Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទិវា​អក្ខរកម្ម​ជាតិ​ និង​អន្តរជាតិ​ថ្ងៃ​ទី​ ៨ ខែ​កញ្ញា​ឆ្នាំ​ ២០១៧ «​អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​សហគមន៍​»

Content image - Phnom Penh Post
សិស្ស​កំពុង​អង្គុយ​រៀន​ក្នុង​ថ្នាក់​រៀន​មួយ​នៅ​វិទ្យាល័យ​ដង​ផ្លិត​ក្នុង​ខេត្ត​ព្រះវិហារ​កាលពី​ឆ្នាំ​មុន​។ ហុង មិនា

ទិវា​អក្ខរកម្ម​ជាតិ​ និង​អន្តរជាតិ​ថ្ងៃ​ទី​ ៨ ខែ​កញ្ញា​ឆ្នាំ​ ២០១៧ «​អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​សហគមន៍​»

កម្រិត​ការ​អប់រំ​របស់​ពលរដ្ឋ​នៃ​ប្រទេស​មួយ​បង្ហាញ​ប្រាប់​យើង​ជាច្រើន​អំពី​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ ហើយ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​គឺជា​កត្តា​ចម្បង​សម្រាប់​ពន្លឿន​ការ​អភិវឌ្ឍ​របស់​ប្រទេស​។

ថ្នាក់​ដឹង​នាំ​រដ្ឋាភិបាល និង​អ្នក​ធ្វើ​គោលនយោបាយ​ទទួល​ស្គាល់​នូវ​តួនាទី​សំខាន់​នៃ​ធនធាន​មនុស្ស​ដ៏រឹងមាំ​ក្នុង​ការ​អភិវឌ្ឍ និង​អនុវត្ត​គោលនយោបាយ​ដើម្បី​ជំរុញ​ផលិតភាព និង​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ​។

ដូច្នេះ​ហើយ​កម្រិត​ជំនាញ​អក្ខរកម្ម​ខ្ពស់ និង​ត្រឹមត្រូវ​មិន​គ្រាន់​តែ​ផ្តល់​ផលប្រយោជន៍​ដល់​បុគ្គល​គ្រប់​រូប​ក្នុង​ឱកាស​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​សម្រួល​ដល់​ការ​ទទួល​បាន​ការងារ​ធ្វើ​សមរម្យ​ទៀត​ផង​ដែល​ជួយ​ឲ្យ​ពួកគេ​ចាកចេញ​ផុត​ពី​ភាព​ក្រីក្រ និង​អាច​ចូលរួម​ក្នុង​ពិភព​ការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

នៅ​ក្នុង​ពិភពលោក​មួយ​ដែល​បច្ចេកវិទ្យា​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​លឿន​ឥត​ឈប់​ និង​ប្រកប​ដោយ​ភាព​ស្មុគស្មាញ​វា​ចាំបាច់​ណាស់​ដែល​បុគ្គល​ម្នាក់ៗ​បន្ត​ពង្រីក​នូវ​ចំណេះដឹង រៀនសូត្រ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​មិនមែន​គ្រាន់​តែ​ជា​សមត្ថភាព​មូលដ្ឋាន​នៃ​ការ​អាន​សរសេរ និង​គិត​លេខ​ងាយ​នោះ​ទេ តែ​ត្រូវ​ខិតខំ​រៀនសូត្រ​នូវ​ជំនាញ​ថ្មីៗ​ដូចជា​ជំនាញ​ឌីជីថល​ និង​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​បន្ថែម​ទៀត​តាម​បែប​ក្នុង​ប្រព័ន្ធ​ក្រៅ​ប្រព័ន្ធ​ និង​មិន​ផ្លូវការ​ដើម្បី​ឆ្លើយតប​បាន​ទៅ​នឹង​ការ​ប្រែប្រួល​ដ៏ឆាប់​រហ័ស​ទាំងអស់​នេះ​ស្រប​តាម​ទស្សនវិស័យ​នៃ​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​។

ប្រទេស​កម្ពុជា​មាន​ការ​វិវត្ត​រីកចម្រើន​ជាច្រើន​ក្នុង​ការ​ផ្តល់​សេវា​អប់រំ​ និង​លើក​កម្ពស់​គុណភាព​អប់រំ​ក៏​ដូចជា​ការ​បង្កើន​អត្រា​អក្ខរកម្ម​មនុស្ស​ពេញវ័យ​អាយុ​ ១៥ ​ឆ្នាំ​ឡើង​។

