Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ ​គ្មាន​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​ពលករ​បរទេស​ខុស​ច្បាប់

Content image - Phnom Penh Post
ដកស្រង់​ពី​កាសែត The Nation របស់​ថៃ​ពលករ​ខ្មែរ​ខុស​ច្បាប់​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​កន្លង​មក​។ ផា លីណា

ថៃ ​គ្មាន​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​ពលករ​បរទេស​ខុស​ច្បាប់

ក្រសួង​ការងារ​របស់​ប្រទេស​ថៃ​កំពុង​ព្យាយាម​ធ្វើការ​គ្រប់គ្រង​ការ​ខូចខាត​មួយ​ចំនួន​ដោយ​ក្នុង​នោះ​រួមមាន​ទាំង​ការ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បណ្តោះអាសន្ន​សម្រាប់​ពលករ​បរទេស​ខុស​ច្បាប់​ចំនួន ២ ​លាន​នាក់​។

ប៉ុន្តែ​ ប្រសិន​បើ​រដ្ឋាភិបាល​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​អំពី​វិធានការ​ថ្មី​ (​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ខុស​ច្បាប់​) និង​ធ្វើការ​ណែនាំ​គោលនយោបាយ​សមស្រប​ជំនួស​វិញ​នោះ​ប្រហែល​ជា​ក្រសួង​ការងារ​ថៃ​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​វឹកវរ​ដូច​ពេល​នេះ​ទេ​។

ក្រសួង​ការងារ​ថៃ​បាន​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បណ្ដោះអាសន្ន​យ៉ាង​ប្រញាប់​ប្រញាល់​ចំនួន ១០១ កន្លែង​នៅ​ទូទាំង​ប្រទេស​ថៃ​ជា​កន្លែង​ដែល​ពលករ​ធ្វើការ​ខុសច្បាប់​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​ទីតាំង​ទាំងអស់​នោះ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ​លោក​ ស៊ីរីឆៃ ឌីថាគល់ (Sirichai Dithakul) បាន​ថ្លែង​ថា​៖ «​យើង​ជឿ​ថា​យើង​នឹង​អាច​ធ្វើការ​ចុះ​ឈ្មោះ​ពលករ​បរទេស​ខុស​ច្បាប់​ចំនួន ២ ​លាន​នាក់​ឲ្យ​បាន​ធ្វើការ​ស្រប​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​»​។

ពលករ​មកពី​ប្រទេស​​មីយ៉ាន់ម៉ា​ជា​ពលករ​បរទេស​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ច្រើន​ជាង​គេ​ដែល​ត្រូវ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ដំបូង បន្ទាប់មក​គឺ​ចុះ​ឈ្មោះ​សម្រាប់​ពលករ​កម្ពុជា​ និង​ឡាវ​។

ជា​ផ្លូវការ ការិយាល័យ​ចុះ​ឈ្មោះ​ទាំង​នោះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ព្រះរាជក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​ពលករ​បរទេស​នៅ​ក្នុង​ប្រទេស​ដែល​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ​។

ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​នឹង​ធ្វើ​ការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី ៤ ​សែន​បាត​ទៅ​ ៨ ​សែន​បាត (​ប្រហែល​ ១២០០០ ដុល្លារ​ទៅ ២៤០០០ ​ដុល្លារ​អាមេរិក​) សម្រាប់​និយោជក​ណា​ដែល​ជួល​ពលករ​បរទេស​ធ្វើការ​ដោយ​គ្មាន​ប័ណ្ណ​អនុញ្ញាត​ការងារ​។

ចាប់​តាំងពី​ច្បាប់​នោះ​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​មុន​និយោជក​ជាច្រើន​ដែល​ជួល​ពលករ​បរទេស​ធ្វើការ​ដោយ​ខុស​ច្បាប់​ឈប់​ទទួល​ពួកគេ​ឲ្យ​ធ្វើការ​ទៀត​ដោយសារ​ខ្លាច​រង​ការ​ផាក​ពិន័យ​ដ៏ធ្ងន់ធ្ងរ​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ​។

ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​រាប់ម៉ឺន​នាក់​បាន​សម្រេច​ចិត្ត​វិល​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេ​វិញ​ដែល​នាំ​ឱ្យ​ខ្វះ​កម្លាំង​ពលកម្ម​ភ្លាមៗ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​។

គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​ថៃ​តម្រូវ​ឱ្យ​មាន​ការ​ពិនិត្យ​បន្ថែម​ទៀត​។

នាយក​រដ្ឋមន្ត្រី​លោក​ ប្រាយុទ្ធ ចាន់អូចា បាន​ប្រើ​អំណាច​ពិសេស​របស់​លោក​ក្រោម​មាត្រា​ ៤៤ នៃ​រដ្ឋធម្មនុញ្ញ​បណ្តោះ​អាសន្ន​ឱ្យ​ផ្អាក​ការ​ផាកពិន័យ​នេះ​រហូត​ដល់​ចុង​ឆ្នាំ​នេះ​ត្រង់​បទប្បញ្ញត្តិ​សំខាន់ៗ​ចំនួន​បួន​ទាក់ទង​នឹង​ការ​ពិន័យ​ដ៏ធ្ងន់ធ្ងរ​នេះ​។ រឿង​ដ៏ចម្រូងចម្រាស​បែប​នេះ ប្រហែល​ជា​មិន​បាន​កើតឡើង​ទេ​ប្រសិន​បើ​អ្នក​បង្កើត​គោលនយោបាយ​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ​តាំងពី​ដំបូង​នោះ​។

