Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រូវ​ធ្វើឲ្យ​ពលករ​ធ្វើការ​នៅ​ថៃ​ មាន​ភាព​ងាយស្រួល​ជាង​នេះ

Content image - Phnom Penh Post
ពលករ​ខ្មែរ​ដែល​ត្រូវ​កងកម្លាំង​ថៃ​ចាប់​បញ្ចូន​ត្រឡប់​មក​វិញ​កន្លង​មក​។ រូបថត ហ្វេសប៊ុក

ត្រូវ​ធ្វើឲ្យ​ពលករ​ធ្វើការ​នៅ​ថៃ​ មាន​ភាព​ងាយស្រួល​ជាង​នេះ

ពលករ​ចំណាកស្រុក​ជាច្រើន​ត្រូវ​បាន​គេ​ដឹក​មក​ដាក់​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ជិត​មណ្ឌល​អន្តោប្រវេសន៍​។ កាលពី​សប្តាហ៍​មុន​ឃើញ​មាន​ចំនួន​ ៩ ​រថយន្ត​។ មុន​ហ្នឹង​មួយ​ថ្ងៃ​ទៀត​ឃើញ​មាន​ចំនួន ១៤ រថយន្ត​ហើយ​នៅ​ថ្ងៃ​បន្ទាប់​មាន​ចំនួន ១៧ រថយន្ត​បន្ថែម​ទៀត​។

ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ឃើញ​មាន​តែ​ពីរ​ ឬ​បី​រថយន្ត​ប៉ុណ្ណោះ​ធ្វើ​ដំណើរ​ឆ្លងកាត់​មណ្ឌល​អន្តោប្រវេសន៍​ដែល​មាន​រថយន្ត​ពីរ​គ្រឿង​មក​ម្តង​ក្នុង​ពេល​តែ​មួយ ដោយ​ក្នុង​រថយន្ត​នីមួយៗ​ផ្ទុក​ពលករ​ប្រមាណ​ចាប់ពី​​ ៤០ ​ទៅ​ ៥០ ​នាក់​មាន​ន័យ​ថា​កាលពី​ដើម​ខែ​មុន​នៅ​ពេល​ដែល​ខ្ញុំ​មក​កាន់​ទីក្រុង​ប៉ោយប៉ែត​គឺ​មាន​ពលករ​ចំណាកស្រុក​ប្រមាណ ៨០០ នាក់​ត្រូវ​បាន​គេ​បញ្ជូន​មក​វិញ​ជា​ផ្លូវការ​។

ទាំង​នេះ​មិនមែន​ជា​តួលេខ​ធម្មតា​ទេ​ពីព្រោះ​គេ​មើល​ឃើញ​ថា​ពលករ​ចំណាកស្រុក​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​​បញ្ជូន​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ខុស​ពី​ធម្មតា​ដែល​ទាំង​នេះ​បណ្តាល​មកពី​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​។ ច្បាប់​ថ្មី​នេះ​បាន​ដាក់ទោស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលករ​បរទេស​ណា​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ជាពិសេស​និយោជក​ដែល​បាន​ជួល​ពួកគេ​។

ពលករ​ដែល​ធ្វើការ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ការងារ​ត្រឹមត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៥ ​ឆ្នាំ​ក៏​ដូចជា​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។

ចំពោះ​និយោជក​ពួកគេ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់ពី ៤០ ​ម៉ឺន​ទៅ​ ៨០ ​ម៉ឺន​បាត (១១ ៨០០ ទៅ ២៣ ៦០០ ​ដុល្លារ​) ​សម្រាប់​ការ​ជួល​ពលករ​ធ្វើការ​ដោយ​ខុស​ច្បាប់​ម្នាក់​។ ពលករ​ខ្មែរ​ភាគច្រើន​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ពួកគេ​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ពេញលេញ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ជាប់​ពន្ធនាគារ​ និង​រង​ការ​ផាក​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ​។

ច្បាប់​ថ្មី​ស្តី​អំពី​ការ​គ្រប់គ្រង​ពលករ​បទេស​បាន​រីកសាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

ទោះបី​គ្រប់​គ្នា​មិន​បាន​ដឹង​លម្អិត​អំពី​ច្បាប់​ថ្មី​នេះ​ក្តី ប៉ុន្តែ​ពួកគេ​បាន​ដឹង​ថា​ការ​ពិន័យ​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ​គឺ​កើនឡើង​យ៉ាង​ខ្លាំង​។