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឆ្នាំ ២០១៥ បង្ហាញ​ថា​អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​អាយុ​ ១៥ ​ឆ្នាំ​ឡើង​សម្រាប់​ប្រទេស​កម្ពុជា​មាន​ការ​កើនឡើង​រហូត​ដល់​ ៨០,៥% ​។

លើស​ពី​នេះ​អត្រា​អក្ខរកម្ម​មនុស្ស​ពេញ​វ័យ​អាយុ​ពី​ ១៥ ​ឆ្នាំ​ទៅ​ ២៤ ​ឆ្នាំ​បាន​ឈាន​ដល់​កម្រិត ៩២,២% ដោយ​មាន​គម្លាត​គ្នា​តិចតួច​បំផុត រវាង​បុរស​ និង​ស្ត្រី​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ដែរ​ថា​នៅ​មាន​គម្លាត​គ្នា​ ១០ % រវាង​បុរស​ និង​ស្ត្រី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​វ័យ​ក្មេង​នៅ​ទីក្រុង​ និង​ជនបទ​។

ការ​កើន​ឡើង​នៃ​អត្រា​អក្ខរកម្ម​មនុស្ស​ពេញវ័យ​ពី ៧៨,១% ​នៅ​ឆ្នាំ ២០១៤ ជា​លទ្ធផល​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​អប់រំ យុវជន​ និង​កីឡា​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាពិសេស​អង្គការ​យូណេស្កូ អនុវត្ត​យុទ្ធនាការ​អក្ខរកម្ម​ជាតិ ឆ្នាំ​ ២០១៥​។

ប្រធានបទ​នៃ​ទិវាអក្ខរកម្ម​អន្តរជាតិ​ឆ្នាំ​នេះ​គឺ “​អក្ខរកម្ម​នៅ​ក្នុង​ពិភព​ឌីជីថល​” បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​និន្នាការ​ជា​សកល​ និង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​លើ​របៀបវារៈ​ថ្មី​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​គោលដៅ​ទី ៤ ការ​អប់រំ​ឆ្នាំ ២០៣០ ​។

ប្រធានបទ​នេះ​មាន​គោលបំណង​សំខាន់​ជា​រួម​គឺ​ពិនិត្យ​មើល​ទៅ​លើ​ប្រភេទ​នៃ​ជំនាញ​អក្ខរកម្ម​ដែល​ប្រជាជន​ទាំងអស់​គ្នា​នៅ​ក្នុង​ពិភពលោក​ត្រូវការ​ដើម្បី​ជួយ​បង្កើន​សកម្មភាព​សង្គម​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ហើយ​ប្រធានបទ​នេះ​ក៏​មាន​វត្ថុបំណង​ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​គោលនយោបាយ​ និង​កម្មវិធី​អក្ខរកម្ម​ណា​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ជួយ​បង្កើន​ឱ​កាស​អានុភាព​ដែល​ពិភព​ឌីជីថល​ផ្តល់​ឲ្យ​។

ក្នុង​ន័យ​នេះ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា និង​អង្គការ​យូណេស្កូ​កំពុង​តែ​រៀបចំ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​អនឡាញ​មួយ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍​សម្រាប់​យុវជន​ និង​ជន​ពេញវ័យ​ដែល​នៅ​ក្រៅ​សាលារៀន​ឲ្យ​ទទួល​បាន​នូវ​ការ​អប់រំ​កម្រិត​មូលដ្ឋាន​មួយ​ដែល​មាន​កម្រិត​សមមូល​នឹង​មធ្យមសិក្សា​បឋមភូមិ​។

ក្រសួង​ និង​អង្គការ​យូណេស្កូ​កំពុង​ទាក់ទាញ​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ចូលរួម​ និង​គាំទ្រ​ដល់​ដំណើរការ​នេះ​។

ការ​ដាក់​អនុវត្ត​កម្មវិធីសិក្សា​តាម​អនឡាញ​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​អាច​ឆ្លើយតប​បាន​យ៉ាង​ឆាប់​រហ័ស​ទៅ​នឹង​តម្រូវការ​រៀនសូត្រ​របស់​យុវជន​ និង​ជន​ពេញវ័យ​នៅ​ក្រៅ​សាលារៀន​ជាពិសេស​អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ​ដោយ​មិន​បាន​បញ្ចប់​ការ​អប់រំ​កម្រិត​មូលដ្ឋាន​នៅ​ឡើយ​។ កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​ការ​រៀនសូត្រ​អាច​បញ្ចប់​ការ​អប់រំ​កម្រិត​មូលដ្ឋាន​នៅ​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​ការងារ​ព្រម​ទាំង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​អត្រា​បញ្ចប់​ការ​អប់រំ​កម្រិត​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ទោះបី​ជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​បង្កើន​ការ​ចូល​រៀន​នៅ​កម្រិត​បឋមសិក្សា (៩៣,៥% សម្រាប់​ឆ្នាំ​ ២០១៦ -២០១៧) ប៉ុន្តែ​មាន​តែ​ ៥៥,៧% និង ២៥,១% ប៉ុណ្ណោះ​បាន​ចូល​រៀន​នៅ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ​។

