Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្ដី​ស្រឡាញ់​ពិតប្រាកដ

Content image - Phnom Penh Post
ទិដ្ឋភាព​នៃ​ឃាតកម្ម​ (​រូប​ក្នុង​ទូរស័ព្ទ​) ​ទាក់ទង​នឹង​រឿង​ស្នេហា​ខ្វះ​ការ​លះបង់​កន្លង​មក​។ ហេង ជីវ័ន

ក្ដី​ស្រឡាញ់​ពិតប្រាកដ

ពាក្យ​ថា ស្រឡាញ់​ មិនមែន​សំដៅ​ចំពោះ​តែ​គូស្នេហ៍​ទេ​។ ការ​ស្រឡាញ់​អាច​កើត​មាន​គ្រប់​ទំនាក់ទំនង​រវាង​ឪពុក​ម្ដាយ​កូន បងប្អូន មិត្ដភក្ដិ​ មិត្ដ​រួម​ការងារ រួម​ទាំង​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ​ជាដើម តែ​អត្ថបទ​នេះ​លើក​យក​តែ​ការ​ស្រឡាញ់​គូស្នេហ៍​មក​បង្ហាញ​ប៉ុណ្ណោះ​។

ការ​ស្រឡាញ់​គូស្នេហ៍​អាច​ធ្វើឲ្យ​មនុស្ស​ដែល​កំពុង​តែ​វក់​នឹង​វា​ងប់ងុល​ក្នុង​អារម្មណ៍​ត្រេកត្រអាល​អាច​ធ្វើឲ្យ​គេ​ឈឺចាប់ អាច​ធ្វើឲ្យ​គេ​ប្រែ​ក្លាយ​ជា​ចងគំនុំ​នឹង​ដៃគូ​ស្នេហា​របស់​គេ​អាច​ទៅ​ជា​បាក់​ទឹកចិត្ត ឬ​បាត់បង់​នូវ​គំនិត​វិជ្ជមាន​ចំពោះ​ខ្លួនឯង​ហើយ​ពេល​ខ្លះ​គេ​ប្រែ​ក្លាយ​ជា​មនុស្ស​ស្ពឹក​ស្រពន់​។

ទោះបី​ជា​ស្នេហា​មាន​ចំណុច​អវិជ្ជមាន​ជាច្រើន​ក៏ដោយ​តែ​ស្នេហា​ក៏​មាន​ចំណុច​វិជ្ជមាន​របស់​វា​ដែរ​គឺ​ស្នេហា​អាច​ជួយ​ជំរុញ​មនុស្ស​ដែល​មាន​ស្នេហា​ឲ្យ​ទទួល​ជោគជ័យ​ស្គាល់​ពី​តម្លៃ​​ខ្លួនឯង​កាន់តែ​ច្បាស់​ និង​អាច​ផ្ដល់​​ដល់​គូស្នេហ៍​ទាំង​សង​ខាង​នូវ​សេចក្ដីសុខ​សុភមង្គល​ផង​ដែរ​។

ថ្វី​ដ្បិត​ថា​មនុស្ស​ទូទៅ​តែង​មាន​ស្នេហា ប៉ុន្ដែ​ដូចជា​មាន​តិច​ណាស់​ដែល​យល់​ពី​តម្លៃ​ស្នេហា ហើយ​អាច​ទទួល​បាន​ផលវិជ្ជមាន​ពី​ស្នេហា​។

ផ្ទុយ​ទៅ​វិញ​​ មាន​បុគ្គល​មួយ​ចំនួន​បាន​ក្លាយ​​ខ្លួន​ជា​កញ្ជះ​តណ្ហា​។ បើ​គេ​ស្រឡាញ់​នរណា​ហើយ គេ​តែងតែ​​ចង់​ទាមទារ​មក​វិញ​នូវ​ការ​ស្រឡាញ់​តប​មក​វិញ​ឲ្យ​ខាង​តែ​បាន​ដោយ​មិន​យល់​ពី​អារម្មណ៍​របស់​អ្នក​ដែល​ខ្លួន​ស្រឡាញ់​គឺ​ប្រសិន​បើ​ការ​ស្រឡាញ់​របស់​គេ បែរ​ជា​មិន​បាន​អ្វី​មួយ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​មក​វិញ​ទេ​នោះ​គេ​មាន​គំនិត​ចង​គំនុំ​ចង់​បំផ្លាញ​សេចក្ដី​​ស្នេហា​របស់​គេ​ចោល​វិញ​ភ្លាម​។

