Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កិច្ចសហប្រតិបត្តិការ​ដើម្បី​កាត់​បន្ថយ​គ្រោះមហន្តរាយ​អាកាសធាតុ

Content image - Phnom Penh Post
ទិដ្ឋភាព​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​នា​ពេល​កន្លង​មក។ រូបថត បាងកក​ប៉ុស្តិ៍

កិច្ចសហប្រតិបត្តិការ​ដើម្បី​កាត់​បន្ថយ​គ្រោះមហន្តរាយ​អាកាសធាតុ

គ្រោះទឹក​ជំនន់​កាល​ពី​ខែ​មុន​នៅ​ប្រទេស​ថៃ​គឺជា​ការ​ដាស់តឿន​ពី​ក្តី​ព្រួយបារម្ភ​មួយ​អំពី​ភាព​មិន​ប្រាកដប្រជា​នៃ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដ៏ខ្លាំងក្លា​។ រដូវ​ទឹក​ជំនន់​នៅក្នុង​ប្រទេស​ថៃ​ជាធម្មតា​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​វិច្ឆិកា​ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​ថៃ​បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ និង​ឥទ្ធិពល​ភ្លៀង​មូសុង​នៅ​ភាគ​ឦសាន​ដ៏ខ្លាំងក្លា​ដែល​បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​ដ៏​ខ្លាំងក្លា​រីក​រាលដាល​ទៅ​ដល់​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​ដោយ​បាន​សម្លាប់​មនុស្ស​អស់​ជាង​ ៦០ ​នាក់ និង​ប៉ះពាល់​ប្រជាជន​ប្រមាណ​ជាង​ ៣៣​០០០០ ​គ្រួសារ​ហើយ​ក៏​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាច្រើន​ផង​ដែរ​។

កាន់តែ​ប្លែក​ទៀត​នោះ​គឺ​បញ្ហា​អាកាសធាតុ​ដ៏​គួរ​ឲ្យ​បារម្ភ​ដែល​យើង​មិន​អាច​ទស្សន៍ទាយ​បាន​អាច​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​។ ​ដោយ​ប្រើ​វិធីសាស្ត្រ​ព្យាករ​ឧតុនិយម​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ប៉ាន់​ស្មាន​ការ​ខូចខាត​ពី​គ្រោះមហន្តរាយ​នាពេល​អនាគត​យើង​បាន​រកឃើញ​ថា​ការ​ខាតបង់​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​ថៃ​ដោយសារ​ទឹកជំនន់​នឹង​កើន​ដល់​ជាង​ ២,៥ ​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ ២០៣០​ ដែល​ស្មើ​នឹង​ ០,៦៥ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ២០១៥​។

ផលប៉ះពាល់​ចុង​ក្រោយ​ទៅ​លើ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ថៃ​សម្រាប់​ឆ្នាំ​ ២០១៧ ​គឺ​អាស្រ័យ​លើ​រយៈពេល​នៃ​ទឹក​ជំនន់​។ រហូត​មក​ទល់​ពេល​នេះ​វិស័យ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ជាង​គេ​គឺ​ដំណាំ​កៅស៊ូ​ដែល​មាន​ចំនួន​ ១,៥ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​ស្មើ​នឹង​ ២,៤ ​ភាគរយ​នៃ​ប្រាក់​ចំណូល​នាំ​ចេញ​។ អាជ្ញាធរ​ដំណាំ​កៅស៊ូ​ជាតិ​របស់​ថៃ​បាន​ប៉ាន់​ប្រមាណ​ថា​មក​ទល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​ ១០ ​ភាគរយ​នៃ​ផលិតកម្ម​កៅស៊ូ​នៃ​ប្រទេស​នេះ​ត្រូវ​បាន​បាត់បង់​។

