Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជុច​នយោបាយ

Content image - Phnom Penh Post
សមត្ថកិច្ច​ដណ្ដើម​ធូប​ពី​ពលរដ្ឋ​បុរី​កីឡា​ក្នុង​ពេល​ធ្វើការ​តវ៉ា​មួយ​នៅ​ខែ​សីហា​ឆ្នាំ ២០១៦។ ផា លីណា

ជុច​នយោបាយ

ជុច​នយោបាយ គឺ​នេះ​ជា​ទ្រឹស្ដី​នយោបាយ​មួយ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​បង្រួម​អំណាច​ឲ្យ​កាន់តែ​តូច​ស្រួច ដើម្បី​ការពារ​បណ្តូល​នៃ​របប​មួយ​ទប់​នឹង​ការ​ប្រឆាំង​នឹង​មហាជន​ដែល​ករណី​នេះ​តែងតែ​មាន​ដំណើរ​ស្រដៀងៗ​គ្នា​នេះ​បើ​យើង​តាម​ពិនិត្យ​មើល​ប្រវត្តិ​នយោបាយ និង​ទ្រឹស្តី​នយោបាយ​នៃ​ការ​ឡើង​ចុះ​នៃ​របប​នីមួយៗ​ដែល​បាន​កើត​មាន​រួច​មក​ហើយ​នៅ​ក្នុង​ពិភពលោក។

ជាទូទៅ​នៅ​ពេល​ដឹង​ថា​របប​ដឹកនាំ​មួយ​អស់​ការ​គាំទ្រ​អ្នក​នយោបាយ​តែងតែ​ភ័យ​ហើយ​ខ្លាច​ខ្លួនឯង និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ខុស​ដូច​ដាក់​អន្ទាក់​ខ្លួនឯង​ដូច​ត្រី​ជាប់​ជុច។

បរិបទ​ជុច​នយោបាយ​នេះ​ក៏​បាន​និង​កំពុង​ចាប់​ពន្លក​នៅ​កម្ពុជា​ផង​ដែរ ហើយ​ដំណើរ​នេះ​ជា​ដំណើរ​ខុស​ព្រោះ ៖

ទី ១. រឹត​មហាជន។ ដំបូង យល់​ថា​វាយ​មហាជន​ តែ​វាយ​មហាជន ដូច​វាយ​សន្លឹក​ឆ្នោត។ ចេញ​ពី​ការ​វាយ​មហាជន មក​ជា​គំរាម​មហាជន​ដោយសារ​សង្គ្រាម​វិញ។ វ៉ៃ​មិន​រាប បន្លាច​ឲ្យ​ខ្លាច​ទៅ​វិញ។

តើ​ការ​បន្លាច​នេះ​មាន​ប្រសិទ្ធភាព​ទេ? មាន​ការ​ស្រាវជ្រាវ​ពី​ការ​យល់​ឃើញ​របស់​មហាជន​ទេ​ថា​មាន​ប៉ុន្មាន​នាក់ ភ័យ​ខ្លាច​ដោយសារ​តែ​ពាក្យ​សង្គ្រាម។ ៧០ ភាគរយ មនុស្ស​ខ្មែរ​ជា​មនុស្ស​ក្មេង​យុវជន មាន​អាយុ ៣០ ឆ្នាំ​ចុះ​ក្រោម កើត​សម័យ ៨០ ក្រោយ​សង្គ្រាម។ សង្គ្រាម​សម្រាប់​ពួកគេ​គ្រាន់​តែ​ជា​រឿង​និទាន​ប៉ុណ្ណោះ។

ដូច្នេះ​ការ​ដែល​បន្ត​ថ្លែង​សារ​នយោបាយ​ពី​សង្គ្រាម​នឹង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​មូលដ្ឋាន​គាំទ្រ​ពី​ក្នុង​ចំណោម​យុវជន ៧០ ភាគរយ។

