Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ខ្លះ​ភ្ញាក់​រឭក​ ខណៈ​សុខាភិបាល​សម្ងំ​ដេក

អ្នក​ភូមិ​រកា​កំពុង​ធ្វើ​តេស្ដ​រក​មេរោគ​ HIV/AIDS នៅ​មណ្ឌល​សុខភាព​ឃុំរកា​ បាត់ដំបង។
អ្នក​ភូមិ​រកា​កំពុង​ធ្វើ​តេស្ដ​រក​មេរោគ​ HIV/AIDS នៅ​មណ្ឌល​សុខភាព​ឃុំរកា​ បាត់ដំបង។ ហេង ជីវ័ន

ក្រសួង​ខ្លះ​ភ្ញាក់​រឭក​ ខណៈ​សុខាភិបាល​សម្ងំ​ដេក

វិស័យ​សុខាភិបាល​ជា​វិស័យ​ស្នូល​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ដទៃ​ទៀត​ពោល​គឺជា​ដង្ហើម​ជាតិ​មួយ​ដែល​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​ដើម្បី​ធានា​ដល់​សេវា​សុខភាព​សាធារណៈ​ដែល​ជា​កម្លាំង​​ស្រួច​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​​ជាតិ​មាតុភូមិ និង​រុញ​ច្រាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លួន​ក្រោម​​បរិបទ​សកល​ភាវូបនីយកម្ម​ក្នុង​​គោលបំណង​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ដោយ​ផ្អែក​លើ​ឯកទេសកម្ម​រៀងៗ​ខ្លួន​។

តាំង​តែ​ពី​បរមបុរាណ​មក​ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​ណាស់​ទៅ​លើ​វិស័យ​សុខាភិបាល​ចំពោះ​ប្រជារាស្ត្រ​ព្រះអង្គ​ជាពិសេស​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ដែល​ទ្រង់​ឈ្វេង​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​ព្រះអង្គ និង​បាន​ទ្រង់​បញ្ជា​ឲ្យ​កសាង​មន្ទីរពេទ្យ​ជាច្រើន​ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ជាតិ។

ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​មាន​ព្រះវររាជបិតា​សម្តេចតា​ជា​ថ្នាក់​ដឹកនាំ​នោះ​វិស័យ​សុខាភិបាល​របស់​ខ្មែរ​ក៏​មាន​ការ​រីកចម្រើន និង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំងក្លា​ណាស់​ដែរ​នៅ​ក្នុង​តំបន់​ពោល​គឺ​គ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ថ្លៃថ្នូរ​លើក​លែង​តែ​របប​អាវ​ខ្មៅ​ទេ​ដែល​គេ​សម្លាប់​គ្រូពេទ្យ​ចោល​អស់​ហើយ​ឲ្យ​កសិករ និង​អ្នក​ឡើង​ត្នោត​មក​ធ្វើ​ពេទ្យ​ជំនួស​វិញ។

ចុះ​វិស័យ​សុខាភិបាល​ខ្មែរ​បច្ចុប្បន្ន​នេះ​បាន​រីកចម្រើន​ដល់​កម្រិត​ណា​ហើយ? តើ​ជំនាញ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​ធំ​នោះ​អាច​ទទួល​​យក​បាន​ដែរ​ឬ​ទេ?

រាល់​ពេល​ចុង​សប្តាហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ម្តងៗ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​បូករួម​ទាំង​គ្រូពេទ្យ និង​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ​នាំ​គ្នា​សម្រុក​ទៅ​​វៀតណាម ថៃឡង់ និង​សិង្ហបុរី ភ្លូកទឹក​ភ្លូកដី ប៉ុន្តែ​មិនមែន​ជា​ដំណើរ​កម្សាន្ត​ក្នុង​លក្ខណៈ​គ្រួសារ​​ទេ​តែ​គឺជា​ការ​ទៅ​ពិនិត្យ​សុខភាព​ជា​លក្ខណៈ​គ្រួសារ​ទៅវិញ។

