Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ចំណាយ​លើ​កម្លាំង​មួក​ខៀវ​ គឺជា​ការ​ចំណាយ​ដ៏​មាន​ប្រសិទ្ធភាព

Content image - Phnom Penh Post
សព​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​​ ២១ ​ខែ​ឧសភា​។ ផា លីណា

ការ​ចំណាយ​លើ​កម្លាំង​មួក​ខៀវ​ គឺជា​ការ​ចំណាយ​ដ៏​មាន​ប្រសិទ្ធភាព

នៅ​ពេល​ដែល​ខ្ញុំ​បាន​ឈាន​ជើង​ចូល​អគារ​អង្គការ​សហប្រជាជាតិ​លើក​ទី​មួយ ក្នុង​នាម​ជា​អគ្គលេខាធិការ​នៅក្នុង​ខែ​មករា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ជា​ដំបូង​បំផុត​របស់​ខ្ញុំ​គឺ​បង្ហាញ​ការ​គោរព និង​រំឭក​ដល់​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​ជាង ៣៥០០ នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។

នៅ​ថ្ងៃ​ក្រោយ​មក​ទៀត​ក្នុង​សប្តាហ៍​ដដែល​កងកម្លាំង​មួក​ខៀវ​រក្សា​សន្តិភាព​ចំនួន​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ជា​កន្លែង​ដែល​ពួកគេ​កំពុង​បំពេញ​បេសកកម្ម​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​សហគមន៍​ដែល​រង​ការ​សម្លាប់​រង្គាល​។

កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​លះបង់​ខ្លួនឯង​ឲ្យ​ស្ថិត​នៅក្នុង​កន្លែង​មួយ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​រៀងរាល់​ថ្ងៃ​រវាង​ក្រុម​ប្រដាប់​អាវុធ​ដែល​កំពុង​ព្យាយាម​សម្លាប់​គ្នា​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត​របស់​ជន​ស៊ីវិល​។

ជីវិត​មនុស្ស​ច្រើន​រាប់​មិន​អស់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង ៧០ ឆ្នាំ​កន្លង​មក​នេះ​។ គ្រួសារ​ច្រើន​រាប់​មិន​អស់​ដែល​ត្រូវ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លើង​សង្គ្រាម ពួកគេ​បាន​ទទួល​ការ​ចាប់ផ្តើម​ជីវិត​ថ្មី​មួយ​។

ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​កងកម្លាំង​ថែរក្សា​សន្តិភាព​ទាំងនោះ​ថា ​ពួកគេ​បាន​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​អំពើ​ហិង្សា​ពួកគេ​បាន​ការពារ​មិន​ឲ្យ​មាន​ការ​កាប់​សម្លាប់​ជន​ស៊ីវិល​បាន​ប្រមាណ​ច្រើន​ជាង​ ៩០% ​បើ​ប្រៀបធៀប​ពី​មុន​ពេល​ដាក់​ពង្រាយ​កងកម្លាំង​រក្សា​សន្តិភាព​ទាំង​នេះ​។

យើង​ដឹង​ថា​ការ​ចំណោយ​លើ​កងកម្លាំង​ថែរក្សា​សន្តិភាព​គឺជា​ការ​ចំណាយ​ដ៏មាន​ប្រសិទ្ធភាព​។ ថវិកា​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​គឺ​តិច​ជាង​ពាក់កណ្តាល​​ ១% ​នៃ​ការ​ចំណាយ​លើ​វិស័យ​យោធា​សរុប​ក្នុង​ពិភពលោក​ទាំង​មូល​ហើយ​វា​ត្រូវ​បាន​ចែករំលែក​រវាង​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ទាំងអស់​ចំនួន ១៩៣ ​។

ការ​សិក្សា​របស់​អាមេរិក​បាន​បង្ហាញ​ថា​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ជា​ការ​ចំណាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ប្រាំបី​ដង​ច្រើន​ជាង នៅ​ពេល​សហរដ្ឋអាមេរិក​ដើរ​តួនាទី​តែ​ម្នាក់​ឯង​។

