Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​មាន​ភ័ស្តុតាង​ក្នុង​រឿង​ក្តី​មន្ត្រី​សមាគម​អាដហុក​ដែរ​ទេ?

មន្ត្រី​ទាំង​ ៥ ​រូប​ និង​សារ​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​ទាំង​នេះ​។
មន្ត្រី​ទាំង​ ៥ ​រូប​ និង​សារ​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​ទាំង​នេះ​។ រូបថត ហ្វេសប៊ុក

តើ​មាន​ភ័ស្តុតាង​ក្នុង​រឿង​ក្តី​មន្ត្រី​សមាគម​អាដហុក​ដែរ​ទេ?

នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​មេសា និង​នៅ​សប្តាហ៍​ទី ១ ខែ​ឧសភា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា (ACU) និង​ព្រះរាជអាជ្ញា​បាន​ចាប់​ខ្លួន​ និង​ធ្វើការ​ចោទ​ប្រកាន់​​មក​លើ​មនុស្ស​ប្រាំ​នាក់​ពី​បទ​សូក​ប៉ាន់​សាក្សី​តាម​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ផ្អែក​លើ​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ពី​ក្រុម​សង្គម​ស៊ីវិល​​​​រឿង​ក្តី​នេះ​មាន​មូលដ្ឋាន​ផ្អែក​លើ​​​​ថា​តើ​សេចក្តី​ថ្លែងការណ៍​ដែល​ធ្វើ​ឡើង​ដោយ​ ខុម ចាន់តារាទី (​ហៅ​ ស្រី មុំ) ចំពោះ​អ្នក​​ស៊ើប​អង្កេត​គឺជា​ការពិត ឬ​មិន​មែន​។ នាង ខុម ចាន់តារាទី ត្រូវ​បាន​​គេ​ស៊ើបអង្កេត​កាលពី​ខែ​មីនា​​ពី​បទ​ពេស្យាកម្ម​​ក្រោយ​​ពី​មាន​ការ​ចោទ​ប្រកាន់​ជា​សាធារណៈ​ថា​នាង​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា​ អនុប្រធាន​គណបក្ស​ប្រឆាំង។

នៅ​ពេល​សួរ​​​លើក​ដំបូង​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​រដ្ឋ នាង ចាន់តារាទី បាន​​បដិសេធ​ថា​មិន​​មាន​ទំនាក់​ទំនង​ផ្លូវភេទ​ជាមួយ​នឹង​លោក កឹម សុខា ទេ​។ ក្រោយ​​មក​នាង​បាន​បង្ហាញ​ខ្លួន​​​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ​​បាន​អះអាង​ថា​នាង​ពិតជា​មាន​ទំនាក់​ទំនង​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា មែន​។

​ក្នុង​​លិខិត​​ចំហ​មួយ​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់ពី​​បាន​ផ្តល់​ចម្លើយ​នៅ​តុលាការ​នាង​បាន​ចោទ​ប្រកាន់​ថា​បុគ្គលិក​សមាគម​អាដហុក​ច្រើន​នាក់​ក្នុង​ចំណោម​អ្នក​​ផ្សេង​ទៀត​បាន​បញ្ចុះ​បញ្ចូល​​នាង​ឲ្យ​និយាយ​​បដិសេធ​​ចំពោះ​​ទំនាក់​ទំនង​របស់​នាង​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ពេល​​ក្រុម​អ្នក​ស៊ើប​អង្កេត​សួរ​នាង​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំ​នាក់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​នាង ខុម ចាន់តារាទី ​ក្នុង​លិខិត​ចំហ​នោះ​។ បួន​​នាក់​ជា​បុគ្គលិក​នៃ​សមាគម អាដហុក ហើយ​ម្នាក់​ជា​អតីត​បុគ្គលិក​សមាគម អាដហុក។ បុគ្គលិក​សមាគម​អាដហុក​ទាំង ៤ រូប​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ខណៈ​​ដែល​អតីត​បុគ្គលិក​​នៃ​សមាគម អាដហុក ត្រូវ​បាន​ចោទ​ប្រកាន់​ជា​អ្នក​សម​​គំនិត។

ជា​រឿង​គួរ​កត់សម្គាល់​ដែល​រឿង​ក្តី​​នេះ​ហាក់បី​ដូចជា​ផ្អែក​លើ​​សេចក្តី​ថ្លែងការណ៍​ដាក់​បន្ទុក​របស់​នាង ខុម ចាន់តារាទី។ នាង ចាន់តារាទី បាន​សារភាព​ថា​នាង​បាន​និយាយ​កុហក​ចំពោះ​​ក្រុម​អ្នក​ស៊ើបអង្កេត​ក្នុង​អំឡុង​ពេល​សាកសួរ​ហើយ​នាង​​​​​​​​បាន​កែប្រែ​ចម្លើយ​ដោយ​ចោទ​​លើ​បុគ្គលិក​នៃ​សមាគម អាដហុក ​ដែល​អាច​​ជា​ថ្នូរ​នឹង​ការ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ណា​មួយ​មក​លើ​រូប​នាង​។ ​​​ទោះបី​ជា​មាន​ចម្លើយ​សារភាព​របស់​នាង ចាន់តារាទី ក៏ដោយ​ក៏​ប៉ុន្តែ​ការ​ចោទ​ប្រកាន់​បច្ចុប្បន្ន​ហាក់បី​ដូចជា​ពឹង​ផ្អែក​ថា​ចម្លើយ​ដែល​នាង​​​​បាន​ឆ្លើយ​​ក្រោយ​មក​នេះ​គឺជា​ការ​​ពិត​។

