Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជ្រុង​មួយ​នៃ​បញ្ហា​ជីវិត

Content image - Phnom Penh Post

ជ្រុង​មួយ​នៃ​បញ្ហា​ជីវិត

ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​។ ការ​ប្រឈមមុខ​នឹង​បញ្ហា​អាច​បណ្ដាល​ឲ្យ​អ្នក​ដែល​កំពុង​តែ​ប្រឈម​នោះ​មាន​សម្ពាធ​មិន​ច្រើន​ក៏​តិច​ទៅ​តាម​របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​របស់​គេ​។

យ៉ាង​ណា​ក៏ដោយ​ដោយសារ​តែ​សម្ពាធ​ដែល​កើត​មាន​វា​អាច​ជា​ឱកាស​ដ៏ល្អ​ឲ្យ​យើង​បាន​រៀន​ហ្វឹកហាត់​ពី​វិធី​ដោះស្រាយ​ផង និង​អាច​ហ្វឹកហាត់​ចិត្ត​ឲ្យ​រឹងមាំ​ផង​។

មាន​ពេល​ខ្លះ​មនុស្ស​ដែល​កំពុង​តែ​លង់​ក្នុង​បញ្ហា​ដោះស្រាយ​មិន​ចេញ​គេ​យល់​ថា​ពេលវេលា​គឺជា​អ្នក​បង្កើត​ឲ្យ​មាន​សម្ពាធ​ដល់​រូបគេ​។

តាមពិត​ទៅ​គឺ​មនុស្ស​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ដោយ​ខ្លួនឯង មិនមែន​ពេលវេលា​ជា​អ្នក​ដាក់​សម្ពាធ​លើ​មនុស្ស​ទេ​។ ដោយសារ​តែ​មាន​ពេល​ខ្លះ ពេលវេលា​ក្នុង​ការ​ដោះស្រាយ​កិច្ចការ​ណា​មួយ​នោះ​មាន​រយៈពេល​ខ្លី​ទើប​គេ​កើត​អាការ​ច្រាសច្រាល់​ក្នុង​ចិត្ដ​ទៅ​ជា​ជ្រួល​ច្របល់​ភ័យខ្លាច​ថា​ធ្វើ​មិន​ទាន់​ពេល គេ​ក៏​ចោទ​ដាក់​បន្ទុក​លើ​ពេលវេលា​ថា​ជា​អ្នក​បង្កើត​សម្ពាធ​ឲ្យ​គេ​។

គេ​មិន​គិត​ផង​ថា​ដោយសារ​តែ​ភាព​ខ្ជិលច្រអូស​ភាព​យឺតយ៉ាវ​អសមត្ថភាព​ក្នុង​ការ​សម្រេច​កិច្ចការ​របស់​គេ​ទើប​ជា​ហេតុ​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ថា​តប់ប្រមល់​ជ្រួល​ច្របល់ គ្រប់គ្រង​ចិត្ដ​ខ្លួន​មិន​បាន​ដោះស្រាយ​មិន​ទាន់​ពេល​។

មិនមែន​ថា​គ្រប់​បញ្ហា​ទាំងអស់​សុទ្ធ​តែ​កើតឡើង​ដោយសារ​តែ​ភាព​ខ្ជិល​ច្រអូស​យឺតយ៉ាវ អសមត្ថភាព ក្នុង​ការ​សម្រេច​កិច្ចការ​ទើប​គេ​សម្រេច​កិច្ចការ​មិន​ទាន់​គ្រប់​ពេល​នោះ​ទេ​ក៏​មាន​ដែរ​ដែល​ពេល​ខ្លះ​យើង​បាន​ប្រឹងប្រែង​ព្យាយាម​បំពេញ​កិច្ចការ​នោះ​ហើយ ប៉ុន្ដែ​ដោយសារ​តែ​ទំហំ​នៃ​កិច្ចការ​នោះ​មាន​ទំហំ​ធំ​ពេក​ប្រៀប​នឹង​កម្លាំង​ប្រៀប​នឹង​ពេលវេលា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ទើប​មិន​អាច​សម្រេច​កិច្ចការ​នោះ​បាន​ទាន់​ពេល​។