ពេល​ខ្លះ​គេ​ក៏​អាច​ឈាន​ដល់​ធ្វើ​រឿង​បំផ្លាញ​អនាគត ខ្លះ​ឈាន​ដល់​សម្លាប់​គ្នា​ក៏​មាន​។ ស្នេហា​​របស់​គេ​ទាមទារ​ត្រឹម​តែ​បំពេញ​នូវ​ចំណង់​នៃ​កាមតណ្ហា​របស់​គេ​ប៉ុណ្ណោះ​។ គេ​មាន​គំនិត​ថា​បើ​គេ​យក​ម្នាក់​នោះ​មិន​បាន អ្នក​ដទៃ​ក៏​មិន​អាច​យក​ម្នាក់​នោះ​បាន​ដែរ​គឺ​គេ​ត្រូវ​តែ​បំផ្លាញ​ចោល​។ ទង្វើ​សងសឹក​ចង​គំនុំ​ព្យាបាទ​តាម​បំផ្លាញ​អ្នក​ដែល​ខ្លួន​តាម​ស្រឡាញ់​មិន​បាន​ត្រូវ​​បាន​មនុស្ស​ទូទៅ​កំណត់​ថា​មកពី​បុគ្គល​ម្នាក់​នោះ​ស្រឡាញ់​ភាគី​ម្ខាង​ទៀត​ខ្លាំង​ពេក​។

ការពិត​ទៅ​ទង្វើ​ទាំង​នោះ​កើត​មក​​ពី​គេ​គ្មាន​ស្នេហា​ពិតប្រាកដ​ទៅ​វិញ​ទេ​។ ​បុគ្គល​ដែល​ប្រព្រឹត្ដ​បែប​នោះ​គឺ​គេ​ស្រឡាញ់​តែ​ខ្លួន​គេ​ផ្ទាល់ គេ​មិនមែន​កំពុង​តែ​ស្រឡាញ់​មនុស្ស​ដែល​គេ​និយាយ​ថា​គេ​ស្រឡាញ់​ឡើយ​។ ​

គេ​ច្រើន​និយាយ​ថា​​ «​កុំ​ស្រឡាញ់​គេ​ខ្លាំង​ពេក​!​ទុក​ភាគរយ​ខ្លះ​សម្រាប់​ស្រឡាញ់​ខ្លួនឯង​ផង​ក្រែង​ពេល​បែក​គ្នា​កុំ​ឲ្យ​ឈឺ​ចិត្ដ​ពេក​»​។

បែប​នេះ​មិនមែន​ជា​ការ​ស្រឡាញ់​​គេ​ទេ​គឺ​អ្នក​នោះ​គ្រាន់​តែ​ស្រឡាញ់​ខ្លួនឯង​ផ្ទាល់​ប៉ុណ្ណោះ​។

ការ​ស្រឡាញ់​នរណា​ម្នាក់​ដោយ​បេះដូង​ស្មោះ​ពិត ស្ដែង​ចេញ​នូវ​ការ​លះបង់​ចំពោះ​មនុស្ស​ដែល​គេ​ស្រឡាញ់​នោះ​។

ក្នុង​បេះដូង​របស់​គេ​ស្រែក​ថា​ពេល​បង​/​អូន​មាន​ក្ដី​សុខ នោះ​អូន​/​បង​ក៏​មាន​ក្ដី​សុខ​តាម​ដែរ​តែ​ពេល​ដែល​បង​/​អូន​មាន​ទុក្ខព្រួយ អូន​/​បង​ឯណេះ​ក៏​មាន​ទុក្ខព្រួយ​ដែរ​។ មនុស្ស​បែប​នោះ​តែងតែ​ធ្វើ​អ្វីៗ​ដើម្បី​តែ​ក្ដីសុខ​គូស្នេហ៍​របស់​គេ​ដោយ​គេ​មិន​ខ្វល់​ថា​នឹង​បាន​ផល​អ្វី​តប​មក​គេ​វិញ​ឡើយ​គឺ​បាន​ត្រឹម​​ធ្វើ​អ្វីៗ​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មាន​ក្ដី​សុខ​នោះ​គឺ​គេ​មាន​ក្ដី​សុខ​ហើយ បើ​គេ​ស្រឡាញ់​នរណា​ម្នាក់ គេ​នឹង​ផ្ដល់​ឲ្យ​​ទាំងអស់​នូវ​បេះដូង​របស់​គេ​ដោយ​មិន​ទុក​ចំណែក​ភាគរយ​ថា កុំ​ស្រឡាញ់​គេ​អស់ ក្រែងលោ​ថ្ងៃ​ណា​មួយ​គេ​ឈប់​ស្រឡាញ់​ដើម្បី​ចៀសវាង​ខូច​ចិត្ដ​ឡើយ​។​

