Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ចូរ​ភ្ជាប់​ខ្លួន​អ្នក​ជាមួយ​នឹង​ធម្មជាតិ​ ដ៏ស្រស់​បំព្រង

Content image - Phnom Penh Post
ដើម​កោងកាង​ដុះ​ប្រប​នឹង​ដៃ​សមុទ្រ​ដ៏ស្រស់​ត្រកាល​គួរ​ជា​ទី​គយគន់​នៅ​ខេត្ត​កោះកុង​។ ផា លីណា

ចូរ​ភ្ជាប់​ខ្លួន​អ្នក​ជាមួយ​នឹង​ធម្មជាតិ​ ដ៏ស្រស់​បំព្រង

ពេល​ណា​ជា​ពេល​ចុងក្រោយ​បំផុត​ដែល​អ្នក​បាន​ភ្ជាប់​ខ្លួន​អ្នក​ជាមួយ​ពិភព​ធម្មជាតិ​? អ្នក​ប្រហែល​រស់នៅ​ក្នុង​ទីក្រុង​ហើយ​ប្រហែល​អស់​រយៈពេល​ជាយូរ​មក​ហើយ​អ្នក​មិន​ដែល​បាន​ដើរ​កាត់​ព្រៃភ្នំ ឬ​ហែល​ទឹក​បឹង​ធម្មជាតិ​លេង​នោះ​ទេ​។

ជា​ការពិត​ណាស់​ព្រោះ​ថា​ជីវិត​ដែល​រស់នៅ​តាម​ទីក្រុង​នានា​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក​នេះ​ដែល​ជីវិត​រស់​នៅក្នុង​ទីក្រុង​បែប​នេះ​ពួកគេ​ប្រហែល​មិន​ដែល​បាន​​បន្ធូរ​អារម្មណ៍ ឬ​ប៉ះពាល់​ដោយ​ផ្ទាល់​នៅ​ក្នុង​ពិភព​ធម្មជាតិ​ទេ​ហើយ​ប្រសិន​បើ​យើង​មិន​ដែល ឬ​មិន​ធ្លាប់​នោះ​យើង​នឹង​កាត់​ផ្តាច់​កាន់តែ​ឆ្ងាយ​ជាមួយ​នឹង​ធម្មជាតិ​ហើយ​ដែល​វា​ជា​គ្រោះថ្នាក់​មួយ​ចំពោះ​ធម្មជាតិ​ទាំងអស់​នោះ​ព្រោះ​យើង​ឈប់​ខ្វល់ខ្វាយ​។

ការ​កាត់​ផ្តាច់​ទំនាក់ទំនង​យឺតៗ​ជាមួយ​ធម្មជាតិ​គឺ​ស្ទើរតែ​ក្លាយ​ទៅ​ជា​គ្រោះថ្នាក់​មួយ​ទៅ​ហើយ​។

ដូច្នេះ​ហើយ​ទើប​ប្រធានបទ​សម្រាប់​ទិវា​បរិស្ថាន​ពិភពលោក​ក្នុង​ឆ្នាំ​នេះ​មាន​ចំណង​ជើង​ថា​ «​ភ្ជាប់​ខ្លួន​អ្នក​ទៅ​នឹង​ធម្មជាតិ​» ដែល​ជា​ប្រធានបទ​មួយ​សំខាន់​បំផុត​។ ពេល​ណា​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្ត​ព្រះសីហនុ​អ្នក​អាច​ឈប់​គយគន់​ព្រៃកោងកាង​នៅ​ព្រៃនប់​បាន​។

អ្នក​អាច​ទិញ​ក្តាម​ស្រស់ៗ​ពី​បងប្អូន​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​នោះ​ហើយ​អាច​ជួល​ទូក​មួយ​គ្រឿង​ជិះ​ប្រហែល​មួយ​ម៉ោង ដើម្បី​ទស្សនា​ព្រៃកោងកាង​ជា​ព្រៃ​ដែល​ត្រូវ​បាន​ថែរក្សា​បាន​ល្អ​បំផុត​របស់​ពិភពលោក ឬ​ ប្រសិន​បើ​អ្នក​នៅ​ក្នុង​ខេត្ត​សៀមរាប​អ្នក​អាច​ធ្វើ​ដំណើរ​ឡើង​ទៅលេង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​បាន​។ ដើរ​កាត់​តំបន់​ការពារ​បុរាណ​វិទ្យា​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ពិត​ជា​អស្ចារ្យ​នៅ​ពេល​ចោល​ភ្នែក​ទៅ​ឃើញ​ព្រៃ​ប្រឹក្សា​ខៀវស្រងាត់​បង្កប់​ខ្លួន​ជាមួយ​នឹង​ប្រាសាទ​បុរាណ​ដ៏ស្រស់ស្អាត​ដែល​មាន​អាយុកាល​ចាស់​ជាង​អង្គរវត្ត​។

