Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រូវការ​វត្តមាន​ស្ដ្រី​ច្រើន​ទៀត​ក្នុង​អាជីព​នយោបាយ

Content image - Phnom Penh Post
ស្ដ្រី​ដែល​បម្រើការ​ក្នុង​ស្ថាប័ន​រដ្ឋ​ក្នុង​សិក្ខាសាលា​ស្ដីពី​គ្រឿង​ស្រវឹង​កន្លង​មក។ កម្ពុជា​ត្រូវ​ការ​ស្ត្រី​បន្ថែម​ទៀត​ពិសេស​លើ​ការងារ​សម្រេច​ចិត្ត។ ហេង ជីវ័ន

ត្រូវការ​វត្តមាន​ស្ដ្រី​ច្រើន​ទៀត​ក្នុង​អាជីព​នយោបាយ

តាម​ការ​ប៉ាន់ស្មាន​ពី​សមាមាត្រ​នៃ​ចំនួន​ស្ត្រី​ដែល​តំណាង​នៅ​ក្នុង​គណបក្ស​នយោបាយ​នានា​នៅ​ជុំវិញ​ពិភពលោក​គឺ​ពួកយើង​ភាគច្រើន​អាច​មើល​ស្រាល​ពី​តួលេខ​ពិតប្រាកដ​នៃ​ចំនួន​នេះ ប៉ុន្តែ​វា​មាន​ចន្លោះ​ពី ៤០ ទៅ ៥០ ភាគរយ​នៃ​សមាជិក​គណបក្ស​នយោបាយ​នៅ​ទូទាំង​ពិភពលោក​គឺជា​ស្ត្រី ខណៈ​នៅ​មាន​ការ​លាក់បាំង​ចំនួន​ពិត​ជាច្រើន​ទៀត។

មាន​តិច​ជាង ១០ ភាគរយ​នៃ​មុខ​តំណែង​ជាន់ខ្ពស់​ត្រូវ​បាន​កាន់កាប់​ដោយ​ស្ត្រី ខណៈ​ដែល​ជា​ញឹកញាប់​ស្ត្រី​មាន​តំណែង​ជា​អ្នក​តំណាង​ហាក់​មាន​ចំនួន​ល្អ​ប្រសើរ​ជាង ប៉ុន្តែ​មិន​រាប់​បញ្ទូល​មុខ​តំណែង​នៃ​ការ​សម្រេច​ចិត្ត​នោះ​ទេ។

ចំពោះ​ប្រទេស​កម្ពុជា​ហាក់​គ្មាន​ការ​លើកលែង​នោះ​ទេ​ហើយ​កាន់តែ​ច្បាស់​ទៀត​នោះ​គឺ​នៅ​ក្នុង​ប្រព័ន្ធ​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និង​ប្រព័ន្ធ​តុលាការ។ ក្នុង​ខណៈ​ដែល​កម្ពុជា​គឺជា​ប្រទេស​ហត្ថលេខី​មួយ​លើ​អនុសញ្ញា​ស្តីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​បញ្ហា​រវាង​តំណាង​បុរស និង ស្ត្រី​នៅ​ក្នុង​អភិបាលកិច្ច​ និង​សេវា​សាធារណៈ​នៅ​តែ​ជា​បញ្ហា​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុកដាក់។ ឧបសគ្គ​ចម្បង​គឺ​ផ្នត់​គំនិត​នៃ​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​សាធារណៈ។

អង្គការ UNDP បាន​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លង​មក​ហើយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​ស្ត្រី​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ និង​ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​ជាដើម។

រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ដ៏រឹងមាំ​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ចំណុច​ទាំងអស់​នេះ ជាពិសេស​នៅ​ក្នុង​ដំណើរការ​នៃ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​កសាង​គោលនយោបាយ និង​ច្បាប់​នៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​គម្រោង​ផ្សេងៗ។ ដំណោះស្រាយ​ជាច្រើន​ត្រូវ​បាន​កំណត់​យក​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​ឧបសគ្គ​របស់​ស្ត្រី។

ឧទាហរណ៍​ក្រសួង​កិច្ចការ​នារី​បាន​ដឹកនាំ និង​អភិវឌ្ឍ​កម្មវិធី​នារី​រតនៈ​ទី ៤ ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ​ដើម្បី​សមភាព​យេនឌ័រ និង​លើក​កម្ពស់​ស្ត្រី ។ មាន​ក្របខ័ណ្ឌ​គោលនយោបាយ​ស្តីពី​សមភាព​យេនឌ័រ​ក្នុង​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច និង​ការ​ទទួល​បាន​សេវា​សង្គម និង​ជា​ក្របខ័ណ្ឌ​របស់​ក្រសួង​ដើម្បី​ពង្រឹង​ស្ថាប័ន។

