Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តុល្យភាព​អំណាច

Content image - Phnom Penh Post
ពលរដ្ឋ​ម្ចាស់​ឆ្នោត​ពេល​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​កន្លង​មក។ ផា លីណា

តុល្យភាព​អំណាច

កាលណា​និយាយ​ពី​តុល្យភាព​​អំណាច គឺ​និយាយ​ដល់​ប្រជាធិបតេយ្យ។

សម័យ​នេះ​ប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​រឿង​ដ៏​ពេញនិយម​ដែល​អ្នក​នយោបាយ​ចូលចិត្ដ​លើក​ដាក់​ខ្លួន​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​ពី​ពលរដ្ឋ ព្រោះ​ជាទូទៅ​ពលរដ្ឋ​គិត​ថា​មាន​ប្រជាធិបតេយ្យ​គឺ​មុខ​ជា​សង្គម​សម្បូរ​សប្បាយ​មិន​ខាន។

នោះ​ជា​ផល​នៃ​ប្រជាធិបតេយ្យ ប៉ុន្ដែ​មុន​នឹង​ទទួល​បាន​ផល​លុះត្រា​តែ​យើង​បាន​កសាង​ប្រជាធិបតេយ្យ​ជា​មុន​សិន។

ប្រជាធិបតេយ្យ​ជា​ទម្រង់​នៃ​ការ​គ្រប់គ្រង​រដ្ឋ​ដែល​សិទ្ធិ និង​អំណាច​ក្នុង​ការ​ចាត់ចែង​កិច្ចការ​​ប្រទេស​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​ពលរដ្ឋ​ហើយ​ការ​ប្រើប្រាស់​សិទ្ធិ និង​អំណាច​ជា​ម្ចាស់​នោះ​ត្រូវ​​ធានា​ដោយ​ច្បាប់​ជា​អចិន្រៃ្តយ៍​មិនមែន​ពលរដ្ឋ​មាន​អំណាច​ដោះដូរ​តំណាង​តែ​នៅ​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ​ទេ។

តាមរយៈ​ប្រព័ន្ធ​តុល្យភាព​អំណាច ពលរដ្ឋ​មាន​សិទ្ធិ​ និង​អំណាច​ក្នុង​ការ​ជ្រើសរើស​អ្នក​កាន់​ការងារ​ស្រុកទេស​ផង​តាមដាន​អ្នក​ដែល​ខ្លួន​ជ្រើសរើស​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មវិធី​នយោបាយ​ដែល​គេ​បាន​សន្យា​ផង និង​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​នានា​ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ពេល​គេ​កាន់​តំណែង​ផង។

ខណៈ​នោះ​អ្នក​កាន់​អំណាច​ប្រើ​អំណាច​តែ​ក្នុង​រង្វង់​ព្រំដែន​មួយ​ដែល​ច្បាប់​អនុញ្ញាត​ក្នុង​ការ​បំពេញ​តួនាទី​ដែល​ដាច់​ខាត​ត្រូវ​ភ្ជាប់​នឹង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ម្ចាស់​អំណាច។

អំណាច​នោះ​មិនមែន​ជា​អំណាច​នៅ​ក្រៅ​រង្វង់​ច្បាប់​មិនមែន​ជា​បុណ្យ​ស័ក្ដិ​លាភ​សក្ការ:​ដែល​គួរ​ត្បុល​ក្បាល​ទៅ​រក​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ជា​អម្រែក​ក្នុង​ការ​បំពេញ​តួនាទី​សុទ្ធសាធ។

ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​តំណាង​ដែល​រួម​មាន​តំណាង​ថ្នាក់​ជាតិ​គឺ​តំណាងរាស្ដ្រ និង​តំណាង​ថ្នាក់​ក្រោម​ជាតិ​មាន​ចៅហ្វាយ​ខេត្ត​ ចៅហ្វាយ​ស្រុក​ មេឃុំ​ មេភូមិ ហើយ​ចំណុច​មួយ​ដែល​ដាច់ខាត​មិន​អាច​ខ្វះ​បាន​គឺ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​តំណាង​ដោយ​ផ្ទាល់​ដោយ​ចំពោះ​ដោយ​សេរី​ដោយ​យុត្តិធម៌ និង​ដោយ​ទៀងទាត់។