របាយការណ៍​ស្រាវជ្រាវ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ដដែល​បាន​​បង្ហាញ​ទៀត​ថា ពលរដ្ឋ​អាយុ​ពី​ ២៥ ​ឆ្នាំ​ឡើង​មាន​កម្រិត​ការ​អប់រំ​ទាប​គឺ ២០,៧ % មិន​មាន​ការ​អប់រំ​សោះ​ និង​មាន​ការ​អប់រំ​ខ្លះ ៣៦% មិន​បាន​បញ្ចប់​មឋមសិក្សា ហើយ​មាន​តែ​ ២២% ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​បឋមសិក្សា និង​មាន ១៦,៧% បាន​បញ្ចប់​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​។

អត្រា​ទទួល​បាន​ការ​អប់រំ​ទាប​នេះ​គឺ​ដោយសារ​តែ​តម្រូវការ​បោះបង់​ចោល​ការ​សិក្សា​របស់​កុមារ និង​ជន​ពេញវ័យ​ទាំងអស់​នោះ​ទៅ​ធ្វើការ​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ស្ថានភាព​នេះ​គឺ​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​រារាំង​ដល់​ការ​អប់រំ​​ហើយ​វា​តំណាង​ឲ្យ​លើស​ពី​មួយ​ភាគ​បី​នៃ​កត្តា​ដទៃ​ទៀត ។

ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ខាង​លើ ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​កំណត់​អាទិភាព​ចំនួន ៨ ក្នុង​វិស័យ​អប់រំ​៖ (​ទី​ ១)៖ កែលម្អ​គុណភាព​នៃ​ការ​បង្រៀន និង​រៀន (​ទី​ ២)៖ បង្កើន​ប្រាក់​បៀវត្សរ៍​មន្ត្រី រាជការ​អប់រំ និង​គ្រូបង្រៀន (​ទី​ ៣) ៖ ​ផ្តល់​ធនធាន​អប់រំ​បន្ថែម​ទៀត​ដល់​អ្នក​ផ្តល់​សេវា​អប់រំ​ផ្ទាល់ (​ទី​ ៤)៖ កែលម្អ​ប្រព័ន្ធ​ប្រឡង​ (​ទី​ ៥)៖ បង្កើត​ធនាគារ​គំនិត​សម្រាប់​ការ​អប់រំ​ (​ទី​ ៦)៖ ​កែលម្អ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន (​ទី​ ៧)៖ ​កំណែ​ទម្រង់​ឧត្តមសិក្សា (​ទី​ ៨)៖ ​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ​សម្រាប់​រៀបចំ​គោលនយោបាយ​។

នៅក្នុង​ផ្នែក​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ គំនិត​ផ្តួចផ្តើម​ធ្វើការ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​គោលនយោបាយ និង​កម្មវិធី​សិក្សា​អប់រំ​ក្រៅ​ប្រព័ន្ធ​ផ្តោត​លើ​ទស្សនទាន​ការ​អប់រំ​ពេញ​មួយ​ជីវិត​គឺ​ចំ​ពេលវេលា​មួយ​ដ៏ត្រឹមត្រូវ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ក្រសួង​អប់រំ​ និង​ដៃគូ​ដទៃ​ទៀត​កំពុង​តែ​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​អប់រំ​ប្រកប​ដោយ​និរន្តរភាព​គោលដៅ​ទី​ ៤ ឆ្នាំ​ ២០៣០​។

ផែនទី​បង្ហាញ​ផ្លូវ​នេះ​កំណត់​ចក្ខុវិស័យ​សម្រាប់​ការ​អប់រំ​ឆ្នាំ​ ២០៣០ និង​យុទ្ធសាស្ត្រ​គោលនយោបាយ​អប់រំ​របស់​ខ្លួន ដើម្បី​ឆ្លើយតប​បាន​ទៅ​នឹង​ចក្ខុវិស័យ​របស់​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​។

នៅ​ក្នុង​អាណត្តិ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​គោលដៅ​ទី ៤​ ​គឺ​អក្ខរកម្ម​ដែល​មាន​គោលបំណង​លើក​កម្ពស់​កម្រិត​អក្ខរកម្មជន​ពេញវ័យ​ឲ្យ​បាន​ពាក់​កណ្តាល​ (៥០%) ជាពិសេស​ស្ត្រី​។