លើស​ពី​នេះ​ទៀត​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជា​សាធារណៈ​គឺ​វា​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​ដែល​ជា​ផែនការ​អភិវឌ្ឍន៍​ជាតិ និង​ជា​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

ជា​លទ្ធផល​យើង​បាន​ឃើញ​មាន​ការ​រីកចម្រើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់​រួម​ទាំង​ការ​កើនឡើង​ចំនួន​តំណាង​ស្ត្រី​នៅ​ក្នុង​រដ្ឋសភា​ជាតិ​ដែល​បាន​កើនឡើង​បី​ដង​ពី ៦ ទៅ​ ២០ ភាគរយ​គិត​ចាប់​តាំងពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០១៣។ សមាមាត្រ​នៃ​ចំនួន​ស្ត្រី​នៅ​ក្នុង​សេវាកម្ម​ស៊ីវិល​ក៏​មាន​ការ​កើនឡើង​ផង​ដែរ​ពី​ ៣២ ទៅ ៣៧ ភាគរយ​ចាប់ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៣។ លើស​ពី​នេះ​ទៀត​ចំនួន​ស្ត្រី​នៅ​ក្នុង​មុខ​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក៏​មាន​ការ​កើនឡើង​ដែរ។

ទន្ទឹម​នឹង​នេះ​សមាមាត្រ​នៃ​ចំនួន​ស្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ក៏​កើនឡើង​ដែរ​នៅ​ក្នុង​ឆ្នាំ ២០០៨ បើ​ទោះបី​ជា​ស្ត្រី​ហាក់​នៅ​មាន​ចំនួន​តិច​នៅ​ក្នុង​គ្រប់​កម្រិត​នៃ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ក្តី។

ដោយ​ឡែក​នៅ​ថ្នាក់​មូលដ្ឋាន​វិញ​ភាគរយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​ស្ត្រី​បាន​កើនឡើង​ពី ១៥ ភាគរយ​នៅ​ឆ្នាំ ២០០៧ ដល់​ជិត ១៨ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០១២។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​បុរស​នៅ​តែ​កាន់​តំណែង​ភាគច្រើន​នៅ​ក្នុង​តួនាទី​នៃ​ការ​សម្រេច​ចិត្ត​ដដែល។ ជាក់ស្ដែង​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​មាន​ជាង ១៤០០ នាក់​គឺ​ស្ត្រី​មាន​តិច​ជាង ១០០ នាក់​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​អភិបាល​ខេត្ត​ជា​ស្ត្រី​នៅ​ឡើយ​ទេ។

ដើម្បី​ឲ្យ​ការងារ​នេះ​រឹត​តែ​ប្រសើរ​ជាង​មុន​នោះ កន្លែង​ដែល​ល្អ​ត្រូវ​ចាប់​ផ្តើម​ដំបូង​គឺ​នៅ​ក្នុង​ស្ថាប័ន​ដែល​មាន​សមភាព​យេនឌ័រ​របស់​គណបក្ស និង​ក្រោយ​ពេល​បោះឆ្នោត។ នៅ​ក្នុង​អំឡុង​ពេល​ធ្វើការ​បោះឆ្នោត​សាកល្បង អ្នក​ដឹកនាំ​គណបក្ស​ត្រូវ​បង្កើត​ឲ្យ​មាន​ការ​មូលមតិ​គ្នា​មួយ​ឡើង​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ត្រី​ក្នុង​ដំណើរការ​បោះឆ្នោត។ ដើម្បី​ទាក់ទាញ​ស្ត្រី​ឲ្យ​ចូលរួម​នៅ​ក្នុង​គណបក្ស ការ​លើក​ទឹកចិត្ត​គួរ​ត្រូវ​ផ្តល់​ឲ្យ​ដូចជា​ឱកាស​សម្រាប់​ការ​កសាង​សមត្ថភាព ឬ​ការ​តស៊ូ​មតិ​ជាដើម។