ជំហាន​ដំបូង​ពលរដ្ឋ​បោះឆ្នោត​ចំ​មុខ​ជ្រើសរើស​តំណាងរាស្ដ្រ/​សមាជិក​សភា ហើយ​តំណាងរាស្ដ្រ​ដែល​ទទួល​បាន​សេចក្ដី​ទុក​ចិត្ដ​ពី​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើស​តាំង​នាយក​រដ្ឋមន្ដ្រី។

ក្នុង​ន័យ​នេះ​យើង​អាច​ប្រៀប​ពលរដ្ឋ​ជា​ម្ដាយ​បង្កើត​តំណាងរាស្ដ្រ/សមាជិក​សភា ហើយ​តំណាងរាស្ដ្រ​ជា​ម្ដាយ​បង្កើត​នាយករដ្ឋមន្ដ្រី។ ប៉ុន្ដែ​ស្រុក​ខ្មែរ​យើង​ធ្លាប់​មាន​ការ​បោះឆ្នោត​ជា​កញ្ចប់​ដែល​ការ​បោះឆ្នោត​នោះ​ម្ដាយ និង​កូន​កើត​ក្នុង​ពេល​ដំណាល​គ្នា។

នាយក​រដ្ឋមន្ដ្រី​ធ្លាប់​អង្គុយ​មើល​តំណាងរាស្ដ្រ​បោះឆ្នោត​រើស​ប្រធាន​ និង​អនុប្រធាន​សភា​ដែល​ប្រៀប​ដូច​កូន​អង្គុយ​មើល​ម្ដាយ​ខ្លួន​កើត ឯ​ពលរដ្ឋ​ប្រៀប​ដូចជា​ជីដូន​ដែល​​ដឹង​តែ​ថា​លំបាក​ណាស់​តែ​គ្មាន​​ខ្វល់​ដឹង​ថា​វា​មកពី​កូន និង​ចៅ​ខ្លួន​កើត​ច្រាស​ជើង​ឡើយ។

តាម​បទពិសោធ​នៃ​ប្រទេស​មួយ​ចំនួន​ដែល​ចង់​កសាង​ប្រជាធិបតេយ្យ​តែង​ត្រូវ​បាន​អ្នក​កាន់​អំណាច​ក្នុង​ប្រទេស​នោះ​ផ្ដល់​លេស​ថា​បរិបទ​ប្រទេស​ខុស​គ្នា​ វិធីសាស្ដ្រ​ត្រូវ​តែ​​ខុស​គ្នា។

ច្បាស់​ណាស់​ថា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​របស់​ពលរដ្ឋ និង​ដើម្បី​ពលរដ្ឋ ប៉ុន្ដែ​ប្រទេស​នីមួយៗ​កំណត់​និយមន័យ និង​ប្រើប្រាស់​វិធីសាស្ត្រ​ខុសៗ​គ្នា​ដែល​សមស្រប​ទៅ​តាម​បរិបទ​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន។ គេ​លំបាក​នឹង​កំណត់​ដាច់​ណាត់​ថា​គ្រប់​ប្រទេស​ទាំងអស់​ដែល​មាន​បំណង​ចង់​កសាង​សង្គម​ប្រជាធិបតេយ្យ​ត្រូវ​តែ​ដើរ​តាម​ពុម្ព​គំរូ​មួយ​ដូច​គ្នា​ដោយ​មិន​ល្អៀង​ឡើយ​គឺ​ពុំ​មាន​វិធីសាស្ត្រ​ជាក់លាក់​ដាច់ខាត​ទេ។

