Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ទប់ស្កាត់​ និង​បង្ការ​ជំងឺ​មិន​ឆ្លង​នៅ​កម្ពុជា

Content image - Phnom Penh Post
បុរស​ម្នាក់​កំពុង​ជក់បារី​។ បារី​ និង​គ្រឿង​ស្រវឹង​គឺជា​ប្រភព​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មិន​ឆ្លង​។ រូបថត AFP

ការ​ទប់ស្កាត់​ និង​បង្ការ​ជំងឺ​មិន​ឆ្លង​នៅ​កម្ពុជា

មួយ​សតវត្សរ៍​កន្លង​មក​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ការវិវឌ្ឍ​ជា​សកល នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​។

សមិទ្ធផល​ទាំង​នេះ​គឺ​សម្រេច​បាន​ដោយសារ​មាន​ទឹកស្អាត​ប្រើប្រាស់ និង​អនាម័យ​កាន់តែ​ប្រសើរ​ព្រម​ទាំង​មាន​ការ​អនុវត្ត​ចំណេះដឹង​តាម​បែប​វិទ្យាសាស្ត្រ​ថ្មីៗ​បន្ថែម​លើ​ចំណេះដឹង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​មាន​យុទ្ធសាស្ត្រ និង​សេវា​ថែទាំ​សុខភាព​សាធារណៈ​ជាច្រើន​ដែល​មាន​ដូចជា​ការ​ចាក់​វ៉ាក់សាំង​ជា​សកល​ដើម្បី​ការពារ​កុមារ​ពី​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ស្វិត​ដៃជើង​ជាដើម​។

នៅ​ក្នុង​សតវត្សរ៍​ទី ២១ នេះ​ជំងឺ​មិន​ឆ្លង (NCD) មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាពិសេស​គឺ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ដែល​វា​កំពុង​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​វា​ទាមទារ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​បន្ទាន់​មួយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​ទាំង​នេះ​។

មាន​ភ័ស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​បន្ទុក​នៃ​ជំងឺ​មិន​ឆ្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​កំពុង​កើនឡើង​។

នៅ​ឆ្នាំ​ ២០១៤ ​ជំងឺ​ទាំង​នេះ​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ជាង​ពាក់កណ្តាល​ (៥២%) នៃ​ចំនួន​អ្នក​ស្លាប់​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​កើនឡើង​ពី ៤៦% បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១១​។ អ្នក​ស្លាប់​ជិត​មួយ​នាក់​ក្នុង​ចំណោម ៥ នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​មិន​ឆ្លង​នេះ​គឺជា​មនុស្ស​ដែល​មាន​អាយុ​ក្រោម​ ៧០ ​ឆ្នាំ​។

ជំងឺ​រ៉ាំរ៉ៃ​ទាំង​នេះ​កំពុង​ដាក់​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ទៅ​លើ​បណ្តា​ប្រទេស​ដែល​កំពុង​ប្រឈម​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​លើ​ការ​ព្យាបាល ហើយ​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​បាត់បង់​ប្រាក់​ចំណូល​ដោយសារ​តែ​ពិការភាព​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​មិន​ឆ្លង​នេះ​ជាពិសេស​គឺ​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​។ ប្រជាពលរដ្ឋ​ក្រីក្រ ពួកគាត់​ប្រឈម​នឹង​ការ​លំបាក​កាន់​តែ​ខ្លាំង​។ មាន​ការ​ទទួល​ស្គាល់​កាន់តែ​ច្រើន​ថា​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង​នឹង​គំរាម​កំហែង​ដល់​ការ​សម្រេច​គោលដៅ​សុខភាព និង​ការ​អភិវឌ្ឍ​ជាតិ​។

មិន​មាន​គោលនយោបាយ ឬ​អន្តរាគមន៍​តែ​មួយ​ដែល​អាច​ធានា​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​មុន​អាយុ​ពី​ជំងឺ​មិន​ឆ្លង​នេះ​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ ​នោះ​ទេ​។

ករណី​ស្លាប់​មុន​អាយុ​ភាគច្រើន​ជាប់​ទាក់ទង​ជាមួយ​នឹង​ជម្រើស​នៃ​របៀប​រស់នៅ​មិន​ល្អ​។ កត្តា​ចម្បងៗ​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​មិន​ឆ្លង​នេះ​គឺ​បណ្តាល​មកពី​របប​អាហារ​មិន​ល្អ អសកម្ម​រាងកាយ ការ​សេព​គ្រឿង​ស្រវឹង និង​ការ​ជក់បារី​ជាដើម​។