មនុស្ស​ដែល​មាន​បេះដូង​បរិសុទ្ធ​អាច​ផ្ដល់​ឲ្យ​ដោយ​អស់​ពី​ចិត្ដ​ពី​ថ្លើម​ ទោះបី​ជា​មិន​បាន​ទទួល​ការ​ស្រឡាញ់​តប​ពី​បេះដូង​ម្ខាង​ទៀត​ក៏ដោយ ក៏​គេ​នៅ​តែ​ពេញ​ចិត្ត​បន្ដ​លះបង់​ធ្វើ​ប្រយោជន៍​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ដដែល​។ គេ​មិន​​បង្ខំ​មនុស្ស​ដែល​គេ​ស្រឡាញ់​ថា​ត្រូវ​តែ​ផ្ដល់​ការ​ស្រឡាញ់​មក​ខ្លួន​គេ​វិញ​ឡើយ បើ​កាល​ណា​ម្ខាង​ទៀត​នោះ​មិន​បាន​ស្រឡាញ់​គេ​ពិតប្រាកដ​។ គេ​ដឹង​ច្បាស់​ថា​ការ​បង្ខំ​ឲ្យ​ម្ខាង​ទៀត​ឲ្យ​មក​ស្រឡាញ់​ខ្លួន​នឹង​បង្កើត​ជា​សម្ពាធ ហើយ​វា​ក៏​ជា​ទណ្ឌកម្ម​ទាំង​ចំពោះ​មនុស្ស​ដែល​គេ​ស្រឡាញ់​ទាំង​ចំពោះ​រូបគេ​ផ្ទាល់​ផង​ដែរ​។

ការ​ឃើញ​មនុស្ស​ដែល​យើង​ស្រឡាញ់​បែរ​ជា​ទ្រាំ​ធ្វើ​ជា​ស្រឡាញ់​យើង​វា​ពិតជា​ទណ្ឌកម្ម​ផ្លូវ​ចិត្ដ​មួយ​ធំ​ណាស់​។

តើ​អាច​ដែរ​ទេ​ដែល​មនុស្ស​ស្មោះត្រង់​ម្នាក់​ធ្វើ​ពើ​ជា​មិន​ដឹង​ថា​គេ​មិន​ស្រឡាញ់​ខ្លួន តែ​បែរ​ជា​គេ​នោះ​ត្រូវ​ធ្វើ​ពើ​ជា​ស្រឡាញ់​ដោយ​ហេតុផល​ណា​មួយ​? ​មាន​តែ​បេះដូង​​របស់​មនុស្ស​អាត្មានិយម​តែ​​ប៉ុណ្ណោះ​ដែល​ឆ្លើយ​យ៉ាង​លឿន​ថា​អាចៗ​ព្រោះ​គេ​ដឹង​ថា​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ណា​មួយ​។ នោះ​ហើយ​ហៅ​ថា​អាត្មានិយម​ក្នុង​រឿង​ស្នេហា​។

មនុស្ស​ម្នាក់​អាច​ពេញ​ចិត្ដ​ដោយ​ផ្ដល់​ការ​ស្រឡាញ់​របស់​គេ​ទៅ​មនុស្ស​ណា​ម្នាក់​បាន​លុះត្រា​តែ​ខ្លួន​គេ​ផ្ទាល់​ពិត​ជា​មាន​ក្ដី​ស្រឡាញ់​ក្នុង​ចិត្ដ​ពិត​​មែន​។ ម្យ៉ាងវិញ​ទៀត​គឺ​មនុស្ស​ដែល​គេ​ស្រឡាញ់​នោះ​មាន​តម្លៃ​គ្រប់គ្រាន់​ឲ្យ​គេ​ស្រឡាញ់​ដែល​តម្លៃ​នោះ​មិនមែន​ជា​សម្បក​រូបកាយ​ខាង​ក្រៅ មិនមែន​ត្រឹម​តែ​ជា​គុណសម្បត្ដិ​ផ្នែក​ជំនាញ ចំណេះដឹង​ឡើយ តែ​គឺជា​តម្លៃ​នៃ​បេះដូង​ដ៏​ស្រស់ស្អាត​គួរ​ឲ្យ​ស្រឡាញ់​របស់​បុគ្គល​នោះ​។

