Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឆ្នាំ​ដែល​ល្បី​​ខ្លាំង​រឿង​​ អំពើ​ពុករលួយ ​តែ​ធ្វើ​បាន​តិច

Content image - Phnom Penh Post
បុរស​ម្នាក់​ដើរ​កាត់​ពី​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កន្លង​មក​​​។ ផា លីណា

ឆ្នាំ​ដែល​ល្បី​​ខ្លាំង​រឿង​​ អំពើ​ពុករលួយ ​តែ​ធ្វើ​បាន​តិច

ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ ១៥០ ក្នុង​ចំណោម ១៦៨ ប្រទេស​ដែល​បាន​វាយ​តម្លៃ​សម្រាប់​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ (CPI) នៅ​ក្នុង​ឆ្នាំ ២០១៥។​

នៅ​ក្នុង​ចំណោម​ពិន្ទុ​សរុប​ចំនួន ១០០ កម្ពុជា​មាន​ពិន្ទុ​ត្រឹម​តែ ២១ លើ ១០០ ​ពិន្ទុ​ប៉ុណ្ណោះ​ទាំង​នៅ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៤ ដែល​រក្សា​នូវ​ស្ថានភាព​ជា​ប្រទេស​ដែល​មាន​​អំពើ​ពុករលួយ​ខ្ពស់​បំផុត​មួយ។

ប្រជាជន​កម្ពុជា​បាន​យល់​ឃើញ​ថា​ពិន្ទុ​​នេះ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​បន្ទាន់​ដើម្បី​អនុវត្ត​នូវ​ចំណុច​ជាច្រើន​នៃ​កំណែ​ទម្រង់​នៅ​ក្នុង​វិស័យ​សាធារណៈ​។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដូចជា​ឲ្យ​បង្កើត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ច្បាប់​ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ច្បាប់​ការពារ​សាក្សី​ និង​អ្នក​រាយការណ៍​ជាដើម​ដើម្បី​ដាក់​នៅ​លើ​របៀបវារៈ​កំពូល​នៃ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បច្ចុប្បន្ន​។

នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ការ​ធ្វើ​កំណែ​​ទម្រង់​ទាំង​នេះ​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​​ជាទូទៅ​ថា​បញ្ហា​បក្ខពួក​និយម​ និង​ទំនាស់​ផលប្រយោជន៍​ជា​រឿង​ដែល​ត្រូវ​តែ​ដោះស្រាយ​ជាបន្ទាន់។ វា​មិនមែន​ជា​ប្រលោម​លោក​ហើយ​វា​ក៏​មិនមែន​ជា​ពាក្យ​សម្តី​ដ៏​ស៊ីជម្រៅ​​ដែរ​ដែល​និយាយ​ថា​ក្លាយ​ជា​ប្រទេស​​នីតិរដ្ឋ​មួយ​គឺ​ផ្តល់​ប្រយោជន៍​ដ៏ល្អ​បំផុត​ដល់​ប្រជាជន​កម្ពុជា​នោះ។

និយាយ​តាម​ការ​យល់​ឃើញ​នីតិរដ្ឋ​គឺ​តម្រូវ​ឱ្យ​មាន​ធាតុ​ជា​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​ចំនួន​បី។ ទី​មួយ​មាន​ន័យ​ថា​កិច្ចការ​របស់​រដ្ឋាភិបាល​ទាំង​អស់​​ត្រូវ​តែ​ស្រប​តាម​ច្បាប់​ដែល​បាន​ចែង​។ គ្មាន​ច្បាប់​គឺ​គ្មាន​សកម្មភាព ។

បទ​ប្បញ្ញត្តិ ​ឬ​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​មិន​មាន​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ​ឬ​កំណត់​ដោយ​ច្បាប់​គឺជា​អំពើ​ខុស​ច្បាប់​។ ទី​ពីរ​ដោយសារ​ច្បាប់​អាច​មាន​គោលបំណង​មិន​ល្អ​ ឬ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ដែល​មាន​គោល​បំណង​​ការពារ​សេរីភាព​របស់​មនុស្ស​គឺ​​ការ​ប្រើប្រាស់​អំណាច​ស្រប​ច្បាប់​មិន​ត្រូវ​បាន​រំលោភបំពាន​នោះ​ទេ។