ថ្វី​បើ​ទោះបី​ជា​មាន​ការ​រីកចម្រើន​ក្នុង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ថ្នាំ​ជក់​បាន​តឹងរ៉ឹង​ជាង​មុន​ក្តី ក៏​ប៉ុន្តែ​ជិត​មួយ​ភាគ​បី​នៃ​បុរស​ខ្មែរ​ពេញ​វ័យ​នៅ​តែ​ប្រើប្រាស់​ថ្នាំ​ជក់​នៅ​ឡើយ​។

ទិន្នន័យ​បាន​មក​ពី​ការ​អង្កេត​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​បាន​បង្ហាញ​ពី​និន្នាការ​មួយ​ដ៏គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ថ្វីបើ​មនុស្ស​ជាច្រើន​មាន​ការ​យល់​ដឹង​អំពី​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្តី ប៉ុន្តែ​ត្រូវការ​យុទ្ធសាស្ត្រ​រួម​រវាង​រដ្ឋាភិបាល និង​សង្គម​ទាំង​មូល​។

ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ និង​បង្កើត​ការ​គាំទ្រ​ជា​សកល​ក៏​ដូចជា​ធនធាន​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង​លោក​ បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​បង្កើត​ក្រុម​ការងារ​អន្តរស្ថាប័ន​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ទប់ស្កាត់​ និង​បង្ការ​ជំងឺ​មិន​ឆ្លង​ ( UNIATF) នៅ​ក្នុង​ឆ្នាំ ២០១៣ ជាមួយ​នឹង​គោលដៅ​ជួយ​ដល់​បណ្តា​ប្រទេស​នានា​ដើម្បី​លើក​កម្ពស់​វិស័យ​សុខាភិបាល​ និង​មិនមែន​សុខាភិបាល​នៅ​ក្នុង​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បន្ទុក​ជំងឺ​មិន​ឆ្លង​តាមរយៈ​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​។

ក្រុម​ការងារ​អន្តរស្ថាប័ន​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​មិន​ឆ្លង ​(UNIATF) ​កំពុង​ជួយ​ប្រទេស​នានា​ដើម្បី​លើក​កម្ពស់​វិស័យ​នានា ជាពិសេស​វិស័យ​សុខាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​មិន​ឆ្លង​នេះ​ដោយ​លើក​កម្ពស់​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទាំង​មូល​។

ក្រុម​ការងារ​ដែល​បាន​បង្កើតឡើង​នេះ​គឺ​ដើម្បី​សម្រួល​ដល់​សកម្មភាព​នានា​របស់​អង្គការ​សហប្រជាជាតិ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពហុភាគី​ដទៃ​ទៀត​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កម្រិត​ខ្ពស់​មួយ​ឲ្យ​ស្រប​តាម​សេចក្តី​ប្រកាស​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ ២០១១ ស្តីពី​ជំងឺ​មិន​ឆ្លង និង​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ឆ្នាំ​ ២០១៤ ស្តីពី​ជំងឺ​មិន​ឆ្លង និង​របៀបវារៈ​ឆ្នាំ​ ២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

ក្រុម​ការងារ​នេះ​នឹង​បំពេញ​បេសកកម្ម​រួម​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​សប្តាហ៍​មុន​ដើម្បី​ធ្វើការ​សហការ​រួម​គ្នា​ជាមួយ​ភ្នាក់ងារ​ផ្សេងៗ​ទៀត​របស់​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ដើម្បី​ពង្រឹង​ពហុ​វិស័យ​នានា​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​មិន​ឆ្លង​នេះ​។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​រួច​ហើយ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​តាមរយៈ​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ថ្នាំ​ជក់​ថ្មី​មួយ និង​អនុក្រឹត្យ​ដែល​ការពារ​មនុស្ស​ពី​ការ​ស្រូប​ផ្សែង​បារី​រួម​បញ្ចូល​ទាំង​ការ​ដាក់​សារ និង​រូបភាព​ព្រមាន​ពី​គ្រោះថ្នាក់​នៅ​លើ​កញ្ចប់​បារី​ព្រម​ទាំង​ដាក់​កម្រិត​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​បារី និង​ផលិតផល​ថ្នាំ​ជក់​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ដើម្បី​បង្កើន​ការ​យក​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់​ផង​ដែរ​។