ឯ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ក្រីក្រ​បាន​ត្រឹម​ពោល​ពាក្យ​​អស់​សង្ឃឹម​ថា «ដេក​ស្លាប់​​ល្អ​ជាង​ទៅ​ពេទ្យ» ដែល​នេះ​អាច​មក​ពី​ស្ថានភាព​ជំងឺ​របស់​គាត់​តែ​បើ​សង្កេត​ឲ្យ​ដិតដល់​ទៅ​ក្តី​អស់​សង្ឃឹម​របស់​ពួកគាត់​​មិនមែន​មក​ពី​ស្ថានភាព​ជំងឺ​ទេ​តែ​មកពី​ជំនាញ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​ធំ​បច្ចុប្បន្ន​នេះ។

ក្រុម​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គ្មាន​ជំនាញ និង​គ្មាន​​ក្រមសីលធម៌​វិជ្ជាជីវៈ​ថ្លៃថ្នូរ​​ឡើយ​បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​​គឺ​គាត់​គិត​ពី​រឿង​លុយ​កាក់​ជា​ជាង​ជីវិត​អ្នក​ជំងឺ​ហើយ​ការ​និយាយ​ស្តី​របស់​​ក្រុម​គ្រូពេទ្យ​ទាំង​នោះ​វិញ​​មិន​ខុស​ពី​ពាក្យ​បុរាណ​ខ្មែរ​ពោល​ថា «មក​ទាំង​ប៉ី​ទាំង​ទ្រ» ឡើយ។

ជា​រើយៗ​យើង​តែងតែ​ ឮ​ព័ត៌មាន​ផ្សាយ​ថា​អ្នក​ជំងឺ​មិន​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ទេ​ព្រោះ​គ្មាន​លុយ​បង់​ជូន​ពេទ្យ​រហូត​ដល់​ពេល​ខ្លះ​ចង់​ស្រក់​ទឹកភ្នែក​ពេល​ឮ​ថា​ទាំង​ម្តាយ​ទាំង​កូន​ត្រូវ​បាន​ស្លាប់​ព្រោះ​ពេទ្យ​មិន​ព្រម​ជួយ​សម្រាល​ដោយសារ​គ្រួសារ​គាត់​គ្មាន​លុយ ៥ ម៉ឺន​រៀល​បង់​ជូន​ពេទ្យ​ក៏​មាន។

គ្រូពេទ្យ​ខ្លះ​មក​ធ្វើការ​កាបូប​បទ​ទេ​តែ​ចេញ​ទៅ​ផ្ទះ​វិញ​មាន​ថ្នាំ និង​ស៊ីរ៉ូម​ពេញ​កាបូប​ក៏​មាន ឯ​គ្រូពេទ្យ​ខ្លះ​ទៀត​អង្គុយ​លេង​ទូរស័ព្ទ​ឲ្យ​អ្នក​ជំងឺ​អង្គុយ​ចាំ​រាប់​​ម៉ោង​ក៏​មាន។

ឯ​មន្ទីរពេទ្យ​រដ្ឋ​ខ្លះ​ទៀត​គ្មាន​ទាំង​គ្រូពេទ្យ​ប្រចាំ​ការ​ក៏​មាន​ដែរ​ហើយ​មន្ទីរពេទ្យ​ខ្លះ​ទៀត​នោះ​មិន​ទាំង​មាន​ស៊ីរ៉ូម​ដាក់​ឲ្យ​អ្នក​ជំងឺ​​ផង​ពោល​គឺ​គ្រាន់​តែ​ចេញ​វេជ្ជបញ្ជា​ឲ្យ​សាច់ញាតិ​អ្នក​ជំងឺ​ទៅ​ទិញ​នៅ​ខាង​ក្រៅ​ហើយ​ឆ្លៀត​ប្រាប់​ឲ្យ​ទៅ​​​​ទិញ​នៅ​ឱសថស្ថាន​ណា​ទៀត​ដើម្បី​​បាន​ថ្លៃ​ទឹក​តែ​ក៏​​មិន​ដឹង។