នៅ​ជុំវិញ​ប្រាសាទ​ក្នុង​តំបន់​នោះ​មិន​មាន​ភ្ញៀវទេសចរ​ច្រើន​កកកុញ​ទេ​។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​គឺ​ថា​អ្នក​អាច​ពិចារណា​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ភូមិ​បាន​បន្ទាប់ពី​ដើរលេង​មើល​ព្រៃព្រឹក្សា​អស់​កម្លាំង​ហើយ​អ្នក​ក៏​អាច​សម្រាក​ និង​រីករាយ​ជាមួយ​នឹង​អាហារ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​ដែរ​។

ក្រៅពី​ភាព​អស្ចារ្យ​ជាមួយ​នឹង​បទពិសោធ​ទាំង​នេះ​ក៏​មាន​ចំណុច​អវិជ្ជមាន​មួយ​ដែរ​។ ប្រសិន​បើ​អ្នក​ចុះ​ពី​ទូក​រួច​ដើរ​កាត់​ព្រៃ​កោងកាង​នៅ​តំបន់​ព្រៃនប់​មិន​យូរ​ប៉ុន្មាន​នោះ​អ្នក​នឹង​ឃើញ​គំនរ​សំរាម​យ៉ាង​ច្រើន​នៅ​ទី​នោះ​ដែល​ពេល​ខ្លះ​វា​បាន​ហូរ​ចូល​ទៅ​ក្នុង​ព្រៃ​កោងកាង​ថែម​ទៀត​ផង​។

នៅ​ពេល​ដើរ​ទស្សនា​ឧទ្យាន​ជាតិ​គូលែន អ្នក​នឹង​ឃើញ​គំនរ​សំរាម​ដែល​គេ​បោះចោល​ហើយ​អ្នក​អាច​សង្កេត​ឃើញ​ថា​បើ​ទោះ​បី​ជា​នៅ​មាន​ព្រៃព្រឹក្សា​មើល​ទៅ​នៅ​ស្រស់បំព្រង​ក្តី ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ដើមឈើ​ធំៗ​ណា​មួយ​នៅ​ទីនោះ​ទេ​។ ពីព្រោះ​ដើមឈើ​ធំៗ​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​កាប់​ដោយ​ខុស​ច្បាប់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​អស់​ហើយ​។

នៅ​ពេល​រំឭក​ដល់​ចំណុច​នេះ​វា​បាន​ធ្វើ​ឱ្យ​យើង​យល់​ដឹង​កាន់​តែ​ច្បាស់​ថា​ការ​គំរាម​កំហែង​ចំពោះ​ពិភព​ធម្មជាតិ​ដែល​នៅ​សេសសល់​គឺ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​។ ភ្ជាប់​ខ្លួន​អ្នក​ទៅ​នឹង​ធម្មជាតិ និង​សហគមន៍​ដែល​អាស្រ័យ​ជីវភាព​លើ​ធនធាន​ធម្មជាតិ​ទាំង​នេះ​បាន​លេច​ចេញ​នូវ​គំនិត​ដ៏ល្អ​មួយ​ចំនួន​។

លោកស្រី Elinor "Lin" Ostrom បាន​ឈ្នះ​រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​ខណៈ​ដែល​លោកស្រី​មិន​ដែល​បាន​ចូល​សាលារៀន​ផ្នែក​សេដ្ឋកិច្ច​សោះ​ហើយ​អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​លោកស្រី​បាន​ផ្ដល់​ឱ្យ​យើង​នូវ​គំរូ​ និង​គំនិត​មួយ​ចំនួន​អំពី​របៀប​ការពារ​ធនធាន​ធម្មជាតិ និង​ពិធី​ដែល​អនុញ្ញាត​ឲ្យ​ប្រជាសហគមន៍​គ្រប់គ្រង​លើ​ធនធាន​ធម្មជាតិ​ទាំង​នោះ​។