បើ​កាលណា​អ្នក​ពិតជា​ស្រឡាញ់​គេ​ហើយ នោះ​ចិត្ត​អ្នក​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​គេ​បាន​ក្ដី​សុខ​គឺ​អ្នក​ហ៊ាន​ទាំង​លះបង់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ​ថែម​ទៀត​ផង​គឺ​ធ្វើ​ម្ដេច​ឲ្យ​តែ​គេ​ទទួល​បាន​ក្ដី​សុខ ទោះបី​ជា​​ត្រូវ​ដក​ខ្លួន​ចេញ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ក៏ដោយ​ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​ពេញចិត្ត​ក្នុង​ការ​លះបង់​។

មិនមែន​ថា​​កាត់ផ្ដាច់​បេះដូង​ធ្វើឲ្យ​សប្បាយ​ចិត្ដ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​​រឿង​ឈឺផ្សា​ចិត្ដ​ខ្លាំង​ណាស់ អ្នក​ស្រណោះ​ក្ដី​ស្នេហ៍​អ្នក​ណាស់ ស្ដាយ​គេ​ណាស់ អ្នក​នឹក​រឭក​ចង់​នៅ​ក្បែរ​គេ​ណាស់ តែ​អ្នក​នៅ​តែ​កាត់​ទង​ប្រមាត់​ខ្លួន​​ឯង​ដើរ​ចេញ ធ្វើ​ម្ដេច​ឲ្យ​តែ​​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មាន​​ក្ដី​សុខ​។

អ្នក​មិនមែន​ពេញ​ចិត្ដ​នឹង​ការ​ព្រាត់ប្រាស់​ទេ តែ​អ្នក​​ពេញ​ចិត្ដ​ដែល​ការ​ព្រាត់ប្រាស់​នោះ​អាច​នាំ​ក្ដី​សុខ​ដល់​អ្នក​​ដែល​ខ្លួន​ស្រឡាញ់ តែ​ក៏​មិនមែន​ថា​គ្មាន​លក្ខខណ្ឌ មិនមែន​ថា​ដឹង​តែ​ពី​ក្ដី​ស្រឡាញ់​គេ​ងប់ងុល​ ឬ​លះបង់​ដោយ​ងងឹត​ងងល់​​ចំពោះ​គ្រប់​តែ​មនុស្ស​នោះ​ដែរ​។ បើ​គ្មាន​លក្ខខណ្ឌ​ថា​មនុស្ស​ដែល​​មាន​តម្លៃ​បែប​ណា​មួយ​ដែល​​ខ្លួន​ត្រូវ​ប្ដូរផ្ដាច់​លះបង់​ទេ តែ​បែរ​ជា​ដឹង​តែ​ពី​ជ្រមុជ​ក្បាល បែប​ងងឹត​ងប់ងុល​ឈ្លក់​វង្វេង​លែង​ដឹង​ត្រូវ​ខុស ដឹង​តែ​ពី​ស្រឡាញ់ៗ​ៗ​បែប​នោះ​គ្មាន​តម្លៃ​​ទេ​។

ការ​លះបង់​ចំពោះ​មនុស្ស​ដែល​គ្មាន​គុណសម្បត្ដិ​នឹង​ទទួល​​បាន​នូវ​ការ​លះបង់​ជា​សេចក្ដី​ឆោតល្ងង់ មិនមែន​ជា​ការ​សម្ដែង​​ចិត្ដ​ស្មោះ​ឡើយ​។ ទាំង​សង​ខាង​ត្រូវ​តែ​មាន​តម្លៃ​ក្នុង​ការ​ទទួល​បាន​នូវ​ការ​លះបង់​ពី​គ្នា​។