យ៉ាង​ណា​ក៏ដោយ​បើ​យើង​ច្បាស់លាស់​ពី​ការងារ​ខ្លួន ហើយ​យើង​ពិត​ជា​បាន​ប្រឹងប្រែង​បំពេញ​វា​អស់​ពី​ចិត្ដ​ពី​ថ្លើម​មែន ប៉ុន្ដែ​បើ​វា​នៅ​តែ​មិន​សម្រេច​ក៏​វា​មិន​អាច​បង្កើត​ជា​សម្ពាធ​មក​លើ​យើង​បាន​ដែរ​។ មនុស្ស​រឹងមាំ​មិន​ចុះចាញ់​រឿង​ដែល​គេ​អាច​ដៅ​ស្មាន​បាន​មុន​ឡើយ​។ ថ្វី​ថា​ធ្វើ​មិន​បាន​សម្រេច​ពេញលេញ​ក៏​ពិតមែន ប៉ុន្ដែ​គ្មាន​អ្វី​ជា​សម្ពាធ​មក​ធ្វើឲ្យ​គេ​ឈឺចាប់​ឡើយ​ពីព្រោះ​គេ​បាន​ស្គាល់​ការងារ​នោះ​យ៉ាង​ច្បាស់ គេ​ស្គាល់​ពី​កម្លាំង​ខ្លួន​រួច​ហើយ​។ ​គេ​ឲ្យ​និយមន័យ​នៃ​ភាព​ជោគជ័យ​ទៅ​តាម​ជំហាន​ដែល​គេ​បាន​បំពេញ​ព្រោះ​គ្រប់​ជំហាន​របស់​គេ​គឺ​ការ​ខំ​ប្រឹងប្រែង​របស់​គេ​។ ការ​ឈាន​បាន​មួយ​ជំហាន​ណា​ក៏​ជា​ជោគជ័យ​ដែរ​សម្រាប់​គេ​។

គោលដៅ​ពិត​ជា​សំខាន់​ហើយ ប៉ុន្ដែ​ការ​ឈាន​ដើរ​លើ​ផ្លូវ​ទៅ​រក​គោលដៅ​ជា​រៀងរាល់​ថ្ងៃ​រិត​តែ​សំខាន់​បំផុត​ព្រោះ​គ្មាន​ការ​ទៅ​ដល់​គោលដៅ​ណា​មួយ ដោយ​មិន​ឈាន​ដើរ​ទៅ​រក​វា​ឡើយ​។

កាលណា​អ្នក​និយាយ​ថា​អ្នក​មាន​សម្ពាធ​គឺ​ចិត្ដ​របស់​អ្នក​ជា​អ្នក​ទទួល​ថា​មាន​សម្ពាធ​។ មាន​ន័យ​ថា​បើ​អ្នក​មិន​មើល​ឃើញ​ថា​វា​ជា​បញ្ហា​ទេ​នោះ​វា​ក៏​មិនមែន​ជា​បញ្ហា​ចំពោះ​អ្នក​ដែរ​។ ប៉ុន្ដែ​ក៏​មិនមែន​ថា​គេ​មិន​ព្រម​អើពើ​ថា​វា​ជា​បញ្ហា នៅពេល​ដែល​វា​ពិតជា​បញ្ហា​មែន​នោះ​ដែរ តែ​គឺ​ដោយសារ​គេ​មាន​បញ្ញា​អាច​មើល​ធ្លុះ​រឿងរ៉ាវ​នោះ​ថា​វា​មាន​ទម្ងន់​ប៉ុន​ណា​ទើប​គេ​មិន​ស្លន់ស្លោ​។