ដូច្នេះ​ហើយ​ទើប​ធ្វើឲ្យ​មាន​ពលករ​ចំណាកស្រុក​ខុស​ច្បាប់​ជាច្រើន​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​វិញ​តាម​ច្រក​ប៉ោយប៉ែត​។ អ្នក​ខ្លះ​និយាយ​ថា​ចៅហ្វាយ​របស់​គេ​បាន​ប្រាប់​ពួកគេ​ឲ្យ​វិល​ត្រឡប់​មក​វិញ ហើយ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​ពួកគេ​សម្រេច​វិល​ត្រឡប់​មក​វិញ​ដោយ​ខ្លួនឯង​ដោយសារ​ភ័យខ្លាច​ជាប់ទោស និង​រង​ការ​ផាក​ពិន័យ​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ​។

វា​ពិបាក​ក្នុង​ការ​ប្រៀបធៀប​ជាមួយ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពលករ​ចំណាកស្រុក​កាលពី​ឆ្នាំ​ ២០១៤ ដែល​នៅ​ពេល​នោះ​ពលករ​ខ្មែរ​ប្រមាណ​ជាង​ ២២ ​ម៉ឺន​នាក់​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ដោយសារ​តែ​ពួកគេ​ភ័យខ្លាច​ចំពោះ​ការ​បង្ក្រាប​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ពី​រដ្ឋាភិបាល​ថៃ ហើយ​ពេល​នេះ​រដ្ឋាភិបាល​ថៃ​ទំនង​ជា​កំពុង​អនុវត្ត​ដូច​កាល​ពី​មុន​។

កាលពី​ចុង​ខែ​មុន​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ពន្យារ​អនុវត្ត​ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង​នេះ​ដោយ​មើល​ឃើញ​ចំនួន​ពលករ​បរទេស​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​គេ​វិញ​យ៉ាង​គំហុក​។ នៅ​ពេល​នេះ​រដ្ឋាភិបាល​បាន​សម្រេច​ពន្យារពេល​ផាកពិន័យ​ជា​ផ្លូវការ​ចំនួន​ ១២០ ​ថ្ងៃ​មុន​ពេល​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ថ្មី​នេះ​ឲ្យ​បាន​ពេញលេញ​។

យោង​តាម​រដ្ឋាភិបាល​គោលដៅ​នៃ​ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ​មិនមែន​ដើម្បី​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ទេ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​គឺ​ចង់​ធ្វើ​ឱ្យ​ពលករ​បរទេស​មាន​ឯកសារ​ត្រឹមត្រូវ​ពេញលេញ​ស្រប​តាម​ច្បាប់​។ ចំពោះ​ពលករ​ខ្មែរ​ពួកគេ​គួរ​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ពួកគេ​វិញ​ដើម្បី​ធ្វើ​ឯកសារ​ចាំបាច់​នានា​រួច​សឹម​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​ដោយ​ស្រប​ច្បាប់​។

តាមពិត​ទៅ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដឹង​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ​ប៉ុន្តែ​ការ​ធ្វើ​ឯកសារ​តាម​ផ្លូវ​ច្បាប់​គឺ​មាន​តម្លៃ​ថ្លៃ​ហើយ​ពិបាក​ និង​ចំណាយ​ពេល​យូរ​ទម្រាំ​ទទួល​បាន​ឯកសារ​ទាំង​នោះ​។ សម្រាប់​ពលករ​ភាគច្រើន​រឿង​តម្លៃ​ធ្វើ​ឯកសារ​ថ្លៃ​គឺជា​បញ្ហា​ដ៏សំខាន់​មួយ​។ ជា​ការពិត​មូល​ហេតុ​ចម្បង​ដែល​ពលករ​ខ្មែរ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​គឺ​ដោយសារ​តែ​តម្លៃ​ចំណាយ និង​ឧបសគ្គ​នានា​នៅ​ពេល​ធ្វើ​ឯកសារ​ទាំង​នោះ​ ដូច្នេះ​ហើយ​វា​បង្ខំ​ឲ្យ​ពួកគេ​មួយ​ចំនួន​សម្រេច​ទៅ​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។