ពេល​ខ្លះ​ទោះបី​ជា​គេ​មិន​ឲ្យ​យើង​ស្រឡាញ់​គេ​ក៏ដោយ ក៏​ក្ដី​ស្រឡាញ់​បាន​កើត​ឡើង​ក្នុង​បេះដូង​យើង​ទៅ​ហើយ យើង​មិន​អាច​លើក​ដៃ​ច្របាច់​កម្ទេច​ស្នេហា​របស់​យើង​បាន​ទេ​។ យើង​​នឹង​ថែរក្សា​ស្នេហា​នោះ​ទុក​ក្នុង​ថត​ណា​មួយ​នៃ​ប្រអប់​បេះដូង​​របស់​យើង​ជា​រៀងរហូត​។ វា​ជា​អនុស្សាវរីយ៍​នៃ​ក្ដីស្នេហ៍​របស់​​យើង​ក្នុង​ខណៈ​ពេល​ណា​មួយ​នៃ​ជីវិត​នោះ​គឺ​ក្ដី​ស្រឡាញ់​ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា​ដែល​មិន​ងាយ​នឹង​លុប​ចោល​វិញ​បើ​កាលណា​វា​បាន​ដុះដាល​​ហើយ​។ យើង​នៅ​តែ​នឹក​រឭក​អនុស្សាវរីយ៍​នោះ​គ្មាន​ថ្ងៃ​ច្របាច់​​កម្ទេច​បេះដូង​ខ្លួនឯង​ឡើយ​។

ទោះ​ឈឺ​ប៉ុនណា​ក៏​វា​ជា​ការ​ឈឺចាប់​ដែល​ពោរពេញ​ដោយ​សោភ័ណ​ព្រោះ​យើង​បាន​យក​មនោសញ្ចេតនា​ពិត​របស់​យើង​ទៅ​ច្នៃ​ក្ដី​ស្នេហ៍​នោះ​ឡើង យើង​​បាន​ឆ្លាក់​វា​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​យើង ហើយ​យើង​ស្រឡាញ់​ពេញ​ចិត្ត​នឹង​ធ្វើ​អំពើ​ល្អ​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​ជា​ខ្លាំង​។ ទោះបី​ជា​យើង​ស្រឡាញ់​គេ​ប៉ុន​ណា​ក៏ដោយ បើ​កាល​ណា​យើង​បាន​ដឹង​ថា​ការ​ស្រឡាញ់​នោះ​នាំ​ទុក្ខ​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​​នោះ​យើង​នឹង​ឱប​វា​លាក់​ទុក​ក្នុង​ទ្រូង​យើង​តែ​ម្នាក់ឯង​ជា​រៀងរហូត​។ នោះ​ជា​បេះដូង​ផ្ដល់​ឲ្យ​សុទ្ធសាធ គ្មាន​លាយឡំ​នឹង​ភាព​អាត្មានិយម​ឡើយ​។

មនុស្ស​ស្មោះ​មិនមែន​គេ​ស្មោះ​តែ​ចំពោះ​គូស្នេហ៍​គេ តែ​បែរ​ជា​មិន​ស្មោះ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ កាលណា​ស្មោះ​គឺ​គេ​ស្មោះ​នឹង​មនុស្ស​ទូទៅ​។ ​មិន​អាច​ឡើយ​​ដែល​គេ​តែង​ជា​ចម្រៀង​ថា​បង​ក្បត់​នរណា​ក៏​ក្បត់​ចុះ​កុំ​ឲ្យ​តែ​បង​ក្បត់​អូន​។ តើ​អាច​ដែរ​ទេ​ដែល​មនុស្ស​ម្នាក់​ដែល​តែងតែ​មាន​ចិត្ដ​ក្បត់​សាវា​ចំពោះ​មនុស្ស​ទូទៅ​តែ​បែរ​ជា​មិន​ក្បត់​ចំពោះ​តែ​​នាង​ម្នាក់​? ​ជា​សច្ចធម៌ ធម្មជាតិ​ស្មោះ និង​ក្បត់​មិន​អាច​ចុះ​សម្រុង​ក្នុង​បេះដូង​តែ​មួយ​បាន​ទេ វា​ត្រូវ​តែ​ចែក​បេះដូង​គ្នា​។ ​មនុស្ស​ដែល​ស្មោះត្រង់​ជា​មនុស្ស​ដែល​មាន​ដួងចិត្ត​ល្អ​ស្អាត​មាន​សមាន​ចិត្ត​ឈឺឆ្អាល​ចំពោះ​សុខទុក្ខ​របស់​អ្នកដទៃ​។ គេ​ស្មោះ​ស្នេហ៍​របស់​គេ គេ​មិន​កេង​ចំណេញ​ពី​ស្នេហា​របស់​គេ គេ​ក៏​សុចរិត​ស្មោះត្រង់​មិន​កេង​ចំណេញ​លើ​អ្នក​ដទៃ​ដែរ​។