ឯ​គ្លីនិក​ពេទ្យ​ឯកជន​វិញ​ក៏​មិន​ណយ​ដែរ​ពោល​គឺ​គ្រាន់​តែ​លាង​របួស​បន្តិច​ទារ​រាប់រយ​ដុល្លារ​ហើយ​ពេល​ខ្លះ​ចរចា​រឿង​លុយ​សិន​ទើប​​មើល​អ្នក​ជំងឺ​ក៏​មាន​រហូត​ដល់​គ្លីនិក​ខ្លះ​គ្មាន​ជំនាញ​ត្រឹមត្រូវ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ហើយ​យក​លុយ​បិទ​មាត់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក៏​មាន​ដែរ។

រឿង​ដែល​ហួស​ចិត្ត​នោះ​គឺ​ឡាន​សង្គ្រោះ​​បន្ទាន់​ខ្លះ​តថ្លៃ​ជាមួយ​មន្ទីរពេទ្យ​សិន​រឿង​ថ្លៃ​ទឹក​តែ​ដឹក​​អ្នក​របួស​ចូល​ហើយ​ពេល​ខ្លះ​​នោះ​សែង​អ្នក​របួស​ដាក់​លើ​ឡាន​ហើយ​តែ​លើក​ដាក់​ចុះ​វិញ​​ដោយ​ដឹង​ថា​ជន​នោះ​គ្មាន​លុយ​​ក៏​មាន​ដែរ។

បើ​រៀបរាប់​ឲ្យ​អស់​វិញ​ប្រហែល​ជា​អាច​ធ្វើ​ជា​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ​ផង​ក៏​អាច​ថា​បាន​ព្រោះ​មាន​គ្រប់​រូបភាព​ គ្រប់​បែប​គ្រប់​ផែន​ដែល​គ្មាន​លេខ​ដាក់​ឡើយ​ហើយ​បើ​នៅ​តែ​របៀប​នេះ​តើ​មិន​ស្លាប់​ខ្មែរ​អស់​ហើយ​ទេ​ឬ​យ៉ាង​ណា? ប្រហែល​ជា​ខ្ញុំ​និយាយ​ខុស​ហើយ​ព្រោះ​បើ​ស្លាប់​ក៏​ស្លាប់​តែ​ពូ​សុខ​ឡើង​ត្នោត និង​មីង​សៅ​លក់​ចេក​ចៀន​​ដែរ​ដ្បិត​គាត់​គ្មាន​លុយ ឯ​លោក​ធំ​ក្រុម​គ្រូពេទ្យ​ និង​គ្រួសារ​​គាត់​កន្លង​មក​មិន​ដែល​ទាំង​ព្យាបាល​ជំងឺ​ខ្លួន​នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ក្នុង​ស្រុក​ផង​បើ​ទោះ​បី​ជា​ទៅ​​ក៏​ក្រុម​គ្រូពេទ្យ​ទាំង​នោះ​រត់​ដាច់​ជើង​ចោល​ដែរ​ព្រោះ​ខ្លាច​បាន​ពិន្ទុ​មិន​ល្អ។

ជា​ទម្លាប់​យើង​តែងតែ​ឮ​ក្រុម​គ្រូពេទ្យ​​ខ្មែរ​យើង​ភាគច្រើន​ត្អូញត្អែរ​​ថា​​ប្រាក់​បៀវត្សរ៍​តិច​ណាស់​ធ្វើការ​មិន​កើត​ទេ​ប៉ុន្តែ​បើ​យើង​នាំ​គាត់​អួត​ពី​រឿង​ទ្រព្យ​វិញ​ច្បាស់​ជា​ចេញ​អស់​ហើយ​គ្លីនិក​គាត់​​ឈ្មោះ​នេះ​ហើយ​នៅ​ត្រង់​នេះ​ ឬ​ត្រង់​នោះ​ដែល​​នេះ​​មិន​ខុស​ពី​ក្រុម​មន្ត្រី​រាជការ​ខ្លះ​ដែល​ត្អូញ​រឿង​ប្រាក់​ខែ​តិច​ធ្វើការ​មិន​កើត​ទេ​តែ​កម្រ​ឃើញ​​មាន​​អ្នក​លាឈប់​ណាស់​មាន​តែ​ប្រឹង​សូកប៉ាន់​នាំ​សាច់​ញាតិ​​ចូល​ក្រសួង​នេះ​ ឬ​ក្រសួង​នោះ​​ទៅ​វិញ។