ពលករ​ដែល​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​គឺ​ពួកគេ​តម្រូវ​ឱ្យ​មាន​លិខិត​ឆ្លងដែន​ខ្មែរ ត្រូវ​មាន​ទិដ្ឋាការ ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ និង​កិច្ចសន្យា​ការងារ​ជាមួយ​និយោជក​របស់​ពួកគេ​។ បច្ចុប្បន្ន​នេះ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ទទួល​បាន​ឯកសារ​ទាំងអស់​នេះ​គឺ​ត្រូវ​ធ្វើ​តាមរយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​ជា​អ្នក​រៀបចំ​ទិដ្ឋាការ និង​លិខិត​អនុញ្ញាត​ធ្វើ​ការងារ​ផ្លូវការ​ស្រប​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ថៃ​។ ពលករ​ភាគច្រើន​បាន​ប្រាប់​ថា​ដើម្បី​​ទទួល​បាន​ឯកសារ​ទាំងអស់​នោះ​គឺ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រហែល​ ៧០០ ​ដុល្លារ​។

លើស​ពី​នេះ​ទៀត​បញ្ហា​ការិយាធិបតេយ្យ​ដ៏ស្មុគស្មាញ​អំពើ​ពុករលួយ​ការ​ផ្តល់​ព័ត៌មាន​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ និង​សេវា​ធ្វើ​ឯកសារ​របស់​រដ្ឋ​មិន​ល្អ​បាន​ផ្តល់​ផលវិបាក​យ៉ាង​ច្រើន​មុន​នឹង​ទទួល​បាន​ឯកសារ​ទាំងនោះ​ទោះបី​ពលករ​ដែល​មាន​ឆន្ទៈ​ចំណាយ​ក្នុង​តម្លៃ​នេះ​ក្តី​។

រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាត់​វិធានការ​បន្ទាន់​លើ​បញ្ហា​ទាំង​នេះ​ដើម្បី​ផ្តល់​សេវា​ធ្វើ​ឯកសារ​ដល់​ពលករ​ឲ្យ​មាន​ភាព​ងាយស្រួល​នឹង​មាន​តម្លៃ​ថោក​។

ប្រទេស​កម្ពុជា​ប្រហែល​មិន​ទាន់​ដឹង​ខ្លួន​ទេ​ថា​ខ្លួន​ជា​ប្រទេស​នាំ​ចេញ​កម្លាំង​ពលកម្ម​។ កាលពី ១៥ ឆ្នាំ​មុន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែល​ភាគច្រើន​នៃ​ពួកគេ​គឺ​កំពុង​រស់នៅ​ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។ និយាយ​ទៅ​ ៤ ​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សមាជិក​ម្នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ​។

ក្រុម​អ្នក​សេដ្ឋវិទូ និង​អ្នក​បង្កើត​គោលនយោបាយ​បាន​ចង្អុល​បង្ហាញ​ថា​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ពលករ​ចំណាកស្រុក​ផ្ញើ​មក​ស្រុក​កំណើត​ជា​រៀងរាល់​ឆ្នាំ​គឺជា​ភ័ស្តុតាង​មួយ​នៃ​ការ​រួមចំណែក​របស់​ពួកគេ​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

ប៉ុន្តែ​ចំនួន​នេះ​វា​គ្រាន់​តែ​សម្រាប់​ដោះស្រាយ​ចំពោះ​គ្រួសារ​ពលករ​ដែល​នៅ​ជនបទ​ប៉ុណ្ណោះ​។ បរិយាកាស​មួយ​ចំនួន​បាន​ធ្វើឲ្យ​ពលករ​ចំណាក​ស្រុក​រកស៊ី​បាន​តែ​មួយ​គ្រប់ៗ​ប៉ុណ្ណោះ​ព្រោះ​បច្ចុប្បន្ន​នេះ​គេ​ឃើញ​ថា​តម្លៃ​ទំនិញ​មាន​ការ​កើនឡើង ហើយ​ជាពិសេស​បញ្ហា​បំណុល​របស់​គ្រួសារ​ពលករ​ទាំង​នោះ​ដែល​ចេះ​តែ​កើនឡើង អ៊ីចឹង​ហើយ​ចំណូល​របស់​ពួកគេ​គឺ​គ្រាន់តែ​បាន​ចូលរួម​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ​បាន​មួយ​ចំណែក​ហើយ​មួយ​ចំណែក​ទៀត​ត្រូវ​យក​ទៅ​សងបំណុល​គ្រួសារ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រួសារ​ដែល​ក្រីក្រ​បំផុត​ទំនង​ជា​គ្រួសារ​ដែល​មាន​សមាជិក​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។ លើស​ពី​នេះ​ទៀត​គ្រួសារ​ដែល​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មិនមែន​ចេញ​ទៅ​ស្មើៗ​គ្នា​ពី​គ្រប់​តំបន់​នោះ​ទេ ជាទូទៅ​គឺ​ពួកគេ​ចេញ​ទៅ​ដោយ​មាន​លក្ខណៈ​ប្រមូលផ្តុំ​ដោយ​តំបន់ មាន​ន័យ​ថា​នៅ​ក្នុង​សហគមន៍​ខ្លះ​គ្រួសារ​ស្ទើរតែ​ទាំងអស់​ពឹង​ផ្អែក​លើ​ការ​ផ្ញើ​ប្រាក់​មក​ពី​ប្រទេស​ថៃ​ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ​។