លក្ខណៈ​នៃ​ការ​លះបង់​គឺ​ខុស​ពី​ការ​បណ្ដោយ​ដោយ​មិន​អើពើ​។ បេះដូង​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ទោះ​ដឹង​ខុស​ត្រូវ​យ៉ាង​ណា​ក៏ដោយ​ក៏​មិន​អាច​គ្មាន​ការ​ប្រចណ្ឌ​បាន​ដែរ​។ មិនមែន​ពេល​ឃើញ​គូស្នេហ៍​របស់​ខ្លួន​ទៅ​ទាក់ទង​ស្នេហា​នឹង​អ្នក​ដទៃ គេ​បែរ​ជា​អាច​ព្រងើយ​កន្ដើយ​ហើយ​និយាយ​ថា​គេ​លះបង់​ឲ្យ​ទៅ​អ្នក​ផ្សេង​ឲ្យ​មក​ទទួល​យក​ការ​ស្រឡាញ់​ពី​គូស្នេហ៍​ខ្លួន​ដែរ​បាន​ឡើយ​។ វា​ត្រូវ​តែ​មាន​ការ​ហួងហែង​មិន​ចង់​ឲ្យ​ក្ដី​ស្នេហា​របស់​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ចែក​រំលែក​ទៅ​នារី​/​បុរស​ផ្សេង​។

បើ​គ្មាន​ការ​ហួងហែង​ថា​ចង់​ឲ្យ​គូស្នេហ៍​របស់​ខ្លួន​ស្រឡាញ់​តែ​ខ្លួន​ម្នាក់ មិន​បែក​បែរ​ទៅ​ស្រឡាញ់​អ្នក​ផ្សេង​ក៏​មិន​ហៅថា​ស្នេហា​ដែរ​។

យ៉ាង​ណា​ក៏ដោយ​ការ​ហួងហែង​មិនមែន​ហួស​ព្រំដែន មិនមែន​ឲ្យ​តែ​ឃើញ​គូស្នេហ៍​ខ្លួន​សេពគប់​មិនមែន​ក្នុង​ន័យ​​ស្នេហា​ភេទ​នឹង​នរណា​ក៏​មិន​បាន​ដឹង​​តែ​ប្រចណ្ឌ​រក​រឿង​គ្រប់​ពេល​ដែរ​។ ដឹង​ហើយ​ថា ​មកពី​ស្រឡាញ់​ទើប​បាន​ជា​ហួងហែង តែ​បើ​ស្រឡាញ់​គ្នា​បែរ​ជា​មិន​ដឹង​ចិត្ដ​មិន​យល់​ពី​គ្នា​ថា​គូស្នេហ៍​ជា​មនុស្ស​ប្រភេទ​ណា​មិន​ទុក​ចិត្ដ​គ្នា​នោះ​ជា​ការ​មិន​ផ្ដល់​តម្លៃ​ និង​មិន​ជឿ​ចិត្ដ​គ្នា​មិន​ដឹង​ហៅ​ថា​ស្រឡាញ់​គ្នា​ដូចម្ដេច​កើត​? ​ការ​ប្រចណ្ឌ​ហួងហែង​ដោយ​មិន​ចេះ​ស្ដាប់​ហេតុផល​ដែល​ចេះ​តែ​ពី​ប្រចណ្ឌ​គ្រប់​រឿង​ស្ដែង​ចេញ​នូវ​គំនិត​ចង្អៀត​ចង្អល់​នូវ​ចិត្ដ​ល្ងិតល្ងង់​ដែល​ចង់​តែ​បំបិទ​សិទ្ធិ​ដៃគូ​ មិន​ចេះ​យល់​ចិត្ដ​ មិន​ទុក​ចិត្ដ​មិន​ជឿ​ជាក់​មិន​ឲ្យ​តម្លៃ​ស្នេហា​របស់​ខ្លួន​គឺ​គេ​ដឹង​តែ​ពី​ចង់​​បំពេញ​ចិត្ដ​អាត្មានិយម​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​តែ​បំពេញ​នូវ​ចិត្ដ​របស់​គេ​ដែល​ចង់​តែ​ឃុំគ្រង ចង់​តែ​ត្រួតត្រា បង្គាប់​បញ្ជា​គូស្នេហ៍​ឲ្យ​តាម​យក​ចិត្ដ​គេ ស្ដាប់​គេ​បញ្ជា​គ្រប់​ពេល​។ ដួង​ចិត្ដ​អាត្មានិយម​ប្រចណ្ឌ​គ្មាន​បែបបទ​មិន​ចេះ​ស្ដាប់​ហេតុផល​គ្នា មិន​ចេះ​យោគយល់​គ្នា​មិន​ចេះ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា មិន​ចេះ​ស្វែងយល់​ពី​តម្រូវការ​គូស្នេហ៍ ជា​ការ​ស្រឡាញ់​ខ្លួនឯង​មិនមែន​ជា​ក្ដី​ស្រឡាញ់​ពិតប្រាកដ​ឡើយ​។

