Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​បំភ័យ​អ្នក បោះឆ្នោត​អំពី​សង្គ្រាម​​ គឺជា​សញ្ញា​នៃ​កម្សោយ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ

Content image - Phnom Penh Post
ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត​ពេល​មក​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​កាលពី​ពេល​កន្លង​ទៅ​។ ផា លីណា

ការ​បំភ័យ​អ្នក បោះឆ្នោត​អំពី​សង្គ្រាម​​ គឺជា​សញ្ញា​នៃ​កម្សោយ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ

ខណៈ​ដែល​ថ្ងៃ​បោះឆ្នោត​ជិត​ចូល​មក​ដល់​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ផ្ដល់​នូវ​សារ​នយោបាយ​មួយ​ដែល​ជា​ក្ដីសង្ឃឹម​ព្រម​ទាំង​គាំទ្រ និង​លើក​ទឹក​ចិត្ត​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​ឲ្យ​ទៅ​បោះឆ្នោត​​នៅ​ថ្ងៃ​ ៤ ខែ​មិថុនា​ឆ្នាំ​ ២០១៧​។

ការ​ផ្ញើ​សារ​នយោបាយ​ណា​មួយ​ដែល​និយាយ​អំពី​សង្គ្រាម​គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​តែ​ប៉ុណ្ណោះ​។

ការ​ធ្វើ​បែប​នេះ​គ្រាន់​តែ​ជា​ការ​ឈ្នះ​ដើម្បី​រក្សា​អំណាច​មិនមែន​ជា​ការ​ឈ្នះ​ដើម្បី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ​ការ​បង្កើត​ការ​ភ័យខ្លាច​គឺ​ផ្ទុយ​ទៅ​នឹង​ការ​កសាង​សន្តិភាព​ហើយ​គ្រាន់​​តែ​ជា​សញ្ញា​នៃ​កម្សោយ​ផ្លូវចិត្ត និង​បង្ហាញ​នូវ​អត្តចរិត​អ្នក​ដឹកនាំ​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ដ៏សកម្ម និង​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ស្ថិរភាព​សង្គម និង​សន្តិភាព​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មក​នេះ​ក្រោយពី​របប​ប្រល័យ​ពូជសាសន៍​ដ៏យង់ឃ្នង​។ រដ្ឋាភិបាល​ស្រប​ច្បាប់​មាន​កាតព្វកិច្ច​ការពារ សន្តិសុខ និង​ការ​អភិវឌ្ឍ​ទាំងអស់​នេះ​ដោយ​ការ​លើក​ស្ទួយ ការពារ​សិទ្ធិ និង​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​នោះ​មាន​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ និង​សិទ្ធិ​ជ្រើសរើស​អ្នក​ដឹកនាំ​គ្រប់​កម្រិត​ដោយ​សេរី និង​គ្មាន​ការ​គំរាម​កំហែង​។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នាពេល​ខាង​មុខ​គឺជា​​ឱកាស​ដ៏សំខាន់​សម្រាប់​មនុស្ស​​ជិត​ ៨ ​លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​តំណាង​ប្រចាំ​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​។

ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​សម្ដែង​ឲ្យ​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​ថា​ក្នុង​នាម​ជា​ម្ចាស់​ឆ្នោត​លោក​នឹង​មិន​នៅ​ស្ងប់ស្ងៀម​ ខណៈ​ដែល​សិទ្ធិ​សេរីភាព ការ​គំរាម​កំហែង ការ​រស់នៅ​ដោយ​ភាព​ភ័យខ្លាច ការ​បាត់បង់​ដីធ្លី ការ​ព្រាត់ប្រាស​ក្រុម​គ្រួសារ​ដោយ​ចំណាកស្រុក​។ ម្ចាស់​ឆ្នោត​ទាំង​នោះ​បាន​យល់​ និង​គិត​ច្បាស់​ទៅ​ហើយ​នូវ​អត្ថន័យ​នៃ​តម្លៃ​សន្លឹកឆ្នោត​។

លើស​ពី​នេះ​ទៅ​ទៀត​ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ និង​បណ្តាញ​ព័ត៌មាន​សង្គម​បាន​ជ្រាប​ទៅ​ដល់​គ្រប់​មជ្ឈដ្ឋាន​ និង​បាន​ផ្តល់​ព័ត៌មាន​ព្រម​ទាំង​ព្រឹត្តិការណ៍​ព័ត៌មាន​ជាក់ស្តែង និង​រហ័ស​ដើម្បី​ផ្តល់​ជូន​ទៅ​ម្ចាស់ឆ្នោត​ជា​ទុន​ក្នុង​ការ​សម្រេច​ចិត្ត​ជូន​សន្លឹកឆ្នោត​ដល់​គណបក្ស​ដែល​លោក​​យល់​ឃើញ​ថា​អាច​រក្សា និង​ពង្រឹង​ការពារ​សន្តិសុខ​បាន​។

ការ​ពង្រីក​ការ​ភ័យខ្លាច​គឺ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​។ ​ការ​គំរាម​កំហែង​អំពី​សង្គ្រាម អស្ថិរភាព គឺ​ផ្ទុយ​ទាំង​ស្រុង​នឹង​ខ្លឹមសារ​នៃ​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​។

ការ​ចិញ្ចឹម​ក្នុង​ចិត្ត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់ឆ្នោត​ភ័យខ្លាច​មិនមែន​ជា​ដំណោះស្រាយ​ការពារ​សន្តិភាព​នោះ​ទេ​។

គណបក្ស​នីមួយៗ​នឹង​ទទួល​ជោគជ័យ​តាមរយៈ​ការ​បង្ហាញ​គោលនយោបាយ​ដែល​ជា​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ទាំងឡាយ​នៅ​ពេល​បច្ចុប្បន្ន និង​ធានា​ផ្តល់​ក្តីសង្ឃឹម​ជូន​ទៅ​ប្រទេស​ជាតិ​នា​ពេល​អនាគត​។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​តាំងចិត្ត​តស៊ូ​គ្មាន​ទី​បញ្ចប់​ដើម្បី​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​និង​សេរីភាព​ដោយ​ប្រើ​អហិង្សា​ដោយ​បង្រួបបង្រួម​ជាតិ និង​បញ្ចប់​ភាព​អយុត្តិធម៌ ការ​គំរាម​កំហែង​ និង​អំពើ​បក្ខពួក​ពុករលួយ​ដោយ​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដោយ​សេរី និង​យុត្តិធម៌​។

ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដើម្បី​បញ្ចៀស​សង្គ្រាម​៕

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ​ ២០១៧

មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