ការ​ត្រឡប់​មក​វិញ​របស់​​ពលករ​ចំណាកស្រុក​ដ៏ច្រើន​កាលពី​ឆ្នាំ​ ២០១៤ ​វា​បាន​បង្ហាញ​ពី​ទិដ្ឋភាព​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​។ ពលករ​ដែល​បាន​វិល​ត្រឡប់​មកវិញ​ពួកគេ​ប្រឈម​នឹង​បំណុល​ដែល​ចេះតែ​កើនឡើង និង​គ្មាន​ការងារ​ធ្វើ​ជា​បញ្ហា​ដែល​អាច​​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ជាទូទៅ​។ ប៉ុន្តែ​ផលប៉ះពាល់​នៃ​ការ​វិល​ត្រឡប់​របស់​​ពលករ​ចំណាក​ស្រុក​កាលពី​ឆ្នាំ​ ២០១៤ ​គឺ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដោយសារ​តែ​ពួកគេ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ភ្លាមៗ ដើម្បី​បន្ត​ធ្វើ​ការងារ​របស់​គេ​តាម​ធម្មតា​វិញ​។

ចាប់​តាំងពី​ពេល​នោះ​មក​រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​ការ​អនុគ្រោះ​បណ្ដោះអាសន្ន​ដល់​ពលករ​បរទេស​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ខ្លួន​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​គោលនយោបាយ​ និង​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​លើ​ពលករ​បរទេស​ទាំងអស់​នៅ​ក្នុង​ប្រទេស​ហើយ​រដ្ឋាភិបាល​បាន​គំរាម​ថា​នឹង​ធ្វើ​ការ​បង្ក្រាប​ចំពោះ​ពលករ​បរទេស​ណា​ដែល​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​តាម​ច្បាប់​។

នៅ​ពេល​ដែល​យើង​អាន​ច្បាប់​ថ្មី​យើង​ឃើញ​ថា​រដ្ឋាភិបាល​ថៃ​កំពុង​បង្ហាញ​ថា​ខ្លួន​កំពុង​ធ្វើការ​គ្រប់គ្រង​ពលករ​បរទេស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​ការ​ផ្លាស់ប្តូរ​នេះ​គឺជា​អ្វី​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​។

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​កត់សម្គាល់​ពី​តម្រូវការ​រចនាសម្ព័ន្ធ​សម្រាប់​ពលករ​ចំណាកស្រុក​នៅក្នុង​សេដ្ឋកិច្ច​ថៃ​ដោយ​ពួកគេ​សន្មត​ថា​បញ្ហា​ពលករ​ចំណាក​ស្រុក​ក្នុង​តំបន់ ហាក់​នៅ​មាន​ស្ថិរភាព​ទោះបី​មាន​ការ​ផ្លាស់ប្តូ​រគោល​នយោបាយ​គ្រប់គ្រង​ពលករ​ចំណាក​ស្រុក​របស់​ថៃ​ក្តី​ដែល​នេះ​ជា​ការពិត​មួយ​គឺ​វា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ពលករ​ចំណាកស្រុក​មាន​សុវត្ថិភាព​ហើយ​វា​មិន​មែន​សម្រាប់​តែ​បុគ្គល​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​គ្រួសារ​របស់​ពួកគេ​ផង​ដែរ​។