ប្រទេស​ថៃ​គឺជា​ប្រទេស​នាំ​ចេញ​កៅស៊ូ​ធំ​បំផុត​ដែល​មាន​ចំនួន​ ៣៨ ​ភាគរយ​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ហើយ​ការ​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ពិភពលោក​ហាក់​តូច​ចង្អៀត​ដោយសារ​តែ​បញ្ហា​តម្លៃ​នៅ​លើ​ទីផ្សារ​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ចំណូល​មួយ​ចំនួន​ក្នុង​ការ​នាំ​ចេញ​។ ​ទោះ​ជា​យ៉ាង​ណា​ដោយ​ផ្អែក​លើ​ការ​ព្យាករ​ទស្សន​វិស័យ​នៃ​បញ្ហា​អាកាសធាតុ​ត្រូវ​បាន​គេ​រំពឹង​ថា​ទឹក​ជំនន់​អាច​ស្រក​ចុះ​ទៅ​វិញ​ចាប់​ពី​ចុង​ខែ​មករា​តែ​វា​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​អស់​ចន្លោះ​ពី ១០ ទៅ​ ១៥ ​ពាន់​លាន​បាត​ (​២៨៥,៣ ​លាន​ដុល្លារ​ទៅ​ ៤២៨ ​លាន​​ដុល្លារ) ​ដែល​គេ​រំពឹង​ថា​ការ​ខាតបង់​អាច​កើនឡើង​ច្រើន​ជាង​នេះ​ថែម​ទៀត​។

ត្រូវ​តែ​ដាក់​ចេញ​នូវ​វិធានការ​រឹងមាំ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​ទាំង​នេះ​ដែល​មាន​ដូច​ជា៖ ជួយ​ប្រជាជន​ក្រីក្រ​ឲ្យ​មាន​ភាព​ធន់​នឹង​មហន្តរាយ​នៃ​បញ្ហា​អាកាសធាតុ​ធ្ងន់ធ្ងរ​ខ្លាំង​បាតុភូត​អាកាសធាតុ​អែលនីណូ (El Niño) បាន​បណ្តាល​ឲ្យ​មាន​ទាំង​គ្រោះ​រាំង​ស្ងួត​រយៈពេល​វែង ​និង​គ្រោះ​ទឹក​ជំនន់​ដែល​កើត​ឡើង​ភ្លាមៗ​បាន​​ធ្វើឲ្យ​ប៉ះពាល់​ដល់​កសិករ​ក្រីក្រ​ជាពិសេស​អ្នក​រស់នៅ​តំបន់​ដែល​មាន​គ្រោះ​ទាំង​ពីរ​នេះ​ខ្លាំង​បំផុត។ ​ករណី​នេះ​បាន​​ប៉ះពាល់​​រួច​ទៅ​ហើយ​ដល់​កសិករ​ដាំ​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​រហូត​ដល់​មាន​គ្រោះ​រាំងស្ងួត​ដ៏យូរ​បំផុត​នៅ​ឆ្នាំ​ ២០១៥​ និង​ឆ្នាំ​ ២០១៦ ​ហើយ​គ្រោះ​ទឹកជំនន់​នាពេល​បច្ចុប្បន្ន​នេះ​វា​គឺជា​សញ្ញា​ដ៏​ស្មុគស្មាញ​ថ្មី​មួយ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​ ភាព​ក្រីក្រ​គឺជា​កត្តា​រួម​ចំណែក​​មួយ​ដែល​បង្ក​គ្រោះថា្នក់​ដល់​អ្នក​​ងាយរងគ្រោះ​ពី​គ្រោះ​មហន្តរាយ​ទាំង​នេះ​ដោយសារ​តែ​វា​បាន​កំណត់​​ពី​ជម្រើស​នៃ​ការ​ស្វែងរក​ប្រាក់​ចំណូល​។ ​ជនក្រីក្រ​ភាគច្រើន​ហាក់​បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួកគេ​ទៅ​លើ​វិស័យ​អប់រំ​ និង​សុខភាព​ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ពិបាក​ងើប​ចេញ​ពី​ភាព​ក្រីក្រ​ដែល​ឆ្លង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ និង​ពិបាក​លុប​បំបាត់​បាន​។ តម្លៃ​រូបិយវត្ថុ​ដែល​បាន​ភ្ជាប់​ទៅ​នឹង​ការ​ខាតបង់​ដ៏សម្បើម​ពី​គ្រោះមហន្តរាយ​ទាំង​នេះ​គឺ​វា​ជាប់​ទាក់ទង​យ៉ាង​ស្មុគស្មាញ​រវាង​ភាព​ក្រីក្រ​ និង​គ្រោះ​មហន្តរាយ។