ប៉ុន្ដែ​ទោះ​បី​ជា​បរិបទ​ប្រទេស​នីមួយៗ​ខុស​គ្នា​បែប​ណា​ក៏ដោយ ក៏​គោល​ដើម​នៃ​សង្គម​ប្រជាធិបតេយ្យ​គឺ​សិទ្ធិ និង​អំណាច​ក្នុង​ការ​ចាត់ចែង​កិច្ចការ​ប្រទេស​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​ពលរដ្ឋ​ជា​អចិន្រៃ្តយ៍​នៅ​តែ​ជា​គោល​គ្រឹះ​ដែល​ខ្វះ​មិន​បាន​ប្រៀប​ដូច​សម្ល​ប្រហើរ​ អាច​ខ្វះ​បន្លែ​ណា​មួយ​បាន​តែ​មិន​អាច​ខ្វះ​ស្លឹកគ្រៃ ជាដើម។

ដើម្បី​ធានា​តុល្យភាព​អំណាច​ដាច់ខាត​ត្រូវ​តែ​តំណាង​ពលរដ្ឋ​បោះឆ្នោត​រើស​ដោយ​ផ្ទាល់​ដោយ​ចំពោះ​ ដោយ​សេរី​ដោយ​យុត្តិធម៌ និង​ដោយ​ទៀងទាត់​ដោយ​ពលរដ្ឋ។ ការ​បោះឆ្នោត​ឲ្យ​បក្ស​ហើយ​បក្ស​រើស​បេក្ខជន​ជំនួស​ពលរដ្ឋ​ជា​រូបភាព​ក្បត់​ខ្លឹមសារ។ ពួកគេ​ជា​តំណាង​បក្ស​ទទួល​ខុសត្រូវ​មុខ​បក្ស​មិនមែន​តំណាង​ពលរដ្ឋ​ទទួល​ខុស​ត្រូវ​មុខ​ពលរដ្ឋ​ទេ។

បច្ចុប្បន្ន​ការ​ដឹកនាំ​ប្រទេស​ដោយ​អំណាច​ប្រមូល​ផ្ដុំ​ជា​ប្រភព​នៃ​បញ្ហា​ទូទៅ ដូច្នេះ​យើង​គួរ​តែ​បង្កើត​វិធានការ​ផ្លូវ​ច្បាប់​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់​បន្ថយ​អំណាច​រដ្ឋ បន្ថែម​លើ​វិធានការ​សីលធម៌​ដែល​ពឹង​ឆន្ទៈ​ពឹង​សប្បុរស​របស់​អ្នក​កាន់​អំណាច​ថា​មិន​រំលោភ​អំណាច​មក​ជា​ការ​ដឹកនាំ​រដ្ឋ​តាម​ប្រព័ន្ធ​ដែល​ធានា​តុល្យភាព​អំណាច​រវាង​ពលរដ្ឋ​ម្ចាស់​ប្រទេស និង​អ្នក​កាន់​ការងារ​ប្រទេស។

គោលដៅ​របស់​សង្គម​ប្រជាធិបតេយ្យ​គឺ​មាតុភូមិ​មួយ​ដែល​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ប្រទេស​នោះ​អាច​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ខ្លួន​ដែល​នោះ​គឺ​នីតិរដ្ឋ។

តើ​ពលរដ្ឋ​មាន​កាតព្វកិច្ច​អ្វី​ខ្លះ​ដើម្បី​កសាង​នីតិរដ្ឋ? យើង​ត្រូវ​ការ​បង្កើត​យន្ដការ​មួយ​ដោយ​កណ្ដាប់​ដៃ​ពលរដ្ឋ​ដែល​យន្ដការ​នោះ​ជា​យន្ដការ​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​អំណាច​ជា​អចិន្រៃ្តយ៍​ក្នុង​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ខ្លួន។ បើ​កាល​ណា​មនុស្ស​ទាំងអស់​ក្នុង​ប្រទេស​មួយ​មិន​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់​តែ​មួយ​ជាមួយ​គ្នា​ទេ​នោះ​គ្មាន​ទេ​នីតិរដ្ឋ​គឺ​បើ​គ្មាន​ភាព​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ទេ​មាន​ន័យ​ថា​គ្មាន​ការ​អនុវត្ដ​ច្បាប់​ជាទូទៅ​ឡើយ​គឺ​មាន​បុគ្គល​ខ្លះ​នៅ​លើ​ច្បាប់។