ទ្រឹស្តី​ជា​ច្រើន​បាន​បង្ហាញ​ថា​យុវជន​មិន​ខ្លាច​សង្គ្រាម​ទេ មាន​តែ​មនុស្ស​ចាស់​ដែល​ឆ្លង​កាត់​ចម្បាំង​ទេ ទើប​ខ្លាច​ចម្បាំង។ តើ​ជា​អ្នក​នយោបាយ​ឆ្លាត ឬ​មិន​ឆ្លាត​ដែល​សុខចិត្ត​ចោល​សំឡេង​ឆ្នោត​ ៧០ ភាគរយ​ហើយ​ទៅ​ច្បាំង​នៅ​ក្នុង​សមរភូមិ​ចាញ់។ សារ​នេះ​ធ្វើឲ្យ​រាស្ត្រ​បាត់​ជំនឿ​លើ​រាជការ​យ៉ាង​ធ្ងន់ធ្ងរ។

ទី ២. រឹត​ពួក​ឯកជន។ ដោះ​យក​រួច​ខ្លួន កុំ​ឲ្យ​ជាប់​ជុច ក៏​លាង​កំហុស​បំណុល​រាស្ត្រ​ទាំង​ឡាយ​ទៅ​លើ​វិស័យ​ឯកជន​មីក្រូហិរញ្ញវត្ថុ។ យល់​ថា​វ៉ៃ​ពួក​ឯកជន ដើម្បី​ផ្គាប់​ចិត្ត​រាស្ត្រ ជាពិសេស​រាស្ត្រ​ក្រីក្រ រាស្ត្រ​ជាប់​បំណុល។ អាច​នៅ​មាន​ក្បាល​ពួក​ឯកជន​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​លោក​ឧបរាជ​សុំ​ខ្ចី​កាត់​យក​ទៅ​ប្រើ ដើម្បី​ផ្គាប់​ចិត្ត​រាស្ត្រ។ ប៉ុន្តែ​តើ​ដោះស្រាយ​បាន​ដែរ​ទេ? ឬ​រឹត​តែ​ធ្វើ​ឲ្យ​វិស័យ​ឯកជន​នេះ​គេ​ភ័យ​ខ្លាច ហើយ​គេ​ដក​ការ​គាំទ្រ​ចេញ​ពី​របប​ហើយ​សម្លឹង​មើល​ជម្រើស​រាជការ​ថ្មី។

បើ​វ៉ៃ​ពួក​ឯកជន​ខិលខូច ធ្វើ​នំ​អត់​ម្សៅ កាប់​ឈើ លក់​គ្រឿងញៀន​អី​ទៅ បាន​រាស្ត្រ​សាទរ ដល់​ទៅ​វ៉ៃ​ទទឹង​ទិស​ខុស​សណ្ឋាន​បែប​នេះ គឺ​ធ្វើ​ឲ្យ​ឯកជន​លែង​ទុក​ចិត្ត​របប។ ប្រភព​នៃ​អំណាច​របប​ទី ២ ឈាន​ទៅ​រក​ការ​បាត់បង់។ អស់​ពួក​ឯកជន របប​ក៏​ស្តើង​លុយ​ក្នុង​ការ​កសាង​រាជការ។

ទី ៣. រឹត​ពួក​រាជការ​ខ្លួន​ឯង។ ដំណាក់​កាល​ទី ៣ បន្ទាប់​ពី​វ៉ៃ​វិស័យ​ឯកជន​គឺ​បន្ត​ទៅ​រឹត​បក្ខពួក​ក្នុង​រាជការ ធានា​ការ​គាំទ្រ​របប និង​ការ​ដឹកនាំ។ បន្តឹង​កម្លាំង​ក្នុង​រាជការ​ឲ្យ​ស្មោះស្ម័គ្រ​នឹង​របប​តាមរយៈ​ការ​ដំឡើង​ប្រាក់ខែ និង​តួនាទី​ដោយ​គិត​ថា​បាន​លុយ បាន​តួនាទី កាន់​តែ​ស្មោះ​ត្រង់។ តែ​បញ្ហា​ប្រយោជន៍​ចែក​មិន​ស្មើ​គ្នា។ លើស​ពី​នេះ កុង្សីយ៍នគរណា ក៏​ដូច​នគរ​ណា​ដែរ​គឺ​ឲ្យ​តែ​ដូរ​រាជការ ឬ​ដូរ​របប​ ពួកគេ​ក៏​នាំ​គ្នា​បត់ ១៨០ ដឺក្រេ​មក​គាំទ្រ​របប​ថ្មី។