ស្នេហា​ពិត​មិន​ទាមទារ​នូវ​ការ​តបស្នង​នោះ​ទេ ប៉ុន្ដែ​វា​ក៏​ត្រូវ​តែ​មាន​លក្ខខណ្ឌ​ដែរ​ទើប​វា​អាច​ស្ថិតស្ថេរ​បាន​។ ស្នេហា​ពិត​ដ៏ពេញលេញ​មួយ​ទាមទារ​នូវ​លក្ខខណ្ឌ​បី​។ ទី​មួយ​គឺ​ខ្ញុំ​ស្រឡាញ់​អ្នក​ចេញ​ពី​ក្រអៅ​បេះដូង​របស់​ខ្ញុំ​ដោយ​ស្មោះស្ម័គ្រ​ដោយ​មនោសញ្ចេតនា​ពេញ​ប្រៀប​ក្នុង​បេះដូង​។

ទី​ពីរ​គឺ​អ្នក​ក៏​ស្រឡាញ់​ខ្ញុំ​វិញ​ដែរ​គឺ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​ចិត្ដ​នឹង​ចិត្ដ​មិនមែន​បង្ខំ​ចិត្ដ​ធ្វើ​ជា​ស្រឡាញ់​ដោយ​អាណិត​ ឬ​ដោយ​លក្ខខណ្ឌ​បង្ខំ​ណា​មួយ តែ​គឺ​អ្នក​ស្រឡាញ់​ខ្ញុំ​ព្រោះ​តែ​ខ្ញុំ​មាន​តម្លៃ​ស័ក្ដិសម​ឲ្យ​អ្នក​ស្រឡាញ់ ឯ​ទី​បី​គឺ​តម្លៃ​នៃ​ការ​ស្រឡាញ់​ដែល​ស្នេហា​នោះ​មាន​តម្លៃ​ឲ្យ​យើង​លះបង់​។

មនុស្ស​ដែល​បង្កើត​ក្ដី​ស្រឡាញ់​ដោយ​ការ​យល់​ចិត្ដ​គ្នា​ទៅវិញ​ទៅមក គេ​មុខ​ជា​មាន​គោលដៅ​ជីវិត​រួម​គ្នា​មួយ​។ គេ​មិនមែន​ស្រឡាញ់​គ្នា​ដើម្បី​ត្រឹម​តែ​យក​គ្នា​មក​បំពេញ​ចំណង់​តណ្ហា​ផ្លូវ​ភេទ​នោះ​ទេ​។ ​