នាង ស្រីមុំ ពេល​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃ​ទី ១៩​ ខែ​មេសា​។
នាង ស្រីមុំ ពេល​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃ​ទី ១៩​ ខែ​មេសា​។ ផា លីណា

សិទិ្ធ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុតិ្តធម៌​នៅ​ក្នុង​ច្បាប់​កម្ពុជា​ទាមទារ​ឱ្យ​​ការ​ផ្តន្ទាទោស​មួយ​ត្រូវ​ផ្អែក​លើ​​ចម្លើយ​ច្រើន​ជាង​មួយ​ដែល​អាច​ជា​ចម្លើយ​ពិត ឬ​មិន​ពិត​​។ ការ​កាត់​ទោស​ និង​ការ​ផ្តន្ទាទោស​ក្នុង​រឿង​ក្តី​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ភ័ស្តុតាង​ច្រើន​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​នៃ​​ចម្លើយ​របស់​​​​​នាង​ ចាន់តារាទី​។ ប៉ុន្តែ​​នៅ​ពេល​នេះ​គ្មាន​អ្វី​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ទេ​។ ​ភ័ស្តុតាង​ដែល​បង្ហាញ​ជា​សាធារណៈ​រហូត​មក​ដល់​ពេល​នេះ​ហាក់បី​ដូចជា​ផ្ធុយ​ពី​​ចម្លើយ​របស់ ចាន់តារាទី។

នាង ចាន់តារាទី បាន​អះអាង​ថា​​អាដហុក​​បាន​ប្រាប់​​ឲ្យ​នាង​​និយាយ​កុហក​ប៉ុន្តែ​ជន​ជាប់​ចោទ​បាន​បដិសេធ​ជា​សាធារណៈ​​ថា​មិន​បាន​​​​​​ប្រាប់​នាង​ឲ្យ​និយាយ​កុហក​​ទេ​ហើយ​គ្មាន​សាក្សី​ផ្សេង​ទៀត​បាន​ផ្តល់​​ភ័ស្តុតាង​ណា​មួយ​ជូន​សាធារណជន​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​នាង ចាន់តារាទី​ ឡើយ​។ ហាក់បី​ដូចជា​គ្មាន​​មូលហេតុ​ដែល​​​សមាគម អាដហុក​ត្រូវ​សូកប៉ាន់​នាង​ទេ​តែ​​​​មាន​មូលហេតុ​ដែល​នាង ចាន់តារាទី អាច​​​និយាយ​កុហក។ សមាគម​អាដហុក​ជាទូទៅ​គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ល្បី​ឈ្មោះ និង​ទទួល​បាន​ការ​គោរព​ជាទូទៅ​ហើយ​​​សមាគម​នេះ​មិន​បាន​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ ឬ​សមាជិក​ណា​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​​ជា​សាធារណៈ​ឡើយ។

វា​ហាក់បី​ដូចជា​សមាគម​អាដហុក​មិន​បាន​ទទួល​មូលនិធិ​ណា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​លោក កឹម សុខា ទេ​ហើយ​គ្មាន​នរណា​ម្នាក់​​ក្នុង​សមាគម​មាន​សម្ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​លោក​ កឹម សុខា ដែរ​។ វា​មិន​ច្បាស់​ថា​តើ​សមាគម អាដហុក នឹង​ទទួល​បាន​​ចំណេញ​អ្វី​ពី​ការ​ការពារ​លោក កឹម សុខា នេះ​។ វា​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​តើ​អ្វី​ដែល សមាគម អាដហុក បាន​ផ្តល់​ជូន​​នាង ចាន់តារាទី នឹង​បង្កើត​​ជា​​ប្រាក់​សំណូក។ ដោយ​ពិចារណា​លើ​ភ័ស្តុតាង​ដែល​មាន​​​ជា​សាធារណៈ​បទ​ចោទ សូកប៉ាន់​នេះ​អាច​​ជាប់​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំនួន ២០៤ ដុល្លារ​អាមេរិក​ដែល​សមាគម​អាដហុក​ផ្តល់​ឲ្យ​នាង ចាន់តារាទី​។