ផ្នែក​នៃ​កម្រិត​ស្ម័គ្រ​ចិត្ត​សម្រាប់​បេក្ខជន​ជា​ស្ត្រី​អាច​ត្រូវ​កំណត់​ហើយ​ហិរញ្ញវត្ថុ​របស់​គណបក្ស​អាច​លៃទុក​ដោយ​ឡែក​សម្រាប់​ដោះស្រាយ​ចំពោះ​ករណី​នេះ។ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​បន្ត​ឈាន​ឆ្ពោះ​ទៅ​រក​បេក្ខជន​ជា​ស្ត្រី​ឲ្យ​បាន​កាន់តែ​ច្រើន​ដែល​រួម​បញ្ចូល​ទាំង​ការ​គាំទ្រ​ពី​បុរស​ផង​ដែរ។

ក្នុង​ដំណាក់កាល​នេះ វា​ក៏​មាន​ប្រយោជន៍​ផង​ដែរ​ក្នុង​ការ​កំណត់​គោលដៅ​សម្រាប់​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សន្និបាត​បក្ស​ដោយ​បង្កើត​ផ្នែក​របស់​ស្ត្រី​នៅ​ក្នុង​អាជីព​នយោបាយ ហើយ​បញ្ហា​យេនឌ័រ​នេះ​គឺ​រួម​បញ្ចូល​ទាំង​នៅ​ក្នុង​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​តែ​ម្តង។

នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត គណបក្ស​នយោបាយ​ទាំងអស់​ចាំបាច់​ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​ការ​ចូលរួម​ពី​ស្ត្រី​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ហើយ​ពួកគេ​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ចូលរួម​ទាំង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ការ​បណ្តុះ​បណ្តាល​ដល់​បេក្ខជន​ជា​ស្ត្រី​ក៏​អាច​បញ្ជាក់​ផង​ដែរ​ពី​អត្ថប្រយោជន៍ ជាពិសេស​នៅ​ក្នុង​ការ​រៃអង្គាស​ប្រាក់ និង​ទំនាក់​ទំនង​ជាមួយ​ក្រុម​ពលរដ្ឋ​អ្នក​បោះឆ្នោត។

ការ​កំណត់ និង​យល់​ដឹង​ពី​បញ្ហា​សង្គម​គឺ​ស្ត្រី​ក៏​មាន​អាទិភាព​ខ្ពស់​ដែរ​នៅ​ក្នុង​សហគមន៍​ដែល​អ្នក​តស៊ូ​មតិ​របស់​គណបក្ស​ដែល​អាច​ទាក់ទាញ​ស្ត្រី​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត។ វា​ក៏​សំខាន់​ផង​ដែរ​នៅ​ពេល​ស្ត្រី​ត្រូវ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ហើយ​ពួកគាត់​នឹង​ជា​ផ្នែក​មួយ​នៃ​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត។

នៅ​ពេល​ជាប់​ឆ្នោត​ផែនការ​សកម្មភាព​យេនឌ័រ​ក្នុង​គណបក្ស​គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​គោលនយោបាយ​របស់​គណបក្ស​ហើយ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​កំណែទម្រង់​នយោបាយ​ក្នុង​រដ្ឋាភិបាល។

នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​នេះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​យើង​ត្រូវ​ជំរុញ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ទាំង​អស់​ឲ្យ​អនុម័ត និង​អនុវត្ដ​នូវ​គោលនយោបាយ​ និង​នីតិវិធី​ដែល​ជួយ​លើក​កម្ពស់​សមភាព​យេនឌ័រ​ឲ្យ​បាន​កាន់តែ​ប្រសើរ​នៅ​ក្នុង​ចំណោម​ស្ត្រី និង​បុរស​ជាពិសេស​ក្នុង​រចនាសម្ព័ន្ធ​នៃ​ការ​សម្រេច​ចិត្ត​ ហើយ​យើង​ស្នើ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​ឆន្ទៈ​គាំទ្រ​ការ​ដាក់​បេក្ខភាព​ស្ត្រី​នៅ​លំដាប់​លេខ​រៀង​ដែល​អាច​ជាប់​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ និង​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​បេក្ខជន​ជា​ស្ត្រី​ធ្វើ​យុទ្ធនាការ​ផង​ដែរ។

ប្រព័ន្ធ​នយោបាយ​ដែល​លើក​កម្ពស់​ឱ្យ​មាន​ស្ត្រី​ទាំង​ក្នុង​ក្រុម​អ្នក​ដឹកនាំ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​គឺជា​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​តំណាង​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​មូល​ឲ្យ​កាន់តែ​ប្រសើរ៕ NS

លោក Nick Beresford នាយក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​ប្រទេស​កម្ពុជា

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