ការ​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ការ​យល់​ពី​គ្នា​នោះ​ស្នេហា​របស់​គេ​នឹង​បន្ត​ដង្ហើម​រហូត​ដល់​ពួកគេ​ចាស់​រៀងៗ​ខ្លួន​ព្រោះ​គេ​បាន​បង្កើត​ស្នេហា​របស់​គេ​ដោយ​មនោសញ្ចេត​នា​ពិត​របស់​គេ​ហើយ​គេ​ចិញ្ចឹម ស្នេហា​របស់​គេ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្វែងយល់​ពី​គ្នា​បំពេញ​ឲ្យ​គ្នា​កាន់​ដៃ​គ្នា​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ជីវិត​រួម​របស់​ពួកគេ​។ ការ​មាន​បុព្វហេតុ​ជីវិត​រួម​គ្នា​របស់​គូស្នេហ៍​ដែល​បុព្វហេតុ​ជីវិត​នោះ​ដើម្បី​ចូលរួម​ធ្វើ​ប្រយោជន៍​ចំពោះ​សង្គម​ជាតិ វា​រឹត​តែ​បន្ថែម​ន័យ​ដល់​ក្ដី​ស្នេហ៍​របស់​ពួកគេ​។ ​

យ៉ាង​ណា​ក៏ដោយ​ជា​ការ​កម្រ​ណាស់​ដែល​ទាំង​សង​ខាង​មាន​សមាន​ចិត្ដ​ល្អ​ដូច​គ្នា​មាន​ការ​ចេះ​គិត​ត្រិះរិះ​ពិចារណា​មាន​កម្ពស់​ទឹក​ចិត្ដ​ប្រហាក់​ប្រហែល​គ្នា​។

ក្ដី​ស្រឡាញ់​ពិត​កើត​ចេញ​ពី​ការ​យល់​ចិត្ដ​រវាង​មនុស្ស​ពីរ​នាក់​។ ​ការ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ការ​យល់​ពី​បុព្វហេតុ​ជីវិត​របស់​ដៃគូ​ការ​ជំរុញ​ទឹកចិត្ដ​គ្នា​សំដៅ​ទៅ​រក​គោលដៅ​ជីវិត​ដែល​ពួកគេ​បាន​កំណត់​រួម​គ្នា​ជា​ការ​កសាង​ស្នេហា​ដែល​ពោរពេញ​ទៅ​ដោយ​ឧត្ដមគតិ​។ ថ្វីដ្បិត​ថា​ស្នេហា​ជា​រឿង​ដួង​ចិត្ដ​រវាង​មនុស្ស​ពីរ​នាក់ ប៉ុន្ដែ​ស្នេហា​ខ្វះ​ឧត្ដមគតិ​គិត​ដល់​តម្លៃ​នៃ​ក្ដី​ស្នេហ៍ វា​គ្រាន់​តែ​ជា​ទង្វើ​នៃ​ការ​បំពេញ​ចំណង់​តណ្ហា​ជា​ការ​បង្កើត​គ្រួសារ​ដែល​មនុស្ស​ទូទៅ​ប្រព្រឹត្ដ​តាម​គ្នា​ជាធម្មតា​ប៉ុណ្ណោះ​។

ជា​រួម​ការ​ស្រឡាញ់​ពិត​មិនមែន​ជា​ការ​ស្រឡាញ់​ដើម្បី​បំពេញ​ចំណង់​តណ្ហា​ដែល​ពេល​ខ្លះ​គ្រាន់​តែ​ស្នេហា​មួយ​ឆាវ​ដូច​ភ្លើង​ចំបើង បង្កើត​ឲ្យ​មាន​តែ​ការ​ឈឺចាប់​ដែល​ម្ខាង​បែក​ចិត្ដ​ចោល​គ្នា​មុន​ហើយ​បោះបង់​គ្នា​ចោល​នោះ​ឡើយ​។

ស្នេហា​ពិត​ជា​និរន្តរ៍​ជា​ស្នេហា​ដែល​បង្កើត​ដោយ​មនោសញ្ចេតនា​ជា​ស្នេហ៍​ដែល​មាន​ការ​យល់​ដឹង​ពី​តម្លៃ​ស្នេហ៍​ជា​ស្នេហ៍​ដែល​មិន​ត្រឹម​តែ​បង្កើត​សុភមង្គល​រវាង​គូស្នេហ៍ តែ​ជា​ស្នេហ៍​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក​ជុំវិញ​ទាំង​កម្រិត​គ្រួសារ មិត្ដភក្ដិ និង​សង្គម​ជាតិ​ទាំង​មូល​៕

យួង វិចិត្រ, អ៊ីមែលៈ yuongvichet@gmail.com

0

Comments

Please, login or register to post a comment