ស្រដៀង​គ្នា​នេះ​ដែរ​ត្រូវ​មាន​វិធានការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​គ្រឿង​ស្រវឹង​។

រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ផង​ដែរ​តាមរយៈ​ការ​ធ្វើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ពហុវិស័យ ដើម្បី​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មិន​ឆ្លង​ដែល​វា​ជា​ក្របខ័ណ្ឌ​ច្បាស់លាស់​មួយ​សម្រាប់​សកម្មភាព​ពហុវិស័យ​នៅក្នុង​ផ្នែក​ជាច្រើន​រួម​ទាំង​តួនាទី​ជាក់លាក់​របស់​ក្រសួង​ផ្សេងៗ​ផង​ដែរ​។

ខណៈ​ដែល​បន្ទុក​ជំងឺ​បន្ត​ផ្លាស់ប្តូរ​ពី​ជំងឺ​ឆ្លង​ទៅ​ជំងឺ​មិន​ឆ្លង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​នោះ​ការ​តម្រង់​ទិស​ប្រព័ន្ធ​សុខាភិបាល​ក៏​ជា​កិច្ចការ​ចាំបាច់​បន្ទាន់​ដែរ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្តូរ​ដ៏ខ្លាំងក្លា​នេះ​។

គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ៣.៨ បាន​ដាក់​ចេញ​នូវ​គោលដៅ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បរិមាណ​ថែទាំ​សុខភាព​ជា​សកល​រួម​ទាំង​ការ​បង្ការ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​សំខាន់ៗ និង​ការ​ទទួល​បាន​ឱសថ និង​ថ្នាំ​បង្ការ​ដែល​មាន​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ត្រឹម​ឆ្នាំ​ ២០៣០​។

សេវា​ទាំង​អស់​នេះ​ត្រូវ​រួម​បញ្ចូល​ទាំង​សេវា​ស្រាវជ្រាវ​ និង​បង្ការ​សម្រាប់​ជំងឺ​មិន​ឆ្លង​ដែល​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ចំពោះ​មនុស្ស​ច្រើន​នៅ​ឡើយ​ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ទីជនបទ​។

ទោះបី​តួនាទី​របស់​វិស័យ​សុខាភិបាល​គឺ​ដើម្បី​ធានា​សេវា​ទាំង​នេះ​ឲ្យ​មាន​ដំណើរការ​ក្តី ប៉ុន្តែ​ការ​គាំទ្រ​ផ្នែក​នយោបាយ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​បែងចែក​ធនធាន​ដែល​ចាំបាច់​។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​លោក Tedros Adhanom Ghebreyesus បាន​យក​បញ្ហា​សុខភាព​សកល​ជា​អាទិភាព​កំពូល​របស់​លោក​។

កិច្ចការ​ទាំង​អស់​នេះ​នឹង​តម្រូវ​ឱ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ពី​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម និង​តស៊ូ​មតិ​ឲ្យ​បាន​កាន់​តែ​សកម្ម​ជាមួយ​រចនាសម្ព័ន្ធ​នយោបាយ​ជាតិ​ទាំង​ក្នុង​តំបន់ និង​សកលលោក​រួម​ទាំង​ប្រមុខរដ្ឋ​ និង​រដ្ឋសភា​ផង​ដែរ​។

ដោយ​គិតគូរ​ដល់​ចំណុច​ទាំងអស់​នេះ​ក្រុម​ការងារ​អន្តរស្ថាប័ន​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​មិន​ឆ្លង​ (UNIATF) និង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​មិន​ឆ្លង​នេះ ព្រម​ទាំង​ធានា​ឱ្យ​មាន​អនាគត​មួយ​ប្រកប​ដោយ​សុខុមាលភាព និង​ចីរភាព​៕ NS

លោក វេជ្ជបណ្ឌិត Liu Yunguo តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោក Nick Beresford នាយក​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​តាំង​នាម​ឲ្យ​ក្រុម​ការងារ​អន្តរស្ថាប័ន​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ទប់ស្កាត់​ និង​បង្ការ​ជំងឺ​មិន​ឆ្លង​។

0

Comments

Please, login or register to post a comment