Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​មូលនិធិ​អភិវឌ្ឍន៍​​ ឃុំ-សង្កាត់ ​អាច​ជួយ​កាត់​​បន្ថយ​ភាព​ក្រីក្រ ​នៅ​តាម​មូលដ្ឋាន​បាន​ដែរ​ឬ​ទេ​?

Content image - Phnom Penh Post
ចំនួន​មូលនិធិ​វិនិយោគ​ឃុំ​សង្កាត់​ជា​មធ្យម​ក្នុង​មួយ​ឃុំ​សង្កាត់​ក្នុង​មួយ​ឆ្នាំ​តាម​ឆ្នាំ (២០០៥ - ២០១០)

តើ​មូលនិធិ​អភិវឌ្ឍន៍​​ ឃុំ-សង្កាត់ ​អាច​ជួយ​កាត់​​បន្ថយ​ភាព​ក្រីក្រ ​នៅ​តាម​មូលដ្ឋាន​បាន​ដែរ​ឬ​ទេ​?

ជា​រៀងរាល់​ឆ្នាំ​​រាជរដ្ឋាភិបាល​បាន​ធ្វើ​វិភាជន៍​ថវិកា​ប្រមាណ​ជាង​​ ២០ ​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​ឃុំ សង្កាត់​( ហៅថា​មូលនិធិ​វិនិយោគ​ឃុំ សង្កាត់​) ​ដែល​មាន​ប្រមាណ​ពី​ ២ ​ដល់​ ២,៨ ​ភាគរយ​នៃ​ចំណូល​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​។

យោង​តាម​កំណត់ត្រា​ទិន្នន័យ​ព័ត៌មាន​គម្រោង​របស់​​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​ហៅ​កាត់​ថា គ.ជ.អ.ប​) មូលនិធិ​ជាក់ស្តែង​ដែល​ឃុំ​សង្កាត់​បាន​ចំណាយ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​ឃុំ សង្កាត់​ជា​សរុប​មាន​ចំនួន​ជាង​ ១២៥ ​លាន​ដុល្លារ​នៅ​ក្នុង​រវាង​ពី​ឆ្នាំ​ ២០០៥ ដល់ ឆ្នាំ​ ២០១០​។ ពោល​គឺជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​រដ្ឋបាល​ឃុំ​សង្កាត់ បាន​ចំណាយ​ជាក់ស្តែង​ប្រមាណ ១៤៣១៧ ដុល្លារ​ក្នុង​មួយ​ឃុំ​សង្កាត់​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​។

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​មូលនិធិ​វិនិយោគ​ឃុំ​សង្កាត់​ដែល​មាន​ចំនួន​ជាក់ស្តែង​ជាង​មួយ​រយ​លាន​ដុល្លារ​នៅក្នុង​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​នេះ​បាន​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​អ្វី​ខ្លះ​នៅ​តាម​មូលដ្ឋាន​ហើយ​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ដែរ​​ឬ​ទេ​។

យោង​តាម​ការ​វិភាគ​លើ​កំណត់ត្រា​ទិន្នន័យ​ព័ត៌មាន​គម្រោង​ចាប់​តាំងពី​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ​ ២០១០ គម្រោង​វិនិយោគ ឬ​គម្រោង​អភិវឌ្ឍន៍​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ​មាន​ចំនួន​សរុប ៨៧៥៦ ​ហើយ​នៅ​ក្នុង​នោះ​មួយ​ភាគ​ធំ​គឺជា​ប្រភេទ​គម្រោង​វិនិយោគ​ផ្លូវលំ​ជនបទ (៨០ ​ភាគរយ​នៃ​ចំនួន​គម្រោង​ទាំងអស់​) ៩,៨ ​ភាគរយ​ផ្តោត​លើ​ប្រព័ន្ធ​​ធារាសាស្ត្រ​។ ចំនួន​គម្រោង​អភិវឌ្ឍន៍​ខាង​ផ្នែក​សេវា​សង្គម​មាន​ចំនួន​តិចតួច​បំផុត​។