បរិបទ​ស្រុក​ខ្មែរ​ឋានានុក្រម​សង្គម​នៅ​តែ​ជា​របាំង​មិន​ឲ្យ​ពលរដ្ឋ​បាន​ចូលរួម​ពេញលេញ​តាមដាន​អ្នក​នយោបាយ​ដោយ​​ថ្នាក់ដឹកនាំ​ទទួល​បន្ទុក​ទាំង​ស្រុង​ដាច់​មុខ​ក្នុង​ការ​ចាត់ចែង​កិច្ចការ​ជាតិ ឯ​ពលរដ្ឋ​ភាគច្រើន​នៅ​តែ​គ្មាន​ការ​យល់​ដឹង​ពី​បញ្ហា​នយោបាយ មិន​ស្គាល់​ពី​សិទ្ធិ​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​មាន​តែ​នៅ​ក្នុង​ច្បាប់​តែ​ជាក់ស្ដែង​ពលរដ្ឋ​គ្មាន​អំណាច​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ទាំង​នោះ​ពេញលេញ​លើស​ពី​នេះ​ពលរដ្ឋ​ថែម​ទាំង​មិន​ដឹង​ថា​ការ​ទៅ​ទាមទារ​យក​អំណាច​ស្របច្បាប់​ជា​កាតព្វកិច្ច​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ត្រូវ​ចូលរួម​បំពេញ​ថែម​ទៀត។

ពលរដ្ឋ​គិត​ថា​កិច្ចការ​នយោបាយ​ជា​រឿង​ផ្តាច់​មុខ​របស់​អ្នក​នយោបាយ​មិនមែន​ជា​រឿង​ដែល​ពលរដ្ឋ​ត្រូវ​ខ្វល់​ឡើយ​ហើយ​ពលរដ្ឋ​ខ្លះ​ធ្លាក់​ក្នុង​គំនិត​ថា​បើ​ទោះបី​ជា​ពលរដ្ឋ​ចង់​ខ្វល់​រឿង​នយោបាយ ក៏​ពលរដ្ឋ​ជា​ជន​ទន់​ខ្សោយ​មិន​ចេះ​គិតគូរ​រឿង​នយោបាយ​ដែរ។

ពលរដ្ឋ​មិន​ទាន់​ចេះ​គិត​ល្អិតល្អន់​ព្រោះ​មិន​ទម្លាប់​រៀន​គិត។ ការ​មិន​តាមដាន​អ្នក​នយោបាយ​ជា​ហេតុ​ឲ្យ​ពលរដ្ឋ​មិន​ទទួល​បាន​ផល​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ព្រោះ​មេ​ចំណែក​មិន​នៅ​ខាង​ពលរដ្ឋ។

ដើម្បី​ដោះស្រាយ​ចំណង​ចាក់ស្រែះ​នៅ​ស្រុក​យើង ការ​ទាញ​យក​តំណាងរាស្ដ្រ​ឲ្យ​មក​ជា​តំណាង​ពលរដ្ឋ​ពិតប្រាកដ​គឺជា​រឿង​សំខាន់​ចាំបាច់ និង​ចំពោះ​មុខ​ដែល​យើង​ត្រូវ​ធ្វើ​មុន​គេ​ដើម្បី​បំបែក​អំណាច​ប្រមូល​ផ្ដុំ។ ការ​បោះឆ្នោត​តំណាងរាស្ដ្រ​ដោយ​ប្រព័ន្ធ​ចម្រុះ​រវាង​ប្រព័ន្ធ​សមាមាត្រ និង​ឯកត្ដនាម​ជា​យន្ដការ​គន្លឹះ​ចំពោះ​មុខ​ដែល​ត្រូវ​តែ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​។