ថ្វី​ថា​សម្ពាធ​អាច​កើត​មាន​ពី​ខាង​ក្រៅ ប៉ុន្ដែ​ការ​ឈឺចាប់​ដោយសារ​សម្ពាធ​មិនមែន​កើត​ពី​បរិយាកាស​ខាង​ក្រៅ​នោះ​ទេ​។ ចិត្ដ​ដែល​មាន​​សុខភាព​ចិត្ដ​ល្អ​ចិត្ដ​ដែល​រឹងមាំ មិន​ដែល​អនុញ្ញាត​ឲ្យ​សម្ពាធ​ខាង​ក្រៅ​ចូល​មក​ដាក់​បន្ទុក​លើ​ចិត្ដ​របស់​គេ​ឡើយ​។ មហាត្មៈគន្ធី​បាន​និយាយ​ថា «​អ្នក​មិន​អាច​យក​បាត​ជើង​ដ៏​កខ្វក់​​របស់​អ្នក​មក​ដាក់​លើ​ដើមទ្រូង​ខ្ញុំ​បាន​ឡើយ​»​។

មាន​ន័យ​ថា​ថ្វីបើ​រូបភាព​ពិត​គេ​បាន​ជាន់​ឈ្លី​ដើមទ្រូង​របស់​អ្នក​មែន​ដោយ​ពេល​ខ្លះ​អ្នក​ត្រូវ​ខាំ​មាត់​ធ្វើ​តាម​គេ ប៉ុន្ដែ​អ្នក​ខ្លួនឯង គ្មាន​ថ្ងៃ​បណ្ដោយ​ឲ្យ​បាតជើង​ដ៏​កខ្វក់​នោះ​មក​ជាន់​លើ​បេះដូង​របស់​អ្នក​ឲ្យ​កខ្វក់​បាន​ទេ​។

សម្ពាធ​ខាង​ក្រៅ​មក​ប៉ះ​ចិត្ដ បើ​យើង​មិន​ព្រម​ចុះចាញ់​ទេ​នោះ​វា​គ្មាន​អ្វី​ជា​សម្ពាធ​ឡើយ​។ ដូច​គ្នា​បើ​គេ​សើច​ចំអក​មើលងាយ​អ្នក​ថា​គ្មាន​តម្លៃ តែ​ខ្លួន​អ្នក​ផ្ទាល់​ស្គាល់​ពី​តម្លៃ​ខ្លួនឯង​នោះ​គ្មាន​នរណា​មួយ​អាច​ធ្វើឲ្យ​ចិត្ដ​អ្នក​ឈឺចាប់​ឡើយ​។ ការពិត​ទៅ​គឺ​ចិត្ដ​របស់​យើង​ផ្ទាល់​ទៅ​វិញ​ទេ​ដែល​ជា​កត្ដា​ខាង​ក្នុង​ដ៏សំខាន់​នាំ​សម្ពាធ​មក​ឲ្យ​យើង​។ កាលណា​ចិត្ដ​យើង​ជ្រួលច្រាល់​ញាប់ញ័រ​ដោយសារ​រឿង​អ្វី​មួយ​វា​ធ្វើឲ្យ​យើង​ងាយ​នឹង​បាត់​សតិ​ហើយ​ភ័យ​ខ្លាច​រួច​គេ​នឹង​បាត់​ម្ចាស់ការ​បាត់​លំនឹង​ចិត្ដ​លែង​ដឹង​ថា​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​បែប​ណា​?

ដោយសារ​ការ​ភ័យខ្លាច​ហួសហេតុ​ពេក​ធ្វើឲ្យ​យើង​មើល​ឃើញ​បញ្ហា​ធំ​ជាង​រូប​ពិត​របស់​វា​មិន​ខាន​ហើយ​ទៅ​ជា​ស្លន់ស្លោ​។ មាន​ន័យ​ថា​គឺ​យើង​ផ្ទាល់​ដែល​បង្កើត​សម្ពាធ​ឲ្យ​ខ្លួនឯង​។ ពេល​ខ្លះ​រឿង​ដែល​កើតឡើង​វា​កើត​ទៅ​តាម​ដំណើរ​របស់​វា​សោះ តែ​យើង​មើល​មិន​ធ្លុះ​ទៅ​ជា​បាត់​ម្ចាស់ការ​ហើយ​ប្រតិកម្ម​តប​តាម​របៀប​មួយ​ដែល​ធ្វើឲ្យ​រឿងរ៉ាវ​កាន់តែ​ធ្ងន់ធ្ងរ​។