មុន​ពេល​អនុសញ្ញា​សេដ្ឋកិច្ច​របស់​លោកស្រី Ostrom ស្តី​អំពី​ «​ទ្រីស្តី​សេដ្ឋកិច្ច​នៃ​ប្រព័ន្ធ​ចែករំលែក​ធនធាន​ធម្មជាតិ​» ​ផ្តល់​ឲ្យ​យើង​គឺ​គេ​ឃើញ​ថា​មនុស្ស​មួយ​ចំនួន​គិត​តែ​ពី​ផលប្រយោជន៍​បុគ្គល​មិន​គិត​ពី​ផលប្រយោជន៍​រួម​នោះ​ទេ​ដែល​វា​ផ្ទុយ​ទៅ​នឹង​ឥរិយាបថ​ល្អៗ​ដែល​យើង​​ត្រូវ​ប្រកាន់ខ្ជាប់​ដោយ​វា​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​តាមរយៈ​សកម្មភាព​របស់​ពួកគេ​។

យើង​មើល​ឃើញ​សកម្មភាព​ទាំង​នេះ​តាមរយៈ​ការ​នេសាទ​ច្រើន​ហួសហេតុ និង​ការ​បំផ្លាញ​សត្វព្រៃ​ និង​ព្រៃឈើ​ផង​ដែរ​។ ដំណោះស្រាយ​តែ​មួយ​គត់​គឺ​ត្រូវ​ពង្រឹង​នីតិរដ្ឋ​។

លោកស្រី Ostrom មិនមែន​គ្រាន់​តែ​អង្គុយ​នៅក្នុង​នាយកដ្ឋាន​សេដ្ឋកិច្ច​នោះ​ទេ​ប៉ុន្តែ​លោកស្រី​បាន​ចំណាយ​ពេល​រស់នៅ​ និង​រៀនសូត្រ​នៅ​ក្នុង​សហគមន៍​ដែល​ពឹង​ផ្អែកលើ​ធនធាន​ធម្មជាតិ​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​ផ្ទាល់​តែ​ម្តង​។ អ្វី​ដែល​លោកស្រី​បាន​រកឃើញ​គឺ​ថា​ជា​ញឹកញាប់​ប្រជាសហគមន៍​រស់នៅ​ដោយ​មិន​បាន​យល់​ដឹង​អំពី​ច្បាប់​សេដ្ឋកិច្ច និង​ការ​គ្រប់គ្រង​ធនធាន​របស់​ពួកគេ​នោះ​ទេ​។

ក្នុង​សហគមន៍​មួយ​នៅក្នុង​រដ្ឋ Maine របស់​សហរដ្ឋ​អាមេរិក​អ្នក​នេសាទ​បង្កង​បាន​បង្កើត​ប្រព័ន្ធ​ដ៏ស្មុគស្មាញ​មួយ​ដើម្បី​បែងចែក​តំបន់​ដែល​ត្រូវ​នេសាទ​បង្កង ដើម្បី​ធានា​ថា​គ្រប់​គ្នា​បាន​ទទួល​ចំណែក​នៃ​ការ​បែងចែក​នោះ​ដោយ​ត្រឹមត្រូវ នឹង​មិន​ត្រូវ​ធ្វើការ​នេសាទ​ច្រើន​ហួសហេតុ​ពេក​នោះ​ឡើយ​។ ដូច្នេះ​ហើយ​ពួកគេ​បាន​រក្សា​នូវ​ការ​ផ្គត់ផ្គង់​បង្កង​ដែល​ធំធាត់​ល្អ​បាន​គ្រប់គ្រាន់​បរិបូរណ៍​។

កូន​សិស្ស​របស់​គាត់​ម្នាក់​បាន​អនុវត្ត​ដូច​គ្នា​នៅ​លើ​កោះ​បាលី​ដោយ​បាន​បង្ហាញ​ថា​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​បែប​ហិណ្ឌូ​ដែល​មាន​​អាយុកាល ១០០០ ឆ្នាំ​បាន​ផ្តល់​ការ​ស្រោចស្រព​ដល់​ដំណាំ​ស្រូវ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​បែប​ទំនើប​ដែល​អាជ្ញាធរ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​។ រដ្ឋាភិបាល​បាន​ប្តូរ​ចិត្ត​ហើយ​កោះ​បាលី​បាន​វិល​ត្រឡប់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​បែប​ហិណ្ឌូ​បុរាណ​វិញ​ដែល​ធ្វើឲ្យ​ទិន្នផល​ស្រូវ​កើនឡើង​កាន់​តែ​ខ្ពស់​។

ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃនប់​សហគមន៍​នៅ​ទី​នោះ​អាច​បង្ហាញ​យើង​ពី​របៀប​ដែល​ពួកគេ​ដាំ​ដើម​កោងកាង​ឡើង​វិញ​ដើម្បី​ការពារ​ផ្ទះ​សំបែង​របស់​ខ្លួន​ពី​ខ្យល់​ព្យុះ និង​ដើម្បី​បង្កើន​ទិន្នផល​នៃ​ការ​នេសាទ​ក្តាម ត្រី និង​គ្រុំ​ចំពុះទា​ដែល​ទិន្នផល​ទាំងអស់​នេះ​ជា​ចម្បង​គឺ​ត្រូវ​យក​ទៅ​លក់​នៅ​ខេត្ត​ព្រះសីហនុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​សហគមន៍​បាន​តស៊ូ​ការពារ​មិន​ឲ្យ​មាន​ការ​ចូល​មក​ចាប់​យក​ដី​នៅ​តំបន់​នោះ​បាន​ដោយ​ជោគជ័យ​ហើយ​ឥឡូវ​នេះ​សហគមន៍​បាន​ពង្រីក​ទំហំ​ព្រៃ​កោងកាង​បាន​កាន់​តែ​ធំ​ដោយ​មាន​ជំនួយ​ពី​នាយកដ្ឋាន​ជលផល​។

នៅលើ​ភ្នំ​គូលែន​ឯណោះ​វិញ​ក្រសួង​បរិស្ថាន​បាន​ជួយ​សហគមន៍​ឲ្យ​ប្រគល់​ដី​ទៅ​ឲ្យ​តំបន់​ព្រៃ​ការពារ​នឹង​ជួយ​សហគមន៍​ឲ្យ​ដាំ​ដើមឈើ​ឡើង​វិញ​នៅ​លើ​ដី​នោះ​។

លោកស្រី Lin Ostrom ពិតជា​មាន​មោទនភាព​ណាស់​។ នៅ​ពេល​លោកស្រី Ostrom ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​លើក​ទី​មួយ​របស់​លោកស្រី​បាន​ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ព្រោះ​ពួកគេ​ថា​វា​បាន​រំលោភ​លើ​ច្បាប់​របស់​ពួកគេ​។ ប៉ុន្តែ​អ្នក​គាំទ្រ​លោកស្រី Lin Ostrom បាន​ឆ្លើយតប​ទៅ​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ទាំង​នោះ​ជាមួយ​នឹង​ច្បាប់​ថ្មី​មួយ​ដែល​ពួកគេ​ហៅថា​ «​ច្បាប់ Ostrom»​។ ជា​ការ​រៀបចំ​ធនធាន​មួយ​ដែល​សម្រេច​បាន​នៅក្នុង​ការ​អនុវត្ត​​ និង​នៅ​ក្នុង​ទ្រឹស្តី​។

ប្រសិន​បើ​យើង​ចំណាយ​ពេល​ខ្លះ​ដើម្បី​ភ្ជាប់​ខ្លួន​យើង​ជាមួយ​ធម្មជាតិ​ និង​សហគមន៍​ដែល​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ទាំង​នោះ​វា​អាច​ធ្វើឲ្យ​អារម្មណ៍​របស់​យើង​ស្រស់ថ្លា​ហើយ​យើង​​ក៏​អាច​ទទួល​បាន​ការ​កោត​សរសើរ​កាន់តែ​ច្រើ​ ចំពោះ​ការ​គាំពារ​ពិភព​ធម្មជាតិ​ដ៏ផុយស្រួយ​របស់​យើង​។

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​អច្ឆរិយ​ធម្មជាតិ​។ ដូច្នេះ​សូម​យើង​ទាំងអស់​គ្នា​អបអរសាទរ​ដល់​ទិវា​បរិស្ថាន​ពិភពលោក​ដើម្បី​ភ្ជាប់​ខ្លួន​អ្នក​ទៅ​នឹង​ពិភព​ធម្មជាតិ​ទាំង​នោះ​៕ NS

លោក Nick Beresford គឺជា​នាយក​ប្រចាំ​ប្រទេស​ និង​លោក Moeko Saito Jensen គឺជា​អ្នក​ជំនាញ​គោល​នយោបាយ​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​។

0

Comments

Please, login or register to post a comment