គ្រូពេទ្យ​ភាគច្រើន​មិន​សូវ​បាន​​បំពេញ​តួនាទី​ខ្លួន​ឲ្យ​បាន​ជាប់លាប់​ទេ​ពោល​គឺ​មក​គ្រាន់​តែ​បង្ហាញ​មុខ​រួច​ក៏​បំបាំង​ខ្លួន​ទៅ​ធ្វើការ​នៅ​គ្លីនិក​ផ្ទាល់​ខ្លួន ឬ​ក៏​គ្លីនិក​ឯកជន​បាត់​ទៅ។

គ្រូពេទ្យ​មួយ​ចំនួន​ពិសេស​ពេទ្យ​នៅ​តាម​​ជនបទ​យក​អ្នក​ជំងឺ​ធ្វើ​ជា​សត្វ​ស្វា​ដើម្បី​ពិសោធ​ថ្នាំ​ក៏មាន​ដោយ​ចេះ​តែ​លាយ​ថ្នាំ​ចាក់ ឬ​ឲ្យ​អ្នក​ជំងឺ​លេប​ពោល​គឺ​បើ​​ត្រូវ​ចាក់​ថែម​តែ​បើ​មិន​ត្រូវ​គឺ​លាយ​​មុខ​ផ្សេង​ទៀត​រហូត​ដល់​ពេល​ខ្លះ​ស្ថានភាព​អ្នក​ជំងឺ​យ៉ាប់​ជាង​មុន​ ឬ​បណ្តាល​​ឲ្យ​ស្លាប់​ក៏​មាន​ដែរ។

ចំណែកឯ​ ការ​លក់​ថ្នាំពេទ្យ​តាម​កញ្រែ្ចង​នៅ​តាម​ជនបទ​នោះ​ក៏​នៅ​តែ​មាន​មិន​ដឹង​​ជា​​ឆ្នាំ​ណា​ទើប​មាន​ការ​ចុះ​ត្រួតពិនិត្យ​​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​ពី​សំណាក់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ។

ឯ​គ្លីនិក​ឯកជន​មួយ​ចំនួន​ធំ​វិញ​បើក​ឡើង​គឺ​ដើម្បី​តែ​អង្កៀម​ប្រាក់​ពី​អ្នក​ជំងឺ​ទេ​ពោល​គឺ​គ្រូពេទ្យ​មិន​មាន​ជំនាញ​ច្បាស់លាស់ ​គ្មាន​សមត្ថភាព ខ្វះ​សម្ភារ​បច្ចេកទេស​គិត​ពី​លុយ​ជា​ចម្បង។ល។

ដូច​ថ្មីៗ​នេះ​លោក​បេអាតរិចឆ្នឺរ​ដែល​ជា​បិតា​ស្ថាបនិក​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​អំពាវនាវ​ឲ្យ​ក្រសួង​សុខាភិបាល​ត្រួតពិនិត្យ​លើ​សមត្ថភាព​​របស់​វេជ្ជបណ្ឌិត​នៅ​តាម​បណ្ដា​គ្លីនិក​ឯកជន​ដោយ​លោក​បាន​លើក​ឡើង​ថា​ពួកគេ​គិត​តែ​ពី «ប្រាក់​ជា​ធំ» ដោយ​ទុក​ឲ្យ​កុមារ​​រាប់រយ​នាក់​មាន​អាការ​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា។