មួយ​វិញ​ទៀត​ដោយសារ​តែ​មនុស្ស​ខ្លះ​មាន​ភាព​អាត្មានិយម​មាន​ចិត្ដ​លោភលន់ មិន​ចេះ​ស្កប់ស្កល់​មិន​ព្រម​ទទួល​ថា​គ្រប់គ្រាន់​គឺ​ដឹង​តែ​ពី​ដេញ​តាម​ចិត្ដ​ដេញ​តាម​តណ្ហា​ចង់​បាន​មិន​ចេះ​ឈប់ឈរ​របស់​គេ​ក៏​បណ្ដាល​ឲ្យ​គេ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ហើយ​មិន​យូរ​មិន​ឆាប់​គេ​ក៏​កើតរោគ​ចិត្ដ​ដែល​ទោះ​មិន​ទាន់​ដល់​កម្រិត​ឆ្កួត ក៏​មាន​សតិ​វិបល្លាស​។ ការ​លោភលន់​ចង់​បាន​មិន​ចេះ​ស្កប់ស្កល់​ហើយ​ប្រឹង​ដេញ​តាម​យ៉ាង​វីវក់​ភ្លេច​ខ្លួន​ជា​សម្ពាធ​លើ​ខ្លួនឯង​។

ផ្ទុយ​ទៅ​វិញ​ការ​ដាក់​គោលដៅ​ត្រឹមត្រូវ​ដោយ​សម្លឹង​ហេតុផល​ពិនិត្យ​សមត្ថភាព​របស់​ខ្លួន ហើយ​ប្ដេជ្ញា​ចិត្ដ​ឈាន​ទៅ​សម្រេច​គោលដៅ​នោះ បើ​មាន​ហេតុការណ៍​ខាង​ក្រៅ​ចូល​មក​រារាំង​ក៏​ឧបសគ្គ​ទាំង​នោះ​មិន​អាច​ក្លាយ​ជា​សម្ពាធ​លើ​គេ​បាន​ដែរ តែ​វា​នឹង​ប្រែក្លាយ​ជា​កម្លាំង​ជំរុញ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ទៅ​វិញ​គឺ​យើង​រៀន​ប្រែក្លាយ​ឧបសគ្គ​ទៅ​ជា​ឱកាស​។

បញ្ហា​កើតឡើង​ប៉ុន​ណា​មិន​ទាន់​ជា​បញ្ហា​ឡើយ តែ​គឺ​របៀប​នៃ​ការ​សម្លឹង​មើល​បញ្ហា​នោះ​ទៅ​វិញ​ទេ​ទើប​ជា​បញ្ហា​។ បើ​យើង​សម្លឹង​ទៅ​ខាង​ក្រៅ​ដោយ​ចិត្ដ​មិន​ស្អាត​ដោយ​ចិត្ដ​ច្រណែន​ឈ្នានីស​ដោយ​ចិត្ដ​ទោមនស្ស​នោះ​យើង​នឹង​ឃើញ​ថា ពិភពលោក​នេះ​ហាក់​ដូចជា​ស្រអាប់ និង​ចង្អៀត​ខ្លាំង​គឺ​ចិត្ដ​នោះ​នឹង​ប្រែ​ក្លាយ​ជា​តូច​ចង្អៀត​មិន​អាច​ច្រក​អ្នក​ដទៃ​ចូល​បាន​ពេល​ឃើញ​គេ​ធ្វើ​អ្វី​ក៏​ទើស​ក៏​ខុស​ចិត្ដ​ខ្លួន​រហូត​។ ប្រតិកម្ម​ចិត្ដ​ចំពោះ​រឿង​ដែល​កើតឡើង​ទាំង​កើត​ក្រៅ​ខ្លួន​ទាំង​រឿង​ដែល​ចិត្ដ​បង្កើតឡើង​ដោយ​ចិត្ដ​ដែល​មិន​ស្អាត​បែប​នោះ​មិន​ដែល​ផលិត​ចេញ​នូវ​សមិទ្ធផល​ល្អ​ឡើយ​គឺ​មុខ​ជា​បំផ្លាញ​ទាំង​ខ្លួន​ឯង​បំផ្លាញ​ទាំង​អ្នក​ដទៃ​។