ការ​វិនិយោគ​នេះ​បាន​ផ្តល់​មក​យើង​វិញ​ច្រើន​ខ្លាំង​ណាស់​នៅ​ពេល​ដែល​យើង​គិត​ពី​កំណើន​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​ដែល​កើតឡើង​ដោយសារ​តែ​ស្ថិរភាព និង​សន្តិសុខ​ដែល​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ឡើងៗ បន្ទាប់ពី​បេសកកម្ម​រក្សា​សន្តិភាព​ទទួល​បាន​ជោគជ័យ​។

នៅក្នុង​ពិភពលោក​ដ៏ប្រទាក់​ក្រឡា​គ្នា​នេះ​កំណើន​ភេរវកម្ម​សកល​មាន​ន័យ​ថា​អស្ថិរភាព​គឺ​មាន​នៅ​គ្រប់​ទីកន្លែង​ដែល​វា​បង្ក​ជា​ការ​គំរាម​កំហែង​នៅ​គ្រប់​ទីកន្លែង​ដែរ​។

ប្រតិបត្តិការ​របស់​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​គឺ​ស្ថិត​នៅ​ជួរ​មុខ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ជានិច្ច​ដើម្បី​ការពារ​ការ​កើតឡើង​ក្នុង​តំបន់​ដែល​គ្មាន​ច្បាប់​ជា​កន្លែង​ដែល​បង្ក​ឲ្យ​មាន​អសន្ដិសុខ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ភាព​ជ្រុល​និយម​អាច​កើតឡើង​បាន​គ្រប់​ពេល​។

កងកម្លាំង​រក្សា​សន្តិភាព​គឺជា​ការ​វិនិយោគ​នៅក្នុង​សន្តិភាព សុវត្ថិភាព និង​ភាព​រុងរឿង​នៃ​ពិភពលោក​។

បេសកកម្ម​របស់​យើង​បាន​រួម​ចំណែក​ដល់​កេរដំណែល​ស្ថិរភាព​នៃ​ការ​អភិវឌ្ឈ និង​កំណើន​សេដ្ឋកិច្ច​ដោយ​ចាប់ផ្តើម​ពី​ប្រទេស​អែលសាវ៉ាឌ័រ​រហូត​ដល់​ប្រទេស​ណាមីប៊ី,ម៉ូសំប៊ិក និង ប្រទេស​កម្ពុជា​។ ប្រតិបត្តិការ​ចំនួន ៤៤ ត្រូវ​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួន និង​ត្រូវ​បាន​បិទ​។ ប្រតិបត្តិការ​ពីរ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ និង​ប្រទេស​កូតឌីវ័រ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​ជួប​ប្រទះ​ជាមួយ​នឹង​បញ្ហា​ប្រឈម និង​កំហុស​មួយ​ចំនួន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​សន្តិភាព​របស់​យើង​នោះ យើង​ក៏​គួរ​តែ​ទទួល​ស្គាល់​ផង​ដែរ​អំពី​ជោគជ័យ​នៃ​បេសកកម្ម​របស់​យើង​សម្រាប់​សន្តិភាព​នេះ​។ នៅ​ពេល​ដែល​កងកម្លាំង​របស់​យើង​ទៅ​ដល់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កាលពី​ ២ ​ឆ្នាំ​មុន​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ។

បច្ចុប្បន្ន​ប្រទេស​នេះ​បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ក្នុង​ដំណើរការ​រក្សា​សន្តិភាព និង​ប្រជាធិបតេយ្យ​ដែល​ពេល​នេះ​កំពុង​តស៊ូ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព ស្ថិរភាព ការ​ទម្លាក់​អាវុធ​ និង​នីតិរដ្ឋ​។