ពង្រឹង​ប្រព័ន្ធ​ប្រកាស​អាសន្ន​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​វេទិកា​ពិភាក្សា​លើក​ទី ៧ ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ស្តីពី​បញ្ហា​អាកាសធាតុ​បាន​ព្យាករ​ពី​ភ្លៀង​មូសុង​ភាគឦសាន​ដ៏ខ្លាំង​ហើយ​នាយកដ្ឋាន​ឧតុនិយម​របស់​ថៃ​ក៏​បាន​ព្យាករ​ពី​ការ​កើត​មាន​គ្រោះ​ទឹក​ជំនន់​កម្រិត​មធ្យម​ និង​រយៈពេល​ខ្លី​ផង​ដែរ ហើយ​វា​បាន​ជួយ​ដល់​ក្រសួង​ដែល​ពាក់ព័ន្ធ​នានា​ និង​រដ្ឋបាល​ថ្នាក់​ខេត្ត​ក្នុង​ការ​រៀបចំ​សេណារីយោ​នានា​ដើម្បី​ទប់​ទល់​នឹង​ទឹកជំនន់​នេះ​។ ទោះ​ជា​យ៉ាង​ណា បទពិសោធ​បាន​បង្ហាញ​ថា​សារ​ព្រមាន​ដំបូង​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ​នៅ​ពេល​គ្រោះ​មហន្តរាយ​មក​ដល់»។ នេះ​មិនមែន​ដោយសារ​តែ​ខ្វះ​ការ​ត្រៀម​ខ្លួន​ជា​មុន​នោះ​ទេ​ ប៉ុន្ដែ​ដោយសារ​តែ​មាតិកា​ទាំង​មូល​នៃ​សារ​ព្រមាន​ពី​ដំបូង ​និង​ការ​ឲ្យ​ដំណឹង​ពី​ហេតុការណ៍​នៃ​ហានិភ័យ​មិន​សូវ​ស្រប​គ្នា។

ជា​ញឹកញាប់​តែង​កើត​មាន​កង្វះ​ខាត​ក្នុង​ទំនាក់​ទំនង​ដែល​មិន​ត្រឹម​តែ​មាន​នៅ​កន្លែង​រង​ផលប៉ះពាល់​ខ្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​នៅ​តាម​តំបន់​ជាក់លាក់​មួយ​ចំនួន​ដូចជា​នៅ​តាម​សហគមន៍​ និង​ទ្រព្យសម្បត្តិ​នានា​ដែល​ភាគច្រើន​ស្ថិត​ក្នុង​ហានិភ័យ​ និង​ងាយ​រង​ផលប៉ះពាល់​​បំផុត។ នៅក្នុង​ករណី​ផ្សេង​ទៀត​ប្រហែល​ជា​សហគមន៍​មិន​បាន​ទទួល​ព័ត៌មាន​ឲ្យ​ទាន់​ពេលវេលា​ ឬ​ពួកគេ​អាច​ទទួល​បាន​ព័ត៌មាន​ពី​ហានិភ័យ​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ពី​ប្រភព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​ដែល​អាច​បង្កើត​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ជាច្រើន។

ដើម្បី​ជំរុញ​ឱ្យ​មាន​សកម្មភាព​នៅ​តាម​សហគមន៍​ក្រុម​ផ្តល់​ព័ត៌មាន​ពី​ហានិភ័យ​ត្រូវ​ធ្វើ​ទាំង​ការ​កែ​តម្រូវ​ និង​ធ្វើឲ្យ​តាម​ក​ម្រិត​ស្ដង់ដារ​។ កម្រិត​នៃ​តម្រូវការ​ទាំង​ពីរ​នេះ​គឺជា​ចំណុច​ស្នូល​ក្នុង​ការ​រក្សា​ភាព​ជឿជាក់​ពី​ការ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​គ្រោះ​ហានិភ័យ​។ ​ស្វែង​រក​តុល្យភាព​ឲ្យ​បាន​ត្រឹមត្រូវ​អាច​ជា​ការ​លំបាក​មួយ ដូច្នេះ​ហើយ​នៅ​ក្នុង​ការ​ទទួល​ស្គាល់​របស់​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ និង​ម្ចាស់​ជំនួយ​ជាច្រើន​របស់​មូលនិធិ​តំបន់​ប៉ាស៊ីហ្វិក​លើ​ករណី​រលក​យក្ស​ស៊ូណាមិ​គឺ​ការ​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ និង​បញ្ហា​អាកាសធាតុ​បាន​ផ្តល់​អាទិភាព​នៃ​ការ​គាំទ្រ​ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​កសាង​សមត្ថភាព​ក្នុង​ការ​ព្យាករ​ពី​ផល​ប៉ះពាល់​ជា​មូលដ្ឋាន​ និង​ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ជាដើម​។