និយាយ​ម្យ៉ាង​ទៀត ​គឺ​​ត្រូវ​តែ​មាន​យន្តការ​ពិនិត្យ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​លើ​ការ​ប្រើប្រាស់​​អំណាច​នៃ​ការ​សម្រេច​​ចិត្ត​ណា​មួយ​របស់​រដ្ឋាភិបាល​។ ធាតុ​ទី​បី​បាន​មក​ពី​ផ្នត់​គំនិត​នីតិរដ្ឋ​ដូច្នេះ​ហើយ​ការ​ដោះស្រាយ​​ជម្លោះ​រវាង​រដ្ឋាភិបាល​ និង​ពលរដ្ឋ​ប្រព័ន្ធ​តុលាការ​គឺ​ត្រូវ​តែ​ឈរ​លើ​ឯករាជភាព​ទាំង​ខាង​នយោបាយ​ និង​បច្ចេកទេស។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​អាច​សួរ​ថា តើ​កម្ពុជា​ឈរ​នៅ​កន្លែង​ណា​ទាក់ទង​ទៅ​នឹង​លក្ខណៈ​វិនិច្ឆ័យ​នីតិរដ្ឋ​? នៅ​​ធាតុ​ទី​មួយ​គឺ​វា​ត្រឹមត្រូវ​ដែល​​និយាយ​ថា​ប្រទេស​កម្ពុជា​បាន​អនុម័ត​នូវ​ច្បាប់​ និង​បទប្បញ្ញត្តិ​មួយ​ចំនួន​ធំ​ជាពិសេស​នៅ​ក្រោយ​មក​ទៀត​។

បរិមាណ​ដ៏ខ្ពស់​នៃ​បទប្បញ្ញត្តិ (ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​ និង​រដ្ឋមន្ត្រី) ធ្វើ​ឲ្យ​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​អាច​មាន​ការ​ងឿង​ឆ្ងល់​ថា ​តើ​វា​សមរម្យ​ដែរ​ឬ​ទេ​ដែល​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​​វិធាន​នៃ​បទប្បញ្ញត្តិ​ជា​ជាង​ហៅថា​នីតិរដ្ឋ​។ ដោយ​មិន​គិត​ពី​ទ្រឹស្តី​ជា​លក្ខណៈ​បុគ្គល វា​ច្បាស់​ណាស់​ថា​ប្រទេស​កម្ពុជា​នៅ​ខ្វះ​នីតិកម្ម​សំខាន់ៗ​ចំនួន​ពីរ​ដែល​បាន​បញ្ជាក់​​ខាង​លើ​គឺ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ច្បាប់​ការពារ​សាក្សី​ និង​អ្នក​រាយការណ៍។

ផលប៉ះពាល់​ធម្មតា​នៃ​ច្បាប់​ទាំង​ពីរ​នេះ​គឺ​ថា​រដ្ឋាភិបាល​ទាំង​មូល​គួរ​បើក​ឲ្យ​សាធារណជន​ត្រួតពិនិត្យ ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​​ធ្វើ​ឲ្យ​មាន​តម្លាភាព​ដែល​ត្រូវ​វាយតម្លៃ​ដោយ​ពលរដ្ឋ​ធម្មតា​ជា​អ្នក​ដែល​ប្រើប្រាស់​សេវាសាធារណៈ។

ម្យ៉ាង​វិញ​ទៀត​ខណៈ​​ដែល​មាន​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នះ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​​បាន​ហើយ​ប្រសិន​បើ​ពួកគេ​មិន​ទទួល​បាន​ការ​អនុម័ត​ភ្លាមៗ ឬ​រង់ចាំ​ឲ្យ​ល្អ​តាម​ស្ដង់ដារ​អន្ដរជាតិ​ដែល​អាច​ទទួល​យក​បាន​នោះ​ផលប្រយោជន៍​របស់​ពួកគេ​នឹង​មាន​សំណួរ​ចោទ​សួរ​ជា​មិន​ខាន​។ នៅ​លើ​ធាតុ​ទី​ពីរ​គឺ​ព័ត៌មាន​នៅ​គ្រប​ដណ្តប់​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​នៃ​ការ​រំលោភ​អំណាច​ស្ទើរតែ​ជា​រៀងរាល់​ថ្ងៃ​។ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ​មិន​​ធ្លាប់​មាន​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ទុក​ជា​មោឃៈ​នូវ​បទប្បញ្ញត្តិ​ ឬ​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​រដ្ឋាភិបាល​នៅ​លើ​មូលដ្ឋាន​នៃ​ការ​រំលោភ​អំណាច​នោះ​ទេ។