សួរ​ថា​តើ​ក្រសួង​សុខាភិបាល​បច្ចុប្បន្ន​​រវល់​ធ្វើ​ស្អី​ទើប​បាន​មិន​ដឹង​រឿង​អស់​នេះ? ហើយ​ចុះ​ហេតុអ្វី​បាន​ជា​លោក​​ បេអាតរិចឆ្នឺរ​ ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុបា្ផ​ដែល​​​​មិនមែន​ជា​ខ្មែរ​នោះ​យល់​ដឹង​ពី​បញ្ហា​នេះ​ជាង​មន្ត្រី​ក្រសួង​សុខាភិបាល​ដែល​មាន​​តួនាទី និង​កាតព្វកិច្ច​លើ​បញ្ហា​ទាំង​នេះ​ទៅ​វិញ? តើ​មន្ត្រី​ក្រសួង​សុខាភិបាល​រវល់​ចុះ​ពង្រឹង​បក្ស​អស់​ហើយ​ឬ​ក៏​ត្រូវ​សំណែន​មន្ទីរពេទ្យ​ទាំង​នោះ​​ទើប​បាន​ជា​មិន​ជ្រួតជ្រាប​ពី​បញ្ហា​ដដែលៗ​ទាំង​នេះ?

អំពើ​ពុករលួយ និង​បក្ខពួក​និយម​​នៅ​ក្នុង​វិស័យ​សុខាភិបាល​​ភាគច្រើន​មិនមែន​ជា​រឿង​ថ្មី​ឡើយ​ក្នុង​ប្រធានបទ​ជជែក​គ្នា​របស់​ជនជាតិ​ខ្មែរ​ចាប់​តាំង​ពី​ការ​ដួលរលំ​នៃ​របប​អាវ​ខ្មៅ​មក​ម្ល៉េះ​។

បន្តិច​ឮ​ថា​ប្រធាន​មន្ទីរពេទ្យ​កាង​ការពារ​ផលប្រយោជន៍​សាច់ញាតិ និង​ក្រុម​ខ្លួន​រហូត​ដល់​ករណី​បាត់​លុយ​​ជំនួយ​បរទេស​រាប់ម៉ឺន​ដុល្លារ​ដោយ​គ្មាន​​ស៊ើបអង្កេត និង​ចាត់ការ​លើ​ក្រុម​ដែល​រួម​គំនិត​​កិប​យក​លុយ​ជំនួយ​ធ្វើ​សេដ្ឋី​ទំនង​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​គឺ «អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គិត​ថា​ករណី​នេះ​​វា​មិន​សំខាន់​ដូច​ករណី​ស្រីញី​របស់​លោក កឹម សុខា» ក៏​ថា​បាន។ ព្រោះ​តែ​អំពើ​ពុករលួយ និង​ការ​មិន​អើពើ​ចំពោះ​ភារកិច្ច​របស់​ខ្លួន​នេះ​ហើយ​ទើប​មន្ទីរពេទ្យ​​ឯកជន​គ្មាន​ស្តង់ដារ និង​ការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​​អាច​បើក និង​បន្ត​ដំណើរការ​បាន​​ដោយ​រលូន។

រឿង​ដែល​អាម៉ាស់​បំផុត​នោះ​គឺ​កាលពី​ឆ្នាំ​មុន​អ្នក​ភូមិ​​រកា​ស្ទើរ​តែ​មួយ​ភូមិ​បាន​ត្រូវ​ឆ្លង​អេដស៍​ព្រោះ​តែ​គ្រូពេទ្យ​គ្មាន​​វិជ្ជាជីវៈ និង​ជំនាញ​​ត្រឹមត្រូវ​ហើយ​​រហូត​ដល់​ពេល​នេះ​​មាន​តែ​គ្រូពេទ្យ​ហេងស៊យ​នោះ​ទេ​ដែល​ទទួល​រង​ទោស​ខណៈ​​ដែល​កៅអី​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​នៅ​តែ​ត្រជាក់​ត្រជុំ​ដដែល​នោះ។