បើ​ចិត្ត​របស់​គេ​ប្រឡាក់​ដោយ​គ្រឿង​មិន​ស្អាត​នាំ​ឲ្យ​គេ​បែរ​ទៅ​គិត​រឿង​ដែល​មិន​បាន​ការ​ហើយ​មិន​យូរ​មិន​ឆាប់​គេ​ក៏​គ្រប់គ្រង​ចិត្ដ​ខ្លួនឯង​លែង​បាន​ក៏​កើត​ជំងឺ​ផ្លូវ​ចិត្ដ​។

កាលណា​ចិត្ដ​ឈឺ​ហើយ​គេ​សម្លឹង​ទៅ​រឿង​អ្វី​ក៏​សុទ្ធ​តែ​ជា​បញ្ហា​តែ​ទាំង​អស់​ហើយ​មនុស្ស​បែប​នោះ​មើល​មិន​ឃើញ​សភាព​ពិត​នៃ​រឿងរ៉ាវ​ដែល​កើតឡើង​ឡើយ​គេ​ជា​មនុស្ស​ទុទ្ទិដ្ឋិនិយម​។

ជាទូទៅ​មនុស្ស​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ដ​បើ​មិន​អ្វីៗ​ក៏​បន្ទោស​អ្នក​ដទៃ​ថា​ជា​ហេតុ​នៃ​រឿង​គ្រប់​តែ​រឿង​ទេ ផ្ទុយ​ទៅ​វិញ​គឺ​គេ​នឹង​​បន្ទោស​ខ្លួនឯង​មិន​ឈប់​ថា​ខ្លួន​អន់​ខ្លួន​មិន​ដល់​គេ​ខ្លួន​មាន​កំហុស​ជាដើម​។ គ្រាន់តែ​បរាជ័យ​ម្ដង ឬ​ពីរ​ដង​គេ​ក៏​បាក់​ទឹកចិត្ត បន្ទោស​បង្អាប់​មើលងាយ​ខ្លួនឯង ហើយ​ក៏​ក្លាយ​ជា​សម្ពាធ​លើ​ចិត្ត​របស់​គេ​ថា​ខ្លួន​ជា​មនុស្ស​បរាជ័យ​។ គេ​ក៏​ឈប់​ប្រឹង​ក្រោកឈរ​បន្ដ​ដំណើរ​ទៅ​រក​គោលដៅ​ខ្លួន​ទៀត​។ គេ​បាត់បង់​ឱកាស​សម្លឹង​មើល​រឿងរ៉ាវ​ដែល​កើតឡើង​តាម​សភាព​ពិត​នៃ​រឿង​។ ដូច្នេះ​សួរ​ថា តើ​មនុស្ស​នោះ​អាច​ដោះស្រាយ​បញ្ហា​ដែល​គេ​កំពុង​តែ​ប្រឈម​បាន​ល្អ​ដែរ​ទេ​?