និយាយ​ជាទូទៅ​ទាំង​ពលករ​ចំណាកស្រុក​ និង​រដ្ឋាភិបាល​ចង់​បាន​ដូច​គ្នា​។ សម្រាប់​ពលករ​ចំណាកស្រុក​គឺ​ពួកគេ​ចង់​បាន​ឱកាស​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​សុវត្ថិភាព​ និង​ស្រប​ច្បាប់​។ ប៉ុន្តែ​ខណៈ​ពេល​ដែល​ពលករ​ចំណាក​ស្រុក​ចង់​បាន​ការងារ​ស្រប​ច្បាប់​ធនធាន​របស់​ពួកគេ​ក៏​មាន​កំណត់​ដែរ​។ ជារឿយៗ​ពួកគេ​តែងតែ​ចង់​ចេញ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ដោយ​ចំណាយ​ប្រាក់​តិច​ហើយ​រំពឹង​ឱកាស​ចេញ​ទៅ​ដោយ​គ្មាន​ឧបសគ្គ​ដោយ​ផ្អែក​លើ​តម្រូវការ​បន្ទាន់​របស់​និយោជក និង​ការ​ផ្លាស់ប្តូរ​ផែនការ​អនាគត​ហើយ​ចំពោះ​អ្នក​ទាំង​នេះ​បច្ចុប្បន្ន​នេះ​ពួកគេ​ទំនង​មិន​បាន​ឆ្លងកាត់​ការ​ធ្វើ​លិខិត​ស្នាម​ស្រប​ច្បាប់​នោះ​ទេ​។

លើស​ពី​នេះ​ទៀត​ក៏​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​លើ​ការ​ជ្រើសរើស​ពលករ​ផង​ដែរ​ហើយ​ក៏​ត្រូវ​មាន​យន្តការ​គាំទ្រ​ដល់​ពលករ​ចំណាកស្រុក​ដែល​នៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​នោះ​ឲ្យ​បាន​រឹងមាំ​។

ខណៈ​ដែល​ក្រុម​អ្នក​បង្កើត​គោលនយោបាយ​មាន​ទំនោរ​ចង់​ឃើញ​ពលករ​ចំណាកស្រុក​ស្រប​ច្បាប់​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​ពលករ​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់ ប៉ុន្តែ​ពលករ​ចំណាក​ស្រុក​បាន​កត់សម្គាល់​ឃើញ​ថា​ពលករ​ចំណាកស្រុក​ស្រប​ច្បាប់​មិនមែន​ទាំងអស់​សុទ្ធ​តែ​ទទួល​បាន​ការ​ការពារ​នោះ​ទេ​។

ខណៈ​ដែល​ភាព​ស្រប​ច្បាប់​ដែល​ផ្តល់​ដល់​ពលករ​ចំណាកស្រុក​មាន​ចែង​នៅ​លើ​ក្រដាស​នោះ​ពួកគេ​អាច​ ឬ​មិន​អាច​ទទួល​បាន​ការ​ការពារ​សិទិ្ធ​ទាំង​នោះ​នៅ​ពេល​អនុវត្ត​ការងារ​ជាក់ស្តែង​។ ជា​ការពិត​ណាស់​កន្លង​មក​តែងតែ​មាន​ការ​ចោទ​សួរ​ចំពោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ស្រប​ច្បាប់​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​អំពី​ស្ថានភាព​ផ្លូវ​ច្បាប់​ដើម្បី​ការពារ​ដល់​ពលករ​ស្រប​ច្បាប់​ទាំង​នោះ​។

ប្រទេស​កម្ពុជា​អាច​មាន​​ឥទ្ធិពល​តិចតួច​ទៅ​លើ​គោលនយោបាយ​របស់​ថៃ​ស្តី​អំពី​ពលករ​ចំណាកស្រុក​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើការ​មួយ​ចំនួន​ដើម្បី​បង្កើត​សេវា​ផ្តល់​ឯកសារ​ដល់​ពលករ​ក្នុង​តម្លៃ​មួយ​សមរម្យ​ដែល​អាច​ទទួល​យក​បាន​នឹង​មាន​ភាព​ងាយស្រួល​ចំពោះ​ការ​ជ្រើសរើស​ពលករ​ស្រប​ច្បាប់​។ ចំណុច​ទាំង​អស់​នេះ​អាច​នឹង​បង្កើត​ឱ្យ​មាន​ស្ថិរភាព​សម្រាប់​ពលករ​ និង​សម្រាប់​ប្រព័ន្ធ​ទាំង​មូល​៕ NS

Maryann Bylandere គឺជា​ជំនួយការ​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ Lewis and Clark College

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