Content image - Phnom Penh Post
ចំនួន​ប្រភេទ​គម្រោង​វិនិយោគ​ឃុំ​សង្កាត់​តាម​ឆ្នាំ ២០០៥-២០១០

ដើម្បី​វាយតម្លៃ​ស្ថានភាព​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​ក្រសួង​ផែនការ​បាន​រៀបចំ​ប្រព័ន្ធ​ពិន្ទុ​ភាព​​ក្រីក្រ​តាម​ឃុំ សង្កាត់ ដោយ​ប្រើប្រាស់​សូចនាករ​តំណាង​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​មូលដ្ឋាន​ឃុំ​សង្កាត់​។

កត្តា​ដែល​យក​កសាង​សូចនាករ​តំណាង​ពិន្ទុ​ភាពក្រីក្រ​ដើម្បី​វាស់វែង​កម្រិត​ភាព​ក្រីក្រ​ទាំង​នោះ​រួម​មាន​៖ ភាគរយ​គ្រួសារ​មាន​ទឹក​ប្រើប្រាស់​តិច​​ជាង​ ១៥០ ​ម៉ែត្រ​ពី​ផ្ទះ​ភាគរយ​ផ្ទះ​ដំបូល​ស្លឹក​ស្បូវ ភាគរយ​កុមារ​អាយុ​ពី​ ៦-១៤ ​ឆ្នាំ​មិន​បាន​​ចូលរៀន ភាគរយ​អ្នក​មិន​ចេះ​អក្សរ​អាយុ​ពី​ ១៥-៤៥ ​ឆ្នាំ និង​ភាគរយ​ស្ត្រី​សម្រាល​កូន​ដោយ​ឆ្មប​បុរាណ​។ ពិន្ទុ​ភាពក្រីក្រ​តាម​ឃុំ​សង្កាត់​ប្រចាំ​ឆ្នាំ​ជា​មធ្យម​មាន​​ការ​ប្រែប្រួល​តិចតួច​បំផុត​នៅ​​ក្នុង​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​នេះ​។

ជា​រួម​ ពិន្ទុ​ភាព​ក្រីក្រ​ទាប​បំផុត​មាន​ត្រឹម​ ៨៨,៨៧ ​ហើយ​ខ្ពស់​​បំផុត​មាន​រហូត​ដល់​ ១៣៦,៣៦​។ ការ​ធ្លាក់​ចុះ​នៃ​ពិន្ទុ​ភាព​ក្រីក្រ​តាម​ឃុំ​សង្កាត់​គឺ​មាន​ន័យ​ថា​ភាព​ក្រីក្រ​នៅ​តាម​ឃុំ សង្កាត់​បាន​ថយចុះ​។ ពិន្ទុ​ភាព​ក្រីក្រ​តាម​ឃុំ​សង្កាត់​ខ្ពស់​មាន​ន័យ​​ថា​ភាព​ក្រីក្រ​ខ្ពស់​នៅ​តាម​ឃុំ​សង្កាត់​នោះ​។

យោង​ទៅ​លើ​លទ្ធផល​ដែល​បាន​មកពី​ការ​វិភាគ​តាម​បែប​ស្ថិតិ​វិទ្យា​​ (Random-Effects Regression Model) ​ដោយ​ប្រើប្រាស់​ទិន្នន័យ​ខាង​លើ​បាន​បង្ហាញ​ថា មូលនិធិ​វិនិយោគ​ឃុំ​សង្កាត់​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ ពិតជា​បាន​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ឃុំ​សង្កាត់​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្តែង​នៅ​ក្នុង​រវាង​អំឡុង​ឆ្នាំ​ ២០០៥ ដល់ ឆ្នាំ​ ២០១០ ឃុំ សង្កាត់​ដែល​បាន​ចំណាយ​មូលនិធិ​ជា​មធ្យម​ចំនួន​ ១៤ ៣១៧ ដុលា្លរ​សម្រាប់​មួយ​ឃុំ​សង្កាត់​ក្នុង​មួយ​ឆ្នាំ ពិន្ទុ​ភាព​ក្រីក្រ​តាម​ឃុំ សង្កាត់ ត្រូវ​​បាន​កាត់​បន្ថយ​ចំនួន ២,៩ ​ភាគរយ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​។