ការ​តឹងតែង​ចំពោះ​ខ្លួនឯង​ពេក​ក៏​ជា​ហេតុ​ឲ្យ​មាន​សម្ពាធ​ដែរ​។ បើ​ពិចារណា​ទៅ​ឃើញ​ថា​ទង្វើ​ណា​នោះ​មិន​នាំ​បញ្ហា​ដល់​នរណា​មួយ​ក៏​ដូចជា​មិន​នាំ​បញ្ហា​មក​ខ្លួនឯង​ក៏​គួរ​តែ​ធ្វើ​តាម​ចិត្ដ​ខ្លួន​ខ្លះ​ដែរ តែ​ធ្វើ​តាម​ចិត្ដ​ទៅ​បាន​លុះត្រា​តែ​អ្នក​ស្គាល់​ចិត្ដ​ខ្លួន​ច្បាស់​ថា​ស្អាត​មិន​បាន​គិត​ចង់​ទៅ​បៀតបៀន​នរណា​។ ការ​ប្រឹង​ទប់​ចិត្ដ​ខ្លាំង​ហួសហេតុ​ដោយ​គេ​គ្មាន​ចិត្ដ​ថា​មិន​ប្រព្រឹត្ដ​រឿង​នោះ​ពិតប្រាកដ តែ​ប្រឹង​ទប់​មិន​ធ្វើ​ដោយ​ហេតុ​ណា​មួយ​នាំ​ឲ្យ​ងាយ​កើត​ស្ត្រេស​តប់ប្រមល់ ចង់​ធ្វើ​តែ​មិន​ហ៊ាន​ធ្វើ​ខ្លាច​គេ​ថា​បែប​នេះ​បែប​នោះ​។ វា​មិន​ខុស​អ្វី​ពី​ការ​ប្រឹង​ទប់​ថា​ខ្លួន​ជា​មនុស្ស​ល្អ ពេល​ដែល​ដួង​ចិត្ដ​របស់​គេ​គ្មាន​ធាតុ​ល្អ​នោះ​ឡើយ​។ តើ​អាច​លាក់​គេ​បាន​យូរ​ប៉ុន​ណា​? មិន​យូរ​មិន​ឆាប់​ចរិត​ពិត​ដែល​មិន​ស្អាត មុខ​ជា​លោត​ចេញ​មក​ក្រៅ​ទប់​មិន​ឈ្នះ​មិន​ខាន​។

សភាព​ចិត្ដ​បែប​នោះ​ងាយ​ទទួល​សម្ពាធ​ពី​ខាង​ក្រៅ​ណាស់​។

សម្ពាធ​ផ្លូវចិត្ត​ធ្វើឲ្យ​គេ​ឆាប់​ក្រោធ​ខឹង​ឆាប់​អន់​ចិត្ដ​ឆាប់​បាក់​ទឹក​ចិត្ត​ធ្វើឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ទន់ជ្រាយ​បាត់បង់​ស្មារតី ធ្វើ​កិច្ចការ​អ្វី​ក៏​មិន​សម្រេច​ហើយ​វា​ក៏​បង្កើត​ជា​ទម្ងន់​បន្ថែម​ពី​លើ​រឿង​ចាស់​ដែល​ដោះស្រាយ​មិន​ទាន់​រួច​។

ការ​រស់នៅ​រាល់​ថ្ងៃ​អាច​ឲ្យ​យើង​បាន​ស្គាល់​ភាព​ក្ដៅ​ត្រជាក់​ក្នុង​ជីវិត​អាច​ឲ្យ​យើង​បាន​រៀនសូត្រ​ពី​ដំណោះស្រាយ​ជាច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ ដូច​បាន​បញ្ជាក់​ពី​ខាង​លើ​រួច​ហើយ​ថា​បញ្ហា​ជា​មេរៀន​ពិសេស​សម្រាប់​ជីវិត ប៉ុន្ដែ​វា​អាច​បែប​នោះ​ទៅ​បាន​លុះត្រាតែ​យើង​អាច​រៀនសូត្រ​បណ្ដុះ​ប្រាជ្ញា​ពី​ការ​ដោះស្រាយ​បញ្ហា​មិនមែន​លង់​ក្នុង​ការ​បង្កើត​បញ្ហា​ដដែលៗ​ដែល​បង្កើត​ឡើង​ដោយ​ខ្លួនឯង​នោះ​ទេ​។ មាន​មិន​តិច​ទេ​ដែល​គេ​បង្កើត​បញ្ហា​មក​ដោយ​ខ្លួន​គេ​រួច​គេ​ប្រឹង​ដោះស្រាយ​ហើយ​គេ​ក៏​មាន​មោទនភាព​ថា​គេ​អាច​ដោះស្រាយ​បញ្ហា​គេ​បាន​។