ជាទូទៅ ​ពួក​អ្នក​នយោបាយ​តែងតែ​ក្អួត​ឈាម​នឹង​ពាក្យ​សន្យា​របស់​ពួក​កុង្សីយ៍។ បើ​បន្ត​រឹត​កាន់​តែ​ខ្លាំង មន្ត្រី​រាជការ​លួច​ដក​ជើង​ពី​រាជការ​ម្តង​មួយៗ​ហើយ​មូលដ្ឋាន​អំណាច​មួយ​ទៀត​នឹង​រលំ។ ការ​រឹត​នេះ​គឺ​រឹត​តាំង​ពី​មន្ត្រី​មូលដ្ឋាន​ខ្លួនឯង​ហើយ​បើ​ចេញ​សារ​ថា​ធ្លាក់​ពី​តំណែង​មូលដ្ឋាន​ក៏​នៅ​មាន​កន្លែង​ចាំ​ទទួល មាន​បៀវត្សរ៍ មាន​កន្លែង​ដេក​ស៊ី​ផឹក​ដែរ​នោះ តើ​ម្នាក់ៗ​ចាំ​បាច់​ប្រឹង​ធ្វើ​អី​ទៀត។

សម្រាក​ទៅ​យក​តំណែង តួនាទី និង​លាភសក្ការៈ​ទៅ​មិន​ល្អ​ជាង។

ទី​ ៤. រឹត​កង​ទ័ព។ ដំណាក់កាល​ចុងក្រោយ​ធ្វើ​វិសុទ្ធកម្ម​ក្នុង​កងទ័ព ដើម្បី​រក​កូន​ទាហាន​ណា​ស្មោះត្រង់ និង​កូន​ទាហាន​ណា​ដែល​មិន​ស្មោះត្រង់។ បែងចែក​កម្លាំង កំណត់​សម្គាល់​មនុស្ស។

ដំណាក់កាល​នេះ​គឺ​ដើម្បី​អនុវត្ត​ផែនការ​ចុង​ក្រោយ​ថា​កម្លាំង​ប្រដាប់​អាវុធ​ណា​ហ៊ាន​ឈរ​ជួរ​មុខ​ការពារ​របប​ទប់​នឹង​កម្លាំង​មហាជន។ ប៉ុន្តែ​ជាទូទៅ​របប​មួយៗ​នៅ​ក្នុង​ពិភពលោក ជាពិសេស​ក្នុង​ស្ថានភាព​នយោបាយ​កម្ពុជា​គឺ​ភាគច្រើន​មាន​តែ​ក្រុម​ឧត្តមសេនីយ៍​ទេ​ដែល​ស្មោះត្រង់​នឹង​មេដឹកនាំ​របប​ចំណែក​ជា​ទូទៅ​កូន​ទាហាន​មិន​ជាប់​ជំពាក់​នឹង​របប​នោះ​ទេ។ គេ​នៅ​ចាំ​បាន​ថា​កាលពី​បោះឆ្នោត ២០១៣ ង ៧០ អត់​លិទ្ធ​មួយ​បន្ទាយ។

ក្នុង​ករណី​ចុះ​ថ្នល់​មិន​ដែល​ឃើញ​មាន​សាច់ញាតិ​ក្រុម​ឧត្តមសេនីយ៍​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម ប្រឆាំង​របប​ទេ​ដូច្នេះ​មេ​ទាហាន​អាច​បញ្ជា​ឲ្យ​កម្ទេច​មហាជន​បាន​ព្រោះ​គ្មាន​សាច់ញាតិ​ខ្លួនឯង ប៉ុន្តែ​ថា​តើ​កូន​ទាហាន​អនុវត្ត​បញ្ជា​ទេ។ ព្រោះ​ក្នុង​ហ្វូង​មហាជន​ជាទូទៅ​សុទ្ធ​តែ​ជា​កម្មករ​កសិករ​ដែល​ជា​ឪពុកម្តាយ​របស់​នាយ​ទាហាន។ តើ​ដាច់​ចិត្ត​ទេ។ មក​ដល់​ដំណាក់កាល​នេះ​ហើយ​ដែល​របប​មួយៗ​លែង​អាច​ឈរ​ជើង​នឹង​បាត់​ប្រភព​អំណាច។ បើ​នៅ​តែ​បង្ខំ បាត់​ភាព​ស្រប​ច្បាប់​នៃ​របប។