Content image - Phnom Penh Post
ពិន្ទុ​ភាព​ក្រីក្រ​ឃុំ​សង្កាត់​ជា​មធ្យម​តាម​ឆ្នាំ (​មេដ្យាន​)

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ប្រសិន​បើ​ឃុំ​សង្កាត់​នីមួយៗ​នៅ​តែ​​ចំណាយ​ ១៤៣១៧ ​ដុល្លារ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន ដោយ​មាន​លទ្ធភាព​អាច​កាត់​បន្ថយ​កម្រិត​ភាព​ក្រីក្រ​ជា​មធ្យម​ត្រឹម​ ២,៩ ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​មួយ​ឃុំ​សង្កាត់​នោះ​កម្ពុជា​ត្រូវ​ចំណាយ​ពេលវេលា​រហូត​ដល់​ ៤៧ ​ឆ្នាំ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​តាម​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ដោយសារ​តែ​ឃុំ​សង្កាត់​ដែល​ក្រីក្រ​បំផុត​មាន​ពិន្ទុ​ភាព​ក្រីក្រ​រហូត​ដល់​ ១៣៦,៣៥៦​។

ដោយ​យោង​ទៅ​លើ​សេណារីយោ​នៃ​លទ្ធផល​ដែល​បាន​មកពី​ការ​វិភាគ​ខាង​លើ​តាម​បច្ចេកទេស​ស្ថិតិវិទ្យា​យើង​អាច​វិភាគ​បាន​ថា​ប្រសិន​បើ​រាជរដ្ឋាភិបាល​​អាច​មាន​មូលនិធិ​វិនិយោគ​ចំនួន​ ១ ​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឃុំ​សង្កាត់​នីមួយៗ​យក​ទៅ​អភិវឌ្ឍ​មូលដ្ឋាន​តាមរយៈ​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដូច​នៅ​ក្នុង​អំឡុង​រវាង​ឆ្នាំ​ ២០០៥ ​ដល់​ឆ្នាំ​ ២០១០ នោះ​កម្រិត​ភាព​​ក្រីក្រ​តាម​ឃុំ​សង្កាត់​អាច​កាត់​​បន្ថយ​បាន​ចំនួន​ ២០,៣ ​ភាគរយ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​។ ប៉ុន្តែ​នេះ​មិន​បាន​ន័យ​ថា​យើង​ត្រូវ​ចែក​មួយ​ឃុំ សង្កាត់​ចំនួន​ ១ សែន​ដុល្លារ​ស្មើ​គ្នា​ទូទាំង​ប្រទេស​នោះ​​ទេ​ព្រោះ​តម្រូវការ​ការ​អភិវឌ្ឍ​អាច​មាន​ភាព​ខុស​គ្នា​ទៅ​តាម​មូលដ្ឋាន​ជាក់ស្តែង​។

អាស្រ័យ​ហេតុ​នេះ​ដើម្បី​កាត់​​បន្ថយ​ភាពក្រីក្រ​នៅ​តាម​មូលដ្ឋាន ការ​អភិវឌ្ឍ​តាម​ប្រព័ន្ធ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​គឺជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​មួយ ជាពិសេស​ប្រសិន​បើ​រាជរដ្ឋាភិបាល​អាច​មាន​ថវិកា​ផ្តល់​ដល់​ឃុំ​សង្កាត់​នីមួយៗ​រហូត​ដល់​ចំនួន​ ១ ​​សែន​ដុល្លារ​ក្នុង​មួយ​​ឆ្នាំ​សម្រាប់​យក​ទៅ​អភិវឌ្ឍ​មូលដ្ឋាន​ទៅ​តាម​តម្រូវការ​អាទិភាព​ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​កម្រិត​ភាព​ក្រីក្រ​តាម​ឃុំ​សង្កាត់​ពិតជា​អាច​កាត់​បន្ថយ​បាន​រហូត​ដល់​ ២០,៣ ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

