប​ភាព​ខ្លះ​កុំ​ឲ្យ​បង្ក​ជា​ការ​កកស្ទះ​ចរាចរណ៍​រំខាន​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។

ពលរដ្ឋ​គួរ​តែ​តាមដាន​ជា​ប្រចាំ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​រួម​ទាំង​វិទ្យុ ទូរទស្សន៍ កាសែត និង​តាម​​ប្រព័ន្ធ​សង្គម​នានា​ថា​តើ​គណបក្ស​នយោបាយ​នីមួយៗ​ដែល​មក​ប្រកួត​ប្រជែង​គេ​មាន​សកម្មភាព​នយោបាយ​ប្រចាំ​ថ្ងៃ​របស់​គេ​អ្វី​ខ្លះ។ ម្យ៉ាង​វិញ ​ទៀត​តាមរយៈ​ការ​តាមដាន​សកម្មភាព​របស់​អ្នក​នយោបាយ​ជា​ប្រចាំ​គឺ​អាច​ជួយ​ពលរដ្ឋ​ឲ្យ​​វិនិច្ឆ័យ​អ្នក​នយោបាយ​នោះ​បាន​ត្រឹមត្រូវ។

ជា​ការ​យល់​ខុស​មួយ​ដែល​ពលរដ្ឋ​ត្រូវ​បាន​បន្លប់​ដោយ​អ្នក​នយោបាយ​ទុច្ចរិត​ថា​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក​នយោបាយ​មិន​ទាក់ទង​នឹង​រឿង​ដឹកនាំ​​ជាតិ​ឡើយ។ ​យើង​គួរ​តែ​ចែក​ឲ្យ​ច្បាស់​ថា​រឿង​ណា​ជា​រឿង​ផ្ទាល់​ខ្លួន​បុគ្គល​ដែល​យើង​គួរ​តែ​ទុក​ព្រំដែន​ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​គេ​កុំ​លូកលាន់​រំខាន​ដល់​​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គេ។

ប៉ុន្ដែ​ សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​អ្នក​នយោបាយ​មិន​អាច​និយាយ​បាន​ថា​ជា​រឿង​បុគ្គល​ដែល​មិន​គួរ​លើក​ឡើង​ឡើយ​ដូចជា​ការ​មាន​ស្រីញី​ខាង​ក្រៅ ការ​ប្រើ​អំពើ​ហិង្សា​លើ​គ្រួសារ ការ​លេង​ល្បែង​ស៊ីសង​ជា​ប្រចាំ ការ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​របរ​ទុច្ចរិត​ជាដើម។

បើ​អ្នក​នយោបាយ​ម្នាក់​និយាយ​ថា​គេ​ចូលចិត្ដ​ចូល​កាស៊ីណូ​លេង​ល្បែង​តែ​គេ តើ​ទើស​នរណា? គេ​លេង​លុយ​របស់​គេ តើ​ពលរដ្ឋ​ទើស​អី? គេ​មាន​ស្រីញី​ជា​រឿង​លើ​គ្រែ​របស់​គេ តើ​ពលរដ្ឋ​ទើស​អី? តើ​ត្រឹមត្រូវ​ដែរ​ទេ​ដែល​គេ​និយាយ​បែប​នេះ? អ្នក​នយោបាយ​ជា​បុគ្គល​សាធារណៈ ជា​បុគ្គល​ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​សម្លឹង​មើល​ជា​ប្រចាំ​របស់​ពលរដ្ឋ​ដូច្នេះ​ការ​បើក​ចំហ​ពី​ភាព​ស្អាតស្អំ​ក្នុង​ជីវភាព​រស់នៅ​របស់​អ្នក​នយោបាយ​ជា​រឿង​ចាំបាច់​ណាស់។ ពិសេស​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​ដែល​តែងតែ​រិះគន់​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​ពី​រឿង​ពុករលួយ រឿង​បក្ខពួក​រឿង​សីលធម៌​ជាដើម​។ តើ​អ្វី​ទៅ​ជា​រឿង​សីលធម៌?​ សីលធម៌​ជា​ធម៌​ដែល​កើត​មាន​ជា​ប្រក្រតី។ វា​ជា​រឿង​ដែល​ទាក់ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ហ្នឹង​ហើយ។