ការ​បោះឆ្នោត​ជ្រើសរើស​​តំណាងរាស្ត្រ​តាម​ប្រព័ន្ធ​ចម្រុះ​ជា​ការ​បោះឆ្នោត​ដោយ​គូស​រើស​យក​គណបក្ស​ផង និង​គូស​ភ្ជាប់​ក្នុង​​ពេល​តែ​មួយ​រើស​យក​បុគ្គល​ដែល​ឈរ​ឈ្មោះ​​ឲ្យ​គណបក្ស​ផង។

ថ្វី​ដ្បិត​ថា​ប្រព័ន្ធ​ចម្រុះ​មាន​គុណវិបត្ដិ​មួយ​ចំនួន ប៉ុន្ដែ​គុណសម្បត្ដិ​ធំ​បំផុត​ដែល​មិន​អាច​លុប​បំបាត់​ដោយ​គុណវិបត្ដិ​របស់​វា​គឺ​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​នឹង​ធានា​ថា​បុគ្គល​ដែល​ចង់​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ត្រូវ​តែ​មក​ធ្វើការ​ឃោសនា​ដោយ​ផ្ទាល់​​នៅ​មូលដ្ឋាន​ដែល​ខ្លួន​ចង់​ធ្វើ​ជា​តំណាងរាស្ត្រ​នោះ​ដោយ​មិន​ចាំបាច់​ឲ្យ​មេបក្ស​ចាត់​តាំង​ឲ្យ​គេ​ចុះ​ពង្រឹង​មូលដ្ឋាន​ឡើយ​។

ប្រព័ន្ធ​នេះ​នឹង​ជ្រើសរើស​បាន​តំណាងរាស្ត្រ​ដែល​ឯករាជ្យ​ប្រកប​ដោយ​សមត្ថភាព និង​មាន​សេរីភាព​គ្រប់គ្រាន់​ដោយ​មិន​រង​សម្ពាធ​ពី​មេបក្ស បើ​ទោះបី​ជា​ពួកគាត់​ឈរ​ឈ្មោះ​​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​តាមរយៈ​គណបក្ស​ក៏ដោយ ប៉ុន្ដែ​បក្ស​គ្មាន​អំណាច​ដក​តំណាង​ពលរដ្ឋ​ឡើយ។

ក្នុង​លក្ខខណ្ឌ​នោះ​តំណាង​រាស្ត្រ/សមាជិក​សភា​បំពេញ​ការងារ​កែ​តម្រង់​រដ្ឋាភិបាល​យ៉ាង​មាន​ប្រសិទ្ធភាព និង​រៀបចំ​ធ្វើ​ច្បាប់​ណា​ដែល​ឆ្លើយតប​ផលប្រយោជន៍​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ពិត។

ពេល​ដែល​យើង​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រៗ​នោះ​ជា​តំណាង​ពិត​របស់​ពលរដ្ឋ។ ដោយ​ហេតុ​ថា​វាសនា​របស់​តំណាងរាស្ត្រ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ពលរដ្ឋ (បោះ​រើស​ដោយ​ពលរដ្ឋ និង​បោះ​ទម្លាក់​ដោយ​ពលរដ្ឋ) តំណាងរាស្ត្រ​នឹង​ចូលរួម​អនុម័ត​ច្បាប់​ដែល​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ និង​តាមដាន​ដំណើរការ​អនុវត្ត​ច្បាប់​ទៅ​តាម​តួនាទី និង​ភារកិច្ច​លែង​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​ដូច​មុន​ទៀត។