ដូច្នេះ​ប្រសិន​បើ​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ដូច​អំឡុង​ឆ្នាំ​ ២០០៥ ​និង​ ២០១០ ​ក្នុង​រយៈពេល​​តែ​ ៧ ​ឆ្នាំ ពិន្ទុ​ភាព​ក្រីក្រ​ដែល​បាន​កំណត់​ដោយ​ប្រព័ន្ធ​របស់​ក្រសួង​ផែនការ​នឹង​ត្រូវ​បាន​លុប​​បំបាត់​អស់​។

នៅ​ពេល​នោះ​កម្ពុជា​នឹង​ឈាន​ដល់​យុគសម័យ​ផ្សេង​ទៀត​នៃ​ការ​អភិវឌ្ឍ​ដោយ​ទាមទារ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ថ្មី​ទៀត​នៅ​ក្នុង​ការ​​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ​។ ជា​ការពិត​ភាព​ក្រីក្រ​នៅក្នុង​សង្គម​មួយ​មិន​ចេះ​អស់​ទេ ប៉ុន្តែ​ភាព​ក្រីក្រ​អាច​មាន​លក្ខណៈ​ខុស​គ្នា​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ​ទៀត​។

ឧទាហរណ៍ ស្ថានភាព​ក្រីក្រ​នៅ​ប្រទេស​អភិវឌ្ឍន៍​មាន​លក្ខណៈ​ខុស​គ្នា​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ដោយឡែក​ស្ថានភាព​ក្រីក្រ​នៅ​កម្ពុជា​គឺ​ស្ថិត​ក្នុង​កម្រិត​មូលដ្ឋាន​បំផុត ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើល​លើ​កត្តា​ដែល​យើង​កំណត់​​ថា​មាន​ ឬ​ក្រ​ដែល​កំណត់​ដោយ​ក្រសួង​ផែនការ​ខាង​លើ​។

Content image - Phnom Penh Post
ឥទ្ធិពល​នៃ​កំណើន​មូលនិធិ​វិនិយោគ​ឃុំ សង្កាត់​ (​គិត​ជា​ដុល្លារ​) ​នៅ​ក្នុង​ការ​កាត់បន្ថយ​អត្រា​ពិន្ទុ​ភាព​ក្រីក្រ​តាម​ឃុំ​សង្កាត់​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​នៅ​ក្នុង​រវាង​អំឡុង​ឆ្នាំ​ ២០០៥ ដល់ ឆ្នាំ​ ២០១០

ដូច្នេះ​ពេល​លក្ខខណ្ឌ​នៃ​ភាព​​ក្រីក្រ​នៅ​កម្រិត​មូលដ្ឋាន​នេះ​ត្រូវ​បំពេញ​ (​លុប​បំបាត់​) នោះ​ការ​អភិវឌ្ឍ​សង្គម​នឹង​ឆ្លង​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត​ហើយ​លក្ខខណ្ឌ​នៃ​ការ​កំណត់​ភាពក្រីក្រ​ថ្មី​ក៏​នឹង​ត្រូវ​បង្កើតឡើង​ដែរ​។