បេសកកម្ម Minusca របស់​យើង​កំពុង​ផ្តល់​នូវ​ការ​គាំទ្រ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ ប៉ុន្តែ​ស្ថានភាព​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ​។ វា​ពិត​ជា​គួរ​ឱ្យ​ភ័យខ្លាច​ណាស់ នៅ​ពេល​ស្រមៃ​ដល់​ផលវិបាក​នៃ​សោកនាដកម្ម​ទាំង​នោះ​ប្រសិន​បើ​គ្មាន​កម្លាំង​រក្សា​សន្តិភាព​របស់​យើង​នៅ​ទី​នោះ​ទេ​។ នៅ​ស៊ូដង់​ខាង​ត្បូង កងកម្លាំង​រក្សា​សន្តិភាព​បាន​ផ្តល់​ទីជម្រក​ដល់​ជន​ស៊ីវិល​ជាង ២០ ​ម៉ឺន​នាក់​ដែល​បាន​រត់​ភៀសខ្លួន​គេច​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ​ដោយសារ​តែ​វា​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ប្រយុទ្ធ​គ្នា​។ ខណៈ​ដែល​រងគ្រោះ​ទុរ្ភិក្ស​បាន​វាយប្រហារ​ប្រទេស​នេះ កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​ផ្ដល់​ភ្នាក់ងារ​សន្ដិសុខ​សម្រាប់​ការងារ​មនុស្សធម៌​ដើម្បី​ជួយ​សង្គ្រោះ​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទាំង​នោះ​។

សន្តិភាព​នៅ​ក្នុង​ពិភពលោក​របស់​យើង​នេះ​គឺ​ហាក់​ដូចជា​គំនិត​អរូបី​អ៊ីចឹង​ដែរ​។ ប៉ុន្ដែ​សន្តិភាព​នៅ​លើ​ដី​គឺ​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្រោម​លក្ខខណ្ឌ​ដ៏លំបាក​ និង​គ្រោះថ្នាក់​បំផុត​។ ពិភពលោក​នេះ​ពឹង​ផ្អែក​លើ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ទៅ​កន្លែង​ណា​ដែល​អ្នក​ឯ​ទៀត​ទៅ​មិន​ដល់​ និង​មិន​ចង់​ទៅ

ប៉ុន្តែ​ទោះបី​ជា​មាន​ឧបសគ្គ​ច្រើន​ប៉ុនណា​ក៏​ពួកគេ​មិន​រួញរា​ដែរ​ពួកគេ​នៅ​តែ​ទៅ​ប្រឈមមុខ​ជានិច្ច​។ ញឹកញាប់​បំផុត​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រឈម​នឹង​គម្លាត​រវាង​គោលដៅ​របស់​យើង​ និង​មធ្យោបាយ​ដែល​យើង​មាន​ដើម្បី​ឲ្យ​ពួកគេ​សម្រេច​បាន​។ នៅ​កន្លែង​ជាច្រើន​កងកម្លាំង​រក្សា​សន្តិភាព​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​កន្លែង​ដែល​ភាគី​នីមួយៗ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​តិចតួច​បំផុត​ដើម្បី​រក្សា​សន្តិភាព​។

បេសកកម្ម​របស់​យើង​តែងតែ​ក្លាយ​ជា​គោលដៅ​វាយប្រហារ​ពី​ភាគី​ដែល​មាន​ជម្លោះ និង​ពួក​ជ្រុល​និយម​ដែល​ប្រើ​ហិង្សា​។ ដោះស្រាយ​ជាមួយ​នឹង​ការពិត​ថ្មី​នេះ​តម្រូវ​ឱ្យ​មាន​កំណែ​ទម្រង់​ច្បាស់លាស់​លើ​ផ្នែក​យុទ្ធសាស្ត្រ​របស់​យើង​ដោយ​ផ្អែក​លើ​ការ​វិភាគ​នៃ​អាណត្តិ និង​សមត្ថភាព​នៃ​បេសកកម្ម និង​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​ និង​អ្នក​ដទៃ​ទៀត​។