តំណាង​របស់​ពលរដ្ឋ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ពលរដ្ឋ មិនមែន​ចំពោះ​មុខ​បក្ស​ឡើយ​។

កិច្ចការ​នេះ​គ្មាន​នរណា​ម្នាក់ ឬ​ក្រុម​ណា​អាច​មក​អះអាង​ថា​ខ្លួន​មាន​សមត្ថភាព​ធ្វើ​ជំនួស​ពលរដ្ឋ​ឡើយ។ ដាច់​ខាត​ត្រូវ​តែ​​ពលរដ្ឋ​ចូលរួម​ធ្វើ​ព្រោះ​នេះ​ជា​ប្រយោជន៍​ពលរដ្ឋ។

ផ្ទុយ​ទៅ​វិញ​បើ​ពលរដ្ឋ​មិន​ចាប់​អារម្មណ៍​អ៊ីចឹង​មាន​តែ​ទុក​ឲ្យ​អ្នក​នយោបាយ​ទុច្ចរិត​ចេញ​មុខ​ថា​គេ​នឹង​ធ្វើ​ប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ ហើយ​បើ​គេ​ជា​អ្នក​ធ្វើឲ្យ​ដូច្នេះ​គេ​ត្រូវ​តែ​ជា​អ្នក​ទទួល​ផល គេ​ចង់​ចែក​ផល​ឲ្យ​ពលរដ្ឋ​ចំនួន​ប៉ុន្មាន​ក៏​ស្រេច​តែ​ចិត្ដ​គេ។ បែប​នោះ​វា​មិនមែន​របស់​ពលរដ្ឋ​ដោយ​ពលរដ្ឋ និង​ដើម្បី​ពលរដ្ឋ​ឡើយ​ផ្ទុយ​ទៅវិញ​វា​ជា​របស់​លោក​ធំ​ដោយ​លោក​ធំ និង​ដើម្បី​លោក​ធំ លើស​ពី​នេះ​វា​មិនមែន​ជា​ប្រជាធិបតេយ្យ​របស់​លោក​ធំ​ថែម​ទៀត​គឺ​បើ​និយាយ​ពី​ប្រជាធិបតេយ្យ​ត្រូវ​តែ​មាន​ពលរដ្ឋ​ជា​តួអង្គ​សំខាន់​។ ឪពុកម្ដាយ​ខ្មែរ​តែង​ហាមប្រាម​កូនចៅ​ខ្លួន​ថា​ទូល​ផែនដី​ម្នាក់​ឯង​មិន​រួច​ឡើយ។

ច្បាស់​ណាស់​ថា​គ្មាន​នរណា​ម្នាក់​អាច​ទូល​ផែនដី​នេះ​ម្នាក់​ឯង​រួច​ឡើយ ហើយ​រឿង​ជាតិ​ពាក់ព័ន្ធ​នឹង​សុខទុក្ខ​ពលរដ្ឋ​មួយ​ប្រទេស​វា​មិនមែន​រឿង​មនុស្ស​ម្នាក់​ទូល​រួច​ ឬ​មិន​រួច​​ទេ។

យើង​រស់នៅ​ក្នុង​សង្គម​ជាមួយ​គ្នា​ហេតុអ្វី​ក៏ត្រូវ​មាន​អ្នក​ខ្លះ​​ទូល​ភារកិច្ច​នេះ ឯ​អ្នក​ខ្លះ​អង្គុយ​មើល​គេ​ទូល​ទៅ​វិញ? យើង​ត្រូវ​ចូលរួម​ដឹងឮ​រឿង​សុខទុក្ខ​សង្គម​ទាំងអស់​គ្នា​ហើយ​​បើ​សមាជិក​សង្គម​ម្នាក់ៗ​យល់​ថា​ខ្លួន​មិន​ចង់​ពាក់ព័ន្ធ​នយោបាយ សួរ​ថា​តើ​ឲ្យ​នរណា​មក​គិត​ជំនួស? ទោះ​ចង់​ ឬ​មិន​ចង់ ចូលចិត្ដ​​ ឬ​មិន​ចូលចិត្ដ​តែ​នេះ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់​រូប។ កាតព្វកិច្ច​មាន​ន័យ​ថា​កិច្ច​ដែល​ត្រូវ​តែ​បំពេញ​ដើម្បី​ទទួល​បាន​សិទ្ធិ​អ្វី​មួយ។