ចុះ​ប្រសិន​បើ​គេ​មិន​បង្កើត​បញ្ហា​នោះ​មក​នោះ​គេ​នឹង​មិន​ចាំបាច់​ហត់​ទៅ​ដោះស្រាយ​សោះ តើ​មិន​កាន់​តែ​ប្រសើរ​ទេ​ឬ​? ប៉ុន្ដែ​បើ​បែប​នោះ​គេ​មុខ​ជា​នៅ​មិន​សុខ គេ​មុខ​ជា​ថ្ងូរ​ថា​អផ្សុក​រអ៊ូ​ថា​ជីវិត​ឥត​ន័យ​មិន​ខាន​។ គេ​មិន​យល់​ទេ​ថា ការ​មិន​បង្កើត​បញ្ហា​ដែល​មិន​ចាំបាច់​នឹង​បង្កើត​មក​បន្ថែម​ពី​លើ​ទុក្ខ​ដែល​មាន​ស្រាប់​ដល់​ជីវិត​របស់​គេ​គឺ​វា​រឹត​តែ​ប្រសើរ​ជា​ប្រឹង​បង្កើត​ហើយ​ប្រឹង​រត់​ទៅ​ដោះស្រាយ​តាម​ក្រោយ​។

ប៉ុន្ដែ​បើ​គេ​កំពុង​តែ​មាន​រមាស់ គេ​កំពុង​តែ​អេះរមាស់​ស្រួល គេ​មុខ​ជា​អួត​ថា​អេះរមាស់​ពិតជា​ស្រួល​ខ្លួន​ណាស់​។ គេ​មិន​យល់​ឡើយ​ថា មនុស្ស​ដែល​គ្មាន​រមាស់​អេះ​វា​រឹត​តែ​ស្រួល​ខ្លួន​ជាង​គេ​ឆ្ងាយ​ណាស់​។

បើ​បញ្ហា​កើតឡើង​ហើយ​ការ​ប្រឈម​នឹង​ភាព​ស្មុគស្មាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ស្មារតី​នឹងនរ​ជា​មធ្យោបាយ​ដ៏ល្អ​បំផុត​ដែល​ជួយ​ធ្វើឲ្យ​យើង​អាច​ហ្វឹកហាត់​បាន​ទាំង​ផ្លូវ​ចិត្ដ​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា​យ៉ាង​រឹងមាំ​ផង​ថែម​ទាំង​បាន​ហ្វឹកហាត់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ផង​។ បន្ទាប់ពី​នោះ​គេ​អាច​រៀនសូត្រ​ពី​បទពិសោធ​នោះ​បាន​។ បទពិសោធ​បែប​នោះ​ជា​បទពិសោធ​ដែល​ជួយ​ឲ្យ​យើង​កាន់​តែ​រឹងមាំ​ជាង​មុន និង​មាន​ប្រាជ្ញា​ជាង​មុន​។ បទពិសោធ​ជីវិត​គឺជា​រសជាតិ​នៃ​ជីវិត​។

រសជាតិ​នោះ​ប្រៃ​ល្វីង​ជូរចត់ ឬ​ក៏​ផ្អែមល្ហែម​អាស្រ័យ​លើ​យើង​ម្នាក់ៗ​ជា​អ្នក​កំណត់​ច្នៃ​បង្កើត​វា​។

ការ​រក្សា​លំនឹង​ចិត្ដ​ប្រឈមមុខ​នឹង​បញ្ហា​នានា​ដោយ​មិន​តក់ស្លុត​ហួស​មិន​ត្រេកអរ​ហួស​មិន​បណ្ដោយ​ឲ្យ​រឿងរ៉ាវ​ខាង​ក្រៅ​ក្លាយ​ជា​សម្ពាធ​លើ​ចិត្ដ​ដោយ​សម្លឹង​មើល​ពិភពលោក​នេះ​តាម​សភាព​ពិត​របស់​វា ដោយ​ដួង​ចិត្ដ​ដែល​ស្មោះត្រង់​ជួយ​ឲ្យ​យើង​អាច​ប្រតិកម្ម​តប​យ៉ាង​សមស្រប ហើយ​វា​អាច​ជួយ​ឲ្យ​យើង​ឆ្លង​កាត់​ពេលវេលា​លំបាកៗ​ក្នុង​ជីវិត​ដោយ​ជោគជ័យ​៕

ប៉ាង វ៉ាន់ថោន, អ៊ីមែលៈ vanthownpang@yahoo.com

0

Comments

Please, login or register to post a comment