ដូច្នេះ​ការ​និយាយ​ជាង​ ៥ ម៉ោង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ណែនាំ​ឲ្យ​មន្ត្រី​លោក​ឆ្លុះ​កញ្ចក់ និង​ដុះ​ក្អែល​បន្ទាប់ពី​ជ្រុះ​កៅអី​ខ្លះ​នៅ​ពេល​បោះឆ្នោត​កាល​ពី​ឆ្នាំ​ ២០១៣ កន្លង​មក​នោះ​គឺ​គ្រាន់​តែ​ជា​សំណែន​សែន​បង្គ្រប់កិច្ច​ទេ​ហើយ​គោល​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​នោះ​នឹង​ស៊ី​មិន​បាន​ជ្រៅ​ដូច​ក្នុង​ក្រដាស​​ឡើយ។

ខណៈ​ដែល​ក្រសួង​សំខាន់ៗ​មួយ​ចំនួន​​​បាន​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន និង​​កំពុង​សកម្ម​ក្នុង​ការ​ព្យាបាល​​ជំងឺ​មហារីក​​ទៅ​តាម​ផ្នែក​នីមួយៗ​​នៅ​ក្នុង​ស្ថាប័ន​ខ្លួន​ហើយ​​នោះ តើ​ពេល​ណា​បាន​ប្រមុខ​រដ្ឋាភិបាល​គិតគូរ​ពី​វិស័យ​សុខាភិបាល​ដែល​ជា​សរសៃ​ឈាម​​សំខាន់​របស់​ជាតិ?

ជា​ការពិត​វិស័យ​សុខាភិបាល​​ខ្មែរ​​បច្ចុប្បន្ន​មិន​​ត្រឹម​តែ​មិន​បាន​ដើរ​ទៅ​មុខ​ទេ​តែ​​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​និយាយ​បាន​ថា​ជិត​​ដល់​ពេល​ប្រកាស​​អាសន្ន​ក៏​ថា​បាន។ តែ​ស្ថានភាព​នេះ​ដូចជា​មិន​ត្រូវ​បាន​ទទួល​​​ស្គាល់​ដោយ​​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ឬ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ផ្ទាល់​ផង​ដោយ​ជា​រឿយៗ​យើង​តែងតែ​ឮ​ពួក​គាត់​​អួត​ពី​សមិទ្ធផល​មួយ​ចំនួន​​ដូចជា​ការ​ធ្លាក់​ចុះ​នៃ​អត្រា​អ្នក​កើត​​មេរោគ​អេដស៍ ឬ​អត្រា​ធ្លាក់​ចុះ​នៃ​ការ​ស្លាប់​របស់​មាតា និង​ទារក​ជាដើម។ល។ ប្រាប់​ទៅ​កាន់​សាធារណជន​ជា​ជាង​ការ​បង្ហាញ​ក្តីកង្វល់ និង​គោលនយោបាយ​ឆ្លើយតប​ណា​មួយ​ហើយ​ទំនង​ជា​គាត់​ភ្លេច​ថា​សមិទ្ធផល​​ទាំង​នោះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រឹង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើការ​​លើ​បញ្ហា​សុខភាព​នៅ​កម្ពុជា​​រាប់​ឆ្នាំ​មក​ហើយ​ទេ។

ការ​ដែល​រាជរដ្ឋាភិបាល​​ និង​សាមី​ក្រសួង​មិន​ទទួល​ស្គាល់​លើ​ចំណុច​អវិជ្ជមាន​​នេះ​មិន​​ត្រឹម​តែ​បង្ហាញ​ពី​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​របស់​ខ្លួន​ឡើយ​តែ​​ក៏​ឆ្លុះ​បញ្ចាំង​ពី​អសមត្ថភាព និង​ការ​មិន​មាន​ការ​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជាពិសេស​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក្នុង​ភារកិច្ច​ជួសជុល​​រទេះ​សេវា​សុខភាព​​សាធារណៈ​ដែល​​បែកបាក់​ជិត​​អស់​នេះ​ដើម្បី​សម្រួល​ដល់​កម្លាំង​អូស​របស់​គោ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ឡើយ។