បញ្ហា​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា​ការ​វិនិយោគ​នៅក្នុង​ការ​ដោះស្រាយ​ភាព​ក្រីក្រ​នៅ​​ក្នុង​សង្គម​មួយ​គឺ​គ្មាន​ទីបញ្ចប់​ទេ​គ្រាន់​តែ​កម្រិត​ និង​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​មាន​លក្ខណៈ​ខុស​គ្នា​តែ​ប៉ុណ្ណោះ​។ ការ​ពន្យល់​ទាំង​​នេះ​ដើម្បី​បញ្ជាក់​ថា​ការ​ដែល​ពិន្ទុ​ភាពក្រីក្រ​តាម​ឃុំ​សង្កាត់​ត្រូវ​បាន​លុប​បំបាត់​ ១០០ ​ភាគរយ​នោះ នោះ​មិនមែន​មាន​ន័យ​ថា​ភាព​ក្រីក្រ​នៅ​កម្ពុជា​គ្មាន​នោះ​​ទេ​គឺ​ពេល​នោះ​កម្ពុជា​អាច​ប្រឈម​នឹង​ភាព​ក្រីក្រ​ផ្សេង​ទៀត​​ក្រៅពី​ភាព​ក្រីក្រ​ដែល​បាន​កំណត់​ដោយ​កត្តា​ខាង​លើ ឧទាហរណ៍​ដូចជា​ភាព​គ្មាន​ការងារ​ធ្វើ​ជាដើម​។

ដោយ​យោង​លើ​លទ្ធផល​ដ៏គួរ​ឱ្យ​មោទនភាព​ខាង​លើ​រាជរដ្ឋាភិបាល​កម្ពុជា​គួរ​ជំរុញ​ឱ្យ​មាន​ការ​បង្កើន​មូលនិធិ​វិនិយោគ​តាម​ឃុំ​សង្កាត់​បន្ថែម​​ទៀត​ដើម្បី​ឱ្យ​មូលនិធិ​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ​មាន​ឥទ្ធិពល​ពេញលេញ​នៅ​ក្នុង​ការ​​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅតាម​មូលដ្ឋាន​។

ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ឱ្យ​ឃុំ​សង្កាត់ អភិវឌ្ឍ​ប្រកប​​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​គម្រោង​​អភិវឌ្ឍន៍​ដើម្បី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​មូលដ្ឋាន ចាំបាច់​ត្រូវ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​តាម​បែប​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ដែល​បាន​កំពុង​អនុវត្ត​កន្លង​មក​ជាពិសេស​នៅក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​មូលដ្ឋាន និង​ការ​ធានា​ឱ្យ​មាន​តម្លាភាព និង​គណនេយ្យភាព​ក្នុង​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍ​របស់​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​ទើប​សេណារីយោ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​បាន​បង្ហាញ​ខាង​លើ​ក្លាយ​ទៅ​ជា​ការពិត​។

ទោះបី​ជា​កម្ពុជា​អាច​មាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មូលដ្ឋាន និង​មាន​ក្របខ័ណ្ឌ​គតិយុត្តិ ព្រម​ទាំង​ធនធាន​ហិរញ្ញវត្ថុ​សមស្រប​ក៏ដោយ ក៏​បញ្ហា​ប្រឈម​​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​គឺ​កង្វះ​ខាត​ធនធាន​មនុស្ស​នៅ​​តាម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជាពិសេស​គឺ​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​ភាគច្រើន​មាន​កម្រិត​វប្បធម៌​ទាប​​បំផុត​ហើយ​ជា​មនុស្ស​ចាស់ទុំ​នៅ​តាម​មូលដ្ឋាន​។

តាម​លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា​ជា​មធ្យម ក្រុម​ប្រឹក្សាឃុំ សង្កាត់ រៀន​បាន​ចប់​ថ្នាក់​ទី​ ៦ ចំណែកឯ​ស្មៀន​គឺ​បាន​បញ្ចប់​ដល់​ថ្នាក់​ទី​ ៩ ​។