ប៉ុន្តែ​សូម្បី​តែ​ ចាន់តារាទី មិន​​បាន​អះអាង​ថា​នាង​ត្រូវ​បាន​​គេ​​​សូកប៉ាន់​ដែរ​។ នាង​បាន​អះអាង​ថា​បុគ្គលិក​សមាគម អាដហុក បាន​ប្រាប់​នាង​ឱ្យ​​និយាយ​កុហក​ប៉ុន្តែ​មិនមែន​អះអាង​ថា​គេ​​បាន​ឲ្យ​ប្រាក់​សំណូក​ក្នុង​គោល​បំណង​ជះ​ឥទ្ធិពល​មក​លើ​ចម្លើយ​​របស់​នាង​​ឡើយ​។

លើស​ពី​នេះ​ទៀត​បុគ្គលិក​សមាគម អាដហុក បាន​និយាយ​ថា​មាន​ការ​បង់​ប្រាក់​តិចតួច​ជូន​ដល់​អតិថិជន​ដែល​បាន​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​អំឡុង​ពេល​សមាគម អាដហុក ផ្តល់​​​​​ការ​ការពារ​ក្តី​តាម​ផ្លូវ​ច្បាប់​។

ប្រសិន​បើ​ប្រាក់​ជំនួយ ២០៤ ដុល្លារ​គឺជា​ប្រាក់​ជំនួយ​តាម​ទម្លាប់​ហើយ​​មិន​ពាក់ព័ន្ធ​នឹង​ចម្លើយ​របស់​នាង ចាន់តារាទី វា​មិនមែន​ជា​សំណូក​ទេ​។

ភ័ស្ដុតាង​បញ្ជាក់​ពី​ទម្លាប់​នៃ​ការ​បង់​ប្រាក់​នេះ​ពុំ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ​ដែល​អាច​លុប​បំបាត់​ការ​សង្ស័យ​ទាក់ទង​នឹង​​​ប្រាក់​នេះ​។ ប្រសិន​បើ​​​បទ​ចោទ​ត្រូវ​​បញ្ជាក់​ដោយ​ភ័ស្តុតាង​ដែល​មាន​​​ជា​សាធារណៈ​នោះ​វា​នឹង​មាន​ន័យ​ថា​បុគ្គលិក​សមាគម អាដហុក​​​ប្រថុយ​ជាប់​​ពន្ធនាគារ​រហូត​ដល់​ ១០ ឆ្នាំ​ដើម្បី​ការពារ​បុគ្គល​ម្នាក់​ដែល​ពួកគេ​គ្មាន​ទំនាក់​ទំនង​សោះ​ហើយ​ប្រើ​ប្រាក់​តែ ២០៤ ដុល្លារ​ដើម្បី​សម្រេច​គោលដៅ​នេះ។

ដោយ​ពិចារណា​បុគ្គលិក សមាគម អាដហុក គឺជា​អ្នក​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​ហើយ​អាច​យល់​ដឹង​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​សោះ​ឡើយ។ នៅ​ពេល​នេះ​ព្រះរាជអាជ្ញា​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​ត្រូវ​បាន​តម្រូវ​​ឲ្យ​ផ្សាយ​ភ័ស្តុតាង​ដែល​ខ្លួន​មាន​ទេ​ដូច្នេះ​វា​មិន​ច្បាស់​ថា​តើ​មាន​​ភ័ស្តុតាង​ដែល​មិន​​បាន​បង្ហាញ​ជា​សាធារណៈ​ដែល​គាំទ្រ​​ចម្លើយ​របស់​នាង ចាន់តារាទី ឬ អត់​។

ទោះ​យ៉ាង​ណា​ទោះបី​ជា​គ្មាន​ភ័ស្តុតាង​បន្ថែម​ទៀត​ដែល​គាំទ្រ​ចម្លើយ​របស់​នាង ចាន់តារាទី លទ្ធផល​ប្រកប​ដោយ​ភាព​យុតិ្តធម៌​នៅ​តែ​អាច​កើតឡើង​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ស៊ើបអង្កេត​លើ​អំពើ​ពុករលួយ​ហើយ​ពួកគេ​ទំនង​ជា​បាន​ធ្វើ​រួច​ហើយ​ក្នុង​ករណី​នេះ។ ប៉ុន្តែ​ប្រសិន​បើ​ការ​ស៊ើបអង្កេត​រកឃើញ​ភ័ស្តុតាង​ដែល​​មិន​គាំទ្រ​ដល់​ការ​ចោទប្រកាន់​​នេះ​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​ដោយ​សេចក្តី​ប្រកាស​ពី​ព្រះរាជអាជ្ញា​ដូច​តទៅ​៖ «​បន្ទាប់​ពី​បាន​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ដិត​ដល់​លើ​ការ​ចោទ​​​​ដោយ​នាង ខុម ចាន់តារាទី រួច​មក​យើង​បាន​សន្និដ្ឋាន​ថា​មិន​មាន​ភ័ស្តុតាង​គាំទ្រ​ការ​ចោទប្រកាន់​​ពី​បទ​សូកប៉ាន់​សាក្សី​ឡើយ​»៕ TK

លោក Eric Arbizo ជា​ទីប្រឹក្សា​ច្បាប់​នៅ​ភ្នំពេញ

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