សរុប​ទៅ​កាលៈទេសៈ​របប​របៀប​នេះ​គឺ​ដូច​ពស់​អត់​ក្បាល​អត់​កន្ទុយ​គឺ​គ្រាន់​តែ​សាច់​មួយ​ដុំ​នៅ​លើ​ជ្រញ់ រង់ចាំ​តែ​រាស្ត្រ​កាប់​ចិញ្រ្ចាំ។ ដំណាក់កាល​នេះ​ហាក់​ដូចជា​កំពុង​តែ​អនុវត្ត​រួច​ហើយ​ក្នុង​ជួរ​ទ័ព។

ត្រី​កាន់​តែ​រើ ជុច​កាន់​តែ​រឹត កាន់​តែ​ចង្អៀត​មូលដ្ឋាន​អំណាច​កាន់​តែ​ខ្សោយ​រួម​តូច។ ទាំង​នេះ​គឺជា​ដំណើរ​វិវត្តន៍​ដែល​គេ​តែងតែ​សង្កេត​ឃើញ​កើត​មាន​ឡើង​ក្នុង​របប​ណា​មួយ​ដែល​ឈាន​ទៅ​រក​ការ​រលំ​រលាយ​មូលដ្ឋាន​អំណាច។

ដោយ​ការ​ភ័យខ្លាច និង​ការ​តក់ស្លុត​នឹង​នយោបាយ​ហេតុ​នេះ​ទើប​មេដឹកនាំ​អនុវត្ត​នយោបាយ​បង្រួម​អំណាច​កាន់តែ​ស្រួច​ដើម្បី​ធានា​ប្រភព​អំណាច ប៉ុន្តែ​ជា​ទ្រឹស្តី​គេ​សង្កេត​ឃើញ​ថា​វា​ជា​កាំបិត​មុខ​ពីរ​ដែល​មាន​ន័យ​ថា​ត្រី​បុក​កាន់​តែ​ខ្លាំង ជុច​រឹត​ខ្លួន​រាជការ​កាន់​តែ​តឹង​ឡើង ហើយ​ឈាន​ទៅ​រក​បាត់​លំនឹង​មូលដ្ឋាន​អំណាច​ពី​ខាង​ក្នុង​រាជការ​ទៅ​វិញ។ ស្ថានភាព​នេះ​គឺ​កុំ​បង្ខំ​ជុច កុំ​រើ ហើយ​រក​គេ​ជួយ។

ប្រើ​វិធី​ពង្រីក​អំណាច​តែ​មិនមែន​បង្រួម​អំណាច​ពីព្រោះ​អ្វី​ដែល​កំពុង​ធ្វើ​ពេល​បច្ចុប្បន្ន​គឺជា​គោលដៅ​ចង្អៀត ផ្លូវ​តូច ខុស​ទាំង​យុទ្ធសាស្ត្រ​ហើយ​ខុស​ទាំង​វិធីសាស្ត្រ។ ដូរ​ពី​គោលដៅ​ចង្អៀត​ទៅ​គោលដៅ​ធំ។ ដូរ​ពី​ផ្លូវ​តូច​ទៅ​មាគ៌ា​ធំ។ កែ​យុទ្ធសាស្ត្រ កែ​វិធីសាស្ត្រ​ឲ្យ​ស្រប​នឹង​គោលដៅ​ធំ មាគ៌ា​ធំ បើ​មិន​ដូច្នោះ​ទេ​គឺ​ដូច​ត្រី​ក្នុង​ជុច។ លទ្ធផល​អាណោច​អាធ័ម។

ទាំង​នេះ​គ្រាន់​តែ​ជា​ទ្រឹស្តី​នយោបាយ​សម្រាប់​បងប្អូន​សង្កេត​មើល​ជីវិត​រាជការ និង​របប​នយោបាយ​ជាទូទៅ​ក្នុង​ពិភពលោក​តែ​ប៉ុណ្ណោះ៕

សូរ សមយុទ្ធ
sosamyuth@gmail.com

0

Comments

Please, login or register to post a comment