វា​ហាក់​ដូចជា​ថា​ក្រុម​ឧត្តមសេនីយ៍​បង្កើត​ និង​អនុម័ត​គោល​នយោបាយ​ភ្លាមៗ ដោយ​មិន​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។

ក្រោយ​មក​ទើប​ពួកគេ​ងាក​ទៅ​សុំ​យោបល់​ពី​មន្ត្រីរាជការ ​ដែល​មាន​វិជ្ជាជីវៈ​ ប៉ុន្តែ​ នៅ​តែ​មាន​ចម្ងល់​ចោទ​ឡើង​ថា តើ​ពួកគេ​ស្តាប់​តាម​ការ​ណែនាំ​នោះ​ ឬ​មួយ​ក៏​អត់ ហើយ​វា​ក៏​សមស្រប​ផង​ដែរ ដែល​សួរ​ថា​តើ​ពួកគេ​ហ៊ាន​ផ្តល់​អនុសាសន៍​ទៅ​ឧត្តមសេនីយ៍​ទាំង​នោះ​ដោយ​ស្មោះត្រង់​ដែរ​ឬ​ទេ​គ្រែង​លោ​វា​ប្រឆាំង​ទៅ​នឹង​ការ​ជឿជាក់​របស់​ពួកគេ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នេះ​។

ប៉ុន្តែ​ នេះ​មិនមែន​មាន​ន័យ​ថា​ពួក​យោធា​គ្មាន​ផែនការ​ធំដុំ​នោះ​ទេ​គឺ​ពួកគេ​មាន​ហើយ​ផែនការ​ធំ​នោះ​គឺ​ការ​រក្សា​អំណាច​ឱ្យ​បាន​យូរ​តាម​អ្វី​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​។

ប្រសិន​បើ​ពួក​ឧត្តមសេនីយ៍​ពិតជា​គិតគូរ​ប្រាកដ​មែន​នៅ​ក្នុង​ការ​បំពេញ​តម្រូវការ​ និង​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​នោះ នោះ​ពួកគេ​ត្រូវ​បង្កើត​ច្បាប់​ដែល​ធានា​ឲ្យ​មាន​នូវ​និរន្តរភាព​។

ទាំងអស់​នេះ​គឺ​រួម​បញ្ចូល​ទាំង​ការ​គោរព​ចំពោះ​ពលករ​បរទេស និង​ការ​ធានា​ឱ្យ​ពួកគេ​នូវ​សិទ្ធិ​ និង​សេវាកម្ម​ផ្សេងៗ​ដែល​ពួកគេ​សម​នឹង​ទទួល​បាន​ផង​ដែរ​។ គ្មាន​នរណា​ម្នាក់​អាច​បំភ្លេច​បាន​ទេ​ថា​ដោយសារ​តែ​ញើស​ឈាម​ និង​កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ថោក​របស់​ពលករ​បរទេស​ទាំងអស់​នេះ​ហើយ​ដែល​ប្រទេស​ថៃ​បាន​ក្លាយ​ជា​ប្រទេស​ដ៏រឹងមាំ​ដូច​សព្វ​ថ្ងៃ​នេះ​។

ប្រទេស​ មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា​ មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ ថៃ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ពលករ​ទាំង​នោះ​អាច​ធ្វើ​ដំណើរ​មក​ប្រទេស​ថៃ​បាន​ដោយ​ងាយស្រួល​នោះ​ទេ​។

ពលករ​ជាច្រើន​ត្រូវ​រង់ចាំ​ឱកាស​របស់​ពួកគេ ខណៈ​ដែល​មន្ត្រី​នៅ​តាម​ព្រំដែន​ ជា​ញឹកញាប់​គឺ​មិនមាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​កេង​ផលប្រយោជន៍​ពី​ពួកគេ​នោះ​ទេ​។ ពាក្យ​បណ្ដឹង​ណា​មួយ​អំពី​ពលករ​បរទេស​ដែល​មិន​គោរព​ច្បាប់​របស់​ថៃ​គឺ​ពួកគេ​ត្រូវ​បាន​តាម​សង្កេត​ ខណៈ​ដែល​ជា​ញឹកញាប់​ប្រជាពលរដ្ឋ​ថៃ​បាន​បំពាន​ច្បាប់​របស់​ខ្លួន​ឯង​។

យើង​ធ្វើ​ដូច្នេះ​រាល់​ពេលវេលា​ហើយ​យើង​តែងតែ​ទាមទារ​នេះ​ទាមទារ​នោះ ឬ​ប្រាក់​សំណូក​។

វា​គឺជា​ការ​បង្ហាញ​រួម​មួយ​នៃ​ការ​មិន​គោរព​គ្នា​ចំពោះ​សង្គម​របស់​យើង​ និង​សម្រាប់​ជំហរ​ជា​អន្ដរជាតិ​របស់​ប្រទេស​ថៃ​ និង​ការ​ប្រមាថ​ដល់​ប្រទេស​ជិត​ខាង​របស់​យើង​ដែល​ប្រជាជន​របស់​គេ​ត្រូវ​បាន​យើង​ធ្វើ​បាប​៕ NS

ដងស្រង់ពីកាសែត The Nation របស់ថៃ

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