បង្កើន​កិច្ចសហប្រតិបត្តិការ​តំបន់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ និង​កសាង​ភាព​ធន់​ជាមួយ​នឹង​ផលប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​កាន់តែ​ខ្លាំង គ្រោះមហន្តរាយ​ពី​បាតុភូត​ធម្មជាតិ​ក៏​កំពុង​កើត​ឡើង​ខ្លាំង​ផង​ដែរ​ដែល​ទាមទារ​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​រឹងមាំ។​ នេះ​ជា​ក្តីបារម្ភ​មួយ​ដែល​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​បន្ទាន់។​ បង្កើន​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​នៅ​ថ្នាក់​មូលដ្ឋាន​អាច​មាន​ប្រសិទ្ធភាព​ច្រើន​ដោយសារ​តែ​ផលប្រយោជន៍​ហាក់​មាន​ច្រើន​ជាង​ផល​បូក​នៃ​ការ​ឆ្លើយតប​ក្នុង​ប្រទេស​ជា​រួម​។

ដោយ​ហេតុ​នេះ​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក (​ESCAP) បាន​បង្កើត​វេទិកា​​ប្រាស្រ័យទាក់​ទង​ហានិភ័យ​អាកាសធាតុ​មួយ​គឺ​វេទិកា​មូសុង​សម្រាប់​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​ពី​ទស្សនៈ​អាកាសធាតុ​ និង​ការ​ព្យាករ​តាម​រដូវកាល​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​សមត្ថភាព​ទាប​ដូចជា​ប្រទេស​មីយ៉ាន់ម៉ា ឡាវ​ និង​កម្ពុជា​ជាដើម​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ភាគ​ខាង​ត្បូង គណៈកម្មការ ESCAP នឹង​យក​បទពិសោធ​របស់​ប្រទេស​ថៃ​ជាពិសេស​ចំណេះដឹង​នៅ​ក្នុង​ការ​ព្យាករ​រយៈពេល​ខ្លី​ និង​មធ្យម​ និង​ប្រព័ន្ធ​ទំនាក់ទំនង​ព្រមាន​ដំបូង​ដោយ​បន្ត​គាំទ្រ​ដល់​ការ​ធ្វើ​សមាហរណកម្ម​នៃ​ការ​ច្នៃ​បង្កើត​ឧបករណ៍​ និង​បច្ចេកទេស​ថ្មីៗ​សម្រាប់​ព្យាករ​ និង​តាមដាន​ព្យុះ​ត្រូពិច​តាមរយៈ​គណៈកម្មាធិការ​​ត្រួតពិនិត្យ​ព្យុះ​ត្រូពិច និង​ព្យុះសង្ឃរា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​ឧតុនិយម​ពិភពលោក។

ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ហានិភ័យ​គ្រោះមហន្តរាយ​ និង​គម្រោង​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ គណៈកម្មការ ​ESCAP បាន​សហការ​ជាមួយ​ផ្នែក​អន្តរាគមន៍​គ្រោះ​មហន្តរាយ​គ្រប់​ជាន់​ថ្នាក់​របស់​អង្គការ​សហប្រជាជាតិ​ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ អាស៊ាន ​និង​អង្គការ​សហប្រជាជាតិ​ក៏​បាន​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​រួម​មួយ​សម្រាប់​សកម្មភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ​ដែរ។ ការ​ផ្តួចផ្តើម​ដ៏ច្រើន​នេះ​បាន​ជួយ​យ៉ាង​ខ្លាំង​ដល់​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ការ​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​ដើម្បី​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ទាំង​នោះ។

គណៈកម្មការ ESCAP នឹង​វិភាគ​បន្ថែម​ទៀត​ពី​បញ្ហា​ទាំងអស់​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ក្នង​ឆ្នាំ​ ២០១៧ ​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី​របាយការណ៍​គ្រោះ​មហន្តរាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​តុលា។

របាយការណ៍​នេះ​គឺជា​ការ​សម្រេច​បាន​និង​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​កសាង​ភាព​ធន់​របស់​​​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​បំណង​ឆ្លើយតប​ទៅ​នឹង​គ្រោះមហន្តរាយ​ដែល​វា​ជា​គន្លឹះ​មួយ​ដ៏សំខាន់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ គឺ​គ្មាន​នរណា​ម្នាក់​ត្រូវ​ទុក​ចោល​​ឡើយ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នេះ៕NS

លោកស្រី​ បណ្ឌិត Shamshad Akhtar ជា​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ​ និង​ជា​លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

0

Comments

Please, login or register to post a comment