កំណែ​ទម្រង់​ស៊ីជម្រៅ និង​មោះមុត​​ទៅ​លើ​វិស័យ​សុខាភិបាល​​​គឺជា​​ភាព​ចាំបាច់ និង​ចម្បង​ជាង​គេ​ដ្បិត​ថា​វិស័យ​នេះ​ជា​សរសៃ​ឈាម​សំខាន់​របស់​​​ជាតិ​យើង​ហើយ​ការ​រីក​លូតលាស់​​របស់​វិស័យ​នេះ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។

ជា​ការពិត​ណាស់​ការ​​​យក​ចិត្ត​ទុក​ដាក់​​លើ​​វិស័យ​នេះ​ជាពិសេស​ការ​ពិនិត្យ​​មើល​​​ឡើង​វិញ​លើ​ក្រសួង​សុខាភិបាល​មិន​ត្រឹម​តែ​នឹង​​ផ្តល់​​សារៈប្រយោជន៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ដល់​សុខុមាលភាព និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​​ខ្មែរ​នោះ​ទេ​តែ​ថែម​ទាំង​​អាច​ផ្តល់​ឡើង​វិញ​នូវ​សេចក្តី​ទុក​ចិត្ត​របស់​​ជនជាតិ​ខ្មែរ​យើង​ទៅ​លើ​សមត្ថភាព និង​ជំនាញ​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​ខ្មែរ​ទាំង​រដ្ឋ​ និង​ឯកជន​ផង​ដែរ។

លើស​ពី​នេះ​ទៀត​នោះ​​ថវិកា​ជាតិ​យ៉ាង​​ច្រើន​លើសលប់​ក្នុង​​មួយ​ឆ្នាំៗ​ដែល​ពលរដ្ឋ​ខ្មែរ​បូករួម​ទាំង​​មន្ត្រី​រដ្ឋាភិបាល​ចំណាយ​លើ​​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​បរទេស​​នោះ​អាច​នឹង​លែង​ហូរ​ចេញ​ទៅ​​ក្រៅ​ទៀត​ហើយ​ដូច្នេះ​​​​រដ្ឋ​អាច​មាន​ឱកាស​យក​ពន្ធ​លើ​​​ប្រាក់​ចំណូល​ទាំង​នោះ​មក​ដំឡើង​​​ប្រាក់​បៀវត្សរ៍​ជូន​​គ្រូពេទ្យ និង​ពង្រឹង​វិស័យ​​សុខាភិបាល​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

បើ​ក្រសួង​សុខាភិបាល​​ឆាប់​ភ្ញាក់​រឭក​ហើយ​ពិនិត្យ​ចំណុច​​​អវិជ្ជមាន​ទាំង​​ឡាយ​​​ និង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​​វិញ​នោះ​​​​ជន​រួមជាតិ​ខ្មែរ​យើង​ទូទៅ​អាច​នឹង​ទទួល​​បាន​​នូវ​​សេវា​ថែទាំ​សុខភាព​​ពី​រដ្ឋ​ និង​​ពី​ឯកជន​​ប្រកប​ដោយ​គុណភាព​​។ ​រដ្ឋាភិបាល​គួរ​ខិតខំ​​ប្រឹង​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​​និយាយ និង​​ប្រតិកម្ម​ជាមួយ​​ហ្នឹង​មតិ​រិះគន់​ដើម្បី​កែលម្អ​វិស័យ​ដ៏​សំខាន់​នេះ​៕

ស៊ិន សុផារិទ្ធ ជា​និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ
អ៊ីមែលៈ sopharithmfaic@gmail.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