ក្នុង​នាម​ជា​ពលរដ្ឋ​យើង​មាន​ទាំង​សិទ្ធិ​ និង​កាតព្វកិច្ច។ បើ​អ្នក​មិន​ចូលរួម​ដឹង​ឮ​រឿង​នយោបាយ​ទេ​ពេល​មាន​បញ្ហា​ដោយសារ​នយោបាយ​នោះ​អ្នក​មិន​អាច​បន្ទោស​អ្នក​នយោបាយ​បាន​ឡើយ។

កាល​ណា​និយាយ​ដល់​ការ​ចូលរួម​ដាច់​ខាត​ត្រូវ​តែ​និយាយ​​អំពី​គុណភាព​របស់​អ្នក​ចូលរួម​។ បើ​មិន​គិត​អំពី​គុណភាព​របស់​អ្នក​ចូលរួម ការ​ចូលរួម​នោះ​គ្មាន​គុណភាព​ឡើយ​ហើយ​វា​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​អ្នក​នយោបាយ​ទុច្ចរិត​ថែម​ទៀត។

ម្យ៉ាង​វិញ​ទៀត​បើ​ពលរដ្ឋ​គ្មាន​មូលដ្ឋាន​ក្នុង​ការ​គិត​ត្រិះរិះ​ពិចារណា កម្លាំង​នៃ​ការ​ប្រមូល​ផ្ដុំ​នោះ​នឹង​ក្លាយ​ជា​កម្លាំង​អនាធិបតេយ្យ​មិន​ខាន។ លោក​ លី ក្វាន់យូ ​បាន​លើក​ឡើង​ពី​គុណ​សម្បត្ដិ​ ៣ របស់​ពលរដ្ឋ​គឺ 3Hs ដែល​រួមមាន Head ​(ក្បាល) សំដៅ​ដល់​កម្រិត​បញ្ញា​ក្នុង​ការ​ត្រិះរិះ​ពិចារណា និង​សមត្ថភាព​ចំណេះ​ជំនាញ​បច្ចេកទេស។ Heart (បេះដូង) សំដៅ​​​ដល់​បេះដូង​សុចរិត​ក្នុង​ការ​ចូលរួម​កសាង​ជាតិ។ Hand(ដៃ) សំដៅ​ដល់​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​សម្រេច​កិច្ចការ​ដែល​គេ​បាន​កំណត់​ថា​គេ​ត្រូវ​តែ​ចូលរួម​បំពេញ។

ជា​រួម​ពលរដ្ឋ​ដែល​មាន​គុណភាព នឹង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ដោយ​ភាព​ភ្លឺស្វាង មិន​ជ្រួលជ្រើម​ពពាក់​ពពូន​តាម​គ្នា​គឺ​ចូលរួម​ដោយ​បញ្ញា​ដោយ​សុចរិត​ដោយ​ការ​ប្ដេជ្ញាចិត្ដ និង​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ការ​កសាង​​សង្គម​ដែល​ផ្ដោត​លើ​ការ​ពង្រឹង​គុណភាព​ពលរដ្ឋ​ជា​ទស្សនវិស័យ​ដ៏​មុតស្រួច​ក្នុង​ការ​ឈាន​ទៅ​កសាង​ប្រទេស​ប្រកប​ដោយ​​និរន្ដរភាព៕

ប៉ាង វ៉ាន់ថោន, អ៊ីមែលៈ vanthownpang@yahoo.com

0

Comments

Please, login or register to post a comment