ដោយសារ​កម្រិត​វប្បធម៌​នៅ​មាន​កម្រិត​នេះ​ហើយ​ទើប​រដ្ឋបាល​មូលដ្ឋាន​ទាំង​នេះ​មិន​​ទាន់​មាន​សមត្ថភាព​ពេញលេញ​​នៅ​ក្នុង​ស្វែងយល់​ពី​និន្នាការ និង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ទោះបី​ជា​មាន​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ និង​ការ​គាំទ្រ​បច្ចេកទេស​ពី​ស្ថាប័ន​ថ្នាក់ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​រដឹក​គ្នា​ក៏ដោយ​។

Content image - Phnom Penh Post
ឥទ្ធិពល​នៃ​កំណើន​មូលនិធិ​វិនិយោគ​ឃុំ​សង្កាត់​ (​គិត​ជា​ភាគរយ​នៅ​ក្នុង​ការ​កាត់បន្ថយ​អត្រា​ពិន្ទុ​ភាព​ក្រីក្រ​តាម​ឃុំ​សង្កាត់​ក្នុង​ ១ ​ឆ្នាំ​ជា​មធ្យម​នៅ​ក្នុង​រវាង​អំឡុង​ឆ្នាំ​ ២០០៥ ដល់ ឆ្នាំ​ ២០១០

ជាក់ស្តែង​សម្រាប់​ស្ថានភាព​សង្គម និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ក្នុង​យុគសម័យ​នេះ​ទាមទារ​​ឱ្យ​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​ទាំង​​នេះ​មាន​កម្រិត​វប្បធម៌​យ៉ាង​​ហោច​ក៏​បរិញ្ញាបត្រ​ដែរ​ដើម្បី​ឱ្យ​ពួកគាត់​អាច​ដើរ​ទាន់​របត់​នៃ​បញ្ហា​សង្គម និង​ការ​អភិវឌ្ឍ​នៅ​​តាម​មូលដ្ឋាន​ជា​ប្រព័ន្ធ និង​តាម​បច្ចេកវិទ្យា​ទាន់​សម័យ​។

ការងារ​បច្ចុប្បន្ន​របស់​រដ្ឋបាល​មូលដ្ឋាន​គឺ​មិន​មាន​ត្រឹម​តែ​កិច្ចការ​រដ្ឋបាល លិខិតស្នាម សង់​ផ្លូវ ជីក​ប្រឡាយ និង​សន្តិសុខ​ប៉ុណ្ណោះ​ទេ​ពោល​គឺ​ត្រូវ​ចេះ​ធ្វើ​ផែនការ​អភិវឌ្ឍន៍​មូលដ្ឋាន​ដែល​​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចេះ​បច្ចេកទេស​តាមដាន​ត្រួតពិនិត្យ​​ និង​វាយតម្លៃ​លទ្ធផល​នៃ​ការ​​អភិវឌ្ឍ​ដើម្បី​ធានា​ថា​ការ​អភិវឌ្ឍ​នោះ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​តាម​មូលដ្ឋាន និង​មាន​គុណភាព​។

ជា​ការពិត​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​លុះត្រា​ណា​តែ​គណបក្ស​នយោបាយ​ធ្វើការ​តែងតាំង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ដែល​មាន​កម្រិត​វប្បធម៌​ខ្ពស់ ជាពិសេស​ការ​ជំរុញ និង​ផ្តល់​ឱកាស​ដល់​យុវជន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​ឱ្យ​ចូលរួម​បាន​ច្រើន​ក្នុង​សមាសភាព​ក្រុម​ប្រឹក្សាឃុំ សង្កាត់​។ ​យុវជន​ទាំង​នេះ​អាច​មាន​ការ​​យល់​ដឹង​លឿន​អំពី​បច្ចេកទេស និង​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន ប្រសិន​បើ​ពួកគេ​ទទួល​បាន​​ការ​កសាង​សមត្ថភាព​បន្ថែម​អំពី​ការ​គ្រប់គ្រង និង​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​៕

បណ្ឌិត ឃុន ស៊ីថុន (​ផ្នែក​ប្រជាសាស្ត្រ​), អ៊ីមែលៈ research.specialist@gmail.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