ស្រប​ជាមួយ​នឹង​ប្រធានបទ​ទិវា​អក្ខរកម្ម​អន្តរជាតិ​ឆ្នាំ​នេះ​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​ផ្តួចផ្តើម​ និង​បាន​រៀបចំ​គោលវិធី​ចំនួន​ពីរ​ក្នុង​ការ​ផ្តល់​សេវា​អប់រំ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​រៀន​។

គោល​វិធី​ទី​ ១ ​គឺ​អក្ខរកម្ម​កម្រិត​មូលដ្ឋាន​ដែល​ជួយ​ឲ្យ​អ្នក​រៀន​មាន​ចំណេះ​អក្ខរកម្ម​កាន់តែ​ប្រសើរ​ឡើង និង​ទី​ ២ ​គឺ​អក្ខរកម្ម​កម្រិត​ខ្ពស់​ដែល​អ្នក​រៀន​ត្រូវ​តែ​ខិតខំ​សិក្សា​រៀនសូត្រ​ដោយ​ខ្លួនឯង​បន្ថែម​ទៀត ស្រប​តាម​ទស្សនទាន​នៃ​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​។ ​

កម្មវិធី​អក្ខរកម្ម​សម្រាប់​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​មាន​គោលបំណង​ជួយ​កុមារី​ និង​ស្ត្រី​វ័យ​ក្មេង​ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​កាត់ដេរ​ឱ្យ​ទទួល​បាន​ជំនាញ​អក្ខរកម្ម​មូលដ្ឋាន​សម្រាប់​ធ្វើ​ឱ្យ​ទំនាក់ទំនង​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​បង្កើន​ផលិតភាព​ និង​ផលិតផល​ការងារ​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ រៀនសូត្រ​ពី​បទ​ពិសោធ​នៃ​យុទ្ធនាការ​អក្ខរកម្ម​ជាតិ និង​ការ​បន្ត​ជួយ​ខិតខំ​ក្នុង​ការ​បង្កើន​ឱកាស​រៀនសូត្រ​ពេញ​មួយ​ជីវិត​ក្រសួង​អប់រំ​យុវជន និង​កីឡា​សហការ​ជាមួយ​អង្គការ​យូណេស្កូ អង្គការ​ស៊ីប៉ា អង្គការ​សមាគម​អភិឌ្ឍន៍​ស្ត្រី​ និង​សន្តិភាព ក្រុមហ៊ុន​ស្មាត​បាន​អនុវត្ត​កម្មវិធី​អក្ខរកម្ម​នៅ​តាម​រោងចក្រ​សម្រាប់​អ្នក​មិន​ចេះ​អក្សរ ជាពិសេស​ស្ត្រី​។

កម្មវិធី​នេះ​បាន​ចាប់ផ្តើម​នៅ​តាម​រោងចក្រ​ចំនួន ១១ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​កំពង់ស្ពឺ កណ្តាល ស្វាយរៀង និង សៀមរាប ដោយ​មាន​អ្នក​ចូល​រៀន​ចំនួន ១៦៦ នាក់ បុរស​ ១២ នាក់​។ ថ្នាក់​រៀន​អក្ខរកម្ម​នៅ​តាម​រោងចក្រ​នេះ ដំណើរការ​រួមផ្សំ​ជាមួយ​នឹង​សម្ភារ​រៀន​តាម​បែប​ប្រព័ន្ធ​ឌីជីថល​អនឡាញ​ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ស្មាតហ្វូន ហើយ​អ្នក​រៀន​អាច​អនុវត្ត​ឡើង​វិញ​នូវ​អ្វី​ដែល​គេ​បាន​រៀន​កន្លង​មក​ដោយ​ខ្លួនឯង​។

កម្មវិធី​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ការ​សហការ​គ្នា​រវាង​អង្គការ​ស៊ីប៉ា និង​ដៃគូ​ដទៃ​ទៀត​។

ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ​ និង​អន្តរជាតិ​ឆ្នាំ​ ២០១៧ ​នៅ​ថ្ងៃ​ទី​ ៨ កញ្ញា ក្រសួង​អប់រំ យុវជន និង​កីឡា​ និង​អង្គការ​យូណេស្កូ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល​ក៏​ដូចជា​វិស័យ​ឯកជន​ទាំងអស់​សម្រាប់​ការ​បន្ត​ជួយ​គាំទ្រ និង​ធ្វើ​សហប្រតិបត្តិ​ការ​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ឯកឧត្តម​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា

លោកស្រី អាន ឡឺម៉ែត្រ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