ដូច្នេះ​ របៀប​នៃ​ការ​ប្រព្រឹត្ដ​ជីវិត​ប្រចាំ​ថ្ងៃ​ជា​ធម្មតា (ជា​ប្រក្រតី) របស់​យើង​ម្នាក់ៗ​វា​បង្ហាញ​ពី​សីលធម៌​ក្នុង​ការ​រស់នៅ​របស់​​យើង​ម្នាក់ៗ​ពិសេស​អ្នក​នយោបាយ​គឺ​ត្រូវ​តែ​ជា​ជន​គំរូ​ដែល​មាន​ឆន្ទៈ​ចង់​ស្វែង​រក​ក្ដីសុខ​ជូន​ពលរដ្ឋ​ដូច្នេះ​ភាព​សុចរិត​គឺ​ស្អាត​ទាំង​ក្នុង​ទាំង​ក្រៅ​របស់​អ្នក​នយោបាយ​ជា​រឿង​សំខាន់​ដែល​ត្រូវ​តែ​​លាត​ត្រដាង​ជា​ចំហ​ឲ្យ​ពលរដ្ឋ​បាន​ដឹង។ មនុស្ស​​ដែល​គួរ​ឲ្យ​គោរព​គឺ​មនុស្ស​​សុចរិត។ ភាព​សុចរិត​របស់​មនុស្ស​ម្នាក់ៗ​ស្ដែង​ចេញ​តាមរយៈ​ភាព​ត្រួត​ស៊ី​គ្នា​ទាំង​ការ​គិត​ការ​និយាយ និង​សកម្មភាព​របស់​គេ​គឺ​ត្រូវ​តែ​មាន​ភាព​ស៊ីចង្វាក់​គ្នា។ មិនមែន​និយាយ​ថា ​ឲ្យ​គេ​គ្មាន​សីលធម៌​ប៉ុន្ដែ​ខ្លួន​ក៏​លួច​ប្រព្រឹត្ដ​ដែរ​ហើយ​ការពារ​ខ្លួន​ថា​នោះ​ជា​រឿង​បុគ្គល​នោះ​ទេ។ អ្នក​ដែល​អាច​រិះគន់​គេ​បាន​ដាច់​ខាត​ត្រូវ​តែ​មាន​គុណសម្បត្ដិ​មួយ​ខាន​មិន​បាន​គឺ​ខ្លួន​មិន​ប្រព្រឹត្ដ​រឿង​ដែល​ខ្លួន​រិះគន់​គេ​ថា​គេ​បាន​ប្រព្រឹត្ដ​មិន​ល្អ​នោះ។ តែ​ក៏​មិន​មែន​​ដូច​បណ្ឌិត​វិទ្យាសាស្ដ្រ​នយោបាយ​ម្នាក់​​​ដែល​ធ្លាប់​បាន​លើក​ឡើង​ថា «ចាំ​អ្នក​ក្លាយ​ជា​បណ្ឌិត​សិន ចាំ​អ្នក​មក​រិះគន់​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​បណ្ឌិត» នោះ​​ឡើយ​។

ពលរដ្ឋ​ថ្លៃថ្នូរ​តែងតែ​ស្វះស្វែង​រក​ព័ត៌មាន​សង្គម​នានា​ឲ្យ​បាន​កាន់​តែ​ច្រើន​មិនមែន​រស់​នៅ​គិត​តែ​ពី​ភាព​សុខសាន្ដ​ផ្ទាល់​ខ្លួន​នោះ​​ទេ។​ ​កាល​ណា​គេ​ទទួល​បាន​ព័ត៌មាន​ហើយ​គឺ​តែងតែ​យក​មក​វិភាគ​ត្រិះរិះ​ពិចារណា​ និង​តែងតែ​បំពេញ​កាតព្វកិច្ច​ជា​ម្ចាស់​ប្រទេស​ដោយ​ការ​ទទួល​ខុស​ត្រូវ។

ជា​រួម ​ដើម្បី​ជ្រើសរើស​អ្នក​នយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ លុះត្រា​ពលរដ្ឋ​ដែល​ជា​អ្នក​ជ្រើសរើស​អ្នក​នយោបាយ​ឲ្យ​មក​កាន់​ការ​ប្រទេស​ជាតិ​ម្នាក់ៗ​ជា​ពលរដ្ឋ​ដែល​មាន​ការ​យល់​ដឹង និង​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច​ជា​ម្ចាស់​របស់​ខ្លួន​ជា​មុន​សិន។ ដើម្បី​អាច​កសាង​ពលរដ្ឋ​បែប​នេះ​គឺ​សែន​លំបាក​សម្រេច​ណាស់ ប៉ុន្ដែ​នេះ​គឺជា​លក្ខខណ្ឌ​ដំបូង (precondition) ដែល​ដាច់​ខាត​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​ជា​មុន​ក្នុង​ដំណើរការ​កសាង​សង្គម​ប្រជាធិបតេយ្យ៕

ប៉ាង វ៉ាន់ថោន
អ៊ីមែលៈvanthownpang@yahoo.com

0

Comments

Please, login or register to post a comment