នៅ​ប្រទេស​បារាំង​ចក្រភព​អង់គ្លេស​ ឬ​សហរដ្ឋអាមេរិក​ប្រជាជន​អបអរសាទរ​ការងារ​របស់​តុលាការ​ពួកគេ។ ចៅក្រម​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​គឺជា​អ្នក​ធានា​ដ៏ល្អ​បំផុត​នៃ​សិទ្ធិ​បុគ្គល​ប្រឆាំង​ទៅ​នឹង​ការ​រំលោភ​របស់​រដ្ឋាភិបាល​លើ​សេរីភាព​របស់​ពួកគេ។

អសមត្ថភាព​នេះ​នាំឲ្យ​មាន​ការ​ប្រព្រឹត្ត​​ខុស​ច្បាប់ ឬ​ការ​រំលោភ​អំណាច​ហើយ​វា​ជំពាក់​ជំពិន​ទៅ​នឹង​ការ​ពិត​ដែល​ថា​ប្រជាជន​កម្ពុជា​បាន​យល់​ឃើញ​ថា​ប្រព័ន្ធ​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​មាន​​ឯករាជភាព​ទេ​។

ចំណុច​នេះ ​អាច​​ពន្យល់​បាន​ពី​មូលហេតុ​មួយ​ថា​ហេតុអ្វី​បាន​ជា​ប្រជាជន​មិន​ចង់​នាំ​យក​ពាក្យ​បណ្តឹង​ប្រឆាំង​ទៅ​នឹង​រដ្ឋបាល​រាជការ​។

ជា​ការពិត​ណាស់​ បើ​យើង​សម្លឹង​​ត្រឡប់​ទៅ​ក្រោយ​វិញ​នៅ​ពេល​ដែល​ច្បាប់​តុលាការ​ទាំង​បី​ត្រូវ​បាន​អនុម័ត​គឺ​ទាំង​អ្នក​ជំនាញ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​បាន​ចង្អុល​ទៅ​រក​ភាព​ខ្វះ​ចន្លោះ​នៅក្នុង​ច្បាប់​ទាំង​នោះ​ថា​វា​អាច​នឹង​ប្រឆាំង​ទៅ​នឹង​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​។​ អ្វី​ដែល​​គួរ​ឱ្យ​សោកស្ដាយ​នោះ​គឺ​ថា​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​​ការ​ធ្វើ​វិសោធនកម្ម​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​កែ​លម្អ​ឯករាជភាព​របស់​តុលាការ​កម្ពុជា​នោះ​ទេ។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពើ​ពុករលួយ (CPI) នៅ​ឆ្នាំ ២០១៥ បាន​បង្ហាញ​ថា​យន្តការ​រឹងមាំ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ។

ចំណុច​សំខាន់ៗ​ មួយ​ចំនួន​ដែល​​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​បំផុត​នោះ​​គឺ​ឯករាជភាព​របស់​តុលាការ​ ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ការផ្តល់​សេវាកម្ម​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​ និង​លទ្ធផល​ដែល​បាន​កំណត់​។ លើស​ពី​នេះ​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ បក្ខពួក​និយម​ និង​ជម្លោះ​ផលប្រយោជន៍​គឺ​មិន​គួរ​មាន​នៅក្នុង​រដ្ឋបាល​សាធារណៈ​ទេ។

រក្សា​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​គឺជា​សមិទ្ធផល​ដ៏ល្អ​មួយ​ដែល​យើង​គួរ​តែ​មាន​មោទនភាព​ប៉ុន្តែ​លុះត្រា​តែ​អំពើ​ពុករលួយ​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បើ​មិន​ដូច្នេះ​ទេ​ទោះបី​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប៉ុន្តែ​វា​មិន​បាន​​ផ្តល់​ផលប្រយោជន៍​ធំដុំ​ដល់​ប្រជាជន​នោះ​ទេ។

ការ​ធ្វើ​កំណែ​ទម្រង់​គឺជា​ការងារ​មួយ​ដែល​មិន​ងាយ​ស្រួល​នោះ​ទេ​ហើយ​អ្វីៗ​ក៏ដោយ​គឺ​ត្រូវការ​ពេលវេលា​។ ប៉ុន្តែ​ពេលវេលា​ហាក់​កន្លង​ទៅ​លឿន​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​សង្ឃឹម​ជា​យូរ​មក​ហើយ​គឺ​ចង់​បាន​ប្រទេស​មួយ​ដែល​មាន​តម្លាភាព​ និង​មាន​​អំពើ​ពុករលួយ​តិច​តួច៕ NS

ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា

0

Comments

Please, login or register to post a comment