យើង​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​នៃ​ប្រតិបត្តិការ​សន្តិភាព​នៅ​កន្លែង​ដែល​ងាយ​មាន​គ្រោះថ្នាក់ និង​បញ្ហា​ប្រឈម​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​នាពេល​បច្ចុប្បន្ន​នេះ​។ យើង​បាន​ធ្វើ​កំណែទម្រង់​មួយ​ចំនួន​ដោយ​បាន​កាត់​បន្ថយ​ការ​ចំណាយ​យ៉ាង​ច្រើន​ដែល​វា​បាន​ផ្ដល់​ឱ្យ​យើង​នូវ​ភាព​បត់បែន​កាន់តែ​ប្រសើរ​ជាង​មុន​ដើម្បី​ពង្រាយ​កងកម្លាំង​រក្សា​សន្តិសុខ​នៅ​ពេល​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

ខ្ញុំ​បាន​តាំង​ចិត្ដ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អង្គការ​ក្នុង​តំបន់ និង​ដៃគូ​ដទៃ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​កងកម្លាំង​រក្សា​សន្តិភាព​មាន​សម្ភារ និង​ការ​គ្រប់គ្រង​ចាំបាច់​ដែល​ពួកគេ​ត្រូវការ​។

កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ទទួល​រង​នូវ​ភាព​អាប់អួ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ដោយសារ​តែ​មាន​ករណី​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ដែល​ជា​ការ​បំពាន​ខ្លាំង​លើ​អ្វី​ដែល​យើង​តែង​ឲ្យ​តម្លៃ​។ ការ​ដោះស្រាយ​បញ្ហា​ដ៏អាក្រក់​ទាំង​នេះ​គឺជា​អាទិភាព​ចម្បង​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ទាំង​មូល​របស់​អង្គការ​សហប្រជាជាតិ​។

ខ្ញុំ​បាន​បង្ហាញ​គម្រោង​មួយ​ដល់​រដ្ឋ​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ទាំងអស់​ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​​និទណ្ឌភាព និង​ដើម្បី​បង្កើត​ការ​តស៊ូ​មតិ​ដើម្បី​សិទិ្ធ​របស់​ជនរងគ្រោះ​នៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​យើង និង​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​។ ខ្ញុំ​មាន​បំណង​ប្រមូលផ្តុំ​មេដឹកនាំ​ពិភពលោក​មក​ពិភាក្សា​ជុំវិញ​ជំហាន​ដ៏​មាន​សារៈសំខាន់​ទាំង​នេះ​។

នៅ​ពេល​សាកសួរ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​អំពី​អាទិភាព​របស់​ខ្លួន​ដោយ​រាប់​ចាប់​ពី​ទីក្រុង​ញូវយ៉ក​រហូត​ដល់​ទីក្រុង​ញូវដែលី និង​រាប់​ចាប់​ពី​ទីក្រុង​ Cairo រហូត​ដល់​ទីក្រុង Cape Town ពួកគេ​បាន​ផ្ដល់​នូវ​ការ​ឆ្លើយតប​ដូចៗ​គ្នា​។

ពួកគេ​ចង់​បាន​ស្ថិរភាព និង​សុវត្ថិភាព​ដើម្បី​រកស៊ី​ចិញ្ចឹម​ជីវិត​កូនចៅ​របស់​ពួកគេ​ដោយ​សុខ​សន្តិភាព​ដែល​កូនចៅ​របស់​ពួកគេ​អាច​​ទទួល​បាន​ការ​អប់រំ​ និង​ឱកាស​ដើម្បី​កំណត់​ពី​អនាគត​របស់​ខ្លួន​ឲ្យ​ទទួល​បាន​ភាព​ជោគជ័យ​។

កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​គឺជា​ផ្នែក​មួយ​នៃ​វិធី​ជាច្រើន​ទៀត​ដែល​យើង​ផ្តល់​ជូន​ដើម្បី​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ទទួល​បាន​នូវ​ពិភពលោក​មួយ​ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា​៕ NS

លោក Anto'nio Guterres គឺជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